វ៉ាក់សាំង Sinopharm បង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនរដ្ឋរបស់ចិន បានដឹកមកកម្ពុជាចំនួន ៦០ ម៉ឺនដូស នារសៀលថ្ងៃអាទិត្យម្សិលមិញ ដែលទាក់ទាញនូវចំណាប់អារម្មណ៍ចម្រុះពីមហាជនតាមដងផ្លូវក្នុងរាជធានីភ្នំពេញ។
លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា Wang Wentian បានឲ្យដឹងថា ជំនួយវ៉ាក់សាំងរបស់ចិនមកកម្ពុជាជាងសរុប ១ លានដូសនេះ រំពឹងថានឹងរឹតចំណងមិត្តភាពអមតៈរវាងខ្មែរនិងចិនឲ្យកាន់តែរឹងមាំ។
ថ្លែងនៅចំពោះមុខយន្តហោះដឹកជញ្ជូនខ្នាតយក្សរបស់យោធាចិន ដែលបានដឹកជញ្ជូនវ៉ាក់សាំងSinopharm មកដល់កាលពីវេលាបាក់រសៀលថ្ងៃអាទិត្យ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្លែងថា៖ «ប្រទេសចិននឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ជំងឺកូវីដជាមួយប្រទេសកម្ពុជា ដែលជាមិត្តដែកថែបជាមួយគ្នានឹងបន្តផ្តល់ជំនួយទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានជូនដល់មិត្តកម្ពុជារហូតដល់ភាគីមិត្តអាចយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ១៩ មួយនេះ»។
វ៉ាក់សាំង ៦០ ម៉ឺនដូសនេះត្រូវបានបែងចែកទៅក្រសួងសុខាភិបាលនិងក្រសួងការពារជាតិ។
ការចាក់វ៉ាក់សាំងដំណាក់កាលដំបូងនឹងចាប់ផ្តើម នៅថ្ងៃពុធ ទី ១០ ខែកុម្ភៈនេះ ដល់ឥស្សរជនជាន់ខ្ពស់និងអ្នកសារព័ត៌មានតាមការស្ម័គ្រចិត្ត។
ការចាក់ដំបូងនេះធ្វើឡើងនៅមន្ទីរពេទ្យរដ្ឋចំនួន ៤ គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ។ នេះបើយោងតាមក្រសួងសុខាភិបាល។
ដើម្បីឲ្យវ៉ាក់សាំងនេះមានប្រសិទ្ធភាពក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ទូទាំងប្រទេស យ៉ាងហោចណាស់ពលរដ្ឋ ៥០ ទៅ ៨០ ភាគរយ គួរតែត្រូវទទួលបានវ៉ាក់សាំងនេះ។ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រ Cleveland Clinic នៅរដ្ឋ Ohio នៃសហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា អង្គការសុខភាពពិភពលោក បានផ្តល់យោបល់ដូចគ្នាដល់រដ្ឋាភិបាលកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយទទួលអំណោយវ៉ាក់សាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើគិតពីបុរេលក្ខខណ្ឌ មានពលរដ្ឋប្រមាណ ១០ លាននាក់ត្រូវតម្រូវឱ្យចាក់វ៉ាក់សាំង។
