ភ្នំពេញ — តាមបណ្តាយផ្លូវជាតិ នៅលើកោះតាមតំបន់ជនបទ និងតាមតំបន់ទីប្រជុំជននៅទូទាំងប្រទេសកម្ពុជា សិស្សានុសិស្សរាប់លាននាក់ធ្វើដំណើរពីផ្ទះទៅសាលារៀន និងពីសាលារៀនទៅផ្ទះវិញ ស្ទើរតែរៀងរាល់ថ្ងៃឥតឈប់ឈរ។
ជារឿយៗ គេសង្កេតឃើញថា សិស្សសាលាមួយចំនួនបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវគោក មានទាំងការរំលោភ និងសម្លាប់នៅកន្លែងតំបន់ដាច់ស្រយាល និងមានគ្រោះថ្នាក់លិចទូកជាដើម។
ជាក់ស្តែងកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២នេះ នៅក្នុងភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កុមារចំនួន ១១ នាក់បានស្លាប់បាត់បង់ជីវិត ដោយសារហេតុការណ៍លិចទូក នៅពេលចេញពីរៀនទៅផ្ទះ ដែលជាព្រឹត្តការណ៍ដ៏រន្ធត់មួយ។
សុវត្ថិភាពក្នុងការធ្វើដំណើរទៅមកសាលារៀនរបស់ពួកគេ កំពុងប្រឈមនឹងគ្រោះថ្នាក់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចៀសហានិភ័យសម្រាប់សិស្សានុសិស្សទាំងអស់ ដូចជាសោកនាដកម្មលិចទូកនៅស្រុកលើកដែក ខេត្តកណ្តាល។ នេះគឺជាការលើកឡើងរបស់មន្ត្រីជំនាញវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។
លោក រស់ ច័ន្ទបូរិទ្ធ អ្នកជំនាញផ្នែកកិច្ចការឆ្លើយតបមនុស្សធម៌ និងភាពក្រីក្ររបស់កុមារ និងជានាយកស្តីទីផ្នែកយុទ្ធសាស្រ្តអភិវឌ្ឍន៍កម្មវិធី និងផលជះប្រចាំអង្គការ Save the Children ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការប្រឈមគ្រោះថ្នាក់របស់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅមកសាលារៀន មានបញ្ហាផ្សេងៗពីគ្នា គឺអាស្រ័យទៅលើតំបន់នីមួយៗនៃសាលារៀន។
លោកថ្លែងថា៖ «សុវត្ថិភាពទាំងអស់ គឺសុទ្ធតែជាបញ្ហា ក៏ប៉ុន្តែបើនិយាយភាពដូចគ្នា គឺអត់ដូចគ្នាទេ អាស្រ័យទៅលើស្ថានភាពរបស់សាលារៀនដែរ។ សាលាខ្លះគឺស្ថិតនៅក្នុងតំបន់ដែលលិចទឹកនៅក្នុងខែវស្សា តែខែប្រាំងគាត់អត់លិចទឹកទេ។ អ៊ីចឹងនៅពេលដែលការធ្វើដំណើរទៅសាលារៀនអាចប្រឈមទៅនឹងចរាចរណ៍ ប៉ុន្តែខែលិចទឹក គាត់ប្រឈមជាមួយការលិចទូក ឬទាក់ទងការលង់ទឹកជាដើម។ នៅក្នុងតំបន់ខ្លះឧទាហរណ៍ ដូចជាកុមារី គាត់ត្រូវធ្វើការទៅសាលារៀនពីផ្ទះដែលឆ្ងាយ តែសុវត្ថិភាពគឺទៅលើរឿងរំលោភបំពានផ្លូវភេទ ឬអំពើហិង្សាដែលកើតឡើងនៅតាមផ្លូវទៅវិញ»។
