អតីតអ្នកជំនួយការកំពូលខាងគោលនយោបាយការបរទេសស្តីពីរុស្ស៊ី និងអឺរ៉ុបរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានផ្តល់សង្ខីកម្មសម្ងាត់នៅក្នុងការស៊ើបអង្កេតប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងកាលពីថ្ងៃចន្ទ ដែលអាចជួយពន្យល់ពីគោលបំណងរបស់ប្រធានាធិបតីត្រាំដែលបានបណ្តេញលោកស្រី Marie Yovanovitch ចេញពីតំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ុយក្រែនកាលពីខែឧសភា។
រហូតមកទល់ខែកក្កដា នៅពេលដែលលោកស្រី បានចាកចេញពីសេតវិមាន លោកស្រី Fiona Hill ជានាយកជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអឺរ៉ុប និងប្រទេសរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីត្រាំ ដែលបានដឹងពីព័ត៌មាននៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ លោក Lee Wolosky មេធាវីរបស់លោកស្រី បាននិយាយថា លោកស្រីបានត្រូវកោះហៅដោយគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាតំណាងរាស្ត្រហើយមានគម្រោងឆ្លើយសំណួររបស់សមាជិកសភា។
កាលពីសប្តាហ៍មុន លោកស្រី Marie Yovanovitch ជាអ្នកការទូតរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់សមាជិកសភាថា លោកប្រធានាធិបតីត្រាំ បានបណ្តេញលោកស្រីចេញពីតំណែងដោយផ្អែកលើការអះអាងគ្មានហេតុផលនិងមិនពិត បន្ទាប់ពីលោក Rudy Giuliani អតីតអភិបាលក្រុងញូវយ៉ក និងជាមេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីត្រាំ បានរិះគន់ការបំពេញការងាររបស់លោកស្រីនៅក្នុងរដ្ឋធានីគាវនៃប្រទេសអ៊ុយក្រែន។
លោក Giuliani បានស្វះស្វែងធ្វើឲ្យអ៊ុយក្រែនស៊ើបអង្កេតលោក Joe Biden អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកនិងជាគូប្រជែងខាងនយោបាយរបស់ប្រធានាធិបតីត្រាំ ហើយនិងតួនាទីដែលលោកBidenមានកាលពីប៉ុន្មានឆ្នាំមុននៅក្នុងការបណ្តេញរដ្ឋអាជ្ញាអ៊ុយក្រែនហើយនិងការជាប់ទាក់ទិនណាមួយដែលអាចមានទៅនឹងលោក Hunter Biden ដែលជាកូនប្រុសរបស់លោក Biden នៅក្នុងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រេង Burisma របស់អ៊ុយក្រែន។ ទាំងលោក Biden និងកូនប្រុសរបស់លោក បានបដិសេធថា ពួកអស់លោក មិនបានធ្វើអ្វីខុសទេ ហើយកូនប្រុសរបស់លោក Biden បានចាកចេញពីសមាជិកក្រុមប្រឹក្សាភិបាលអស់ជាច្រើនខែមកហើយ៕