ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧកញ៉ា​កម្ពុជា​៩៤​នាក់​កំពុង​ធ្វើ​ការ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ


រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (VOA)
រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (VOA)

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ ​និង​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃពុធ​នេះ​ថា​​ មាន​ឧកញ៉ា​យ៉ាង​ហោច​ណាស់​ចំនួន​៩៤​នាក់​ កំពុង​តែ​កាន់​តួនាទី​​សំខាន់​ៗ​ក្នុង​ក្រសួង​ទាំង​ពីរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​​​ទំនាស់​ដល់​ផល​ប្រយោជន៍​ការ​ងារ​ជា​ចាំបាច់។

យ៉ាង​ហោច​ណាស់​មាន​ឧ​កញ៉ា​ចំនួន​៩៤​នាក់​ត្រូវ​បាន​រក​ឃើញថា​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ។ ​រដ្ឋា​ភិបាល​ កំពុង​ឲ្យ​ពួក​គេ​ជ្រើស​រើស​យកមុខ​ងារមួយ​ក្នុង​ចំណោមតួនាទី​ទាំង​ពីរ​ ដើម្បី​ចៀសវាងទំនាស់​ផល​ប្រយោជន៍​ក្នុង​ការងារ។ អ្នក​ជំនាញ​ខាង​អភិបាល​កិច្ចយល់​ថា​នេះ ​គឺជា​វិធាន​ការ​ល្អ​សម្រាប់​អភិបាល​កិច្ច​រដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធិភាព។

អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ ​និង​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃពុធ​នេះ​ថា មាន​ឧកញ៉ា​យ៉ាង​ហោច​ណាស់​ចំនួន​៩៤​នាក់​ កំពុង​តែ​កាន់​តួនាទីសំខាន់​ៗ​ក្នុង​ក្រសួង​ទាំង​ពីរ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ទំនាស់​ដល់​ផល​ប្រយោជន៍​ការ​ងារ​ជា​ចាំបាច់។

ក្នុង​ចំណោម​ឧញ៉ា​ទាំង​៩៤​នាក់ មាន​៣៣​នាក់​កំពុង​បម្រើ​ការងារ​ក្នុង​ក្រសួង​មហាផ្ទៃ​និង​៦១​នាក់​កំពុង​បម្រើ​ការងារ​នៅ​អគ្គបញ្ជាការ​កងទ័ពរបស់​ក្រសួង​ការពារ​ជាតិ។ហើយភាគ​ច្រើន​មាន​ឋានៈ​ឧត្តម​សេនីយ៍។

រូបឯកសារ៖ លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​«ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​«ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោកឧត្តម​សេនីយ៍ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​និង​លោក​ឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​បញ្ជាក់​ដូច​គ្នាថាទាំង​ក្រសួង​ការពារ​ជាតិ​និង​ទាំងក្រសួង​មហា​ផ្ទៃ​នឹង​តម្រូវ​ឲ្យ​ពួក​គេ​ជ្រើស​រើស​តួនាទី​តែមួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​មុខ​ងារ​ទាំង​ពីរ។​នោះគឺ​ឬមួយ​ពួក​គេ​នៅ​បន្ត​តួនាទីជា​រាជការ​ក្នុង​ក្រសួង​ទាំងពីរ​ ឬ មួយ​ពួក​គេ​រក្សា​ងារ​ជា​ឧកញ៉ា និង​លា​ឈប់​ពី​ការងារ​។​

រូបឯកសារ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ។(VOA)
រូបឯកសារ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ។(VOA)

លោកឧត្តម​សេនីយ៍ ​ខៀវ សុភ័គ បញ្ជាក់​ថា​ក្រសួង​មហាផ្ទៃ​នឹងឲ្យ​ឧកញ៉ាទាំង​នោះ​លាលែង​ដោយ​ស្ម័គ្រ​ចិត្តដើម្បី​ចៀសវាង​ទំនាស់​ផល​ប្រយោជន៍​ក្នុង​ការងារ។

«ដោយ​អនុវត្តតាម​ការណែនាំ​របស់​សម្តេច​តេជោចឹង គឺថា​ម្នាក់​យក​មួយ។មួយជា​ឧកញ៉ា មួយជា​ឧត្តម​សេនីយ៍​របស់​នគរបាលជាតិ។ តើ​យក​មួយណា? ប៉ុន្តែ​ចំពោះមុខ​ យើង​ចង់​ឲ្យ​គាត់​ស្ម័គ្រ​ចិត្ត​ខ្លួនឯង​ល្អជាង»។

មាន​ឧកញ៉ាម្នាក់​ក្នុង​ចំណោម​ឧកញ៉ា​ទាំង​៣៣​នាក់​ក្នុង​ក្រសួង​មហាផ្ទៃ​បាន​លាលែង​ពី​តួនាទី​ជា​មន្ត្រី​មុនការប្រកាស​ជា​គោល​ការណ៍​របស់​ក្រសួង។ ដោយឡែកលោក​ឧត្តម​សេនីយ៍​ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បាន​ឲ្យ​ដឹងថា​ មាន​ឧត្តម​សេនីយ៍​យោធា​ចំនួន​១៦នាក់ ​សុខ​ចិត្ត​យក​ងារ​ជាឧកញ៉ា។

