ម៉ោងប្រមាណជា១០ព្រឹក ថ្ងៃទី១៤ ខែមេសា ដែលជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តនិរោធរង្សី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពុទ្ធបរិស័ទជាង៣០នាក់បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ ពួកគេភាគច្រើន សុទ្ធតែពាក់ម៉ាស និងព្យាយាមរក្សាគម្លាតពីគ្នា។ នៅវត្តនេះក៏មិនមានការចាក់មេក្រូ មិនមានការរាប់បាត្រ ហើយព្រះសង្ឃមួយអង្គៗសុទ្ធតែគង់នៅកុដិរៀងៗខ្លួនដើម្បីឆាន់ចង្ហាន់។
ក្នុងសម្លៀកបំពាក់អាវស សំពត់បត់ ដោយមានពាក់ម៉ាសផងអ្នកស្រី មាស ហេង បានយកចង្ហាន់មកប្រគេនព្រះសង្ឃក្នុងវត្តនេះ។
អ្នកស្រីហេង អាយុ៥៦ឆ្នាំ ប្រាប់ VOAថាអ្នកស្រីបានយកម្ហូប និងសម្ភារៈមួយចំនួនមកវត្តដើម្បីវេរទៅសាច់ញាតិដែលបានស្លាប់។អ្នកស្រីបន្ថែមថា អ្នកស្រីមកវត្តដោយអនុវត្តការការពារខ្លួនបញ្ចៀសការឆ្លងវីរុសកូរ៉ូណា។
«ខ្ញុំគិតថាប្រាកដជាមានអនាម័យគ្រប់ៗគ្នាហើយបានហ៊ានមកវត្តព្រោះអីអ៊ំមុននឹងមក [វត្ត] អ៊ំបាញ់ [អាល់កុល] អីៗពេញខ្លួនអស់ហើយ ហើយណាមួយដៃហ្នឹងទៅវិញ គឺលាងជានិរន្តរ៍តែម្តង អត់មានប្រហែសទេ។ ខោអាវទៅដល់ដោះបោកភ្លាមៗ អត់ទុកទេ»។
ជារៀងរាល់ឆ្នាំនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅតាមវត្តអារាមស្ទើរគ្រប់ទីកន្លែង តែងមានប្រជាពលរដ្ឋជាច្រើនយកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់ញាតិការទាំងប្រាំពីរសណ្តានដែលបានចែកឋានទៅ។
ប៉ុន្តែឆ្នាំនេះ នៅតាមវត្តអារាមនីមួយៗស្ទើរតែមិនមានមនុស្សទៅបន្ទាប់ពីរដ្ឋាភិបាលប្រកាសផ្អាករាល់ការជួបជុំ និងលើកពេលថ្ងៃសម្រាកសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ប៉ុន្តែរដ្ឋាភិបាលមិនបានហាមប្រាមការទៅវត្តអារាមនៅថ្ងៃចូលឆ្នាំនោះទេ។
អ្នកស្រី មាស ហេង ដែលនៅផ្ទះមើលចៅ មានប្រសាសន៍ថា ការមកវត្តក្នុងពិធីបុណ្យចូលឆ្នាំ គឺជារឿងដែលអ្នកស្រីមិនអាចខានបាន ក្នុងនាមជាប្រជាជនខ្មែរ។
«យើងកុំបាច់គិតថា យើងមិនមកខ្លាចរោគហ្នឹងអីទេ ព្រោះអីខ្មែរយើងបើអត់មកទេមិនអាចទេព្រោះចូលឆ្នាំទាំងមូល។ ខ្ញុំត្រូវតែមក។ ខ្ញុំគិតថាបើសិនជាមកមនុស្សពីរបីនាក់ ក៏ខ្ញុំត្រូវតែមកដែរ។ខ្ញុំមកដល់ហើយខ្ញុំប្រគេនលោកហើយខ្ញុំទៅវិញភ្លាម។ ខ្ញុំខ្លាចលោកអត់មានអីហូប ព្រោះអីបើយើងខ្លាចគ្រប់គ្នា លោកបានអីឆាន់?»
