ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​កាន់​តែ​បារម្ភ​អំពី​ជីវភាព​កម្មករ ​ខណៈ​ក្រសួង​ការងារ​លើក​ពេល​ការ​បើក​ប្រាក់​អតីត​ភាព​ការងារ​ទៅ​ឆ្នាំ​ក្រោយ


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ម្នាក់​កំពុង​ដេរសម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ម្នាក់​កំពុង​ដេរសម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​អង្គារ​នេះ​ សម្រេច​លើក​ពេលបើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​សម្រាប់​កម្មករ​ទៅ​ឆ្នាំ​២០២១ ​ក្នុង​គោល​បំណង​ជួយ​ដល់​រោងចក្រ​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​រាលដាល​ជំងឺ​កូវីដ១៩។​

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ឲ្យ​ដឹង​ថា៖​ «ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សូម​ជម្រាប​ជូន​ម្ចាស់​ ឬ​នាយក​រោងចក្រ​ សហគ្រាស ​និង​កម្មករ​និយោជិត​ដែល​ប្រើប្រាស់​កិច្ច​សន្យា​ការងារ​មាន​ថិរវេលា​មិន​កំណត់​ថា ​ការ​បើក​ប្រាក់​រំឭក​ប្រាក់​ បំណាច់​អតីត​ភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩ ​(សម្រាប់​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែក​ជើង) ​និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​២០២០​ (សម្រាប់​គ្រប់​វិស័យ)​ ត្រូវ​បាន​ពន្យារ​ពេល​ក្នុង​ការ​អនុវត្ត​ទៅ​ឆ្នាំ​២០២១»។​

ក្រសួង​ការងារ​បញ្ជាក់​ថា ​ក្នុង​ករណី​បញ្ចប់​ការងារ​របស់​កម្មករ ​ឬ​កម្មករ​លា​ឈប់​ពី​ការងារ​ដោយ​ខ្លួន​ឯង​នោះ​ម្ចាស់​រោងចក្រ​ សហគ្រាស​ត្រូវ​ទូទាត់​ប្រាក់​រំឭក​បំណាច់​អតីត​ភាព​ការងារ​មុន​ឆ្នាំ​២០១៩ ​និង​ឆ្នាំ​២០២០​ ស្របតាម​បញ្ញត្តិ​ច្បាប់​ស្តីពី​ការងារ។​

លោក​ ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ ដោយ​ប្រាប់​ឲ្យ​អាន​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង។

សេចក្តី​ណែនាំ​របស់​ក្រសួង​ការងារ​ចេញ​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ ស្តីពី​ការ​បើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​២០១៩​ឲ្យ​ដឹង​ថា ក្រសួង​ការងារ​បាន​កំណត់​ថា​ អតីតភាព​ការងារ​កម្មករ​សម្រាប់​ទូទាត់​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ ត្រូវ​គិត​ចាប់​ពី​ពេល​បាន​ចុះ​កិច្ច​សន្យា​ការងារ​ជា​កម្មករ​ពេញ​សិទ្ធិ។​

កម្មករ​ពេញ​សិទ្ធិ​ដែល​បាន​បំពេញ​ការងារ​ក្នុង​សហគ្រាស​ គ្រឹះស្ថាន​ យ៉ាង​តិច​ចំនួន​២១​ថ្ងៃ​ ត្រូវ​ចាត់​ទុក​ថា​ បំពេញ​ការងារ​បាន​១​ខែ​ពេញ​ ដែល​អាច​ទទួល​បាន​ប្រាក់​បំណាច់​អតីត​ភាព​ការងារ។​ក្រសួង​ការងារ​បញ្ជាក់​ថា ​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​នេះ​ត្រូវ​បើក​២​ដង​ក្នុង​១​ឆ្នាំ​ រៀងរាល់​ខែ​មិថុនា ​និង​ខែ​ធ្នូ។​

លោក​ ខេន លូ ​អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ​ហៅ​កាត់​ថា​GMAC ​សុំ​មិន​អត្ថាធិប្បាយ​លម្អិត​ថា​ តើ​ខាង​រោងចក្រ​នឹង​ផ្តល់​ប្រាក់​បំណាច់​ឲ្យ​ទៅ​កម្មករ​របៀប​ណា ​ទេ។​ លោក​បាន​បង្វែរ​ឲ្យ​ទៅ​សួរ​ខាង​ក្រសួង​ការងារ​ ហើយ​ថា​ រោង​ចក្រ​នឹង​អនុវត្ត​តាម​ការ​សម្រេច​របស់​ក្រសួង។

«យើង​ក៏​ទើប​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​ដែរ។​ យើង​អត់​ទាន់​ច្បាស់​ទេ។​ យើង​ក៏​ចាំ​សួរ​ទៅ​ក្រសួង​ឲ្យ​ច្បាស់​លាស់។​ អ៊ីចឹង​បើ​មាន​អី​ឆ្ងល់​សួរ​ទៅ​ក្រសួង។​ យើង​នឹង​អនុវត្ត​តាម​ក្រសួង»។​

