ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​មាន​អ្វី​កើតឡើង​ប្រសិន​បើ​លោក សម រង្ស៊ី វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា?


រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​​​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ក្នុង​កម្មវិធី Hello VOA ក្នុង​ស្ទូឌីយោ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ខែធ្នូ ២០១៨។ (សាយ មុន្នី/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​ស្តីទី​​​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ក្នុង​កម្មវិធី Hello VOA ក្នុង​ស្ទូឌីយោ​VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៦ ខែធ្នូ ២០១៨។ (សាយ មុន្នី/VOA)

ទោះជា​ការវិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​ក៏ដោយ អ្នកវិភាគ​និង​មន្ត្រី​គណបក្ស​កាន់​អំណាច​​មើល​ឃើញ​ថា​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​រូប​​នេះ នឹង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ជា​ចាំបាច់​ប្រសិន​បើ​លោក​ឈាន​ជើង​ដល់​ដែន​ដី​កម្ពុជា។

ប្រសិន​បើ​ការ​អះអាង​របស់​លោក​គឺ​ជា​ការ​ពិត លោក សម រង្ស៊ី នឹង​ត្រូវ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​រង្វង់​ពីរ​សប្ដាហ៍​ទៀត ​ពោល​គឺ​នៅ​ថ្ងៃ​ទី ៩​ខែ​វិច្ឆិកា ខាងមុខ។

ក៏ប៉ុន្តែ​ក្រុម​អ្នកវិភាគ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​មន្ត្រី​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ផង​ដែរ បាន​វាយតម្លៃ​ទុក​ជា​មុន​ថា​លោក សម រង្ស៊ី អាច​នឹង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ នៅ​ពេល​ដែល​លោក​ទម្លាក់​ជើង​ជាន់​ដី​កម្ពុជា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​មួយ​រូប លើកឡើង​ថានៅ​ក្នុង​ពេល​នេះ​រដ្ឋាភិបាល​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​លោក​ សម រង្ស៊ី ស្ថិត​ក្នុង​ភាព​ឯកោ​រួច​ទៅ​ហើយ តាម​រយៈ​ការ​តាម​ចាប់​ខ្លួន​សកម្មជន​ឬ​អ្នក​គាំទ្រ​នយោបាយ​ប្រឆាំង។​ ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​បាន​កើន​ដល់​ជិត​៦០​នាក់​នៅ​ទូទាំង​ប្រទេស។

រូបឯកសារ៖ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយខ្មែរ បានចូលមកបកស្រាយលើប្រធានរឿងនេះ ជាមួយនឹងលោក អូន ឆេងប៉រ នៃVOA ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។ (លឹម សុធី/VOA)
រូបឯកសារ៖ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយខ្មែរ បានចូលមកបកស្រាយលើប្រធានរឿងនេះ ជាមួយនឹងលោក អូន ឆេងប៉រ នៃVOA ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។ (លឹម សុធី/VOA)

លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ មើល​ឃើញ​ថា​ការ​ដែល​ដាក់​ឲ្យ​លោក ​សម រង្ស៊ី ឯកោ​គឺ​ដើម្បី​ផល​ប្រយោជន៍​នៃ​ការ​ចាប់​ខ្លួន​រូប​លោក​ ប្រសិន​បើ​លោក​មក​ដល់​ប្រទេស​កម្ពុជា​មែន​នោះ។

«ធ្វើ​ឲ្យ ​សម រង្ស៊ី ឯកោ​ម្នាក់​ឯង រួច​ហើយ​គេ​ចាប់​តែ​ម្ដង។ ហើយ​គេ​យក​ទៅ​ឃុំ​ឃាំង​ទៅ​កន្លែង​ណា​ដែល​ស្ងាត់»

លោក សម រង្ស៊ី​ បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ក្រោយ​ពីលោក​ត្រូវ​តុលាការ​របស់​ប្រទេស​កម្ពុជា​ចោទ​ប្រកាន់​អំពី​បទ​ឧក្រិដ្ឋ​ផ្សេងៗ។ ​រហូត​មក​ទល់​ពេល​នេះ លោកទទួលរង​ការ​ចោទ​ប្រកាន់​ពីតុលាការ​ច្រើន​ជាង​ដប់​ករណី។