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមេសា ប្រកាសថា មិនមានការបិទវត្តអារាម ឬវិហារសាសនាណាមួយទេ។ប៉ុន្តែលោកថារាល់ការជួបជុំត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក។
ក្រោយការប្រកាសរបស់លោក ហ៊ុន សែន ក្រសួងធម្មការ និងកិច្ចការសាសនា បានចេញសេចក្តីណែនាំមួយស្តីពីការអនុវត្តការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរលាកសួត (COVID-19)ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ក្រសួងធម្មការបានបញ្ជាក់ឲ្យមានការចុះផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលនៅតាមទីវត្តអារាមមានការចុះតាមដាន និងរៀបចំកន្លែងពិនិត្យសុខភាពមុនពេលចូលទីធ្លាវត្ត និងត្រូវមានសាប៊ូ ឬអាល់កុល ឬជែលសម្រាប់លាងដៃត្រូវពាក់ម៉ាស រក្សាគម្លាតពីគ្នាយ៉ាតិចមួយម៉ែត្រកន្លះ និងត្រូវរាយការណ៍មកក្រសួងជាប់ជាប្រចាំ អំពីស្ថានភាពជំងឺកូវីដ១៩។
កាលពីថ្ងៃទី១៣ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅវត្តទួលទំពូង ក្នុងរាជធានីភ្នំពេញ ពុទ្ធបរិស័ទមិនដល់២០នាក់ផងបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ។ វត្តនេះមានរៀបចំ ដាក់ទឹកអាល់កុល និងមានឧបករណ៍បាញ់អាល់កុលសម្លាប់មេរោគលើដងខ្លួន មុនពេលពុទ្ធបរិស័ទឈានជើងចូលក្នុងព្រះវិហារ។
អ្នកស្រី ព្រំ សុខា ពលរដ្ឋរស់នៅរាជធានីភ្នំពេញកំពុងយកចង្ហាន់ប្រគេនព្រះសង្ឃនៅវត្តទួលទំពូង។ ស្រ្តីវ័យ៦៥ឆ្នាំរូបនេះប្រាប់ VOA ទាំងកំពុងពាក់ម៉ាសថាអ្នកស្រីអនុវត្តគោលការណ៍របស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ ដើម្បីចៀសវាងការឆ្លងមេរោគកូរ៉ូណា។
«ស្ងាត់អត់ឃើញប្រជាជនមកច្រើនទេ។ រាល់ឆ្នាំណែនទាំងអស់។ ឆ្នាំនេះស្ងាត់ណាស់ ! ដោយសារមានជំងឺអីអ៊ីចឹង អត់សូវហ៊ានមក។ ហើយខ្ញុំនៅតែមកវត្តអ៊ីចឹង។ ខ្ញុំមកពេលបុណ្យទានអ៊ីចឹង។ យើងមកហើយ យើងលាងសម្អាតដៃអីឲ្យស្អាតទៅ ពាក់ម៉ាសពាក់អីអ៊ីចឹង។ ហើយយើងអត់ទៅណាណីទេ។យើងទៅផ្ទះវិញ អត់ហ៊ានចូលណេះចូលណោះអីទេ»។
នៅវត្តទួលទំពូងនេះ តាអាចារ្យ និងព្រះសង្ឃ សុទ្ធតែពាក់ម៉ាស និងមានបាញ់ទឹកអាល់កុល ដើម្បីសម្លាប់មេរោគនៅគ្រប់ពេល មុន និងក្រោយពេលពុទ្ធបរិស័ទប្រគេនទេយ្យទានដល់ព្រះសង្ឃ។
ព្រះតេជគុណ នី សុខបញ្ញា គង់នៅវត្តទួលទំពូង មានសង្ឃដីកាថានៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំ មានពុទ្ធបរិស័ទតិចតួចណាស់ដែលមកវត្តអារាម។
