ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ភូតកុហក​និយតករ​សាជីវកម្ម​អូស្រ្តាលី


រូបឯកសារ៖ លោក គង់ វិបុល (ឆ្វេងបង្អស់) ចូលរួមក្នុង​កិច្ចប្រជុំរវាង​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃសមាគមអាស៊ាន នៅក្នុងកិច្ចប្រជុំ APEC នៅរដ្ឋ Hawaii កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១១។
រូបឯកសារ៖ លោក គង់ វិបុល (ឆ្វេងបង្អស់) ចូលរួមក្នុង​កិច្ចប្រជុំរវាង​រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃសមាគមអាស៊ាន នៅក្នុងកិច្ចប្រជុំ APEC នៅរដ្ឋ Hawaii កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១១។

លោក គង់ វិបុល អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ការ​ពិត​លោក​រស់​នៅ​អចិន្រ្តៃយ៍​​ក្នុង​ប្រទេស​កម្ពុជា បាន​ផ្តល់​ព័ត៌មាន​មិន​ពិត​ដល់​គណៈកម្មការ​មូល​ប័ត្រ និង​វិនិយោគ​ប្រទេស​អូស្រ្តាលី ​ថា​លោក​រស់នៅ​ក្នុង​គេហដ្ឋាន​មួយ​នៅ​ក្នុង​ទីក្រុង Melbourne។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុង​ប្រទេសកម្ពុជា​ លោក គង់ វិបុល អាច​ប្រឈម​មុខ​ទៅ​នឹង​ការ​ជាប់​ពន្ធនាគារ ពី​បទ​ភូត​កុហក​គណៈកម្មការ​មូលប័ត្រ និង​វិនិយោគ​ប្រទេស​អូស្រ្តាលី (Australian Securities and Investment Commission)។ នេះបើ​យោង​តាម​និយតករ​សាជីវកម្ម​ដែល​បាន​ប្រាប់ VOA។

មាន​សំណួរ​ជាច្រើន​បាន​ចោទ​សួរ អំពី​អាជីវកម្ម​លួចលាក់​ជាប់​ពាក់ព័ន្ធ​ទៅ​នឹងលោក គង់​ វិបុល និង​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន ដែល​មាន​អំណាច និង​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​ នៅក្នុង​ការ​ស៊ើប​អង្កេត​មួយ​ដែល​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ Al Jazeera ក្នុង​កម្មវិធី 101 East កាល​ពីសប្តាហ៍​មុន។

លោក គង់ វិបុល អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ការ​ពិត​លោក​រស់​នៅ​អចិន្រ្តៃយ៍ក្នុង​ប្រទេស​កម្ពុជា បាន​ផ្តល់​ព័ត៌មាន​មិន​ពិត​ដល់​គណៈកម្មការ​មូល​ប័ត្រ និង​វិនិយោគ​ប្រទេស​អូស្រ្តាលី ​ថា​លោក​រស់នៅ​ក្នុង​គេហដ្ឋាន​មួយ​នៅ​ក្នុង​ទីក្រុង Melbourne។

លោកស្រី​ Angela Friend ​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​គណៈកម្មការ​មូលប័ត្រ និង​វិនិយោគ​ប្រទេស​អូស្រ្តាលី បាន​ប្រាប់ VOA តាមរយៈ​សារ​អេឡិចត្រូនិក​ថា ការ​ផ្តល់​ព័ត៌មាន​មិនពិត​ដល់​ស្ថាប័ន​ឃ្លាំមើល​អាជីវកម្ម​របស់​ប្រទេស​អូស្រ្តាលី គឺ​ជា​បទ​ល្មើស​មួយ ដែល​មាន​ចែងនៅ​ក្នុង​ច្បាប់​អាជីវកម្ម។

លោក​ស្រី​បាន​សរសេរ​ថា៖

«ការ​រំលោភ​បំពាន​ទៅលើ​ច្បាប់​នេះ នឹង​ត្រូវ​ផ្តន្ទាទោស ដោយ​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​គុណ​នឹង ១០០ដងនៃ​តម្លៃ​ពិន័យ​មួយ​ឯកតា ឬ​ជាប់​ពន្ធនាគារ​រយៈពេល ២ឆ្នាំ ឬ​ទទួល​ទោស​ទាំងពីរ​ករណី។ បច្ចុប្បន្ន​នេះ​ទឹក​ប្រាក់​ផាក​ពិន័យ​ក្នុង​មួយ​ឯកតា​មាន​តម្លៃ ២១០​ដុល្លារ​សហរដ្ឋ​អាមេរិក»។