កាលពី​ថ្ងៃ​ទី​១៨​ខែ​តុលា​នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​រូប​លោក​និង​មន្ត្រី​នយោបាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បី​នាក់​ផ្សេង​ទៀត ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​១​ឆ្នាំ​និង​៨​ខែ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ផ្ដើម​គំនិត​ប្រមាថ ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍ បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។

បទ​ចោទ​ដែល​កំពុង​រុំ​ព័ទ្ធ​លោក សម រង្ស៊ី និង​ការ​ផ្ដន្ទាទោស​ចុង​ក្រោយ ​អាច​នឹង​ក្លាយ​ជា​ឧបករណ៍​ដែល​ផ្ដល់​សំអាង​ដល់​ការ​ចាប់​ខ្លួន​រូប​លោក​បាន។

រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (VOA)
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​មាន​ប្រសាសន៍​អំពី​ស្ថានភាព​ទំនាក់ទំនង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ (VOA)

លោក អ៊ូ វីរៈ ស្ថាបនិក​អង្គការ​វេទិកា​អនាគត យល់​ស្រប​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​បណ្ដោយ​ឲ្យ​លោក ​សម រង្ស៊ី ឈាន​ជើង​ចូល​កម្ពុជា​ដោយ​សេរីភាព​នោះ​ទេ។​

«បើ​សិន​គាត់​មក​ដល់ ខ្ញុំ​មើល​ទៅ​រដ្ឋាភិបាល ​មិន​អនុញ្ញាត​ឲ្យ​គាត់​ចេញ​ផុត​ពី​ព្រលានយន្តហោះ​ទេ។​គេ​អាច​ចាប់​គាត់​បញ្ជូន​ទៅវិញ។ គេ​អាច​ចាប់​គាត់​ដាក់​ពន្ធនាគារ។​ ហើយ​ពន្ធនាគារ​មិន​នៅ​ទីក្រុង​ភ្នំពេញ​ទេ តែ​អាច​នៅ​ទី​ជនបទ​ណាមួយ»។

លោក​ សម រង្ស៊ី អាយុ​៧០​ឆ្នាំ បាន​បង្កើត​បក្ស​នយោបាយ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​១៩៩៥ ក្រោយ​ពី​លោក​បាន​ចាក​ចេញ​ពី​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិក បន្ទាប់​ពី​លោក​ត្រូវ​ដក​ចេញ​ពី​ដំណែង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ ដំណែង​ជា​រដ្ឋ​មន្ត្រី​នេះ ​បាន​ធ្វើ​ឲ្យ​លោក​សាង​ភាព​ល្បីល្បាញ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​និង​ភាព​ល្បី​ល្បាញ​ពី​ការ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ។

ប៉ុន្តែ​ចាប់​ពី​ពេល​នោះ​មក ​ដំណើរ​នយោបាយ​របស់​លោក​ដែល​ត្រូវ​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​និង​ការ​តាម​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាច្រើន​លើក​ច្រើន​សារ។ ហើយ​លោក​តែងតែ​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​និង​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។

ការ​វិល​ត្រឡប់​ពី​ការ​ភៀស​ខ្លួន​របស់​លោក​ចុងក្រោយ​នៅ​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៣​ គឺ​មុន​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ។ នៅ​ពេល​នោះ​ មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​ បាន​ចូល​រួម​អម​ដំណើរ​រូប​លោក​ពី​ព្រលានយន្តហោះ​ ឆ្ពោះ​មក​កាន់​រាជធានី​ភ្នំពេញ។

រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

ប៉ុន្តែ​សម្រាប់​លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ការ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី នៅ​ពេល​នេះ ​មិនមែន​ដូច​កាល​ពី​៦​ឆ្នាំមុន​នោះ​ទេ។

«ខ្ញុំ​បាន​ដាក់​បញ្ហា​ពីរ​ក្នុង​ករណី​ដែល​មេ​ឧទ្ទាម​ក្រៅច្បាប់​ចូល​មក​ស្រុក​ខ្មែរ។ទី១​គាត់​មិន​ហ៊ាន​មក​ទេ។​បើ​មិន​ហ៊ាន​មក​ គាត់​ត្រូវ​បញ្ចប់​ជីវិត​នយោបាយ​របស់​គាត់​នៅ​ក្រៅ​ប្រទេស។​ទី២​ បើ​គាត់​មក​គឺ​មាន​តែ​រឿង​ខ្នោះ​ទេ ហើយ​រុញ​ចូល​គុក»។