កាលពីដើមឆ្នាំ ២០២១ រដ្ឋាភិបាលបានចេញគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែល មាន ៧ ចំណុច រួមមានការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព គ្មានលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ គ្មានអំពើអនាចារដោះស្រាយវិវាទនៅមូលដ្ឋានដោយគុណភាព បរិស្ថានល្អ ឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធជាដើម។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមានប្រសាសន៍ថា សុវត្ថិភាពក្នុងការធ្វើដំណើរទៅមកសាលារៀន មានភាពផុយស្រួច ប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់បែបយ៉ាង ដែលអ្វីទាំងអស់នេះគឺមកពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនៅមានកម្រិតទាបនៅឡើយ។
អ្នកស្រីថ្លែងថា៖ «មានសិស្សសាលាខ្លះគាត់ធ្វើដំណើរតាមកង់ តាមផ្លូវស្រែ ផ្លូវមានព្រៃ ជួនកាលមានការចាប់រំលោភ យើងឃើញហើយថា ប្រព័ន្ធគ្រោះថ្នាក់នៅកម្ពុជាយើងកាន់តែធ្ងន់ធ្ងរ ដោយសារតែនៅតាមភូមិឃុំមួយៗហ្នឹង គឺត្រូវបានក្មេងសេពគ្រឿងញៀនច្រើន យើងឃើញថា ការស្លាប់បាត់បង់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក៏កាន់តែខ្លាំងឡើងដែរ ទាំងអស់នេះដែលយើងឃើញថា អត់មានទេភូមិឃុំសុវត្ថិភាព»។
គោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាពរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានក្រុមសង្គមស៊ីវិលរិះគន់ផងដែរថា រហូតមកដល់ពេលនេះនៅពុំទាន់បានឆ្លើយតបទៅនឹងអ្វីដែលបានដាក់ចេញនោះទេ ពីព្រោះភាពអសន្តិសុខក្នុងភូមិឃុំសង្កាត់ នៅតែបន្តកើតមានឥតស្រាកស្រាន្តនៅឡើយ។
លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International) បានមានប្រសាសន៍ថា ការព្រងើយកន្តើយមិនយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បណ្តាលឱ្យសុវត្ថិភាពរបស់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាប្រឈមហានិភ័យខ្ពស់នៅឡើយ។
លោកថ្លែងថា៖ «ដោយសារកង្វះការយកចិត្តទុកដាក់ទាំងអាណាព្យាបាល ទាំងអាជ្ញាធរមូលដ្ឋាន ហើយក៏ដូចជាគណៈគ្រប់គ្រងសាលាទាំងអស់ហ្នឹង វានៅជាកក្តាមួយដែលត្រូវយកចិត្តទុកដាក់ថែមទៀត បើមិនចឹងទេ គឺកុមារនៅតែមានហានិភ័យខ្ពស់ក្នុងការគ្រោះថ្នាក់ដល់ការធ្វើដំណើរហ្នឹង។ ជាពិសេសគឺអាជ្ញាធរមូលដ្ឋានហើយនិងកម្លាំងសមត្ថិកិច្ចអនុវត្តនូវគោលនយោបាយយើងហៅថា ភូមិឃុំមានសុវត្ថិភាព។ កាលណាយើងចង់ការពារកុមារ វាត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីយើងធានាបាននូវសុវត្ថិភាព»។
លោកបានថ្លែងបន្តថា ការគ្មានសុវត្ថិភាពក្នុងការធ្វើដំណើរទៅមកសាលារៀនបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូលខ្លាំង បើយើងមិនដោះស្រាយឱ្យទាន់ពេលវេលានោះ។
