ព្យុះសង្ឃរា Hurricane Dorian បានបក់បោកយ៉ាងខ្លាំងនៅកោះ Grand Bahama កាលពីថ្ងៃចន្ទ នៅពេលព្យុះដ៏សាហាវនេះបានឈប់បោកបក់ វាបានធ្វើឲ្យដួលរលំ និងខូចខាតផ្ទះរាប់ពាន់ខ្នងហើយព្យុះសង្ឃរាគំរាមកំហែងអាយុជីវិតមនុស្សយ៉ាងខ្លាំងនេះ កំពុងបក់បោកនៅតំបន់ដីទាបនៅតាមបណ្តោយឆ្នេរសមុទ្រ។
ពួកអ្នកព្យាករណ៍អាកាសធាតុ បានហៅព្យុះនេះថា ប្រកបដោយគ្រោះថ្នាក់និងមហន្តរាយ។ពួកគេ បានព្យាករណ៍ថា ព្យុះសង្ឃរា Dorian នឹងបន្តបក់បោកនៅលើកោះនោះជិតមួយថ្ងៃពេញដោយធ្វើឲ្យធ្លាក់ភ្លៀងយ៉ាងខ្លាំងដែលមានរហូតទៅដល់៦០សង់ទី ម៉ែត្រ ហើយនឹងល្បឿនខ្យល់ប្រហែល២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ខ្យល់ បានចុះខ្សោយបន្តិចម្តងៗចាប់តាំងពីព្រឹកថ្ងៃច័ន្ទមក ឥឡូវនេះ បានធ្វើឲ្យព្យុះ Dorian ក្លាយជាព្យុះប្រភេទទី៤ ដែលបានបញ្ចុះពីប្រភេទព្យុះទី៥ដែលជាព្យុះដែលមានកម្លាំងដ៏ខ្លាំង។
មជ្ឈមណ្ឌលជាតិព្យុះ Hurricane របស់សហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ខ្យល់ព្យុះ កំពុងបន្តធ្វើដំណើរទៅទិសខាងលិចដោយមានល្បឿនចុះខ្សោយប្រហែល២គីឡូ ម៉ែត្រ។ របាយការណ៍ចុងក្រោយ បានប្រាប់ឲ្យដឹងថា ព្យុះសង្ឃរា Dorian មានល្បឿនខ្យល់ប្រហែល១៨០គីឡូម៉ែត្រក្នុងមួយម៉ោងនៅទីក្រុង West Palm Beach នៃរដ្ឋ Florida។
អង្គការសហព័ន្ធកាកបាទនិងអឌ្ឍច័ន្ទក្រហមអន្តរជាតិ បានប្រាប់ឲ្យដឹងក្នុងការវាយតម្លៃពីដំបូងដោយពួកអាជ្ញាធរនិងមន្រ្តីរបស់ខ្លួន បានបង្ហាញពីការខូចខាតយ៉ាងខ្លាំងនៅលើកោះ Grand Bahama និងប្រជុំកោះ Great Abaco ដោយមានផ្ទះរហូតដល់១ ម៉ឺន៣ពាន់ខ្នងបានត្រូវទទួលរងការខូចខាតយ៉ាងខ្លាំង ឬត្រូវបានកម្ទេច។ ខ្យល់ព្យុះយ៉ាងខ្លាំងនេះ បានធ្វើឲ្យមានទឹកជោរកម្ពស់៧ម៉ែត្រហួសពីកម្រិតកម្ពស់ទឹកជោរធម្មតា។
ធនាគារអន្តរជាតិ UBS បានប៉ាន់ស្មានថា ព្យុះសង្ឃរានោះ អាចធ្វើឲ្យខូចខាតអស់២៥ពាន់លានដុល្លារ៕