ជា​ការ​ពិត​ ការ​ចាប់​ខ្លួន​លោក​សម រង្ស៊ី ​នៅ​ក្នុង​ប្រទេស​កម្ពុជាពិត​ជា​អាច​ធ្វើ​ទៅ​រួច។​ មូល​ហេតុ​ដោយសារ​ទី១ ទម្ងន់នៃ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ដែល​ទទួល​រង​ការ​ចោទ​ប្រកាន់​ពីភាព​លំអៀង​ផ្នែក​នយោបាយ​ប្រឆាំង​រូប​លោក ​មានរហូត​ដល់​ជាង​ដប់​ករណី ដែល​ធ្វើ​ឲ្យ​រូប​លោក​រើ​ខ្លួន​មិន​រួច ហើយ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​សុទ្ធសឹងតែ​ជា​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ដែល​លោកអាច​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ធ្ងន់ធ្ងរ។ និង​ទី២ លោក​អាច​ត្រូវ​ចាប់​ខ្លួន​ទៅ​រួច​ដោយ​សារ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នយោបាយ​បែប​ណា​មួយ​ដែលជា​ភ្លើង​ខៀវ​បើ​ក​ផ្លូវ​ឲ្យ​លោក​និវត្ត​មក​កាន់​មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព។

ក៏ប៉ុន្តែ​សំណួរ​សួរ​ថា ​តើ​នឹង​មាន​អ្វី​កើតឡើង​ប្រសិន​បើ​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក​ សម រង្ស៊ី។

ក្រុម​អ្នកវិភាគ​កម្ពុជា​មើល​ឃើញ​ថា​ការ​ចាប់​ខ្លួន​លោក​ សម រង្ស៊ី នឹង​បង្ក​ឲ្យ​មាន​ការរិះគន់​និង​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ជា​បន្ថែម​ទៀត ជាពិសេស​ពី​សំណាក់​សហភាព​អឺរ៉ុប​និង​ពី​សហរដ្ឋ​អាមេរិក។ បណ្ដា​ប្រទេស​លោក​ខាងលិច​ទាំងនេះ បាន​គំរាម​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ EBA សម្រាប់​សហភាព​អឺរ៉ុប និង GSP សម្រាប់​សហរដ្ឋអាមេរិក។ ការ​អនុគ្រោះ​ពន្ធ​ទាំង​ពីរ​ បាន​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​ជិត​១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

ស្ថាបនិក​វេទិកា​អនាគត លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា៖

«បើ​សិន​ជា​លោក ​សម រង្ស៊ី ប្រថុយ​ឲ្យ​ចាប់ ទោះជា​គ្មាន​លក្ខខណ្ឌ​ក៏​ដោយ ក៏​សម្ពាធ​នយោបាយ​ដើម្បី​ឲ្យ​ដក EBA កើន​ខ្ពស់​ដែរ។ GSP របស់​សហរដ្ឋ​អាមេរិក​រឹតតែ​ជាង​នឹង​ទៀត​ដោយសារ​នយោបាយអាមេរិក​គឺ​គេ​ចង់​រុញ​ឲ្យ​មាន​ប្រជាធិបតេយ្យ រុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​និង​គេ​មិន​ទុក​ចិត្ត​រដ្ឋាភិបាល​កម្ពុជា»។

ក្នុង​ទិដ្ឋភាព​មួយ​ទៀត ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ​អាច​ជា​ផ្នែក​មួយ​ដើម្បី​ព្យាយាម​បញ្ចប់​ជីវិតនយោបាយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ ២០១៧។

សម្រាប់​លោក​បណ្ឌិត​ឡៅ ម៉ុង​ហៃ ​បើ​ទោះជា​លោក សម រង្ស៊ី ត្រូវ​ចាប់​ខ្លួន និង​ត្រូវ​ដាក់ឲ្យ​ស្ថិត​ក្រៅ​ជីវភាព​នយោបាយ​ក្ដី​ ក៏​ទស្សនវិស័យ​របស់​លោក​និង​ការ​តស៊ូ​របស់​លោក​ សម រង្ស៊ី នឹង​ស្ថិត​ក្នុង​វិញ្ញាណ​នៃនយោបាយ​ខ្មែរ​ជា​រៀង​រហូត។

