កប៉ាល់ឈ្មោះ Dong Thanh របស់វៀតណាមដែលកំពុងធ្វើចរាចរណ៍ក្រោមទង់ជាតិប៉ាណាម៉ា បានចូលក្នុងផ្ទៃទឹកវៀតណាម កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយមានផ្ទុករ៉ែធ្យូងថ្មរបស់កូរ៉េខាងជើងផងដែរ។ កប៉ាល់នេះបានធ្វើដំណើរកាត់ដែនទឹកអន្តរជាតិ កាត់តាមប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី អស់រយៈពេល២ខែ បន្ទាប់ពីប្រទេសទាំង២នោះ មិនអនុញ្ញាតឲ្យចូលក្នុងដែនទឹកខ្លួន។
រ៉ែធ្យូងថ្មនៅក្នុងកប៉ាល់ Dong Thanh ត្រូវបានគេផ្ទេរចេញពីកប៉ាល់ឈ្មោះ Wise Honest របស់កូរ៉េខាងជើងដែលឥឡូវនេះត្រូវបានសហរដ្ឋអាមេរិកឃាត់ទុកនៅដែនដី American Samoa របស់ខ្លួន។ ក្រសួងយុត្តិធម៌អាមេរិកបានអនុញ្ញាតឲ្យរឹបអូសយកកប៉ាល់ Wise Honest នេះកាលពីដើមខែឧសភា ដោយចោទប្រកាន់ថា កប៉ាល់នេះបានដឹកជញ្ជូនរ៉ែធ្យូងថ្មរបស់កូរ៉េខាងជើងដែលរំលោភការដាក់ទណ្ឌកម្មសហរដ្ឋអាមេរិកនិងទណ្ឌកម្មអង្គការសហប្រជាជាតិ។
មុនការចាត់វិធានការរបស់សហរដ្ឋអាមេរិក ប្រទេសឥណ្ឌូណេស៊ីបានឃាត់ទុកកប៉ាល់ Wise Honest នេះអស់រយៈពេលជាង១ឆ្នាំ ដោយចាប់តាំងពីខែមេសា ឆ្នាំ២០១៨មក។ អាជ្ញាធរឥណ្ឌូណេស៊ីបានឃាត់ទុកកប៉ាល់នេះដោយសារតែមិនមានឯកសារដឹកជញ្ជូនត្រឹមត្រូវ និងបានរំលោភច្បាប់ដែនសមុទ្រឥណ្ឌូណេស៊ី។
ក៏ប៉ុន្តែ តុលាការស្រុក Balikpapan ក្នុងប្រទេសឥណ្ឌូណេស៊ី ជាទីកន្លែងដែលកប៉ាល់នេះត្រូវបានឃាត់ទុក បានអនុញ្ញាតឲ្យលក់ធ្យូងថ្មនោះ ក៏ប៉ុន្តែឃាត់ទុកកប៉ាល់នោះ នៅពេលដែលឈ្មួញកណ្តាលឥណ្ឌូណេស៊ីម្នាក់ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងជើង ស្នើសុំឲ្យលក់រ៉ែធ្យូងថ្មទាំងនោះ។
តុលាការបានបង្គាប់បញ្ជាមិនឲ្យឃាត់ទុករ៉ែធ្យូងថ្មទៀតទេ ដោយផ្អែកលើវិញ្ញបនប័ត្រសម្គាល់ប្រភពដើមដែលបានបញ្ជាក់ថា រ៉ែធ្យូងថ្មនេះត្រូវបានយកមកពីប្រទេសរុស្ស៊ី។
ពីព្រោះតែកប៉ាល់ Wise Honest បានយករ៉ែធ្យូងថ្មឡើងកប៉ាល់ នៅពេលចតនៅកំពង់ ផែ Nampo ក្នុងប្រទេសកូរ៉េខាងជើងកាលនៅក្នុងខែមីនា ឆ្នាំ២០១៨ ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាងមានប្រវត្តិធ្វើឯកសារក្លែងក្លាយ វិញ្ញបនប័ត្រសម្គាល់ប្រភពដើមនេះត្រូវបានគេជឿថា ក្លែងក្លាយ។ នេះបើយោងតាមក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ។
នៅពេលក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ឃាត់ទុកកប៉ាល់ Wise Honest ក្រុមមន្ត្រីនិយាយថា វិធានការនេះជាផ្នែកនៃផែនការទូលំទូលាយមួយក្នុងការប្រើច្បាប់សហរដ្ឋអាមេរិកដើម្បីអនុវត្តការដាក់ទណ្ឌកម្មអន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងដាក់ឲ្យ «មានសម្ពាធខ្លាំងបំផុត» លើប្រទេសកូរ៉េខាងជើង។
កប៉ាល់ Wise Honest ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកូរ៉េខាងជើងឈ្មោះ Songi Trading Company ដែលត្រូវបានដាក់ទៅក្នុងបញ្ជីរបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកនៅក្នុងខែមិថុនា ឆ្នាំ២០១៧។
លោក Kwon Chol Nam ជាអ្នកតំណាងម្នាក់របស់ក្រុមហ៊ុននោះបានចំណាយប្រាក់ដុល្លារដើម្បីទិញសម្ភារៈនិងសេវាកម្មសម្រាប់ផ្គត់ផ្គង់កប៉ាល់ Wise Honest ។ ប្រាក់ទាំងនោះមានប្រភពចេញពីធនាគារនៅសហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅក្នុងស្រុក Southern District of New York ផងដែរ។ សហរដ្ឋអាមេរិកបានហាមឃាត់ស្ថាប័នហិរញ្ញវត្ថុមិនឲ្យធ្វើប្រតិបត្តិការណាដែលផ្តល់ប្រយោជន៍ដល់កូរ៉េខាងជើងទេ។
ការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានផ្តល់អំណាចដល់សហរដ្ឋអាមេរិកក្នុងការរឹបអូសកប៉ាល់ Wise Honest ដែលជាកប៉ាល់ពាក់ព័ន្ធនឹងការជួញដូររ៉ែធ្យូងថ្មតាមដែនសមុទ្រគេចពន្ធ និងរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