រដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំកំពូលមួយចំនួន នៅថ្ងៃចន្ទ ទី ៤ ខែវិច្ឆិកា បានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោមដែលមានឈ្មោះថា «វត្តពោធិគិរីវង្សារាម ឬហៅវត្តស្វាយសៀមថ្មី» ក្នុងខេត្តត្រាវិញដែលខ្មែរហៅថា ខេត្តព្រះត្រពាំងក្នុងប្រទេសវៀតណាម។
បុណ្យកឋិននេះមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយត្រូវបានរៀបចំដោយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ពិធីរៀបចំអង្គកឋិនទាននេះធ្វើឡើងនៅវិមាន ៧ មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ហើយចាប់ផ្តើមដង្ហែចេញនាព្រឹកថ្ងៃចន្ទ ដោយគេឃើញមានវត្តមានរបស់អ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហ៊ុន សែន។
នេះជាលើកទីមួយដែលគេឃើញស្ថាប័នធំៗរបស់រដ្ឋាភិបាលរៀបចំបុណ្យកឋិន ដោយដង្ហែទៅទឹកដីខ្មែរកម្ពុជាក្រោម។
លោក សឺន ជុំជួន អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ប្រាប់វីអូអេនៅថ្ងៃចន្ទថា លោករីករាយពេលឃើញរដ្ឋាភិបាលរៀបចំដង្ហែអង្គកឋិនទានទៅទឹកដីកម្ពុជាក្រោម។ លោកយល់ថា នេះជាសញ្ញាមួយដែលបង្ហាញអំពីការផ្សារភ្ជាប់ទំនាក់ទំនងរវាងខ្មែរកណ្តាល និងខ្មែរក្រោម។
លោកប្រាប់វីអូអេថា៖ «ការដង្ហែអង្គកឋិនទានគឺជារឿងសំខាន់មែនទែនសម្រាប់ការផ្សារភ្ជាប់រវាងរដ្ឋាភិបាលជាមួយបងប្អូនខ្មែរយើងនៅកម្ពុជាក្រោម។ ហើយជាសញ្ញាមួយបង្ហាញថា រដ្ឋាភិបាលកម្ពុជាយើងជាមួយបងប្អូនខ្មែរកម្ពុជាក្រោម គឺមិនអាចបំភ្លេចគ្នាបានទេ ត្រូវបង្ហាញពីការទំនាក់ទំនង ផ្សារភ្ជាប់គ្នាឡើងវិញ ក្នុងវិស័យវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី»។
អនុប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍រូបនេះក៏រំពឹងថា រដ្ឋាភិបាលកម្ពុជានឹងលើកយកបញ្ហារបស់ខ្មែរក្រោមទៅប្រាប់ភាគីវៀតណាមឱ្យគោរពសិទ្ធិខ្មែរក្រោម។
លោកបន្ថែមថា៖ «យើងសង្ឃឹមថា ការផ្សារភ្ជាប់ហ្នឹងអាចនឹងមានដំណោះស្រាយផ្សេងៗទៀតពាក់ព័ន្ធនឹងអ្វីដែលជារឿងបញ្ហាប្រឈមរបស់បងប្អូនយើងដែលនៅកម្ពុជាក្រោមហ្នឹង ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម»។
កាលពីខែកក្កដា ឆ្នាំ ២០២៤ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ធ្លាប់បានដាក់លិខិតមករដ្ឋាភិបាលកម្ពុជា និងស្ថាប័នកំពូលរបស់ជាតិ នាំយកបញ្ហាខ្មែរក្រោម ដូចជាការរំលោភសិទ្ធិ និងការធ្វើទុក្ខបុកម្នេញផ្សេងទៀតឱ្យប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹងនិងដោះស្រាយ។