នាយករដ្ឋមន្ត្រីរូបនេះបានថ្លែងថា មាន ១១ លានដូសនៃវ៉ាក់សាំងជាជំនួយដែលកម្ពុជាត្រូវបានធានាជូនពីដៃគូនានារួចហើយ និងត្រូវចំណាយថវិការដ្ឋនិងថវិកាកៀរគរពីសាធារណជនទិញចំនួន ៩ លានដូសផ្សេងទៀត។
កាលពីខែមករា អង្គការសុខភាពពិភពលោកធ្លាប់លើកឡើងថា វត្តមានវ៉ាក់សាំងបាននាំឲ្យមានក្តីសង្ឃឹមក្នុងការបញ្ចប់ការរីករាលដានៃជំងឺកូវីដ១៩ ប៉ុន្តែក៏បង្កឲ្យមានវិសមភាពរវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រផងដែរ ក្នុងការដណ្តើមទិញវ៉ាក់សាំង។
បើតាមការបញ្ជាក់របស់អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនាពេលកន្លងមក អ្នកដែលមិនអាចចាក់វ៉ាក់សាំងនេះបានមានដូចជាអ្នកដែលធ្លាប់មានប្រវត្តិប្រតិកម្មនឹងវ៉ាក់សាំងផ្សេងៗ អ្នកមានបញ្ហាផ្លូវដង្ហើម អ្នកជំងឺសើរស្បែក អ្នកមានជំងឺរ៉ាំរ៉ៃ និងជំងឺដំណពូជ ស្ត្រីមានផ្ទៃពោះ និងអ្នកធ្លាប់ឆ្លងជំងឺកូវីដ១៩ ជាដើម។
ពលរដ្ឋនៅតាមដងមហាវិថីសហព័ន្ធរុស្ស៊ីស្របអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលក្បួនដឹកវ៉ាក់សាំងឆ្លងកាត់បង្ហាញមតិចម្រុះជុំវិញការទទួលវ៉ាក់សាំងជាលើកដំបូងពីប្រទេសចិន។
លោក ពេជ្រ សំរឹទ្ធ ជាបុគ្គលិកសន្តិសុខក្រុមហ៊ុនឯកជន កំពុងតាមដានព័ត៌មានផ្សាយផ្ទាល់អំពីការមកដល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅលើទូរស័ព្ទដៃរបស់លោក។
លោកថា លោកនឹងចាក់វ៉ាក់សាំងចិននេះ បើរដ្ឋាភិបាលស្នើឲ្យធ្វើ។
លោកប្រាប់វីអូអេថា៖« បើសិនជាទូទៅនៅសង្គមគេឲ្យយើងទៅ យើងបដិសេធគេ ក៏មិនកើតដែរ»។
លោកបន្តថា៖ «ព្រោះថាជីវិតយើងមិនមែនចេះតែលេងសើចទេ ព្រោះសង្គមគ្រួសារយើងពឹងផ្អែកមកលើយើង។ ពេលមានបញ្ហាអី យើងក៏យ៉ាប់ដែរ។ តែបើល្អ ថ្នាក់លើគាត់អនុវត្តហើយ អត់បញ្ហា យើងទៅតាមហ្នឹងដែរទៅ»។
លោក ទន់ រ៉ាវុធ វ័យ ៣០ ឆ្នាំ អ្នកដឹកទឹកសុទ្ធលក់តាមរទេះ ជាអ្នករស់នៅសង្កាត់ពោធិ៍សែនជ័យ។
កំពុងឈរអែបរទេះរបស់លោក ដើម្បីទន្ទឹងរង់ចាំមើលក្បួនដឹកវ៉ាក់សាំងពីព្រលានយន្តហោះ លោក រ៉ាវុធ ប្រាប់វីអូអេថា៖ «បើសិនគេឲ្យទៅខ្ញុំស្ម័គ្រចិត្តទៅចាក់ ព្រោះខ្ញុំចេះតែខ្លាចដែរ ព្រោះមេរោគហ្នឹងយើងមើលអត់ឃើញចឹង។ ធម្មតាតែគេយកមក គឺដើម្បីជួយកាត់បន្ថយជំងឺហ្នឹងហើយ»។
