ក្រុមសិទ្ធិមនុស្ស សហជីពនិងតំណាងសហគមន៍នៅកម្ពុជា កាលពីព្រឹកថ្ងៃសុក្រ បានដាក់ញត្តិទៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅភ្នំពេញ ដោយទាមទារឲ្យដោះលែងមេដឹកនាំប្រជាធិបតេយ្យនិងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ។
ក្រុមសិទ្ធិមនុស្សទាំងនោះ មានចំនួន ៦០ ស្ថាប័ននិងក្រុម ដែលរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការតម្លាភាពកម្ពុជា អង្គការលីកាដូ និងសមាគមធាងត្នោតជាដើម។ នេះបើយោងតាមញត្តិរបស់ពួកគេ ចុះថ្ងៃទី១២ ខែកុម្ភៈ។
ពួកគេប្រមាណ ២០ នាក់ បានប្រមូលផ្តុំនៅមុខស្ថានទូតមីយ៉ាន់ម៉ា ហើយលើកសញ្ញាមួយចំនួន ដែលសរសេរថា «We Stand With the People of Myanmar» ដែលមានន័យថា «យើងឈរជាមួយប្រជាជនមីយ៉ាន់ម៉ា»។
នៅក្នុងញត្តិដែល VOA ទទួលបាន ពួកគេបានថ្កោលទោសចំពោះការរឹបអូសអំណាច តាមរយៈរដ្ឋប្រហារយោធា ដែលពួកគេថា នេះជាការរំលោភដល់ឆន្ទៈរបស់ពលរដ្ឋមីយ៉ាន់ម៉ា និងប៉ះពាល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសនោះ។
បើតាមញត្តិនោះ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជាបានទាមទារឲ្យដោះលែងទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលដទៃទៀត។ ពួកគេក៏បានបង្ហាញការគាំទ្រដល់ការតស៊ូរបស់ពលរដ្ឋមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាផងដែរ។
អ្នកស្រី ចក់ សុភាព នាយិកាអង្គការសិទ្ធិមនុស្សកម្ពុជាដែលបានចូលរួមដាក់ញត្តិនៅខាងមុខស្ថានទូតមីយ៉ាន់ម៉ា ស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម ជិតស្តុបចំការមន មានប្រសាសន៍ថា នេះជាការបង្ហាញ«ការមិនគាំទ្ររបស់យើងចំពោះរដ្ឋប្រហារយោធាដោយប្រើកម្លាំង»។
អ្នកស្រីបញ្ជាក់ថា៖ «អញ្ចឹងអ្វីដែលយើងធ្វើនេះ គឺបង្ហាញនូវការគាំទ្រដល់សេរីភាពនិងលម្ហប្រជាធិបតេយ្យ ហើយសំខាន់បំផុតគឺការមិនគាំទ្រនៃរូបភាពទាំងឡាយណានៃការក្តោបក្តាប់អំណាចតាមរយៈរដ្ឋប្រហារ ហើយជាពិសេសការប្រើកម្លាំងកងយោធាអីជាដើម»។
អ្នកស្រីបន្តថា ស្ថានទូតបិទនៅព្រឹកថ្ងៃសុក្រនេះ ហើយក្រុមសង្គមស៊ីវិលបានប្រគល់ញត្តិទៅឲ្យសន្តិសុខម្នាក់ ដែលយាមនៅទីនោះ។
VOA មិនទាន់អាចសុំការឆ្លើយតបពីស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅភ្នំពេញបាននៅឡើយទេ។
កាលពីដើមខែកុម្ភៈ ក្រុមកងទ័ពជាតិមីយ៉ាន់ម៉ា Tatmadaw បានធ្វើរដ្ឋប្រហារក្រសោបយកអំណាចជំទាស់លទ្ធផលបោះឆ្នោតខែវិច្ឆិកា ដែលគណបក្សគ្រប់គ្រងដោយយោធានេះចាញ់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (National League for Democracy) ដែលគ្រប់គ្រងដោយលោកស្រី Aung San Suu Kyi។ យោធាដែលធ្វើរដ្ឋប្រហារនេះបានសម្រេចដាក់ប្រទេសស្ថិតក្នុងភាពអាសន្នមួយឆ្នាំ។
កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញជំហររបស់ខ្លួនថា នឹងមិនធ្វើប្រតិកម្មណាមួយអំពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ានោះទេ ដោយចាត់ទុកថានេះជា «កិច្ចការផ្ទៃក្នុង»។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ថា ការប្រកាន់គោលការណ៍«មិនជ្រៀតជ្រែក»នេះ មិនបង្ហាញពីគុណតម្លៃនៃទំនាក់ទំនងរវាងពលរដ្ឋទៅពលរដ្ឋ និងរដ្ឋាភិបាលទៅរដ្ឋាភិបាលរបស់ប្រទេសជាសមាជិកអាស៊ាននោះទេ៕