លោក​ស្រី​បាន​បញ្ជាក់​ថា នៅ​ក្នុង​ច្បាប់​ដដែល​នេះ ប្រធាន​ក្រុមហ៊ុន​ប្រភេទ​នេះ​ចាំបាច់​ត្រូវ​រស់​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ប៉ុន្តែ​លោកស្រី​បាន​និយាយ​ថា គណៈកម្មការ​មូលប័ត្រ និង​វិនិយោគ​ប្រទេស​អូស្រ្តាលី មិន​បាន​អត្ថាធិប្បាយ​ជាទូទៅ​ទៅលើ​ថា តើ​ស្ថាប័ន​នេះ​កំពុង​ស៊ើបអង្កេត​បញ្ហា​ជាក់លាក់​ណា​មួយនៅ​ឡើយ​ទេ។

VOA បាន​ព្យាយាម​ទាក់ទង​លោក គង់ វិបុល ជា​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​ឡើយ។ នៅក្នុង​ឯកសារ​ក្រុមហ៊ុន​របស់លោក ដែល​មាន​ឈ្មោះ​ថា Panhariddh Pty. Ltd លោក គង់ វិបុល ​ថា លោក​រស់នៅ​ក្នុង​តំបន់ Noble Park នៃ​ជាយក្រុង Melbourne។

លោក ឌី វិជ្ជា អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ជា​កូនប្រសារ​របស់​លោក ហ៊ុន សែន​ ផង​នោះ ក៏​ត្រូវបាន​ទូរទស្សន៍ ​Al Jazeera ចោទ​ប្រកាន់​ថា លោក​ក៏​បានផ្តល់​ព័ត៌មាន​ភូតកុហក​ដល់​គណៈកម្មការ​មូលប័ត្រ និង​វិនិយោគ​ប្រទេស​អូស្រ្តាលី​ អំពី​អាសយដ្ឋាន​របស់​លោក​ផងដែរ។ VOA ក៏​មិនអាច​ទាក់ទង​លោក​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​រឿងនេះ​បាន​ដែរ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ស្ថានីយ​ទូរទស្សន៍ ​Al Jazeera លោក​ គង់ វិបុល ត្រូវ​បាន​គេ​ឈ្លេច​សួរ​អំពី​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​ដល់​គណៈកម្មការ​មូលប័ត្រ និង​វិនិយោគ​ប្រទេស​អូស្រ្តាលី​នេះ។​ ដំបូង​ឡើយ លោក​បាន​អះអាង​ថា​ ក្រុមហ៊ុន​នេះ​បាន​បង្កើត​ឡើង ​តាំងពី​មុន​ពេល​រូប​លោក​ចាប់ផ្តើម​ការងារ​ក្នុង​ប្រទេស​កម្ពុជា​មក​ម៉្លេះ។

ក្រោយ​ពី​ចម្លើយ​របស់​លោក​ត្រូវ​បាន​បដិសេធន៍​ថា ​មិនមែន​ជាការ​ពិត​ទេ​នោះ លោក​ គង់ វិបុល បាន​និយាយ​ថា លោក​បាន​ផ្ទេរ​កម្មសិទ្ធិ​ក្រុម​ហ៊ុន​ទៅ​ឲ្យ​អ្នក​ដទៃ ហើយ​ក្រោយ​មក​ទៀត ​លោក​បាន​ប្រកាស​ថា ក្រុមហ៊ុន​នោះ​បាន​បិទទ្វារ​ជា​យូរយារ​ណាស់​មក​ហើយ។

«ខ្ញុំ​គ្មាន​ជំនួញ​នៅ​ប្រទេស​អូស្ត្រាលី​នោះ​ទេ»។

លោក គង់ វិបុល ត្រូវ​បាន​គេ​ចោទ​សួរ​អំពី​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ​ធំៗ​ដែល​កាន់​កាប់​ដោយ​គ្រួសារ​របស់​លោក ដែល​យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​ទាំងអស់​នេះ​មិន​បាន​ចុះ​បញ្ជី​បង់ពន្ធ​រហូត​ដល់​ឆ្នាំ ២០១៧។

លោក គង់ វិបុល ​បាន​សួរ​សំណួរ​ដដែលៗ​ទៅ​កាន់​អ្នក​រាយការណ៍​របស់​ទូរទស្សន៍ Al Jazeera ថា​ តើ​ពួក​គេ​ទទួល​បាន​ឯកសារ​នេះ​យ៉ាង​ដូចមេ្តច ហើយ​លោក​បាន​អះអាង​ថា ការ​ចុះ​បញ្ជី​នៅ​គណៈកម្មការ​មូលប័ត្រ និង​វិនិយោគ​ប្រទេស​អូស្រ្តាលី និង​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិនត្រឹម​ត្រូវ​ទេ រួមទាំង​ការ​ប្រើប្រាស់ អាសយ​ដ្ឋាន​របស់​ក្រុមហ៊ុន Bright Victory Mekong Petroleum Import Export Co., Ltd ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​អាសយដ្ឋាន​របស់​លោក​ផ្ទាល់​ផង​ដែរ។

លោក គង់ វិបុល ​បាន​ប្រាប់​ទូរទស្សន៍ Al Jazeera ថា៖«យើង​បាន​លក់​ក្រុមហ៊ុន​នេះ ជាយូរ​មក​ហើយ។ ខ្ញុំគិត​ថា គេ​ប្រហែល​ជា​ប្រើប្រាស់​អាសយដ្ឋាន​របស់ខ្ញុំ​ពីមុន​មក។ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​ តើ​គេ​លក់​វានៅ​ពេល​ណា​នោះ​ទេ»។

ទូរទស្សន៍ Al Jazeera បាន​លើក​ឡើង​ថា​ លោក គង់ វិបុល មាន​ទ្រព្យសម្បត្តិ​តម្លៃ​រាប់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ប្រទេស​អូស្ត្រាលី រួម​នឹង​មុខ​ជំនួញ​ជាច្រើន​ថែម​ទៀត បើ​ទោះ​បី​ប្រាក់​ខែ​របស់​លោក​មិនដល់ ១.០០០ដុល្លារ​សហរដ្ឋអាមេរិក​ផង​នោះ។

ទូរទស្សន៍​នេះ ក៏បាន​ឲ្យដឹង​ទៀតថា លោក​ គង់ វិបុល បាន​បង្កើត​ក្រុមហ៊ុន​វិនិយោគ ជាមួយប្តី​ប្រពន្ធ​ជនជាតិអូស្ត្រាលី​មួយគូ ដែល​ក្រោយមក​ត្រូវបាន​តុលាការ​កាត់ទោស​ពី​បទប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដោយ​កេង​បនំ្លពន្ធ​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ទឹកប្រាក់​ប្រមាណ​ ជាង ១,៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

តាមរយៈ​លិខិត​របស់​តុលាការ​ ដែល​ត្រូវបាន​គេ​ជឿ​ថា​បាន​ចុះ​ហត្ថលេខា​នៅឯ​ស្ថាន​ទូត​អូស្ត្រាលី​ក្នុងទីក្រុង​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ លោក គង់ វិបុល ធ្លាប់​បាន​ផ្ទេរ​ប្រាក់​ចំនួន ១,២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ទៅកាន់​ក្រុម​ហ៊ុន​ប្តី​ប្រពន្ធ​មួយគូ​នេះ​ទៀត​ផង។

ទូរទស្សន៍​ Al Jazeera ក៏​បាន​សម្ភាស​ជាមួយ​អតីត​ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា​ លោក​ស្រី​ គី កល្យាណ ផង​ដែរ។ លោកស្រី​បាន​និយាយ​ថា លោកស្រី​បាន​ជម្រាប​ជូន​ស្ថានទូត​អូស្ត្រាលី​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​រដ្ឋាភិបាល​ផងដែរ​ថា មាន​មន្រ្តី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​កំពុង​លាង​លុយ​កខ្វក់​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​លុយ​ទាំង​នេះ​បាន​មក​ពី​សកម្មភាព​មិន​ស្របច្បាប់។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​អូស្ត្រាលី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន ប្រាប់​ VOA តាមរយៈ​សារអេឡិចត្រូនិក​ថា ក្រសួង​បាន​បញ្ជូន​ព័ត៌មាន​ពាក់ព័ន្ធ​នានា​ស្តី​អំពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ក្រោម​ច្បាប់​ប្រទេស​អូស្ត្រាលី​ ទៅ​កាន់​ស្ថាប័ន​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នានា រួចរាល់​ហើយ។

អ្នកនាំ​ពាក្យ​រូបនេះ​បាន​និយាយ​ទៀត​ថា៖

«យើង​សូម​បដិសេធ​ទាំងស្រុង​នូវ​រាល់​ការលើក​ឡើង​ទាំងឡាយ​ណា​ ដែល​ថា​រដ្ឋាភិបាល​អូស្ត្រាលី​បាន​គាំទ្រ ឬ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ខុសច្បាប់​ក្នុង​ប្រទេស ឬ ការ​ចោទ​ប្រកាន់​ដែល​ថា រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​ដិត​ដល់​ប្រឆាំង​នឹង​អំពើ​ពុករលួយ និង​អំពើ​ឧក្រិដ្ឋកម្ម​នានា»។

VOA បាន​ទូរស័ព្ទ​សាកសួរលោក​ ​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ដែរ ក៏ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​អ្នក​ផ្សេង​លើក​ជំនួស​ទៅវិញ ដោយ​ប្រាប់ថា​លេខ​នេះ​មិន​ត្រឹម​ត្រូវទេ។

ខុទ្ទកាល័យ​របស់​លោកស្រី​ Kelly O'Dwyer រដ្ឋមន្រ្តី​ក្រសួង​សេវាកម្ម​ហិរញ្ញវត្ថុ និង​ចំណូល​ពន្ធដារ​នៃ​ប្រទេស​អូស្ត្រាលី និង​ស្នងការ​ប៉ូលិស​សហព័ន្ធ​អូស្រ្តាលី មិន​បានឆ្លើយតប​ទៅ​នឹង​សំណួរអ្នក​យក​ព័ត៌មាន​របស់​ VOA ឡើយ។

លោក​ ព្រាប កុល ​នាយក​ប្រតិបត្តិនៃ​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រាប់ VOA តាមរយៈ​សារអេឡិច​ត្រូនិក​ថា គ្មាន​នរណា​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​ហ៊ាន​សាក​សួរអំពី​ទង្វើ​ខុសច្បាប់​របស់​មន្ត្រី​ជាន់ខ្ពស់​ដូច​នេះ​ឡើយ។

«សុច្ចរិតភាព​ក្នុង​ចំណោម​មន្ត្រី​សាធារណៈ​ជាច្រើនរូប​នៅក្នុង​ប្រទសកម្ពុជា​ ត្រូវ​បាន​គេ​ចោទ​ជា​សំណួរ​នៅឡើយ។ ដូច្នេះ​ពួកគាត់​ធ្លាប់​ទៅ​ហើយ​នឹង​ការ​មើល​ពួក​គាត់​ដោយ​វិធី​នេះ។ ប្រជាពលរដ្ឋ​នៅទីនេះ​ គ្មាន​អំណាច​ឡើយ​ ដូច្នេះ​ហើយ ពួក​គេ​មិន​ហ៊ាន​សួរ​សំណួរ​ប្រភេទ​នេះ​ឡើយ»។

លោក ព្រាប កុល បាន​បន្តទៀត​ថា ការ​អះអាង​របស់​លោក គង់ វិបុល ដែល​ថា​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​មិនត្រឹមត្រូវ គឺ​ពិបាក​នឹង​ជឿ​ណាស់។ លោក​និយាយ​ដោយ​សង្កត់​ធ្ងន់​ដូច​នេះ បើ​ទោះ​បីជា​លោក មិន​បាន​ដឹង​ការពិតនៅ​ពី​ក្រោយ​ស្ថានការ​នេះ​ក៏ដោយ។

លោក​បន្តទៀត​ថា៖

«ប្រទេស​កម្ពុជា​មិនទាន់​មាន​បទ​បញ្ជា ឬ​ច្បាប់​តឹងរ៉ឹង​ទាក់ទង​ទៅ​នឹង​ទំនាស់​ផល​ប្រយោជន៍ ​ដូច​ប្រទេស​មួយ​ចំនួន​នៅឡើយ។ ដូច្នេះ​ហើយ​ការ​ប្រព្រឹត្ត​ដូចនេះ​គឺ​ជារឿង​ធម្មតា​នៅទី​នេះ»។

លោក បន្ថែម​ទៀតថា​ លោក​មិន​រំពឹង​ទុក​ទេ​ថា ការប្រ​ព្រឹត្ត​បែប​នេះ​នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ​នៅ​ក្រោម​ការដឹកនាំ​ប្រទេស​បច្ចុប្បន្ន​នេះ។

លោក ហុង លឹម សមាជិក​សភា​អូស្ត្រាលី​ដើមកំណើត​ខ្មែរ ​ក្នុង​រដ្ឋ​វិចតូរីយ៉ា​ ក្នុង​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា មាន​បុគ្គល​មួយ​ចំនួន​ដែល​ត្រូវ​បាន​លាតត្រដាង ​នៅ​ក្នុង​របាយ​ការណ៍​របស់​ទូរទស្សន៍ Al Jazeera​ បាន​បំភ័យ​សហគមន៍​នានា​ក្នុង​ទីក្រុង Melbourneថា​នឹង​មាន​ការ​សង​សឹក។

​«ទាំងនេះ​គឺ​ជាអ្វី​ដែល​យើង​កំពុង​ប្រឈមមុខ​ដោះស្រាយ​ក្នុង​ទីក្រុង Melbourne នៅ​ពេល​ឥឡូវនេះ‍»៕

(រាយការណ៍បន្ថែមដោយ ឡេង ឡែន)

ប្រែសម្រួលដោយ ឆេង ចន្នី

XS
SM
MD
LG