ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគ្រិនស្ត្រីកម្ពុជាមកពង្រឹងសមត្ថភាពក្នុងការធ្វើជំនួញនៅសហរដ្ឋអាមេរិក


សហគ្រិនស្ត្រីកម្ពុជា៥នាក់ក្នុងចំណោម១២នាក់ ពិភាក្សាគ្នាក្នុងកិច្ចជំនួបមួយនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា មុនពេលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកម្មវិធីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលអាមេរិក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ (Rick Albertson, ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
សហគ្រិនស្ត្រីកម្ពុជា៥នាក់ក្នុងចំណោម១២នាក់ ពិភាក្សាគ្នាក្នុងកិច្ចជំនួបមួយនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា មុនពេលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកម្មវិធីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលអាមេរិក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ (Rick Albertson, ស្ថានទូតអាមេរិកប្រចាំកម្ពុជា)

សហគ្រិនស្ត្រីកម្ពុជា១២នាក់ នឹងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដើម្បីដកស្រង់បទពិសោធន៍ពីអ្នកជំនាញ និងភាគីពាក់ព័ន្ធនានាអំពីភាពជាអ្នកដឹកនាំក្នុងការធ្វើជំនួញ និងពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចនេះរយៈពេល៩ថ្ងៃនេះ គឺជាកិច្ចផ្តួចផ្តើមពិសេសមួយរបស់រដ្ឋាភិបាលអាមេរិក ក្នុងការពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាពរបស់សហគ្រិនស្ត្រីកម្ពុជា ដែលកំពុងដើរតួនាទីសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចក្នុងប្រទេស។

សហគ្រិន​ស្ត្រី​កម្ពុជា​ ដែល​ជា​ស្ថាបនិក និង​អ្នក​គ្រប់គ្រង​ជំនួញ​អាជីវកម្ម រួមទាំង​គម្រោង​របស់​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ផង​នោះ បាន​ទទួល​ឱកាស​ដក​ស្រង់​បទពិសោធន៍​ និង​ចំណេះដឹង​ផ្សេងៗអំពីភាពជាអ្នកដឹកនាំក្នុងការធ្វើជំនួញ ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋ​អាមេរិក។

សហគ្រិន​ស្ត្រី​កម្ពុជា​ចំនួន​១២នាក់ ត្រូវបាន​តំណាង​រដ្ឋាភិបាល​អាមេរិក គឺ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​គម្រោង​ស្តី​ពី​ការ​ពង្រឹង​អំណាច​របស់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា⁣ ក្រោម​កម្មវិធី​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​មាន​ឈ្មោះ​ថា កម្ម​វិធី​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​ស្តី​ពី​ភាពជា​អ្នកដឹកនាំ (International Visitor Leadership Program) ឬ​ហៅ​កាត់​ថា (IVLP)។ ជារៀងរាល់​ឆ្នាំ កម្មវិធី​ IVLP នេះ​បាន​អញ្ជើញ​អ្នក​ដឹកនាំ​ជុំវិញ​ពិភពលោក​ប្រមាណ​ ៥០០០នាក់ មក​ដក​ស្រង់​បទ​ពិសោធន៍​នៅ​សហរដ្ឋ​អាមេរិក។

នេះ​គឺជា​គម្រោង​លើក​ដំបូង​បង្អស់​ ដែល​រដ្ឋាភិបាល​អាមេរិក​បាន​បង្កើត​ឡើង សម្រាប់​ការពង្រឹង​សមត្ថភាពសហគ្រិន​ស្ត្រី​កម្ពុជា។ កម្មវិធីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជានេះ មានរយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកញ្ញា។

ក្នុង​ចំណោម​សហគ្រិន​ទាំង​១២រូប​នេះ សហគ្រិន​ខ្លះ​បាន​បង្កើត គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ខ្នាត​ធំ ក្នុង​វិស័យ​ផ្សេងៗ​ដូចជា​វិស័យ​សេវាកម្ម សុខាភិបាល ផលិតកម្ម​ និង​ពាណិជ្ជកម្ម​ជាដើម។ ​សហគ្រិនខ្លះ​ទៀត ​មាន​តួនាទី​ជា​អ្នក​គ្រប់គ្រង​គម្រោង​ធំៗ​ក្នុង​ស្ថាប័ន​រដ្ឋ និង​ក្នុង​វិស័យ​ហរិញ្ញវត្ថុ ធនាគារ ស្ថាប័នស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាដើម។

អ្នកស្រី ចេន សុភាព ស្ថានិក និងអ្នកគ្រប់គ្រងសិប្បកម្មកីតម្បាញខ្មែរ នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ (Rick Albertson, ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
អ្នកស្រី ចេន សុភាព ស្ថានិក និងអ្នកគ្រប់គ្រងសិប្បកម្មកីតម្បាញខ្មែរ នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ (Rick Albertson, ស្ថានទូតអាមេរិកប្រចាំកម្ពុជា)