សមាគមខ្មែរកម្ពុជាក្រោមធ្លាប់ស្នើសុំដោយផ្ទាល់ទៅរដ្ឋាភិបាលវៀតណាម និងស្ថានទូតវៀតណាមប្រចាំកម្ពុជា ប៉ុន្តែសមាគមមិនដែលទទួលបានការឆ្លើយតបជាវិជ្ជមានណាមួយឡើយ ទើបសមាគមខ្មែរកម្ពុជាក្រោមសម្រេចចិត្តស្នើសុំរដ្ឋាភិបាលកម្ពុជាឱ្យជួយធ្វើអន្តរាគមន៍ ដោយសារតែខ្មែរកម្ពុជាក្រោមនៅតែចាត់ទុករដ្ឋាភិបាលកម្ពុជាជាអាណាព្យាបាលរបស់ខ្លួន។ នេះបើតាមលោក សឺន ជុំជួន ដែលធ្លាប់ប្រាប់វីអូអេកាលពីកន្លងទៅ។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ប្រាប់វីអូអេនៅថ្ងៃចន្ទថា បុណ្យកឋិនទាននេះ គឺជាការលើកទឹកចិត្តឱ្យខ្មែរកណ្តាល និងខ្មែរក្រោមស្គាល់គ្នា និងយល់ចិត្តគ្នាជាងមុន ជាពិសេសដឹងអំពីទុក្ខធុរៈគ្នាទៅវិញទៅមក។ លោកក៏សង្ឃឹមថា ភាគីវៀតណាមនឹងបើកទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរអាចទៅធ្វើបុណ្យនៅលើទឹកដីខ្មែរក្រោមបាន។
លោកបញ្ជាក់ថា៖ «ជាការលើកទឹកចិត្តមួយឱ្យខ្មែរ ទាំងខ្មែរកណ្តាល ខ្មែរក្រោមអាចស្គាល់គ្នា យល់ចិត្តគ្នាជាងមុន។ ហើយរឿងដែលសំខាន់ ខ្ញុំយល់ថា វាជាព្រឹត្តិការណ៍ដែលគួរតែបើកទូលាយឱ្យខ្មែរយើងបានទៅធ្វើបុណ្យ ហើយរាប់អានគ្នា ក្នុងនាមជាខ្មែរតែមួយដូចគ្នា ហើយបានយល់ដឹងអំពីទុក្ខលំបាក ហើយនឹងភាពខ្វះចន្លោះ ឬភាពខុសគ្នា រវាងខ្មែរក្រោម ខ្មែរកណ្តាលជាដើម»។
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម គឺជាការសម្រេចក្តីសុបិនមួយ ដែលប្រើរយៈពេល ១២ ឆ្នាំ។ អតីតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៤ ថា៖ «ឆ្នាំនេះភរិយាខ្ញុំបានលើករឿងកឋិនទានទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នាទាំង ឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម...»។
បើតាមប្រធានព្រឹទ្ធសភារូបនេះ ការដាក់ឈ្មោះអង្គកឋិនទាននេះថា «អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ» ដោយសារខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម គឺជាខ្មែរតែមួយ។
តាមកាលវិភាគនៃអង្គកឋិនទាននេះ គឺនៅរសៀលថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភាជាច្រើនរូបទៀត បានរៀបចំពិធីសូត្រមន្ត និងក្រុងពាលីនៅវិមាន ៧ មករា។ លុះថ្ងៃទីពីរ គឺដង្ហែអង្គកឋិនទានចេញពីរាជធានីភ្នំពេញ ទៅកាន់វត្តស្វាយសៀមថ្មី ស្ថិតក្នុងខេត្តត្រាវិញ(ព្រះត្រពាំង»។ ចំណែកថ្ងៃទីបី គឺជាការប្រគេនយាគូដល់ព្រះសង្ឃ ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ៣ជុំ និងវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
ភរិយារបស់លោក ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី និងអ្នកស្រី ម៉ែន សំអន បានដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន និងប្រជាពលរដ្ឋ ដោយដង្ហែអង្គកឋិនទានចេញពីរាជធានីភ្នំពេញ ទៅកាន់វត្តស្វាយសៀមថ្មី ក្នុងទឹកដីកម្ពុជាក្រោម។ ដោយឡែកគេមិនឃើញវត្តមានរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ចូលរួមដង្ហែកឋិនទានទៅកាន់ទឹកដីខ្មែរកម្ពុជាក្រោមនោះទេ៕
វេទិកាបញ្ចេញមតិ