ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​វេជ្ជសាស្ត្រ​នៃ​ប្រទេស​កាមេរូន​អំពាវនាវ​ឲ្យ​បិទ​មន្ទីរពេទ្យ​ខុស​ច្បាប់​ទាំង​អស់


រូបថតឯកសារ៖ គ្រូពេទ្យ​ម្នាក់​នៅក្នុង​ពេទ្យ​តំបន់​មួយ​កំពុង​ពន្យល់​អ្នក​ជំងឺអំពី​ផល​វិបាក​នៃ​កង្វះ​អាហារូបត្ថម្ភ នៅ​ក្នុង​ទីក្រុង Garoua។
រូបថតឯកសារ៖ គ្រូពេទ្យ​ម្នាក់​នៅក្នុង​ពេទ្យ​តំបន់​មួយ​កំពុង​ពន្យល់​អ្នក​ជំងឺអំពី​ផល​វិបាក​នៃ​កង្វះ​អាហារូបត្ថម្ភ នៅ​ក្នុង​ទីក្រុង Garoua។

ក្រុមប្រឹក្សា​វេជ្ជសាស្រ្ត​នៃ​ប្រទេស​កាមេរូន ​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បិទ​​មន្ទីរពេទ្យ​ចំនួន​១.០០០​កន្លែង​ ដែល​ពួក​គេ​អះអាង​ថា​ កំពុង​ដំណើរការ​ដោយ​ខុសច្បាប់​ និង​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​រាប់លាន​នាក់​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់។

លោក​ Yannick Ahanda ​គឺ​ជា​ឈ្មួញ​លក់​សាច់​ម្នាក់​ អាយុ​៥២ឆ្នាំ។ លោក​ក៏​ជាអ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​២០នាក់ ដែល​កំពុង​រង់ចាំ​ទទួល​ការពិនិត្យ​ជំងឺ​នៅ​គ្លីនិក ​Mount Zion​ ដែល​ជា​គ្លីនិក​មួយ​ក្នុង​ចំណោម​គ្លីនិក​ចំនួន២០០​ផ្សេង​ទៀត​ ដែល​ក្រុមប្រឹក្សា​វេជ្ជសាស្រ្ត​នៃ​ប្រទេស​កាមេរូន​ អះអាង​ថា​ កំពុង​តែ​ដំណើរ​ការ​ដោយ​ខុសច្បាប់​នៅ​ក្នុង​រដ្ឋធានី​យុនដេ (Yaounde)។

លោកនិយាយថា លោកចូលចិត្តគ្លីនិកឯកជន ពីព្រោះគ្លីនិកទាំងនេះគោរពតាមការណាត់ជួប ហើយអ្នកជំងឺមិនចាំបាច់រង់ចាំរយៈពេលយូរដូចនៅមន្ទីរពេទ្យរដ្ឋទេ ដែលនៅទីនោះអ្នកជំងឺត្រូវរង់ចាំអស់ពេលដ៏យូរ ប៉ុន្តែបែរជាត្រូវគេប្រាប់ឲ្យត្រលប់មកម្តងទៀតនៅពេលក្រោយ ដោយសារតែគ្រូពេទ្យអវត្តមាន ឬត្រូវចូលរួមសន្និសីទ។ លោកនិយាយថា សេវាថែទាំសុខភាពនៅមន្ទីរពេទ្យនិងគ្លីនិកឯកជនមានលក្ខណៈប្រសើរជាង។

រថយន្តសង្គ្រោះបន្ទាន់មួយកំពុងតែបញ្ជូនអ្នកជំងឺអាយុ៦៦ឆ្នាំម្នាក់ទៅកាន់បន្ទប់សង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យធំរបស់ទីក្រុងយុនដេ (Yaounde) យ៉ាងប្រញាប់ប្រញាល់។ នាង Sylvie Manga កូនស្រីរបស់អ្នកជំងឺរូបនោះនិយាយថា ពួកគេបានស្នើសុំការថែទាំវេជ្ជសាស្រ្តពិសេសមួយ បន្ទាប់ពីការព្យាបាលម្តាយរបស់នាងបានបរាជ័យជាច្រើនលើកនៅគ្លីនិកឯកជនមួយនៅក្រុងយុនដេ (Yaounde)។

