ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូនស្រី​លោក​ John F. Kennedy​ បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ​និង​សម្តេច​ម៉ែ


រូបឯកសារ៖ លោកស្រី Caroline Kennedy ញញឹមពេល​ថ្លែង​សុន្ទរកថាពេល​លោកស្រីទៅដល់​អាកាសយានដ្ឋានអន្តរជាតិ​ Narita ភាគខាង​កើត​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៣។ (រូបភាព AP)
រូបឯកសារ៖ លោកស្រី Caroline Kennedy ញញឹមពេល​ថ្លែង​សុន្ទរកថាពេល​លោកស្រីទៅដល់​អាកាសយានដ្ឋានអន្តរជាតិ​ Narita ភាគខាង​កើត​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០១៣។ (រូបភាព AP)

អ្នកស្រី​ Caroline Kennedy​ កូនស្រី​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ John F. Kennedy​ បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​នរោត្តម​សីហមុនី​ និង​សម្តេចម៉ែ​ជា​លើកដំបូង។​ ទស្សនកិច្ចនេះ​ធ្វើ​ឡើង​​ កន្លះ​សតវត្សរ៍​ ក្រោយពី​អ្នកស្រី​ Jacqueline Kennedy ​ភរិយា​លោក​ John F. Kennedy​ ​ចូល​គាល់​សម្តេច​ឪ​នរោត្តម​សីហនុ​​និង​សម្តេចម៉ែ។

អ្នកស្រី​ Caroline Kennedy​ កូនស្រី​របស់លោក​ John F. Kennedy​ អតីត​ប្រធានា​ធិបតី​អាមេរិក​ បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ​ជា​លើក​ដំបូង​ ​ដើម្បី​រំឭក​អនុស្សាវរីយ៍​ដែលអ្នកស្រី​ ​Jacqueline Kennedy​ បាន​ចូល​គាល់​ព្រះ​បាទ​នរោត្តម​ សីហនុ​កាល​ពី​៥០​ឆ្នាំមុន។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ​សឺន ស៊ូប៊ែរ្តិ៍​ ឧត្តម​ប្រឹក្សា​ព្រះ​មហា​ក្សត្រ។​

លោក​សឺន ស៊ូប៊ែរ​ ឧត្តម​ទីប្រឹក្សា​ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​នរោត្តម​សីហមុនី​ និង​ជា​អ្នក​នាំ​ដំណើរ​អ្នកស្រី ​Caroline Kennedy​ បានប្រាប់ ​VOA ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​លោកស្រី ​Caroline Kennedy ​បាន​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ និង​ព្រះ​មហា​ក្សត្រិយានី​ កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​ខណៈ​អ្នកស្រី​ធ្វើ​ដំណើរ​ជា​ឯកជន​មក​កម្ពុជា។ ​លោក​បន្ត​ថា អំឡុងការ​ចូល​គាល់​នោះ​ ​ព្រះ​មហា​ក្សត្រ ​និង​ព្រះ​មហា​ក្សត្រិយានី​បាន​បង្ហាញ​រូបថត​របស់​អ្នកស្រី​ ​Jacqueline Kennedy​ ដែល​ត្រូវ​ជា​ម្តាយ​របស់​អ្នកស្រី ​Caroline ​កាលពី​ដំណើរ​ទស្សន​កិច្ច​មក​កាន់​កម្ពុជា​ក្នុង​ឆ្នាំ​១៩៦៧ ​ព្រម​ទាំង​បាន​រំឭក​នូវ​អនុស្សាវរីយ៍​ផ្សេងៗ​ នាពេល​នោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«មាន​រឿង​ទំនាក់​ទំនង​រវាង​អតីត​កាល​ដែល​ម្តាយ​បាន​ជួប ​ហើយ​លោក​ [អ្នកស្រី Caroline Kennedy]​ ក៏​មក​អរគុណ​ ហើយក៏​ថ្វាយ​សៀវភៅ​ពី​ម្តាយលោក​ហ្នឹង​ និង​សម្តេច​ម៉ែ​លោក​ព្រះទ័យ​ល្អ​មែន​ទែន​ ដែល​នៅក្នុង​រយៈ​ពេល​ខ្លី​ហ្នឹង​ លោក​អនុញ្ញាត​ឲ្យ​ចូល​ទៅ​គាល់»។​

អ្នកស្រី ​Caroline Kennedy ​អតីត​ឯក​អគ្គរដ្ឋទូតសហ​រដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ជប៉ុន ​ហើយ​អ្នកស្រី​ក៏​ជាអ្នក​និពន្ធ​សៀវភៅ​ ហើយសៀវភៅ​មួយ​មាន​ចំណង​ជើង​ថា​«Jacqueline Kennedy: ​ការ​សន្ទនា​ជា​ប្រវត្តិ​សាស្រ្ត​ជាមួយ​អតីត​ប្រធានាធិបតី John F. Kennedy» ​ជា​សៀវភៅ​ដែល​អ្នកស្រី​សរសេរ​អំពី​ម្តាយ​របស់​អ្នកស្រី​ផ្ទាល់។​

លោក ​Arend Zwartjes​ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ ​ដោយ​លោក​អះអាង​ថា​ ការ​ធ្វើដំណើរ​មក​កាន់​កម្ពុជា​របស់​អ្នកស្រីCaroline Kennedy ​មិនមែន​ជា​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​អាមេរិកនោះ​ទេ។​

ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ​Caroline Kennedy​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ បន្ទាប់ពី​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧ ​បានរៀបចំ​ពិព័រណ៍​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ​Jacqueline Kennedy​ ​ ​ភរិយា​របស់​អតីតប្រធានាធិបតី​អាមេរិកដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដំបូង​គេ​បង្អស់​ ​ដើម្បី​បង្ហាញ​ពី​ចំណង​មិត្ត​ភាព​រឹងមាំ​រវាង​កម្ពុជា-អាមេរិក៕

XS
SM
MD
LG