លោក យី គឹមថាន ថ្លែងថា៖ «ឳពុកម្តាយមួយចំនួនគាត់លែងមានជំនឿថាឱ្យកូនគាត់មករៀន ពីព្រោះការមករៀនវាគ្រោះថ្នាក់ វាធ្វើឱ្យជះឥទ្ធិពលខ្លាំងមែនទែន ធ្វើឱ្យកុមារភាគច្រើនលែងទទួលបាននូវការបណ្តុះបណ្តាល ឬក៏អាចឈានទៅដល់ចំនួនការបោះបង់ការសិក្សាកាន់តែច្រើនឡើង។ កាលណាកុមារអត់ទៅរៀន វាធ្វើឱ្យកុមារអវិជ្ជា ថាតើគាត់អាច ទៅចូលរួមចំណែកកសាងប្រទេសជាតិទៅថ្ងៃមុខយ៉ាងម៉េច»។
កន្លងមក មានសិស្សស្រីខ្លះត្រូវបានជនល្មើសចាប់រំលោភ និងសម្លាប់ នៅពេលល្ងាចចេញពីរៀនទៅផ្ទះឆ្លងកាត់តំបន់ដាច់ស្រយាល ដែលជាហេតុធ្វើឱ្យឱពុកម្តាយចំនួនខ្លាចរអាក្នុងការឱ្យកូនទៅរៀន។
ជាមួយគ្នានេះ លោក យឹម សាអួន ជានាយកវិទ្យាល័យស្រែណូយ នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានមានប្រសាសន៍ថា កូនសិស្សខ្លះត្រូវធ្វើដំណើរប្រមាណជា ៣០ គីឡូ ពីផ្ទះមកសាលារៀន ដែលជាហេតុធ្វើឱ្យកូនសិស្សទាំងនោះបោះបង់ចោលការសិក្សា ដោយសារត្រូវឆ្លងកាត់ផ្លូវស្ងាត់ និងតំបន់ដាច់ស្រយាល។
លោកក៏បានបង្ហាញពីអារម្មណ៍សោកស្តាយយ៉ាងខ្លាំង នៅពេលដែលមានកូនសិស្សបោះបង់ចោលការសិក្សា ដោយសារតែមូលហេតុទាំងនេះ។
លោកថ្លែងថា៖ «ជួនកាល មានអាណាព្យាបាលខ្លះគាត់បារម្ភពីសុវត្ថិភាពកូនរបស់គាត់ គាត់ថា ឱ្យកូនរបស់គាត់ឈប់រៀន ដោយសារគាត់ថា សាលារៀនឆ្ងាយ ផ្លូវស្ងាត់ ដូចកូនស្រីគឺរឿងសុវត្ថិភាព។ ខ្លះទៅក៏មានជនខិលខូច វាកាក់វ៉ៃដូចជាក្មេងប្រុសៗអី។ សាលាខ្ញុំសិស្សឆ្ងាយៗច្រើន។ សាលាខ្ញុំ បើសិនជារៀនវេន្តល្ងាចទៅដល់ផ្ទះយប់ហើយ ក៏បោះបង់ក៏ច្រើនដែរ សិស្សខាងខ្ញុំ។ មិនមែនមានតែសាលាខ្ញុំទេ សាលាបឋមមួយចំនួន មួយឆ្នាំៗ ស្លាប់ ៤ ឬ ៥ នាក់ដែរ ទាក់ទងចរាចរណ៍ បុកគ្នាសម្បូរច្រើន»។
ជាក់ស្តែង អ្នកស្រី ជុំ សុវណ្ណ អាយុ ៤១ ឆ្នាំជាអាជីវកររស់នៅភូមិគោកតាចាន់ ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា អ្នកស្រីតែងតែបារម្ភជាខ្លាំងនូវសុវត្ថិភាពរបស់កូនស្រី ដែលមានអាយុ ១៧ ឆ្នាំ ពេលធ្វើដំណើរទៅមកសាលារៀនរាល់ថ្ងៃ បន្ទាប់ពីអ្នកស្រីបានឃើញព័ត៌មានតាមបណ្តាញសង្គមជាញឹកញាប់ពីករណីអសន្តិសុខមួយចំនួន ដែលបានកើតឡើងនៅតាមដងផ្លូវ។
អ្នកស្រីថ្លែងថា៖ «អ្វីដែលខ្ញុំព្រួយបារម្ភមានច្រើន ទី ១ គឺចរាចរណ៍តែម្តង។ ទី ២ គឺការគាត់ទៅផ្ទះយប់ព្រលប់ចឹងខ្លាចមានជនមិនល្អ ធ្វើបាប។ ខ្ញុំមើលក្នុងប្រព័ន្ធបណ្តាញហ្វេសប៊ុក ឃើញជាក់ស្តែងផ្ទាល់ៗករណីអស់ហ្នឹង គឺវាកើតឡើង ហើយវាច្រើនទៅតាមតំបន់ទៀត ដូចជាករណីគ្រោះថ្នាក់ ចាប់រំលោភ។ ការដែលខ្ញុំឱ្យកូនគាត់ជិះកង់ក្តី ជិះម៉ូតូក្តីមកខ្លួនឯង ទាល់តែកូនដល់សាលាផ្ញើសារទៅ ឬក៏តេប្រាប់ទើប ខ្ញុំបាត់ការបារម្ភហ្នឹង»។
ពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពក្នុងការធ្វើដំណើរទៅមកសាលារៀនរបស់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជា លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មិនអត្ថាធិប្បាយអ្វីទាំងអស់ជុំវិញបញ្ហាទាំងនេះ ដោយលោកគ្រាន់តែបញ្ជូនសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា ស្តីពីវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ក្នុងពេលធ្វើដំណើរទៅមកសាលារៀនសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្សតែប៉ុណ្ណោះ។
សេចក្តីណែនាំនោះ ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ នេះ ធ្វើឡើង បន្ទាប់ពីមានហេតុការណ៍លិចទូកស្លាប់ក្មេងអស់ ១១ នាក់ នៅខេត្តកណ្តាល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ សិស្សានុសិស្ស និងបុគ្គលិកអប់រំមួយចំនួនតូច បានរងគ្រោះក្នុងអំឡុងពេលធ្វើដំណើរ ទៅសាលារៀនឬមកបំពេញការងារ ទាំងតាមផ្លូវគោក និងផ្លូវទឹក ជាពិសេសនៅរដូវ និងអំឡុងពេលទឹកជំនន់។
ដើម្បីកាត់បន្ថយជាអតិប្បរមានូវផលប៉ះពាល់ និងគ្រោះថ្នាក់ ដែលអាចកើតមានក្នុងអំឡុងពេលធ្វើដំណើរទៅមកសាលារៀន កន្លែងបំពេញការងាររបស់សិស្សានុសិស្ស និងបុគ្គលិកអប់រំ សេចក្តីណែនាំដដែលនោះក៏បានណែនាំគ្រប់មន្ត្រីនៅតាមមូលដ្ឋានទាំងអស់ដែលពាក់ព័ន្ធ រួមទាំងមាតាបិតា អាណាព្យាបាល ម្ចាស់អាជីវកម្ម និងអ្នកបញ្ជាមធ្យោបាយដឹកជញ្ជូនសិស្សានុសិស្ស ត្រូវចូលរួមសហការគ្នា ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់សិស្ស មានដូចជាម្ចាស់អាជីវកម្មត្រូវបំពាក់ឧបករណ៍សុវត្ថិភាព ឬអាវពោងសុវត្ថិភាពនៅលើមធ្យោបាយដឹកជញ្ជូន កុំឱ្យដឹកលើសចំណុះ ឬបញ្ជាយានយន្តលើសល្បឿន។
ចំណែកឯគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវអប់រំឬណែនាំសិស្សានុសិស្សឱ្យចេះរំដោះខ្លួនចេញពីគ្រោះថ្នាក់ ក្នុងករណីមានហេតុការណ៍កើតឡើង ព្យាយាមទប់ស្តាត់និងធ្វើគ្រប់មធ្យោបាយ ដើម្បការពារសុវត្ថិភាពដល់សិស្សានុសិស្សទាំងផ្លូវគោក និងផ្លូវទឹក។ មាតាបិតា អាណាព្យាបាល ត្រូវណែនាំកូនចៅជាប់ជាប្រចាំឱ្យមានការប្រុងប្រយ័ត្ន និងត្រូវចូលរួមការពារសុវត្ថិភាពរបស់កូនចៅ ដូចជាត្រូវដាក់សម្ភារៈសម្រាប់ការពារកូន ឬជូនកូនទៅរៀនជាដើម។
នៅទូទាំងប្រទេសកម្ពុជា សាលារៀនមានចំនួនប្រមាណជា ១៣.៦៨១ និងមានសិស្សសរុបប្រហែលជា ៣.២៧៧.០៧៦ នាក់៕