បុរសជនជាតិអាមេរិកកាំងម្នាក់ ត្រូវបានឃាត់ខ្លួន នៅខេត្តព្រះសីហនុ និងត្រៀមបញ្ជូនទៅសហរដ្ឋអាមេរិកវិញពាក់ព័ន្ធនឹងករណីចាប់រំលោភកុមារនៅសហរដ្ឋអាមេរិក តបតាមការស្នើអន្តរាគមន៍ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។
លោក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានប្រាប់ VOA នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា បុរសជនជាតិអាមេរិកាំងឈ្មោះ William David Brenner ត្រូវបានឃាត់ខ្លួនក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃពុធម្សិលមិញពាក់ព័ន្ធនឹងការរំលោភផ្លូវភេទកុមារលើទឹកដីសហរដ្ឋអាមេរិក។ លោកបន្ថែមថា សមត្ថកិច្ចសហរដ្ឋអាមេរិកបានស្នើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីចាប់បញ្ជូនជននេះទៅទទួលទោសនៅសហរដ្ឋអាមេរិកវិញ។
លោកបញ្ជាក់ថា៖
«ពាក់ព័ន្ធនឹងបទល្មើសអាណាចារនៅអាមេរិក ហើយគាត់រត់គេចខ្លួនមក។ ហើយដោយមានសំណើពីខាងស្ថានទូតអាមេរិក ដែលខាង RSO ខាង Regional Security Office ប្រចាំស្ថានទូតហ្នឹងបានស្នើមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីឲ្យស្វែងរក និងឃាត់ខ្លួនជនហ្នឹងដើម្បីបញ្ជូនត្រឡប់ទៅអាមេរិកវិញ ដើម្បីទទួលទោសនៅទីនោះ។ ហើយដោយបានបញ្ជូនលិខិតមកថា ជនជាតិអាមេរិកាំងហ្នឹងត្រូវបានក្រសួងការបរទេសអាមេរិកហ្នឹងលុបលិខិតឆ្លងដែនគាត់ចោលហើយ។ អីចឹងបានន័យថា គាត់លួចរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់»។
លិខិតរបស់ការិយាល័យសន្តិសុខភូមិភាគ(RSO)នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ផ្ញើជូនលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០១៨ បញ្ជាក់ថា៖ «ការិយាល័យសន្តិសុខភូមិភាគបានទទួលព័ត៌មានថា ពលរដ្ឋអាមេរិកាំងឈ្មោះ William David Brenner មានដីកាចាប់ខ្លួនដែលមានសុពលភាព ពាក់ព័ន្ធនឹងបទរំលោភបំពានផ្លូវភេទជាបន្តបន្ទាប់លើកុមារ»។
អ្នកស្រី Emily Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សុំមិនធ្វើអត្ថាធិប្បាយលម្អិតពាក់ព័ន្ធនឹងករណីនេះ ដោយអ្នកស្រីគ្រាន់តែបញ្ជាក់យ៉ាងខ្លីតាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា៖
«ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានសហការជាមួយមន្ត្រីអនុវត្តច្បាប់កម្ពុជាដើម្បីចាប់ខ្លួនលោក William David Brenner ដែលកំពុងប្រឈមនឹងការចោទប្រកាន់នៅសហរដ្ឋអាមេរិក»។
លិខិតរបស់ការិយាល័យសន្តិសុខភូមិភាគ (RSO) នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានេះបន្ថែមថា បុរសឈ្មោះ William David Brenner មានអាយុ៦៣ឆ្នាំ រស់នៅទីក្រុង Houston រដ្ឋតិចសាស សហរដ្ឋអាមេរិក៕