ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិលថា អ្នក​នយោបាយ​ខ្មែរ​គួរ​បែរ​មក​គិត​គូរ​រឿង​ប្រទេស​ជាតិ​ ជា​ជាង​យក​ពេល​ផ្ចាញ់ផ្ចាល​គ្នា​តាម​ផ្លូវ​ច្បាប់


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោក​​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ នៅ​​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោក​​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខ​​រដ្ឋសភាជាតិ​ នៅ​​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA)

ក្រុម​មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បន្ត​បក​ស្រាយ​ថា​ សាលក្រម​របស់​តុលាការ​នៃ​ប្រទេស​បារាំង​បាន​បញ្ជាក់​ថា ជម្នះ​គឺ​បាន​ទៅលើ​ដើម​បណ្តឹង​ ខណៈ​លោក សម រង្ស៊ី ដែល​រង​ការ​ប្តឹង​ផ្តល់​ពី​លោក​ ហ៊ុន សែន​ ពាក់​ព័ន្ធ​នឹង​ការ​បរិហារ​ថា​លោក ហ៊ុន សែន​ នៅក្រោយ​ការ​ស្លាប់​លោក ហុក​ ឡងឌី​ នៅតែ​បន្ត​ការ​វាយ​បក​ថា លោក​ទៅ​វិញ​ទេ​ ជា​អ្នក​ឈ្នះ​ក្តីនោះ។

មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល​ខ្លះ​ បាន​លើក​ឡើង​ថា កម្ពុជា​គួរ​រៀន​សូត្រ​ពី​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​តុលាការ​បារំាង នៅ​ពេល​ទទួល​ជំនុំជម្រះ​សំណុំរឿង​ ទាក់​ទិនបញ្ហា​សិទ្ធិមនុស្ស។ នេះ​បើ​និយាយ​ពី​ការ​រក​យុត្តិធម៌​ក្នុង​សំណុំរឿង​បរិហារ​កេរ្តិ៍ខាង​លើ។

ប៉ុន្តែ​បើ​និយាយ​ពី​ប្រយោជន៍​ប្រទេស​ជាតិ​វិញ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ប្តឹង​ផ្តល់​គ្នា​យ៉ាង​ដូច្នេះគួរ​តែ​បញ្ឈប់​ ព្រោះ​អ្នក​នយោបាយ​នឹង​មើល​មុខ​គ្នា​មិន​ចំ មិន​ទុកចិត្តគ្នា និង​មិន​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន ដូច​ជា​ជម្លោះដីធ្លី​ និង​វិវាទ​រ៉ាំរ៉ៃ​ផ្សេង​ទៀត។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ អ្នក​ស្រី ចក់ សុភាព ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្ប​តិ៍​នេះ​ថា ការ​សម្រេច​ក្តី​របស់​តុលាការ​បារាំង​ គឺ​បានឱ្យ​តម្លៃលើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ថា​ កម្ពុជា​គួរតែ​រៀន​សូត្រ​ពីរឿង​ក្តី​មួយ​នេះ។

បើ​តាមអ្នក​ស្រី ចក់ សុភាព​ ការ​គោរព​តាម​យន្តការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ជាអ្វី​ដែល​អ្នក​នយោបាយ​កម្ពុជា​គួរតែ​ធ្វើ​ ដើម្បី​បញ្ចៀស​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​ទៅ​លើ​រឿង​ចាញ់​ឈ្នះក្តី​នៅ​តុលាការ ហើយ​រដ្ឋាភិបាល​ក៏គួរ​បើក​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​បាន​បញ្ចេញ​មតិ​ ដោយ​មិនមាន​ការ​ប្រឈម​តាម​ផ្លូវ​ច្បាប់។

