ការបោះឆ្នោត Caucus ដែលជាការបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្ស និងដែលជាផ្នែកមួយនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកឆ្នាំ២០២០នឹងចាប់ផ្ដើមនៅថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈនេះ នៅក្នុងរដ្ឋ Iowa។ ក្នុងរយៈពេល៥០ឆ្នាំកន្លងមកនេះ បណ្ដាគណបក្សនយោបាយសហរដ្ឋអាមេរិកបានយកការបោះឆ្នោតបែបនេះដើម្បីជ្រើសរើសយកបេក្ខជនម្នាក់ដែលតំណាងឲ្យគណបក្សរបស់ខ្លួន សម្រាប់ទៅប្រកួតប្រជែងយកតំណែងប្រធានាធិបតីជាមួយនឹងបេក្ខជនតំណាងគណបក្សដទៃទៀត។
ការបោះឆ្នោតCaucus នៅក្នុងរដ្ឋ Iowa ប្រព្រឹត្តទៅដោយមានការប្រជុំជាង១០០០ក្នុងថ្ងៃតែមួយ ហើយក្នុងពេលតែមួយ។ រាល់មណ្ឌលបោះឆ្នោតនីមួយៗនៅក្នុងរដ្ឋ Iowa មានកន្លែងប្រជុំមួយដែលត្រូវបានគេកំណត់រួចជាស្រេច ដូចជានៅតាមសាលារៀននិងបណ្ណាល័យជាដើម។ នៅថ្ងៃបោះឆ្នោត Caucus ពលរដ្ឋនាំគ្នាទៅចូលរួមប្រជុំដើម្បីពិភាក្សានិងប្រកាសជាសាធារណៈនិងដោយបើកចំហនូវការគាំទ្ររបស់ពួកគេទៅលើបេក្ខជនឈរឈ្មោះប្រធានាធិបតីណាម្នាក់ដែលពួកគេពេញចិត្ត។
លទ្ធផលនៃការបោះឆ្នោតត្រូវបានដាក់បញ្ចូលទៅក្នុងតារាងមួយ ហើយការដាក់ពិន្ទុឲ្យបេក្ខជននីមួយៗគឺអាស្រ័យទៅតាមគោលការណ៍របស់គណបក្ស។
គណបក្សនយោបាយក្នុងរដ្ឋចំនួន៦នឹងរៀបចំការបោះឆ្នោត Caucus នៅក្នុងការបោះឆ្នោតឆ្នាំ២០២០នេះ ដែលមានរដ្ឋ Iowa រដ្ឋ Nevada រដ្ឋ Kentucky រដ្ឋ Hawaii រដ្ឋNorth Dakota និងរដ្ឋ Wyoming។
ការបោះឆ្នោត Caucus ដែលល្បីល្បាញបំផុតគឺនៅក្នុងរដ្ឋ Iowa។ ចាប់តាំងពីឆ្នាំ១៩៧២មក Iowaគឺជារដ្ឋដែលគេរៀបចំការបោះឆ្នោត Caucus ដំបូងគេបង្អស់។ លទ្ធផលនៃការបោះឆ្នោត Caucus នៅក្នុងរដ្ឋ Iowa នេះ អាចផ្ដល់ជាតឹកតាងជាក់ស្ដែងទៅលើការគាំទ្របេក្ខជនណាម្នាក់។
ការបោះឆ្នោត Caucus នៅក្នុងរដ្ឋ Iowa នេះ គឺផ្ដោតខ្លាំងបំផុតទៅលើបេក្ខជនខាងគណបក្សប្រជាធិបតេយ្យ ដោយសារតែប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន លោក ដូណាល់ ត្រាំ ស្ទើរតែប្រាកដថានឹងទទួលបានការតែងតាំងជាបេក្ខជនតំណាងឲ្យគណបក្សសាធារណរដ្ឋដើម្បីប្រជែងយកតំណែងប្រធានាធិបតី នៅក្នុងសន្និបាតគណបក្សសាធារណរដ្ឋនៅខែសីហាខាងមុខនេះ។
ចំណែកឯការបោះឆ្នោត Primary វិញ ដែលជាទម្រង់មួយផ្សេងទៀតនៃការបោះឆ្នោតជ្រើសតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្ស គឺមិនដូចការបោះឆ្នោត Caucus ទេ ដោយសារតែការបោះឆ្នោត Primary មានលក្ខណៈឯកជននិងត្រូវបានធ្វើឡើងនៅមណ្ឌលបោះឆ្នោតដែលបិទជិត។ លទ្ធផលនៃការបោះឆ្នោត Primary នឹងត្រូវបានដាក់បញ្ចូលទៅក្នុងតារាង ហើយការដាក់ពិន្ទុឲ្យបេក្ខជននីមួយៗគឺអាស្រ័យទៅតាមគោលការណ៍របស់គណបក្ស។
រដ្ឋជាង៤០នឹងរៀបចំការបោះឆ្នោត Primary នៅក្នុងការបោះឆ្នោតឆ្នាំ២០២០នេះ៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា