ហ្វូងបាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាតាមដងផ្លូវនានានៅក្នុងទីក្រុងហុងកុង នៅថ្ងៃសុក្រនេះ ខណៈដែលទីក្រុងនេះប្រារព្ធខួបលើកទី១៩នៃការទទួលបានឯករាជ្យពីអង់គ្លេសទៅស្ថិតក្រោមចិនវិញ។
ខណៈដែលក្រុមមន្ត្រីរដ្ឋាភិបាល និងប្រជាជនទីក្រុងហុងកុងជិត១ពាន់នាក់បានចូលរួមក្នុងពិធីលើកទង់ជាតិនៅឯទីលាន Golden Bahia Square កាលពីព្រឹកថ្ងៃសុក្រ ហ្វូងបាតុករដែលមានចំនួនច្រើនជាងនេះបានប្រមូលផ្តុំគ្នាដើម្បីដង្ហែរជាក្បួនធ្វើបាតុកម្ម។
ប្រជាជនជាច្រើនប្រឆាំងទៅនឹងការដឹកនាំរបស់រដ្ឋាភិបាលចិន ហើយពួកគេជឿថា ប្រធានប្រតិបត្តិទីក្រុងហុងកុង លោក Leung Chun-ying ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងឃ្លាំមើល។ យោងតាមការវាស់ស្ទង់មតិសាធារណៈលើកចុងក្រោយបង្អស់ លោក Leung Chun-ying ទទួលបានការគាំទ្រ១៩ភាគរយ។
ហ្វូងបាតុករដ៏ធំដែលជាប្រជាជនរស់នៅក្នុងទីក្រុងហុងកុង បានធ្វើបាតុកម្មនៅថ្ងៃប្រារព្ធខួប ស្ថិតក្រោមប្រធានបទពីរធំៗគឺ៖ រារាំងមិនឲ្យលោក Leung កាន់តំណែងអាណត្តិទីពីរបាន និងបង្ហាញពីកំហឹងជុំវិញភាពកម្សោយនៃស្វ័យភាពរបស់ទីក្រុងហុងកុង។ ប្រធានបទទីពីរត្រូវបានសង្កត់ធ្ងន់តាមរយៈករណីអ្នកលក់សៀវភៅក្នុងស្រុកចំនួន៥នាក់ ដែលត្រូវបានអាជ្ញាធរចិនចាប់ឃុំឃាំងនិងបង្ខាំងទុកក្នុងប្រទេសចិនអស់រយៈពេលជាច្រើនខែ៕