ភ្នំពេញ៖ ការស្លាប់របស់លោក Nelson Mandela វីរបុរសរបស់ប្រទេសអាហ្វ្រិកខាងត្បូង បានធ្វើឱ្យមានសេចក្តីក្រៀមក្រំពីសំណាក់មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋជាច្រើនទូទាំងពិភពលោក។ ដោយឡែកនៅប្រទេសកម្ពុជា មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនក៏បានចូលរួមរំលែកទុក្ខនេះដែរ។
ការស្លាប់របស់លោក Nelson Mandela ឥស្សរជនពិភពលោកដ៏ល្បីល្បាញម្នាក់ មិនត្រឹមតែជាការបាត់បង់របស់ជនជាតិអាហ្វ្រិកខាងត្បូងនោះទេ ប៉ុន្តែក៏ជាការបាត់បង់ដ៏មានតម្លៃសម្រាប់មនុស្សជាតិទាំងមូល រួមទាំងប្រជាជាតិកម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងប្រជាពលរដ្ឋកម្ពុជា។
លោក Mandela អតីតអ្នកទោសនយោបាយរយៈពេលជិត៣០ឆ្នាំ បានស្លាប់កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ នៅប្រទេសអាហ្វ្រិកខាងត្បូង ដោយរោគាពាធ អាយុ៩៥ឆ្នាំ។
លោកជាជនជាតិអាហ្វ្រិកខាងត្បូងស្បែកខ្មៅ និងជាបញ្ញវ័ន្តម្នាក់ ដែលបានដឹកនាំការតស៊ូជាច្រើនទសវត្សរ៍ប្រឆាំងនឹងរបបផ្តាច់ការប្រកាន់ពូជសាសន៍ Apartheid របស់អាហ្រ្វិកខាងត្បូង ដែលដឹកនាំដោយជនជាតិស្បែកស រហូតទទួលបានជោគជ័យនៅឆ្នាំ១៩៩១ និងបានដឹកនាំអាហ្វ្រិកខាងត្បូងឱ្យក្លាយជាប្រទេសមួយដែលមានការចុះសម្រុងគ្នារវាងជនជាតិស្បែកស និងស្បែកខ្មៅ និងមានប្រជាធិបតេយ្យរស់រវើកដែលគេស្គាល់ថា «ប្រជាជាតិឥន្ធនូ» (Rainbow Nation) សព្វថ្ងៃនេះ។
ការលាចាកលោករបស់លោក Nelson Mandela បាននាំឱ្យមានប្រតិកម្ម និងការសោកស្តាយពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងពិភពលោក។
ដោយឡែកនៅប្រទេសកម្ពុជា គេក៏ឃើញមានការចូលរួមរំលែកទុក្ខរូបលោក គួរឱ្យកត់សម្គាល់ផងដែរ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បរិយាយថា នេះមិនមែនត្រឹមតែជាការបាត់បង់របស់ជនជាតិអាហ្វ្រិកទេ ប៉ុន្តែជាការបាត់បង់របស់មនុស្សជាតិទាំងមូល។
«យើងជួបការបាត់បង់មួយដ៏មានតម្លៃគឺជាមរតកមនុស្សជាតិ ដែលឯកឧត្តមបានលាចាកលោកទៅ។ លោកជាមរតក មិនមែនគ្រាន់តែសម្រាប់ពលរដ្ឋនៅអាហ្វ្រិកប៉ុណ្ណោះទេ លោកជាមរតកសម្រាប់យើងទាំងអស់គ្នា។ លោកបានបន្សល់ទុកនូវឧទាហរណ៍ និងការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសេរីភាពនិង លទ្ធិប្រជាធិបតេយ្យ»។
វីរភាពរបស់លោក Mandela បាននាំឱ្យលោកទទួលបានពានរង្វាន់ណូបែលសន្តិភាពពិភពលោកនៅឆ្នាំ១៩៩៣ និងជាប់ឆ្នោតជាប្រធានាធិបតីស្បែកខ្មៅរបស់អាហ្វ្រិកខាងត្បូងជាលើកដំបូងនៅឆ្នាំ១៩៩៤។