«ពុទ្ធបរិស័ទមានការកាត់បន្ថយច្រើនមែនទែន ស្ទើរតែមិនមានទេ ។ ក៏ប៉ុន្តែដោយសារតែជាប្រពៃណីដែលអាក់ខានមិនបានគាត់អញ្ជើញមកតែក្នុងលក្ខណៈសមាជិកគ្រួសារ មានន័យថា តិចតួចមែនទែន។ ចំនួនពុទ្ធបរិស័ទដែលអញ្ជើញមកនេះតិចជាងមុនថ្ងៃសីលសព្វដង មុននឹងជំងឺកូវីដ១៩ហ្នឹងកើតឡើងទៅទៀត»។
បន្ថែមពីការប្រកាសផ្អាករៀបចំពិធីបុណ្យចូលឆ្នាំខ្មែររដ្ឋាភិបាលក៏បានដាក់កំហិតការធ្វើដំណើរទៅតាមខេត្ត ឬពីខេត្តមករាជធានីភ្នំពេញ រហូតដល់យប់ថ្ងៃទី១៦ ខែមេសា ដើម្បីទប់ស្កាត់ការវិលត្រឡប់របស់កម្មករកាត់ដេរទៅស្រុកកំណើត។ រដ្ឋាភិបាលបារម្ភខ្លាចមានការឆ្លងវីរុសកូរ៉ូណាទ្រង់ទ្រាយធំនៅតាមសហគមន៍។
លោក ចាន់ ផល្លា អាចារ្យវត្តនួនមណីរាម ហៅវត្តថាន់ រាជធានីភ្នំពេញ មានប្រសាសន៍ថា ចាប់តាំងពីមានការប្រកាសរបស់ក្រសួងធម្មការវត្តថាន់បានរៀបចំដាក់ទឹកអាល់កុលលាងដៃនិងរក្សាគម្លាតរបស់ពុទ្ធបរិស័ទដែលយកចង្ហាន់មកប្រគេនព្រះសង្ឃដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះ។
«គណៈកម្មការអាចារ្យព្រមទាំងព្រះសង្ឃក៏ចាត់ចែងមិនឲ្យនៅជុំគ្នា ហើយការធ្វើទទួលអប្បឡោកនៃទាយកទាយិកាដែលបានធ្វើទានបន្តិចបន្តួចក្នុងប្រពៃណី មកហៅថាបង្សុកូលហ្នឹងគឺថាយើងខ្ញុំបានចាត់ចែងធ្វើម៉េចឲ្យបានឆាប់រួសរាន់ កុំឲ្យមានការជុំគ្នាយូរ»។
ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃច័ន្ទ បានព្រមានពីហានិភ័យនៃការឆ្លងវីរុសកូរ៉ូណាទ្រង់ទ្រាយតូច និងធំនៅតាមសហគមន៍ បើទោះករណីឆ្លងមានត្រឹម១២២ក៏ដោយ។
បើទោះបីជាវត្តអារាមមានសភាពស្ងប់ស្ងាត់ ដោយសារតែការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ ប៉ុន្តែប្រជាពលរដ្ឋជាច្រើននៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំនៅតាមផ្ទះ ដោយរៀបចំរណ្តាប់សែនទេវតាដូចរាល់ឆ្នាំ។
កំពុងឈរទិញផ្កាម្លិះនៅផ្សារទួលទំពូងកាលពីព្រឹកថ្ងៃទី១៣ ខែមេសា អ្នកស្រី នេត្រ វន្នី មានប្រសាសន៍ថា អ្នកស្រីបានទៅវត្តមួយនៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា។ ស្រ្តីវ័យ៦២ឆ្នាំរូបនេះបន្ថែមថា ក្នុងពិធីបុណ្យចូលឆ្នាំ៣ថ្ងៃនេះ អ្នកស្រីគ្រាន់តែសែនទេវតាដូចរាល់ឆ្នាំ តែមិនទៅវត្ត និងមិនធ្វើដំណើរកម្សាន្តទៅទីណាឡើយ។
«យើងរៀបចំតាមដូចរបៀបខ្មែរយើង។ យើងមានបាយសី មានស្លាធម៌ ហើយមានផ្លែឈើមានអីទទួលទេវតា ហើយមានគ្រឿងរណ្តាប់ទាំងអស់ហ្នឹងអ៊ីចឹងទៅ ។យើងរៀបមានទៀនធូបអីអ៊ីចឹង»។
ចំណែកលោក ជ្រីយ៍ មុនីរតន៍ ពលរដ្ឋមួយរូបទៀតនៅរាជធានីភ្នំពេញប្រាប់ថា ពិធីបុណ្យចូលឆ្នាំ ឆ្នាំនេះ លោកនៅផ្ទះសែនទេវតាដូចរាល់ឆ្នាំ ប៉ុន្តែមិនមានការជួបជុំសាច់ញាតិ ធ្វើដំណើរកម្សាន្តទៅតាមខេត្ត និងមិនទៅវត្តដូចឆ្នាំមុននោះទេ។
បុរសវ័យ៤៥ឆ្នាំរូបនេះបន្ថែមថា៖ «គេអត់ឲ្យជួបជុំគ្នានៅវត្ត ហើយយើងក៏បារម្ភដែរ។ បារម្ភនៅវត្តហ្នឹងក៏មានបញ្ហាដែរ បើសិនជាយើងអត់អាចស្គាល់ដឹងថានរណាមានមេរោគអីផង។ខ្ញុំគ្រាន់តែរៀបចំរណ្តាប់ទទួលទេវតាតិចតួច ដូចរាល់ឆ្នាំអ៊ីចឹង»។
លោកជ្រីយ៍ មុនីរតន៍ រំពឹងថា នៅឆ្នាំក្រោយ លោកនឹងអាចរៀបចំពិធីបុណ្យចូលឆ្នាំ ដោយមានការជួបជុំទាំងនៅវត្តអារាម និងធ្វើដំណើរកម្សាន្តតាមខេត្តដូចសព្វមួយដង។
ព្រះតេជគុណ តាត មហាទី ចៅអធិការវត្តព្រះឥន្ទោសា ខេត្តសៀមរាប មានសង្ឃដីកានៅថ្ងៃអង្គារនេះថាវត្តដែលព្រះអង្គគង់នៅក៏បានរៀបចំវិធានការទប់ស្កាត់ និងការពារមេរោគកូរ៉ូណាដែរ។ ព្រះអង្គបន្ថែមថាក្នុងពិធីបុណ្យចូលឆ្នាំឆ្នាំនេះ ស្ទើរតែមិនមានពុទ្ធបរិស័ទយកចង្ហាន់មកប្រគេនព្រះសង្ឃដែលមានចំនួន៧៨អង្គកំពុងគង់នៅវត្តនេះទេ។
«ពេលដែលញោមគាត់មកវត្តម្នាក់ពីរនាក់រប៉េះរប៉ោះមកយើងក៏មានទឹកអាល់កុលមានអីសម្រាប់ឲ្យគាត់លាង មានជែលសម្រាប់ឲ្យគាត់លាង។ ហើយណាមួយពេលដែលមក គាត់ប្រើពាក្យមួយថា កូណាមិនអីទេ សូម្បីតែខ្ញុំព្រះករុណាក៏ប្រយ័ត្នប្រយែងដូចតែគ្នា។ បានន័យថាពេលដែលគាត់មក គាត់មានរបស់ត្រៀមរបស់គាត់មក»។
លោក ហុង សារឿនពេញ ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅនៃក្រសួងធម្មការ និងកិច្ចការសាសនា ប្រាប់VOA នៅថ្ងៃអង្គារនេះថា ប្រធានមន្ទីរធម្មការរាជធានីខេត្តទាំងអស់ តែងរាយការណ៍អំពីការអនុវត្តវិធានការសុវត្ថិភាពមកកាន់ក្រសួងជារៀងរាល់ថ្ងៃ។លោកបន្តថា គ្រប់វត្តទាំងជាង៤០០០នៅទូទាំងប្រទេស សុទ្ធតែបានរាយការណ៍ថា បានចូលរួមអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩យ៉ាងត្រឹមត្រូវ និងមិនមានករណីសង្ស័យវីរុសកូរ៉ូណានៅឡើយទេ។
ដោយសារមិនមានមនុស្សច្រើនទៅវត្តអារាម ព្រះសង្ឃមានការព្រួយបារម្ភថា វត្តអារាមខ្វះចង្ហាន់នៅឆ្នាំនេះ។
ព្រះតេជគុណ នី សុខបញ្ញា ដែលគង់នៅវត្តទួលទំពូងមានសង្ឃដីកាថានៅវត្តទួលទំពូង មានចង្ហាន់សមល្មមសម្រាប់ព្រះសង្ឃ បើទោះបីជាពុទ្ធបរិស័ទដែលមកវត្តមានចំនួនតិចខ្លាំងក្តី ប៉ុន្តែព្រះអង្គបារម្ភអំពីព្រះសង្ឃដែលកំពុងគង់នៅវត្តដាច់ស្រយាលមួយចំនួន ដែលអាចប្រឈមនឹងការខ្វះខាតចង្ហាន់ និងសម្ភារៈប្រើប្រាស់។
«បើសិនជាញាតិញោមដែលគាត់គិតថា មិនអាចមកវត្តអ៊ីចឹង ក៏គាត់អាចថា ផ្ញើ ឬក៏គាត់មកដែរតែមកក្នុងលក្ខណៈការប្រុងប្រយ័ត្ន គោរពទៅតាមសេចក្តីណែនាំសុវត្ថិភាព ការការពារ តាមរយៈសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកអ៊ីចឹងទៅ។ គាត់អាចមកដាក់ប្រគេនព្រះសង្ឃអ៊ីចឹងទៅ ឲ្យព្រះសង្ឃយកទៅចាត់ចែងខ្លួនព្រះអង្គវិញ»៕