បើ​តាម​លោក ​ខេន លូ​ រហូត​មក​ដល់​ពេល​នេះ​មាន​រោងចក្រ​ចំនួន​២៥៩​ត្រូវ​បាន​ព្យួរ​ដំណើរ​ការ ​ព្រោះ​មិន​មាន​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស ​ដោយ​សារ​ការ​រាល​ដាល​ជំងឺ​កូវីដ។​ លោក​ថា​ការ​ព្យួរ​រោង​ចក្រ​ទាំង​នោះ​ធ្វើ​ឲ្យ​កម្មករ​ជាង​១៣​ម៉ឺន​នាក់​ត្រូវ​ព្យួរ​ការងារ។​

ចាប់​តាំង​ពី​រោងចក្រ​ព្យួរ​ការងារ​កម្មករ ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ រោងចក្រ​ផ្តល់​ប្រាក់​៣០​ដុល្លារ​ក្នុង​មួយ​ខែ​ឲ្យ​កម្មករ។​ ចំណែក​រដ្ឋាភិបាល​ថា​ ផ្តល់​ឲ្យ​៤០​ដុល្លារ។​

ប៉ុន្តែ​សហជីព​លើក​ឡើង​ថា ​កម្មករ​មួយ​ចំនួន​ទទួល​បាន​តែ​លុយ​ពី​រោងចក្រ​ចំនួន​៣០​ដុល្លារ​ប៉ុណ្ណោះ ​ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ប្រាក់​៤០​ដុល្លារ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។​

អ្នកស្រី​ ដោក សុវណ្ណ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​(CATU)​ប្រចាំ​រោងចក្រ​យីដា ​មេនូហ្វេកឆឺរើ ខូ អិលធីឌី ​ខេត្ត​កណ្តាល​ប្រាប់​ថា​ ចាប់​តាំង​ពី​កម្មករ​ជាច្រើន​ត្រូវ​បាន​ព្យួរ​ការងារ​ ពួក​គេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង​ ដោយសារ​មិន​មាន​ចំណូល​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​បង់​បំណុល​ធនាគារ។​ អ្នកស្រី​បន្ថែម​ថា​ ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ត្រូវ​ផ្តល់​ឲ្យ​កម្មករ​ដែល​ធ្វើ​ការ​ចាប់​ពី​២​ឆ្នាំ​ឡើង​ និង​ត្រូវ​បើក​២​ដង​ក្នុង​មួយ​ឆ្នាំ​ ហើយ​ម្តងៗ​ កម្មករ​ម្នាក់​អាច​ទទួល​បាន​ចន្លោះ​ពី​៦០​ដុល្លារ​ទៅ​ជាង​២០០​ដុល្លារ ​តាម​ចំណូល​ដែល​ពួកគេ​ធ្វើ។​

អ្នកស្រី​បន្ថែម​ថា ​កម្មករ​ដែល​កំពុង​ត្រូវ​ព្យួរ​ការងារ​រំពឹង​លើ​ប្រាក់​បំណាច់​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កំពុង​កើត​មាន​ដោយសារ​មិន​មាន​ប្រាក់​ចំណូល ​ដូច្នេះ​អ្នកស្រី​ថា​ការ​លើក​ពេល​ការ​បើក​ប្រាក់​អតីត​ភាព​នេះ​នឹង​កាន់​តែ​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​បញ្ហា​កាន់​តែ​ខ្លាំង។​

«កាលណា​កម្មករ​យើង​សម្រាក​ពី​ការងារ ​គាត់​ព្យួរ​ការងារ ​គាត់​អត់​មាន​លទ្ធភាព​ទិញ​ម្ហូប​ដូច​អង្កាល់​គាត់​មាន​ការ​ងារ​ធ្វើ​ទេ។ ​គាត់​ត្រូវ​ការ​ការ​ចំណាយ​ក្នុង​មួយ​ថ្ងៃ​អស់​ទាប​បំផុត​ អ្នក​សន្សំ​សំចៃ​បំផុត​ក៏​អស់​ម្នាក់​១៥.០០០​រៀល​ដែរ​ក្នុង​មួយ​ថ្ងៃ ​ហើយ​អ្នក​ដែល​អាច​ថា​ មធ្យម​ហ្នឹង​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ​ចុះ​មួយ​ខែ​៣០​ដុល្លារ​ឲ្យ​គាត់​ចាយ​របៀប​ណា?»​