នាងនិយាយថា៖ «អ្នកមិនអាចនឹកស្មានដល់ថា ពួកគេធ្វើការវះកាត់ ហើយពួកគេបានភ្លេចកម្ទេចក្រណាត់នៅក្នុងពោះរបស់អ្នកជំងឺ។ យើងនាំអ្នកជំងឺទៅដល់ផ្ទះវិញ ហើយមួយរយៈកន្លងទៅ យើងសង្កេតឃើញថា របួសវះកាត់នោះគ្មានសភាពធូរស្បើយឡើយ។ ហើយពេលយើងជូនគាត់មកមន្ទីរពេទ្យវិញ គាត់ត្រូវឆ្លងកាត់ការវះកាត់ម្តងទៀត ដើម្បីយកក្រណាត់ចេញ»។

លោកសាស្រ្តាចារ្យ Tetanye Ekoe អនុប្រធាននៃក្រុមប្រឹក្សាវេជ្ជសាស្រ្តរបស់ប្រទេសកាមេរូន និយាយថា ពួកគេមិនអាចបន្តនៅស្ងៀមបានទេ ព្រោះមនុស្សជាច្រើនកំពុងតែរងគ្រោះដោយសារតែអ្នកដែលគ្មានជំនាញពិតប្រាកដ។

លោក​និយាយថា​ មាន​មន្ទីរពេទ្យ​និង​សាលា​បណ្តុះបណ្តាល​ផ្នែក​ពេទ្យ​ ដែល​ខុស​ច្បាប់​និង​ដំណើរ​ការ​ដោយ​លួចលាក់​ជាង​១.០០០​កន្លែង​ ដែល​នៅ​ស្ទើរ​តែ​ទូទាំង​ប្រទេស​កាមេរូន។ លោក​បន្ថែម​ថា​ ក្នុង​មន្ទីរពេទ្យ​បែបនេះ​ គ្រូពេទ្យ​គ្មាន​ជំនាញ​ គិលានុប្បដ្ឋាយិកា​ អ្នក​បច្ចេកទេស​ក្នុង​បន្ទប់​ពិសោធន៍​ ពេទ្យ​ឆ្មប​ និង​បុគ្គលិក​ដទៃ​ទៀត​ធ្វើការ​ព្យាបាល​ប្រជាជន​កាមេរូន​ដែល​មានជំងឺ​ផ្សេងៗដោយ​គ្មានការ​គ្រប់គ្រង​ត្រឹមត្រូវ។ លោក​បន្តថា​ រដ្ឋាភិបាល​កាមេរូន​មិន​អាច​និយាយ​ថាខ្លួន​បាន​គិត​ពី​សុវត្ថិភាព​របស់​ប្រជាជន​បាន​ទេ​ នៅ​ពេល​ដែល​ស្ថានភាព​ឥត​សណ្តាប់​ធ្នាប់​បែប​នេះ​ បាន​ធ្វើឲ្យ​ប្រជាជន​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ។

ជារៀង​រាល់​ឆ្នាំ​ គ្រូពេទ្យ​ជាង​៥០០នាក់​ និង​គិលានុប្បដ្ឋាយិកា​៥,០០០​នាក់​ ត្រូវ​បាន​បណ្តុះ​បណ្តាល​នៅ​ក្នុង​ប្រទេស​កាមេរូន​ ក៏ប៉ុន្តែ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦​មក​ នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ ប្រាក់ខែ​របស់​គ្រូពេទ្យ​ត្រូវ​បាន​កាត់​បន្ថយ​៦០ភាគរយ​ ហើយ​នៅ​សល់​ប្រមាណ​តែ​៣០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

វេជ្ជបណ្ឌិត​ Viban Eugene​ ដែល​មានគ្លីនិក​ឯកជន​ផ្ទាល់​ខ្លួន​មួយ បាន​និយាយថា​ គ្រូពេទ្យ​ខ្លះ​ចាប់​ផ្តើម​បើក​គ្លីនិក​ផ្ទាល់ខ្លួន​ដើម្បី​បំពេញ​បន្ថែម​លើ​ប្រាក់ខែ​តិចតួច​នេះ​ និង​ដើម្បី​ផ្តល់​ការងារ​ដល់​បុគ្គលិក​មាន​ជំនាញ​ខាង​វេជ្ជសាស្រ្ត​ដែល​គ្មាន​ការងារ​ធ្វើ​ ឲ្យ​មក​ធ្វើការនៅ​គ្លីនិក​ខ្លួន​ដែល​គ្មាន​បរិក្ខារ​គ្រប់​គ្រាន់។