ចំណែកឯលោកស្រី ចក់ សុភាព នាយិកាកម្មវិធីនៃមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ទោះបីលោក Mandela បានបាត់បង់ជីវិតក្តី ក៏កេរតំណែលរបស់លោកនៅតែមានតម្លៃជាប្រវត្តិសាស្ត្រ។
«នេះជាការសោកស្តាយមួយ ប៉ុន្តែបើយើងនិយាយពីលក្ខណៈធម្មជាតិ វាជារឿងធម្មតា ព្រោះមនុស្សយើងគ្មានអ្វីជាទៀងទាត់ទេ។ ប៉ុន្តែអ្វី ដែលខ្ញុំគិតថាគាត់បានបន្សល់ហ្នឹង ធ្វើឱ្យយើងសោកស្តាយហ្នឹងគឺការបាត់បង់វីរភាពវីរបុរសម្នាក់ដែលបានតស៊ូ។ ហើយទោះបីជាគាត់បាត់បង់ជីវិតមែន កេរតំណែលនិងភាពតស៊ូរបស់គាត់នៅតែបន្សល់ទុក»។
កំពុងអង្គុយខាងមុខកុដិដែលលោកស្នាក់នៅក្នុងវត្តបទុមវត្តី លោកលាវ គីមឡាយ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ម្នាក់នៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាក្នុងក្រុងភ្នំពេញ។
លោកគីមឡាយ ដែលធ្លាប់អានពីជីវប្រវត្តិរបស់លោកMandelaថ្លែងថា ការលាចាកលោករបស់លោក Mandela ជាការបាត់បង់ដ៏ធំធេងមួយសម្រាប់មនុស្សជាតិទាំងមូល។
«អ្វីដែលខ្ញុំដឹងពីលោក Nelson Mandela គឺគាត់បានខិតខំប្រឹងប្រែងនៃការរីករាលដាលនៃលទ្ធិប្រជាធិបតេយ្យ មិនត្រឹមតែប្រទេសគាត់ទេ ប៉ុន្តែទូទាំងពិភពលោក។ ជាមួយគ្នានេះ គាត់ជាអ្នកទាមទារសិទ្ធិសេរីភាព និងភាពស្មើគ្នារវាងជនជាតិស្បែកស និងស្បែកខ្មៅ។ ខ្ញុំជាជនជាតិខ្មែរម្នាក់មានការសោកស្តាយនិងសូមចូលរួមរំលែកទុក្ខដែលពិភពលោកទាំងមូលបានបាត់បង់វីរជនមួយដ៏សំខាន់និងនិមិត្តរូបនៃការដឹកនាំបែបអហិង្សា ការផ្សះផ្សាជាតិ ដែលយើងទាំងអស់គ្នាគួរយកគាត់ជាគំរូ»។
លោកជីន រ៉េន អាយុ៣៩ឆ្នាំ ជាអាជីវករម្នាក់ក្នុងក្រុងភ្នំពេញ ក៏បានសម្តែងការសោកស្តាយដូចគ្នានេះដែរ។
«ខ្ញុំអត់បានដឹងពីការស្លាប់របស់លោក Nelson Mandela ផង ព្រោះយប់មិញហ្នឹង ខ្ញុំអត់បានតាមដានព័ត៌មាន។ ខ្ញុំល្បីឈ្មោះគាត់យូរហើយ ខាងទាមទារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស។ ខ្ញុំធ្លាប់ឃើញមុខគាត់តាមទូរទស្សន៍ CNN ប៉ុន្តែមិនបានដឹងពីប្រវត្តិគាត់ច្បាស់ទេ។ ខ្ញុំមានការសោកស្តាយណាស់ សម្រាប់ការបាត់បង់ឥស្សរជនល្បីៗក្នុងពិភពលោកអញ្ចឹង»។
មានអ្នកប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកជាច្រើននាក់នៅកម្ពុជាក៏បានបង្ហោះសាររំលែកទុក្ខនិងព័ត៌មានអំពីការស្លាប់របស់លោក Mandela ផងដែរ។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅក្រុងភ្នំពេញភាគច្រើនដែលវីអូអេ ខេមរភាសាបានជួបសម្ភាសន៍ថ្លែងថា ពួកគេធ្លាប់តែឮឈ្មោះរបស់លោក Mandela ប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងពីសវតាលោកនោះទេ៕