ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី និងសម្តេចម៉ែ កាលពីព្រឹកថ្ងៃចន្ទ បានយាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ។
ក្នុងព្រះរាជសារមួយចុះថ្ងៃទី ២៧ ខែកុម្ភៈ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រះអង្គនឹងអវត្តមានក្នុងប្រទេសចាប់ពីថ្ងៃទី ៣ ខែ មីនានេះ ដើម្បីយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន។ ព្រះអង្គមិនបានបញ្ជាក់ថា ទ្រង់នឹងយាងវិលចូលប្រទេសវិញនាពេលណាឡើយ។
អំឡុងពេលព្រះអង្គអវត្តមានក្នុងប្រទេសលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងធ្វើជាប្រមុខរដ្ឋស្ដីទី។
គួររំឭកថា ព្រះមហាក្សត្រយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិនជាទៀងទាត់គឺពីរដងក្នុងមួយឆ្នាំ។
កាលពីចុងខែធ្នូ ឆ្នាំមុន ព្រះអង្គបានយាងទៅប្រទេសចិន ប៉ុន្តែការយាងទៅនោះធ្វើឡើងក្នុងគោលបំណងបំពេញទស្សនកិច្ចផ្លូវការនៅទីនោះ មិនមែនដើម្បីពិនិត្យព្រះរាជសុខភាពឡើយ៕
វេទិកាបញ្ចេញមតិ