អ្នកស្រី ចេន សុភាព នាយិកា​គ្រប់គ្រង​កីតម្បាញ​ខ្មែរ បាន​ប្រាប់ VOA អំពី​ក្តី​រំពឹង​របស់​អ្នក​ស្រី​ពី​ដំណើរ​ទស្សនកិច្ច​ដក​ស្រង់​បទពិសោធន៍​នេះ​ថា៖

«‍ខ្ញុំ​អាច​សិក្សា​រៀន​សូត្រ​បន្ថែម ​អំពីតើ​សហគ្រិន​ស្ត្រី​ដែល​នៅ​ប្រទេស​ទំនើប ដូចជា​សហរដ្ឋ​អាមេរិក គាត់​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​សំឡេង​របស់​គាត់​មាន​ឥទ្ធិពល និង​ក្នុង​ការ​ធ្វើ​ឲ្យ​គាត់​អាច​ពង្រីក​អាជីវកម្ម​របស់​គាត់​កាន់តែ​រីកចំរើន​ជាង​មុន ហើយ​តើ​គាត់​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​ហិរញ្ញវត្ថុ​របស់​គាត់ បាន​ន័យ​ថា យក​មក​ពង្រីក​ដើម​ទុន​អាជីវកម្ម​របស់​គាត់​ហ្នឹង​ឲ្យ​បាន​ច្រើន​ជាង​មុន ហើយ​ជួយ​ឲ្យ​អាជីវកម្ម​របស់​គាត់​កាន់តែ​រីក​ចំរើន​បន្ថែម​ទៀត‍»។

អ្នកស្រី ចេន សុភាព បាន​បង្កើត​កី​តម្បាញ​ខ្មែរ នៅ​ឆ្នាំ២០១៥ ដោយសារ​តែ​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ស្រី ដែល​ស្រឡាញ់​ផលិតផល​តម្បាញ​របស់​ខ្មែរ។ ត្រឹម​តែ​រយៈពេល​ជាង​៣ឆ្នាំ​ប៉ុណ្ណោះ អ្នកស្រី សុភាព បាន​ពង្រីក​អាជីវកម្ម​របស់​អ្នក​ស្រី​ ដែល​បាន​បង្កើត​ការងារ​ដល់​ស្ត្រី​តម្បាញ​ខ្មែរ​ពី១០គ្រួសារ រហូត​ដល់​២០០គ្រួសារ។ អ្នក​ស្រី​ក៏​បាន​បង្កើត​ជា​សមាគម​កី​តម្បាញ​ខ្មែរ ដើម្បី​ប្រមូល​ផ្តុំ​ស្ត្រី​ដែល​ត្បាញ ឲ្យ​ជួបជុំ​គ្នា​ ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ និង​ចែក​រំលែក​បទ​ពិសោធន៍​ ជាពិសេស​ ជួយ​លើក​ទឹក​ចិត្ត​ និង​ពង្រឹង​ភាព​ក្លាហាន​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។

អ្នកស្រី​ឧកញ៉ា ស្រៀត មុំ​សុភា គឺជា​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន សុហ្វីយ៉ា (Sophiya Corportation)។ ក្នុង​នាម​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​ម្នាក់​នៅ​កម្ពុជា អ្នកស្រី មុំសុភា ក៏​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ពង្រឹង​សមត្ថភាពសហគ្រិន​ស្ត្រី​កម្ពុជា នៅ​សហរដ្ឋ​អាមេរិក​នេះ​ដែរ។

អ្នក​ស្រី មុំសុភា បាន​ប្រាប់ VOA ថា កម្មវិធី​ពិសេស​នេះ នឹង​ជួយ​ពង្រីក​ចំណេះដឹង និង​ភាព​ជា​អ្នកដឹកនាំ​របស់​សហគ្រិន​ស្ត្រី​កម្ពុជា ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ហើយ​ជាពិសេស​អនុញ្ញាត​ឲ្យ​សហគ្រិន​ទាំង​អស់​មាន​ឱកាស​បង្កើត​បណ្តាញ​ថ្មី ជាមួយ​នឹង​អ្នក​ជំនាញ និង​ពាណិជ្ជករ​ស្ត្រី​ផ្សេងៗ​ទៀត​នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​រីកចំរើនឈាន​មុខ​មួយ​ខាង​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​នៅ​ក្នុង​ពិភពលោក។

អ្នកស្រីឧកញ៉ា ស្រៀត មំុសុភា នាយិកាគ្រប់គ្រងក្រុមហ៊ុន សុហ្វីយ៉ា និងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ (Rick Albertson, ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
អ្នកស្រីឧកញ៉ា ស្រៀត មំុសុភា នាយិកាគ្រប់គ្រងក្រុមហ៊ុន សុហ្វីយ៉ា និងជាអនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា នៅស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ (Rick Albertson, ស្ថានទូតអាមេរិកប្រចាំកម្ពុជា)