ខណៈកំពុងរុញរទេះបំពេកូនស្រីតូចរបស់ខ្លួនអ្នកស្រី ដឿន គឹមដឿន បង្ហាញក្តីសង្ឃឹមចំពោះវ៉ាក់សាំងនេះថា៖ «មានអារម្មណ៍ថាអរចឹងទៅ ក្រែងលោបានចាក់មកយើងដែរ។ គេចាក់យើងក៏ចាក់ដែរទៅ។ នឹកឃើញថាបានចាក់ទៅការពារ យើងចេញលក់ ចេញដូររកស៊ីយើងកក់ក្តៅចិត្តដែរ ព្រោះរាល់ថ្ងៃ យើងលក់ដូរអាប់លុយអាប់អីយើងភ័យខ្លាចដែរ»។
«ខ្ញុំអត់ដឹងថា មានរឿងអីគ្រាន់តែថាឃើញប៉ូលីសទាហានច្រើន។ ពេលសួរថា គេហែក្បួនមែនគាត់ថា មិនមែនហែក្បួនទេ។ ដឹកវ៉ាក់សាំងចូលមក។ ថាមកពីស្រុកក្រៅគេជំនួយមកចឹង»។
នេះជាការលើកឡើងរបស់អ្នកស្រី ដឿន គឹមដឿន វ័យ ២៩ ឆ្នាំ អ្នកលក់តុក្កតាចម្រុះពណ៌នៅចម្ងាយប្រមាណជិតមួយគីឡូម៉ែតពីព្រលានយន្តហោះ។
វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពខ្ពស់តែចំពោះមនុស្សមានអាយុចន្លោះ ១៨ ដល់ ៥៩ ឆ្នាំប៉ុណ្ណោះ។ នេះបើយោងតាមការប្រកាសរបស់លោក ហ៊ុន សែន។
វ៉ាក់សាំង Sinopharm មកពីប្រទេសចិននេះមានអត្រាប្រសិទ្ធភាព ៧៩,៣% ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ក៏ប៉ុន្តែ វ៉ាក់សាំងនេះមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ។
លោក ហ៊ុន សែន ទើបផ្លាស់ប្ដូរគម្រោងមិនចាក់វ៉ាក់សាំង Sinopharm កាលពីថ្ងៃសុក្រ ដោយលើកហេតុផលថា លោកហួសអាយុ ដែលអាចចាក់វ៉ាក់សាំងនេះបាន។
លោក ប៊ុន សុវណ្ណរិទ្ធ វ័យ ៣០ ឆ្នាំ ជាអ្នកបើកម៉ូតូកង់បីមួយរូប និយាយថា លោកហ៊ានចាក់តែវ៉ាក់សាំងណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។
«ខ្ញុំគ្មានគម្រោងទៅចាក់វ៉ាក់សាំងហ្នឹងទេ។ វ៉ាក់សាំងហ្នឹងអង្គការសុខភាពពិភពលោកគេអត់ទាន់ទទួលស្គាល់ផង។ លក្ខណៈថាយើងអត់មានទំនុកចិត្តលើវ៉ាក់សាំងហ្នឹង»។
លោកថា លោកសុខចិត្តចំណាយថវិកាផ្ទាល់ខ្លួនដើម្បីចាក់វ៉ាក់សាំងឲ្យតែវ៉ាក់សាំងនោះមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
ពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញម្នាក់ទៀតលោក យឹម វីរៈ វ័យ ៣៤ ឆ្នាំជឿជាក់លើរដ្ឋអំណាចកម្ពុជាក្នុងការរកវ៉ាក់សាំងមានគុណភាព មកចាក់ជូនពលរដ្ឋដូចរូបលោក។
«បើរដ្ឋាភិបាលគេឲ្យយើងចាក់អាណាយើងចាក់អាហ្នឹងទៅ។ បើវាមានបញ្ហាដល់ជីវិត គេមិនយកឲ្យយើងចាក់ទេ»។
លោក យឹម វីរៈ បាននិយាយថា ២០២០ គឺជាឆ្នាំដែលរូបលោក និងពលរដ្ឋដទៃទៀតជួបប្រទះការលំបាកក្នុងជីវភាព។ លោករំពឹងថា ជាមួយនឹងវត្តមានវ៉ាក់សាំងសេដ្ឋកិច្ចគ្រួសាររបស់លោកនៅឆ្នាំ ២០២១ នេះនឹងបានប្រសើរឡើងវិញ៕