អ្នកស្រី​ អឿន សារ៉េត​ កម្មការិនី​រោងចក្រ ​អ៊ែភល អឹភែរឹល​ ក្នុង​ខណ្ឌ​ពោធិសែនជ័យ ​ភ្នំពេញ​ លើក​ឡើង​ថា​ រោង​ចក្រ​ទើប​ប្រកាស​ថា​ នឹង​ព្យួរ​ដំណើរ​ការ​ចាប់​ពី​ខែ​កក្កដា​នេះ​ត​ទៅ ​ដោយ​មាន​រយៈ​ពេល​ពី​២​ទៅ​៦​ខែ។​អ្នកស្រី​បន្ត​ថា​ អ្នកស្រី​ត្រូវ​ទទួល​បាន​ប្រាក់​បំណាច់​និង​ប្រាក់​អតីត​ភាព​២​ដង​ក្នុង​មួយ​ឆ្នាំ​ ហើយ​ម្តងៗ​ទទួល​បាន​ជាង​២០០​ដុល្លារ។​អ្នកស្រី​រំពឹង​ថា​ អ្នកស្រី​នឹង​ត្រូវ​ទទួល​បាន​ប្រាក់​នេះ​ដើម្បី​ដោះ​ស្រាយ​បំណុល​ធនាគារ​និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​នៅ​ពេល​រោង​ចក្រ​ព្យួរ។

កម្មការិនី​វ័យ​៣២​ឆ្នាំ​រូប​នេះ​បន្ថែម​ថា អ្នកស្រី ​និង​គ្រួសារ​ដែល​មាន​កូន​២​នាក់​នឹង​ត្រូវ​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ​ប្រសិន​បើ​ក្រសួង​សម្រេច​លើក​ពេល​ការ​បើក​ប្រាក់​បំណាច់​នោះ​ទៅ​ឆ្នាំ​ក្រោយ ​ក្នុង​អំឡុង​ពេល​កម្មករ​កំពុង​ជួប​បញ្ហា។

«ក្រសួង​អត់​សម​លើក​អ៊ីចឹង​ទេ​បង!​ បាន​អី?​គួរ​អាណិត​កម្មករ​ដែល​គ្នា​កំពុង​អត់!​ហើយ​បង​ឯង​គិត​មើល ​ថែម​ម៉ោង​ក៏​អត់!​ អី​ក៏​អត់!​ឥឡូវ​កំពុង​ខ្វះ​ខាត​គ្រប់​តែ​គ្នា។​ គាត់​លើក​អា​ហ្នឹង​ទៀត។​ មួយៗ​រំពឹង​លុយ​ហ្នឹង​តើ​បង។​ គ្រាន់​តែ​ឃើញ​ប្រកាស​ដែល​គេ​ជូន​ដំណឹង​ក្នុង​រោង​ចក្រ​ភ្លាម ​មួយៗ​ទម្លាក់​ទឹក​ចិត្ត​អស់​រលីង»។

លោក​ ឃុន ថារ៉ូ ​មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រាល់ ​លើក​ឡើង​ថា​ ការ​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​អាច​ផ្តល់​ប្រយោជន៍​ខ្លះ​ដល់​ថៅកែ​រោងចក្រ ​ ប៉ុន្តែ​កាន់​តែ​ធ្វើ​ឲ្យ​កម្មករ​រង​ផល​ប៉ះពាល់។​ លោក​បន្ថែម​ថា​ ប្រសិន​បើ​កម្មករ​បន្ត​គ្មាន​ការងារ​ធ្វើ​និង​មិន​ទទួល​បាន​ការ​គាំទ្រ​ណា​មួយ​ពី​រដ្ឋាភិបាល ​នោះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ។​

«វា​អាច​មាន​វិបត្តិ​ធ្ងន់ធ្ងរ ​ដូច​ជា​រឿង​អស្ថិរភាព​សង្គម​អសន្តិសុខ​សង្គម ​បន្ទាត់​នៃ​ភាព​ក្រីក្រ​ហ្នឹង​មាន​ការ​កើន​ឡើង។​ អ៊ីចឹង​អា​ភាព​ក្រី​ក្រ​ហ្នឹង​វា​កើន​ឡើង ​ហើយ​កាល​ណា​ភាព​ក្រី​ក្រ​កើន​ឡើង​ប្រជា​ពលរដ្ឋ​ហ្នឹង​គឺ​ត្រូវ​គិត​រឿង​បញ្ហា​ជីវភាព​រស់​នៅ ​ការ​ហូប​ចុក​ហូប​អី។​ អ៊ីចឹង​កម្មករ​គាត់​អាច​ក្រោក​ឈរ​ទាមទារ ​នៅ​ពេល​រោង​ចក្រ​បិទ​ឬ​ក៏​រោង​ចក្រ​មិន​ទូទាត់​ឲ្យ​កម្មករ។​គាត់​ទាមទារ ​គាត់​តវ៉ា ​មាន​កូដកម្ម​ មាន​បាតុកម្ម​អី​ដែល​អាច​នឹង​កើត​ឡើង»។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​៨០​ម៉ឺន​នាក់​ ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជនបទ៕

XS
SM
MD
LG