អ្នក​ស្រី​ថ្លែង​ថា៖ «បើ​សិន​ជា​យើ​ងបាន​ដើរ​ទៅ​តាម​គោលការណ៍​នេះ យើង​អត់​បាន​ចំណាយ​ពេល​ទៅ​លើ​រឿង​ទាំង​អស់​ហ្នឹង​ទេ(រឿង​ប្តឹងផ្តល់គ្នា)។ ជា​ជាង​ យើង​នឹ​ងអាច​ចំណាយ​ពេល​បង្កើត​នូវ​បរិយាយកាស​អំណោយផល​សម្រាប់​ពល​រដ្ឋទៅ​វិញ​ទេ​ ក្នុង​ការណ៍​ដែល​ពួកគាត់​អាចផ្តល់​នូវ​មតិ ​ឬ​ក៏​ផ្សារ​ភ្ជាប់​នូវ​ទំនាក់​ទំនង​រវាង​ពលរដ្ឋ​ទៅ​រដ្ឋាភិបាល​កាន់​តែ​ប្រសើរ»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូ​លោក​ អំ សំអាត ​កត់​សម្គាល់​ថា​ ការ​ប្រើប្រាស់​វោហាសព្ទ​ដើម្បី​ឈ្នះ​ចាញ់គ្នា​ ឬ​ក៏​ការ​ប្តឹង​ផ្តល់​គ្នា​ ជារឿង​ធម្មតា​សម្រាប់​អ្នក​នយោបាយ​ទៅ​ហើយ។

លោក​ថ្លែង​ថា៖ «ក៏ប៉ុន្តែ​រឿង​សំខាន់ អ្នក​នយោបាយ​ទាំង​អស់​កុំភ្លេច​នៅ​ក្នុង​ការដើរ​តួនាទី​របស់​ខ្លួន​សម្រាប់​សង្គមជាតិ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ជាពិសេស​បញ្ហា​ដែល​កំពុង​តែ​សេស​សល់​ ហើយ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​ដីធ្លី​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ ហើយ​និង​បញ្ហា​មួយ​ចំនួន​ទៀត​ មិន​ទាន់​បាន​ដោះស្រាយ​ហ្នឹង។ អ៊ីចឹង​ក្រសួង​ស្ថាប័ន​ ឬ​ក៏អ្នក​នយោបាយ​ គួរ​តែ​សម្លឹង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ចប់ ​ព្រោះ​នេះជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ផង​ដែរ»។ ​

ក្រោយ​ការ​ចេញ​សាលក្រម​របស់​តុលាការ​បារាំង​ កាលពីថ្ងៃទី​ ១០ ​ខែតុលា​ ក្រុម​មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​សាទរ​ចំពោះ​ការ​សម្រេច​ក្តី​របស់​តុលាការ​បារាំង ដោយ​ពួកគេ​ចាត់ទុក​ថា​ជា​ជ័យ​ជម្នះ ផ្តល់​យុត្តិធម៌ និង​ភាព​ស្អាត​ស្អំ​ដល់​លោក ហ៊ុន សែន ដោយ​សារ​តែ​ភាគីលោក សម រង្ស៊ី មិន​មាន​ភ័ស្តុតាង​ដាក់បន្ទុក។

ទោះ​ជាយ៉ាងណា​ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពីថ្ងៃទី​ ១២ ខែតុលា ឆ្នាំ ២០២២ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​ជា​អ្នក​ឈ្នះ​នៅក្នុង​រឿងក្តី​មួយ​នេះ​ ពី​ព្រោះ​ថា​តុលាការ​បាន​ច្រាន​ចោល​ការ​ចោទ​របស់​លោក ហ៊ុន សែន មក​លើ​រូប​លោ​ក ព្រម​ទាំង​មិន​តម្រូវ​ឱ្យ​បង់​លុយ​ចំនួន​ ១ អឺរ៉ូ​ឡើយ។

លោក ​ឃុន ថារ៉ូ ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ​សង់​ត្រាល់​ យល់​ថា​ បញ្ហាផ្ទៃក្នុង​ប្រទេស​មិន​គួរ​ត្រូវបាន​អ្នក​នយោបាយ​ខ្មែរ​លាត​ត្រដាង​ឱ្យ​ភាគីខាង​ក្រៅ​ដឹង​នោះទេ ព្រោះ​វា​ធ្វើ​ឱ្យ​ខូច​មុខមាត់​រដ្ឋាភិបាល​និយាយ​ដោយឡែក ហើយ​និយាយ​ជារួម​ ប្រជាពលរដ្ឋ​មិន​ចំណេញ​អ្វី​ទាំងអស់​ពី​ជម្លោះ​របស់​អ្នក​នយោបាយ។

