ចំណុចកណ្ដាលនៃខ្យល់ព្យុះសង្ឃរា Dorian កំពុងធ្វើដំណើរកាត់តាមកោះ Grand Bahama ដោយមានកម្លាំងខ្យល់ព្យុះកើនឡើងយ៉ាងឆាប់រហ័ស។ ខ្យល់ព្យុះនេះបានបង្កឲ្យមានភ្លៀងធ្លាក់ជោកជាំ និងខ្យល់បោកបក់ខ្លាំង ដែលអ្នកព្យាករណ៍អាកាសធាតុហៅថាជាខ្យល់ «មហន្តរាយ»។
ខ្យល់ព្យុះ Dorian នេះបង្កជាគ្រោះថ្នាក់បន្ថែមទៀតដល់កោះ Grand Baham ដោយសារវាមានល្បឿនយឺតៗ។ ខ្យល់ព្យុះនេះរំកិលយឺតៗទៅកាន់ទិសខាងលិចក្នុងល្បឿនតែ ៧ គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះនៅព្រឹកថ្ងៃចន្ទនេះ ដោយមានកម្លាំងខ្យល់បោកបក់ខ្លាំងបំផុតមានល្បឿន ២៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
អ្នកព្យាករណ៍អាកាសធាតុនៃមជ្ឈមណ្ឌលខ្យល់ព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា ពួកគេរំពឹងថា ខ្យល់ព្យុះ Dorian នេះ នឹង «បន្តល្បឿនយ៉ាងខ្លាំងទៅកាន់កោះ Grand Bahama កាលពីយប់មិញ និងភាគច្រើនបំផុតនៅថ្ងៃចន្ទនេះ»។
ពួកគេបាននិយាយថា ខ្យល់ព្យុះនេះអាចបង្អុរភ្លៀងកម្ពស់ពី ៣០ ទៅ ៦០ សង់ទីម៉ែត្រ នៅទូទាំងភាគពាយ័ព្យនៃកោះ Bahamas ដោយតំបន់ខ្លះអាចមានភ្លៀងធ្លាក់រហូតដល់កម្ពស់ ៧៥ សង់ទីម៉ែត្រ។
នាយករដ្ឋមន្ត្រីប្រទេសដីកោះ Bahamas លោក Hubert Minnis បាននិយាយថា ថ្ងៃអាទិត្យម្សិលមិញគឺជា «ថ្ងៃដ៏អាក្រក់បំផុតនៅក្នុងជីវិតរបស់លោក»។
លោកបាននិយាយនៅក្នុងសន្និសីទព័ត៌មានក្នុងទីក្រុង Nassau ដូច្នេះថា៖ «មនុស្សភាគច្រើនមិនយកចិត្តទុកដាក់ចំពោះការប្រកាសព្រមាននេះ។ មនុស្សភាគច្រើនមិនព្រមជម្លៀសខ្លួនចេញពីផ្ទះសម្បែង។ ខ្ញុំត្រឹមតែអាចប្រាប់ពួកគេថា ខ្ញុំសង្ឃឹមថា នេះមិនមែនជាពេលវេលាចុងក្រោយដែលពួកគេឮសម្ដីរបស់ខ្ញុំនោះទេ»។
អាជ្ញាធរនៅតាមរដ្ឋមួយចំនួនតាមបណ្ដោយឆ្នេរសមុទ្រភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក បានចេញការព្រមាន និងបានបញ្ជាឲ្យប្រជាពលរដ្ឋជម្លៀសចេញពីតំបន់ដែលងាយរងគ្រោះបំផុត។ បទបញ្ជាជម្លៀសចេញបានចូលជាធរមាននៅថ្ងៃច័ន្ទនេះនៅក្នុងរដ្ឋ Florida រដ្ឋ Georgia និងរដ្ឋ South Carolina៕