ប៉ុន្តែ​នៅ​ពេល​នោះ ​រលក​រិះគន់​ពី​សហគមន៍​អន្តរជាតិ​នឹង​ក្លាយ​ជា​ផ្សែង​ខ្មៅ​ម្ដង​ទៀត​គ្រប​លើ​ប្រទេស​កម្ពុជា ក្រោយ​ពី​កម្ពុជា​ទទួល​រង​ការរិះគន់​រួច​ទៅ​ហើយ​អំពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​នាំ​មុខ​គេ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន​ជា​ស៊េរី​លើ​សកម្មជន​គណបក្ស​នេះ។

​ទោះជា​បែប​នេះ​ក្ដី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន មាន​ប្រសាសន៍​ថា​កម្ពុជា​ស៊ាំ​នឹង​ការ​រិះគន់​រួច​ទៅ​ហើយ។

«កន្លង​ទៅ​ប៉ុន្មាន​ឆ្នាំ​ហើយ​មិន​ដែល​មាន​ការ​ចាប់(ខ្លួន)ឯណា ម៉េច​ក៏​មាន​ការ​រិះគន់។ យើង​ធ្វើ​អ្វី​ឲ្យ​តែ​ត្រឹម​ត្រូវ​តាម​គោលការណ៍​របស់​យើង​យើង​ ចាំបាច់​ខ្លាច​គេ​រិះគន់​ធ្វើ​អី»។

បើ​ទោះ​ជា​មាន​ការ​ប្រមើល​មើល​អំពី​ការ​ចាប់​ខ្លួន​ជា​យថាហេតុ​លើ​លោក សម រង្ស៊ី ប៉ុន្តែ​មាន​ហេតុ​ផល​មួយ​ចំនួន​ រួម​ទាំង​បទ​ពិសោធន៍​របស់​លោក​ក្នុង​អតីតកាល លោក សម រង្ស៊ី ទំនង​ជា​នឹង​មិន​ហុច​ខ្លួន​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាប់​ដាក់​ខ្នោះ​ដៃ​លោក​ ញាត់​បញ្ចូល​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នោះ​ទេ។

មួយ​វិញ​ទៀតវា​នឹង​មិន​មាន​សញ្ញា​ពី​ការ​និវត្ត​ច្បាស់​លាស់​របស់​លោក​ សម រង្ស៊ី នោះ​ទេ ល្គឹក​ណា​មិន​មាន​ការ​ចរចា​នយោបាយ​ណាមួយ​កើត​ឡើង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

ត្រង់​ចំណុច​នេះ លោក អ៊ូ វីរៈ ស្ថាបនិក​វេទិកា​អនាគត យល់​ថា​លោក​ សម រង្ស៊ី អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ក្បែរ​ខាង​ប្រទេស​កម្ពុជា​ដូចជា​ប្រទេស​ម៉ាឡេស៊ី ប្រទេស​កូរ៉េ​ខាង​ត្បូង​ ឬ​ ក៏​ប្រទេស​ថៃ​ជាដើម ដើម្បី​ជួប​ជាមួយ​ក្រុម​កម្មករ និង​ពល​ករ​ និង​អ្នកគាំទ្រ​ដែល​មាន​សមាន​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​នយោបាយ​របស់​លោក ប៉ុន្តែ​លោក​ទំនង​ជា​មិន​ប្រថុយ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ។​

ហើយ​ការ​រារាំង​នានា​ពី​ប្រទេស​ដែល​លោក​ឆ្លង​កាត់​ឬការ​បដិសេធ​របស់​ក្រុមហ៊ុន​យន្ត​ហោះ​ឲ្យ​លោក​ធ្វើ​ការ​ហោះហើរ អាច​ជា​មូលហេតុ​សមស្រប​ដែល​បញ្ជាក់​ថា​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ត្រូវ​ជួប​ឧបសគ្គ។ ហើយ​លោក សម រង្ស៊ី នឹង​ត្រូវ​លើកពេល​នៃ​ការ​និវត្តន៍​របស់​ខ្លួន៕

XS
SM
MD
LG