«វេជ្ជបណ្ឌិតភាគច្រើនក៏មានគ្លីនិកផ្ទាល់ខ្លួនផងដែរ។ ដូច្នេះ ពេលពួកគេចាកចេញពីមន្ទីរពេទ្យ ពួកគេចូលចិត្តប្រាប់អ្នកជំងឺឲ្យទៅគ្លីនិកឯកជនរបស់ពួកគេ។ ពួកគេមិនបានយកចិត្តទុកដាក់លើអ្នកជំងឺនៅក្នុងមន្ទីរពេទ្យរដ្ឋទេ ហើយការធ្វើដូច្នេះ គឺដើម្បីទាក់ទាញអ្នកជំងឺឲ្យទៅមន្ទីរពេទ្យឯកជនរបស់ពួកគេវិញ។ អ្នកប្រហែលជាធ្លាប់ឮអ្នកជំងឺនិយាយថា វាជាការប្រសើរជាង ប្រសិនបើយើងទៅពិគ្រោះជាមួយលោកគ្រូពេទ្យម្នាក់នោះនៅឯគ្លីនិកឯកជនរបស់គាត់។ នៅទីនោះ លោកគ្រូពេទ្យនឹងយកចិត្តទុកដាក់លើអ្នកជំងឺខ្លាំងជាងនេះ ហើយគាត់នឹងចំណាយពេលវាលាច្រើនដើម្បីផ្តល់ការព្យាបាលឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែ នៅឯមន្ទីរពេទ្យវិញ អ្នកជំងឺមានចំនួនច្រើនណាស់ គាត់គ្មានពេលច្រើនទេ។ ដូច្នេះ លោកគ្រូពេទ្យក្នុងមន្ទីរពេទ្យរដ្ឋ បានយកចំនុចនេះជាផលចំណេញ ដោយសម្រេចចិត្តបើកដំណើរការគ្លីនិកផ្ទាល់ខ្លួន។ មានគ្រូពេទ្យខ្លះថែមទាំងបើកគ្លិនិកនៅក្នុងផ្ទះគាត់តែម្តង»។

ក្រុមប្រឹក្សា​វេជ្ជសាស្រ្ត​និយាយ​ថា​ គ្រូពេទ្យ​ទាំង​អស់​ដែល​ធ្វើការ​នៅ​មន្ទីរ​ពេទ្យ​និង​គ្លីនិក​បែប​នេះ​ ហើយ​ដែល​មិនមែន​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​វេជ្ជសាស្រ្ត​ថ្នាក់​ជាតិ​ គឺ​កំពុង​តែ​បំពេញ​វិជ្ជាជីវៈ​នេះ​ ដោយ​ខុស​ច្បាប់។

នៅ​ប្រទេស​កាមេរូន​ ចំនួន​វេជ្ជបណ្ឌិតដែល​បំពេញ​វិជ្ជាជីវៈ​នៅ​មាន​កម្រិត​នៅ​ឡើយ។ អង្គការ​សុខភាព​ពិភពលោក​បាន​ព្យាករណ៍​អំពី​អត្រាគ្រូពេទ្យ​ធៀប​នឹងអ្នកជំងឺ​ ដោយ​បាន​បង្ហាញ​ថា មាន​តែ​គ្រូពេទ្យ​ម្នាក់​ប៉ុណ្ណោះ​សម្រាប់​ប្រជាជន​៤០.០០០នាក់។ ចំនួន​នេះ​ខុស​ពី​អត្រា​ដែល​គេ​បាន​ស្នើ​ឲ្យ​មាន​ គឺ​គ្រូពេទ្យ​ម្នាក់​សម្រាប់​តែ​ប្រជាជន​១០.០០០​នាក់​ប៉ុណ្ណោះ។ ប្រទេស​នេះ​ មាន​ចំនួន​ប្រជាជន​សរុប​ជាង​២២លាន​នាក់៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG