យោងតាមការសិក្សារបស់ក្រុមហ៊ុនសវនកម្ម PwC ប្រចាំប្រទេសវៀតណាម បង្ហាញថាធុរកិច្ចនៅប្រទេសវៀតណាមប្រឈមនឹងបញ្ហាកង្វះខាតសាច់ប្រាក់ ដែលធ្វើឱ្យរាំងស្ទះដល់ទំហំសាច់ប្រាក់វិនិយោគប្រមាណ២៤ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចជាតិដែលមានតម្លៃ២៥០ពាន់លានដុល្លាររបស់ប្រទេសនេះ។
ក្រុមហ៊ុន PWC ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ បានធ្វើការវិភាគលើធុរកិច្ចចំនួន៥០០ក្នុងប្រទេសវៀតណាមដែលមានប្រាក់ចំណូលខ្ពស់ ហើយបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនទាំងនៅក្នុងទីផ្សារភាគហ៊ុនក្រុងហូជីមិញ និងទីក្រុងហាណូយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ ក្រុមអ្នកវិភាគនៃក្រុមហ៊ុនដដែលនេះ បាននិយាយថា វដ្តនៃការបំលែងសាច់ប្រាក់របស់ក្រុមហ៊ុនទាំងនោះមានការកើនឡើង មានន័យថាក្រុមហ៊ុនទាំងនោះត្រូវរង់ចាំកាន់តែយូរទៀតគិតចាប់ពីពេលចាប់ផ្តើមអាជីវកម្មដំបូង ពេលដែលគេផ្តើមវិនិយោគ រហូតដល់ពេលដែលការវិនិយោគរបស់ក្រុមហ៊ុនទាំងនោះផ្តើមមានប្រាក់ចំណូលមកវិញ។
លោក Mohammad Mudasser ជាអ្នកដឹកនាំការគ្រប់គ្រងដើមទុននៃក្រុមហ៊ុនPWC របស់ប្រទេសវៀតណាមបាននិយាយថា៖ «យើងមើលឃើញថាលំហូរសាច់ប្រាក់បានបាត់បង់អស់ជាច្រើនដើម្បីសម្រេចតាមគោលដៅកំណត់ខ្ពស់នៅក្នុងប្រទេសវៀតណាម ដែលមិនអាចធ្វើឱ្យធុរកិច្ចមានចីរភាពយូរអង្វែងបានឡើយ»។ លោកបានបន្ថែមថា៖ ការគ្រប់គ្រងដើមទុនគឺជាការទទួលខុសត្រូវពីគ្រប់ជំនាញទាំងអស់»។
គោលដៅខ្ពស់(Top line)គឺសំដៅលើប្រាក់ចំណូល រីឯគោលដៅទាប (bottom line)សំដៅលើប្រាក់ចំណេញ។
ការលះបង់សាច់ប្រាក់ក្នុងគោលដៅស្វែងរកប្រាក់ចំណូល ជាជំហានដំបូងដែលក្រុមហ៊ុនហ៊ានវិនិយោគសាច់ប្រាក់ដើម្បីទិញសន្និធិដែលអាចលក់យកចំណូលមកវិញ។ យ៉ាងណាមិញ វដ្តនែការបំលែងសាច់ប្រាក់រយៈពេលវែងបង្ហាញថា បញ្ហាកង្វះខាតសាច់ប្រាក់តែងតែកើតមានឡើងអាស្រ័យលើពេលវេលារង់ចាំយូរអំឡុងពេលនៃការចេញវិក្កយប័ត្រទៅឱ្យអតិថិជននិងការទទួលបានការទូទាត់ជាក់ស្តែងពីអតិជិជនមកវិញ។
ក្រុមហ៊ុនសវនកម្ម PwC ប្រចាំប្រទេសវៀតណាម ណែនាំក្រុមហ៊ុនទាំងឡាយនៅក្នុងប្រទេសវៀតណាមឱ្យដោះស្រាយបញ្ហាគ្មានប្រសិទ្ធភាពទាំងនោះ ដើម្បីបន្តសក្តានុពលភាពនៅក្នុងសេដ្ឋកិច្ចដែលមានសន្ទុះកំណើនស្រាប់ ព្រោះថាវាមិនមានវដ្តអាជីវកម្មណាដែលល្អឥតខ្ចោះនោះទេ។
ប្រទេសវៀតណាម ធ្លាប់មានវដ្តនៃការបំលែងសាច់ប្រាក់ខ្ពស់បំផុតមួយនៅអាស៊ីគឺរហូតដល់ចំនួន៦៧ថ្ងៃកាលពីឆ្នាំ២០១៨ ដែលបានកើនឡើង២ថ្ងៃបើធៀបនឹងឆ្នាំ២០១៧។នេះយោងតាមរបាយការណ៍របស់ក្រុមហ៊ុនសវនកម្ម PwC ប្រចាំប្រទេសវៀតណាម។ នេះជាការប្រៀបធៀបចំនួនថ្ងៃជាមធ្យមចំនួន៥៨ថ្ងៃក្នុងតំបន់អាស៊ី ជាពិសេសចំនួន៦៤ថ្ងៃ បើធៀបជាមួយប្រទេសថៃ និង ៥៤ថ្ងៃជាមួយប្រទេសម៉ាឡេស៊ី។ នេះបញ្ជាក់ឱ្យឃើញថាប្រទេសទាំងឡាយនៅតំបន់ អាស៊ីអាគ្នេយ៍អាចបង្វែរការវិនិយោគរបស់ពួកគេទៅជាសាច់ប្រាក់បានរហ័សជាងប្រទេសវៀតណាម។
ហេតុផលមួយដែលក្រុមហ៊ុនទាំងនោះមិនចង់មានវដ្តបំលែងយូរ ដោយសារវាអាចធ្វើឱ្យពួកគេរងគ្រោះជំពាក់បំណុលកាន់តែខ្លាំង។ ក្រុមហ៊ុនមួយចំនួនត្រូវខ្ចីបំណុលយកមកទប់ទល់នឹងចំណាយជាច្រើន អំឡុងពេលដែលពួកគេរង់ចាំការទូទាត់ប្រាក់ពីអតិថិជនវិញដែលមានរយៈពេលយូរ។
ក្រុមហ៊ុនសវនកម្ម PwC ប្រចាំប្រទេសវៀតណាមដែលជាក្រុមហ៊ុនផ្តល់ការប្រឹក្សាផ្នែកសេវាកម្មពន្ធដារនិងគណនេយ្យបានប្រកាសនៅក្នុងសន្និសីទកាសែតមួយថា ក្រុមហ៊ុនដែលមានការរីកចម្រើនខ្លាំង ក៏មានការកើនឡើងនូវបំណុលខ្ពស់រយៈពេលខ្លីដែរ ដែលបង្ហាញពីហានិភ័យដល់ការរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុនទាំងនេះផងដែរ។
សេដ្ឋវិទូមួយចំនួនលើកឡើងថា ទីផ្សារទើបកើតឡើងដូចជាប្រទេសវៀតណាមអាចរងផលប៉ះពាល់ ប្រសិនបើធនាគារកណ្តាលរបស់សហរដ្ឋអាមេរិចដំឡើងការប្រាក់នៅឆ្នាំបន្ទាប់ ដែលអាចបណ្តាលឱ្យក្រុមហ៊ុនទាំងនោះ បង្កើនថ្លៃដើមហើយប្រឈមមុខនឹងបំណុលកាន់តែខ្លាំងឡើង។ ការណ៍នេះអាចប៉ះពាល់ដល់សក្តានុពលសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងនេះ។ ធនាគារអភិវឌ្ឍអាស៊ីប៉ាន់ស្មានថាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមកើនឡើង ចំនួន ៦,៩ភាគរយ ក្នុងឆ្នាំ២០១៩ និងកើន៦,៨ភាគរយ ក្នុងឆ្នាំ២០២០។
ក្រុមហ៊ុនសវនកម្ម PwC ប្រចាំប្រទេសវៀតណាមបានវិភាគលើសន្និធិ ការចំណាយនានា និងវិក្កយប័ត្រមិនទាន់ទូទាត់របស់ក្រុមហ៊ុនចុះបញ្ជីចំនួន៥០០ ហើយជាលទ្ធផលបង្ហាញថា ដើមទុនប្រមាណ២៤ពាន់លានដុល្លារ ត្រូវបានជាប់គាំងនៅក្នុងដើមទុនប្រតិបត្តិការសុទ្ធ។
ទោះជាយ៉ាងណាក៏ដោយ គេរំពឹងទុកថាមានតែមួយចំណែកតូចនៃដើមទុនទាំងមូលប៉ុណ្ណោះដែលអាចបញ្ចេញ គឺប្រមាណ១១ពាន់លានដុល្លារប៉ុណ្ណោះ ពីព្រោះដើមទុនមួយចំនួនត្រូវរក្សាទុកក្នុងវដ្តធុរកិច្ច។ ក្រុមអ្នកវិភាគ យល់ឃើញថា សន្និធិ និងវិក្កយប័ត្រមិនទាន់ទូទាត់ ដែលគេហៅថាគណនីត្រូវទទួលបានគឺជាចំណុចល្អបំផុតដើម្បីបង្កើនប្រសិទ្ធិភាព។ នេះបង្ហាញថាក្រុមហ៊ុនទាំងនោះមានសន្និធិនៅសល់ច្រើនពេក ឬក៏រង់ចាំអតិថិជនទូទាត់សង មកវិញយូរពេក៕
ប្រែសម្រួលដោយ កោះ សុគន្ធី