លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Ash Carter បានមានប្រសាសន៍ថា សហគមន៍អន្តរជាតិត្រូវតែបង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម មុនពេលមានការវាយប្រហារភេរវកម្មមួយទៀតដូចជាការវាយប្រហារនៅថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងទីក្រុងប៉ារីស។
នៅក្នុងការផ្តល់កសិណសាក្សីនៅខាងមុខគណៈកម្មាធិការកងកម្លាំងប្រដាប់អាវុធរបស់ព្រឹទ្ធសភាកាលពីថ្ងៃពុធ លោករដ្ឋមន្រ្តីការពារប្រទេស Carter បានជំរុញឲ្យប្រទេសតួកគីធ្វើឲ្យកាន់តែច្រើនឡើងថែមទៀតដើម្បីត្រួតត្រាព្រំដែនចន្លោះប្រហោងជាមួយប្រទេសរុស្ស៊ី ហើយលោករដ្ឋមន្រ្តីការពារប្រទេស បានរិះគន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយនិងប្រទេសផ្សេងៗទៀតនៅតំបន់ឈូងសមុទ្រពែកចំពោះការធ្វើឲ្យជម្លោះក្នុងប្រទេសយេម៉ែនកាន់តែធ្ងន់ធ្ងរឡើង ហើយនិងមិនយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកាំងក៏មានប្រសាសន៍ដែរថា៖ «វាដល់ពេលវេលាហើយ ដែលប្រទេសរុស្ស៊ីត្រូវផ្តោតទៅលើគោលដៅត្រឹមត្រូវក្នុងការប្រយុទ្ធនេះ»។ ប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៊ីពីការផ្តោតការយកចិត្តទុកដាក់លើការវាយប្រហាររបស់ខ្លួនទៅលើពួកអ្នកប្រយុទ្ធរបស់ក្រុមប្រឆាំងស៊ីរី ក្នុងការគាំទ្រប្រធានាធិបតីស៊ីរី Bashar al- Assad ដែលជាសម្ព័ន្ធរបស់រុស្ស៊ី តែការចោទប្រកាន់នេះ បានត្រូវពួកមន្រ្តីរុស្ស៊ីច្រានចោល។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកាំង Carter បានសុំឲ្យប្រទេសប្រហែល៤០ចូលរួមចំណែកកាន់តែច្រើនឡើងថែមទៀត រួមមានកងទ័ព កិច្ចប្រតិបត្តិការពិសេសនិងអាវុធជាដើម។
ក្នុងខណៈនោះ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកាំង Carterក៏បានមានប្រសាសន៍ដែរថា សហរដ្ឋអាមេរិកបានប្រុងប្រៀបដាក់ពង្រាយទីប្រឹក្សានិងឧទ្ធម្ភាគចក្រសម្រាប់វាយប្រហារដើម្បីជួយកងទ័ពអ៊ីរ៉ាក់ក្នុងការដណ្តើមយកទីក្រុងរ៉ាម៉ាឌីពីពួកជនសកម្មប្រយុទ្ធមកវិញ។
ទាក់ទិននឹងកងទ័ពពិសេសសហរដ្ឋអាមេរិកដែលដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «យើងនឹងមិនស្ទាក់ស្ទើរក្នុងការពង្រីកការដាក់ពង្រាយកងទ័ពពិសេសនេះទេ នៅពេលយើងឃើញឱកាសប្រឆាំងក្រុមរដ្ឋឥស្លាមមកដល់នោះ»។