អ្នក​ស្រី​បាន​បន្ថែម​ថា៖ «‍ការ​រំពឹង​របស់​ខ្ញុំ​មិន​មែន​តែ​សម្រាប់​ខ្លួន​ឯង​ទេ ដោយ​សារ​ក្នុង​នាម​ខ្ញុំ​ជា​អនុ​ប្រធាន​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​យើង​មាន​សមាជិក​លើស​ពី​៤០០នាក់ អ៊ីចឹង ខ្ញុំ​នឹង​ពាំនាំមក​វិញ និង​ចែក​រំលែក​បទពិសោធន៍ ក៏​ដូចជា​បណ្តាញ​ទំនាក់​ទំនង​មួយ​ចំនួន ដែល​ខ្ញុំ​គិត​ថា ជា​អត្ថប្រយោជន៍​ ហើយ​នឹង​មាន​ការ​ទាក់ទង​គ្នា។ មាន​ន័យ​ថា អាជីវកម្ម​ខ្លះ វា​ជា​អាជីវកម្ម​ដែល​យើង​អាច​ផ្សារភ្ជាប់​ជាមួយ​នឹង​ខាង​សមាជិក​របស់​យើង»។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ កម្ពុជា​បាន​បង្កើត​កិច្ច​ផ្តួចផ្តើម​ជា​ច្រើន ដើម្បី​ជួយ​បណ្តុះ​បណ្តាល និង​គាំទ្រ​ស្ត្រី​នៅ​ក្នុង​វិស័យ​អាជីវកម្ម និង​ពាណិជ្ជកម្ម​ ទាំង​ខ្នាត​តូច​និង​មធ្យម ដោយ​មាន​ការ​បង្កើត​ជា​សមាគម​ស្ត្រី​ក្នុង​វិស័យ​អាជីវកម្ម​ជាដើម។

ជាអាទិ៍ សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា (Cambodia Women Entrepreneur Association) និង​សហព័ន្ធ​ស្ត្រី​អ្នក​ជំនួញ​កម្ពុជា (Cambodia Women Business Association) ត្រូវបាន​បង្កើត​ឡើង ហើយ​ត្រូវ​បាន​ទទួល​ស្គាល់ និង​គាំទ្រ​ដោយ​ក្រសួង​កិច្ចការ​នារី។ ដោយឡែក សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា មាន​សមាជិក​ចំនួន​ជាង​៤០០នាក់ដែល​ជា​ស្ត្រី ហើយ​ជំនួញ អាជីវកម្ម និង​ក្រុមហ៊ុន​របស់​ស្ត្រី​ទាំង​អស់​នេះ បាន​បង្កើត​ឱកាស​ការងារ​ដល់​មនុស្ស​ប្រមាណ​ជាង ១៥,០០០នាក់ នៅ​តាម​ទីប្រជុំជន​នានា​ទូទាំង​ប្រទេស​កម្ពុជា។

តាម​រយៈ​កម្មវិធី​ពង្រឹង​សមត្ថភាពសហគ្រិន​ស្ត្រី​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក​នេះ ស្ត្រី​កម្ពុជា​ទាំង​១២​រូប​ នឹង​ជួប​ពិភាក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ផ្នែក​ជំនួញ​និង​ទីផ្សារ​សេដ្ឋកិច្ច អ្នក​ជំនាញ​ខាង​ហិរញ្ញវត្ថុ​និង​អាជីវកម្ម និង​រួម​ទាំង​សហគ្រិន​ស្ត្រី​អាមេរិក​ផង​ដែរ នៅរដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋ​ Iowa និង​ទីក្រុង Seattle នៃ​រដ្ឋ​វ៉ាស៊ីនតោន ដែល​ជាតំបន់​ពាណិជ្ជកម្ម និង​ជំនួញ​ធំៗ​របស់​អាមេរិក។

អ្នកស្រី ស្រៀត មុំសុភា បាន​លើក​ឡើង​ថា៖ «សកម្មភាព​នៃ​ដំណើរ​លើក​នេះ​គឺ​មាន​ភាព​អស្ចារ្យ​ ដោយ​មាន​ការ​ឧបត្ថម្ភ ក៏​ដូចជា​ការ​គាំទ្រ និង​ការ​រៀបចំពី​រដ្ឋាភិបាល​អាមេរិក។ អ៊ីចឹង យើង​នឹង​ជួប​ដៃ​គូ​ដែល​ល្អៗ និង​ជាពិសេស​គឺ​បាន​ទៅ​តំបន់​ផ្សេងៗ ដែល​យើង​មិន​ធ្លាប់​ទៅ​ពី​មុន​មក‍»៕

XS
SM
MD
LG