«ក្រសួង​ការពារជាតិនឹង​ធ្វើ​ការ​បន្ត​ទៀត ចឹង​វាអាច​មិនមែន​មាន​ត្រឹម​តែ​៦១​នាក់​នេះ​ទេ អាចច្រើន​ជាងនេះ​ទៀត មិនមែន​ត្រឹម​តែ​៦១​នាក់​ទេ។ ប៉ុន្តែ​ក្នុង​ចំណោម​៦១​នាក់​នោះ មាន​១៦​នាក់បាន​លាលែង​ពី​កង​ទ័ព»។

យោង​តាម​តួលេខ​កាល​ពី​ឆ្នាំ២០០៧ មានឧកញ៉ា​ក្នុង​ប្រទេស​កម្ពុជា​សរុបជាង​៧០០​នាក់។ ប៉ុន្តែ​ជាង​ដប់​ឆ្នាំ​កន្លង​មក​នេះ ប្រភព​មួយ​ចំនួន​ទៀត​បញ្ជាក់​ថា​ចំនួន​ឧកញ៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​កើន​ដល់​៣០០០​នាក់។ ហើយ​ឧកញ៉ា​មួយ​ចំនួនបំពេញ​ការ​ងារ​ជំនួញ​ផង​និង​ការ​ងារ​ជា​ក្រម​ខណ្ឌ័​ជា​មន្ត្រីរាជការ​ផង ថែម​ទាំងមាន​តួនាទី​សំខាន់​ ទាំង​ក្នុង​កង​កម្លាំង​ប្រដាប់​អាវុធ​និង​ទាំង​ក្នុង​ស្ថាប័ន​ស៊ីវិល​និង​ស្ថាប័ន​និតិបញ្ញត្តិ។

រូបឯកសារ៖ លោក ឱក សេរីសោភក្តិ៍ ជា​អ្នកឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក ឱក សេរីសោភក្តិ៍ ជា​អ្នកឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ។ (លឹម សុធី/VOA)

លោក ​ឱក សេរីសុភក្រ្ត អ្នក​ជំនាញ​ផ្នែក​អភិបាលកិច្ចល្អក្នុង​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថាការ​កំណត់​ឲ្យ​ក្រុម​ឧកញ៉ា​លាលែង​ពី​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ​គឺជា​រឿង​ត្រឹម​ត្រូវដើម្បី​ចៀស​វាង​ឲ្យ​ក្រុម​មន្ត្រី​ទាំង​នោះ​យក​តួនាទី​ក្នុង​រាជការ​ទៅ​ការពារមុខ​របរ​ជំនួញ​របស់​ខ្លួន​ដែល​ជា​ឧកញ៉ា។

ប៉ុន្តែ​លោក ​សេរីសុភក្ត្រ​ ផ្តល់​យោបល់​ថា​រដ្ឋា​ភិបាល​គួរ​តែ​បន្តអនុវត្តវិធី​នេះ​ក្នុ​ង​ស្ថាប័ន​ស៊ីវិល​និង​ស្ថាប័ន​និតិបញ្ញតិ្ត​ផងដែរ​ប្រសិន​បើ​ក្រុម​ឧកញ៉ា​ត្រូវ​បាន​រកឃើញថា​កំពុង​តែ​បំពេញ​ការងារ​នៅ​ទីនោះ។

«ខ្ញុំ​គិតថា​ប្រសិន​បើ​ខាង​កង​កម្លាំង​ប្រដាប់​អាវុធ​ចាប់​ផ្តើម​ធ្វើ​អញ្ចឹង ដោយ​សារ​តែ​ទំនាស់​ផល​ប្រយោជន៍ ខាង​ស៊ីវិល​ក៏គួរ​ធ្វើតាម​ហ្នឹងដែរ​ដើម្បី​កុំ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍ ទោះបី​ជា​នៅ​ក្នុង​អង្គ​និតិបញ្ញត្តិ​ក៏ដោយត្រូវតែ​ដើរតាម​អ្វី​ដែល​កំពុង​ធ្វើ​ក្នុង​ជួរ​កងទ័ព»។​

កាលពី​ពាក់​កណ្តាល​ខែសីហា លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ដាក់បញ្ជា​ឲ្យ​ក្រុម​មន្ត្រី​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធដែល​មានងារ​ជាឧកញ៉ា ត្រូវ​តែជ្រើសរើស​ជា​បន្ទាន់​ឬមួយ​យក​តួនាទី​ជាឧកញ៉ា ឬមួយ​យក​តួនាទី​ជាកង​កម្លាំង​ប្រដាប់​អាវុធ។​

ការ​ដាក់​បញ្ជា​របស់​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​យោធា​មួយ​រូប​ដែល​មាន​ងារ​ជាឧកញ៉ា ត្រូវ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ក្រោយ​ពី​រក​ឃើញ​ថា​មន្ត្រី​យោធា​រូបនោះ​បាន​ប្រព្រឹត្តិបទល្មើស​ទាក់​ទង​នឹង​ឧក្រិដ្ឋកម្មកាប់​បំផ្លាញ​ព្រៃឈើ៕

XS
SM
MD
LG