លោក​ថ្លែង​ថា៖ «កាលណា​យើង​មិន​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ​ ហើយ​យើង​មិន​គិត​អំពី​ប្រជា​ពលរដ្ឋ គិត​អំពី​សុខ​ទុក្ខ​ សុខមាលភាព បញ្ហា​ជាតិ​សំខាន់ៗ។​ យករឿង​បញ្ហា​បុគ្គល​អ្នក​នយោបាយ​ ខ្ញុំ​គិត​ថា​ វាជា​រឿង​មួយ​ដែល​ចំណាយ​ពេលវេលា ចំណាយ​នូវ​ការ​ខ្ជះខ្ជាយ​នៃ​ការ​ធ្វើ​នយោបាយ។ រឿង​សំខាន់​បំផុត យើងត្រូវ​ផ្តោត​ទៅនឹង​វិបត្តិ ដែល​យើង​កំពុង​តែ​ប្រឈម​ក្នុងស្រុក​ ដូច​ជា​រឿង​បញ្ហា​ EBA ដូច​ជារឿងបញ្ហា​ភាព​អយុត្តិធម៌​សង្គម​ ប្រជាពលរដ្ឋ​ក្រីក្រ​ ពលករ​ចំណាក​ស្រុក​អីនោះ ខ្ញុំ​គិត​ថា​ រឿង​ទាំង​អស់​ហ្នឹង​ គឺ​ជា​រឿង​ធំ​របស់​ជាតិ»។

គួរ​បញ្ជាក់​ផងដែរ​ថា​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​បារាំង​កាលពីឆ្នាំ ២០១៩ ដោយចោទ​លោក សម រង្ស៊ី ពី​បទ​បរិហារកេរ្តិ៍​ក្នុង​សារ​ហ្វេសប៊ុក​ដែល​ថា លោក ហ៊ុន សែន​ នៅពី​ក្រោយ​ការ​ស្លាប់​របស់​លោក ហុក ឡងឌី។

សាលក្រម​តុលាការ​បារាំង​ចេញ​ថ្ងៃទី ១០ ខែ​តុលាកន្លងទៅ​នោះ​ បាន​សម្រេច​ថា ​ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី បែបនេះ​ ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ដល់​លោក ហ៊ុន សែន។ ក៏​ប៉ុន្តែ​តុលាការ​ក៏បាន​សម្រេច​មិន​កាត់ទោស​លោក​ សម រង្ស៊ី ពី​បទបរិហារ​កេរ្តិ៍​នោះ​ទេ ដោយ​យោង​ហេតុផល​ថា ការ​ចោទប្រកាន់​របស់​មេបក្ស​ប្រឆាំង​វ័យ ៧៣ ​ឆ្នាំ រូបនេះ ជា​ការ​បញ្ចេញ​សំឡេង​ប្រឆាំង និង​ស្ថិត​ក្នុង​ទម្រង់​លើក​លែង​ពីព្រោះ​លោក សម រង្ស៊ី ត្រូវបាន​រឹតត្បិត​សេរីភាព​នយោបាយ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​រក​ភស្តុតាង​នៅក្នុង​ប្រទេស​កម្ពុជា។

បើ​តាម​លោក ហ៊ុន សែន លោក​ក៏​នឹង​មិន​ប្តឹង​ឧទ្ធរណ៍​បន្ត​ទៀត​ឡើយ ខណៈ​លោក​ចាត់​ទុក​ករណី​នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​លោក ក្នុង​ការ​តតាំង​ក្តី​នៅ​តុលាការ​បារាំង​ជាមួយ​អតីត​មេបក្ស​ប្រឆាំង​លោក ​សម រង្ស៊ី​ ហើយ​ថា​សេចក្តី​សម្រេច​របស់​តុលាកា​របារាំង​ថ្មីៗ​នេះបាន​ជម្រះ​មន្ទិល​សង្ស័យ​ផ្សេងៗ ពាក់​ព័ន្ធ​ការ​ស្លាប់​របស់​លោក​ ហុក ឡងឌី តាម​ឧទ្ធម្ភាគចក្រ​កាល​ពី​ឆ្នាំ​ ២០០៨៕

XS
SM
MD
LG