អ្នកនាំពាក្យក្រសួងមហាផ្ទៃអះអាងថា ការស្វែងរកនិងចាប់ខ្លួនលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលប្រកាសចូលមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា មិនមែនជារឿងពិបាកដែលត្រូវប្រើកម្លាំងសមត្ថកិច្ចច្រើននោះទេ។
លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា សមត្ថកិច្ចមានសមត្ថភាពគ្រប់គ្រាន់ដឹងអំពីពេលវេលា និងទីតាំងជាក់លាក់របស់លោក សម រង្ស៊ី នៅមុនពេលដែលលោក សម រង្ស៊ី ធ្វើដំណើរមកដល់កម្ពុជា។
លោកបន្តថា សមត្ថកិច្ចកម្ពុជាបាននិងកំពុងតាមដាន និងត្រៀមកម្លាំងគ្រប់គ្រាន់ដើម្បីចាំចាប់ខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំងដែលកំពុងភៀសខ្លួននៅបរទេសរូបនេះ។
«ឥឡូវក៏យើងដឹងថាគាត់នៅទីណាដែរ ហើយដល់ទៅថ្ងៃ៥គាត់នៅទីណា ថ្ងៃ៥ ៦ ៧ ៨ ៩ យើងដឹងទាំងអស់ហ្នឹង។ អញ្ចឹងការត្រៀមមិនពិបាកទេសម័យនេះហើយ។ មិនមែនពិបាកយកការណ៍ ផ្ញើសារតាមលលក ព្រាបឯណា ជាជំនាញរបស់យើងមានគ្រប់សព្វ។ ដូចគេថាដរាបណាមានទូរស័ព្ទ ដរាបនោះ ផ្ទះនោះចំហទ្វារទេតើ»។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក សម រង្ស៊ី អំពីគម្រោងទីតាំងចូលមកប្រទេសកម្ពុជារបស់លោក និងយុទ្ធសាស្ត្ររដ្ឋាភិបាលក្នុងការឈ្លបមើលទីតាំងច្រកចូលរបស់លោកតាមប្រព័ន្ធទូរស័ព្ទ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃអង្គារនេះមិនទាន់មានការឆ្លើយតបនៅឡើយពីលោក សម រង្ស៊ី។
ក្រោយការប្រកាសរបស់លោក សម រង្ស៊ី កាលពីខែសីហា កន្លងមកថា លោកនឹងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកា ខាងមុខ អតីតប្រធានគណបក្សប្រឆាំងរូបនេះ មិនដែលបញ្ជាក់ថាលោកនឹងចូលមកប្រទេសកម្ពុជាតាមច្រកប្រទេសណាមួយទេ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយនៅពេលថ្មីៗនេះ លោក សម រង្ស៊ី បញ្ជាក់ថា ការបង្ហាញពីទីតាំង ឬច្រកដែលចូលមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ នឹងធ្វើឲ្យមានការលំបាកដល់ការរៀបចំគម្រោងរបស់លោក។
ការណ៍នេះបាននាំឲ្យអាជ្ញាធរកម្ពុជាព្យាយាមស្វះស្វែងកំណត់ទីតាំងច្រកចូលរបស់លោកដើម្បីត្រៀមវិធានការណ៍សន្តិសុខ រហូតដល់រដ្ឋាភិបាលបានអះអាងថាបានផ្ញើលិខិតទៅប្រទេសសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ឲ្យជួយសហការចាប់លោក ប្រសិនបើលោកមានវត្តមានចូលមកកម្ពុជាតាមច្រកប្រទេសរបស់ខ្លួន។
កញ្ញា លី ស្រីស្រស់ ប្រធានអ្នកវិភាគវ័យក្មេងលើកឡើង ការតាមដានទំនាក់ទំនងទូរស័ព្ទរបស់លោក សម រង្ស៊ី បង្ហាញថា រដ្ឋាភិបាលអាចតាមដានរាល់ការទំនាក់ទំនងរវាងលោកនិងរាល់អ្នកគាំទ្រទាំងអស់របស់លោក សម រង្ស៊ី។
រដ្ឋាភិបាលកម្ពុជាចាត់ទុកថា លោក សម រង្ស៊ី មានគម្រោងចូលមកផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ ចាប់តាំងពីពេលនោះមក ក្រុមអាជ្ញាធរកម្ពុជាបានសម្រុកចាប់ខ្លួនសកម្មជនសំខាន់ៗរបស់អតីតគណបក្សសង្គ្រោះជាតិស្ទើរមិនលោះថ្ងៃ។ តួលេខចុងក្រោយដែល VOA ទទួលបាន សកម្មជនអតីតគណបក្សសង្គ្រោះជាតិដែលត្រូវចាប់ខ្លួនបានកើនដល់ជិត៦០នាក់។
សេចក្ដីរាយការណ៍ព័ត៌មានកន្លងមក បានបង្ហាញថា រដ្ឋាភិបាលបានប្រើប្រាស់បច្ចេកវិទ្យាតាមទូរស័ព្ទដើម្បីតាមដានឈ្លបមើលនិងចាប់អតីតសមាជិកគណបក្សសង្គ្រោះជាតិទាំងនេះរួចទៅហើយ។
កញ្ញា លី ស្រីស្រស់ បន្តថា ការប្រើបច្ចេកវិទ្យាទូរស័ព្ទតាមដាននេះ បង្ហាញថា ជាការរឹតត្បិត និងធ្វើឲ្យប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ អ្នកវិភាគវ័យក្មេងរូបនេះ បន្ថែមថា រដ្ឋាភិបាលគួរចំណាយពេលដោះស្រាយបញ្ហាផ្សេងៗដែលកំពុងកើតមាននៅកម្ពុជា ជាជាងចំណាយពេលចាប់ខ្លួនអ្នកគាំទ្រគណបក្សប្រឆាំង។
«មូលហេតុដែលប្រជាពលរដ្ឋគាត់ចាប់ផ្ដើមមាននិន្នាការហាក់ដូចជាមិនគាំទ្រហ្នឹង គឺដោយសារអសមត្ថភាពរដ្ឋាភិបាលខ្លួនឯងទេ នៅក្នុងការអនុវត្តគោលនយោបាយ ការអភិវឌ្ឍប្រទេស។ មានន័យថាវាមានបញ្ហាច្រើន ដូច្នេះហើយសាធារណជនគេមិនគាំទ្រ មិនពេញចិត្ត ហើយតែងមានគំនិតផ្ទុយ។»
កាលពីថ្ងៃទី២០ ខែតុលា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការចាប់ និងឃុំខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗទៀត។ អង្គការដដែលបន្ថែមថា ការបង្ក្រាបដោយមិនបន្ធូរដៃដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពអាប់អួរ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលច្រានចោលការលើកឡើងរបស់អង្គការ Human Rights Watch ថាគឺជាការលើកឡើង «ខុសពីការពិត» ហើយថា រដ្ឋាភិបាលចាប់ខ្លួនអ្នកដែលចូលរួមធ្វើរដ្ឋប្រហារប៉ុណ្ណោះ៕