អាជ្ញាធររដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនមួយចំនួនបានយល់ព្រមថានឹងបើកប្រាក់ខែជូនកម្មករជាច្រើនម៉ឺននាក់ក្នុងអំឡុងពេលដែលមានការព្យួររោងចក្រនិងក្រុមហ៊ុនជាង១០០ ដែលប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ១៩។ តែក្រុមអ្នកតស៊ូមតិបានស្នើថារដ្ឋាភិបាលគួរផ្តោតការយកចិត្តទុកដាក់បន្ថែមលើបញ្ហាសំខាន់ៗមួយចំនួនទៀតដែលទាក់ទងនឹងជីវភាពរបស់កម្មករនិងនិយោជិត ការទទួលខុសត្រូវតាមផ្លូវច្បាប់របស់ក្រុមហ៊ុន បញ្ហាបំណុលជាដើម។
ទាំងកម្មកររោងចក្រ សហជីពនិងនិយោជិកក្រុមហ៊ុននានាត្រូវគេដឹងថានៅតែប្រឈមមុខនឹងបញ្ហាជីវភាពដោយសារថាប្រាក់ឧបត្ថម្ភ មិនអាចទ្រទ្រង់ការចំណាយសម្រាប់ម្ហូបអាហារ ថ្លៃឈ្នួលបន្ទប់ ថ្លៃទឹកភ្លើង ការប្រាក់ធនាគារជាដើម។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅថា សង់ត្រាល់បានថ្លែងថា៖
«ការវិវត្តដ៏គួរឲ្យបារម្ភហ្នឹងគឺបន្ទាប់ពីដំណាក់កាលព្យួរការងារហ្នឹងកម្មករគាត់អាចប្រឈមទៅនឹងការបាត់បង់ការងារជាអចិន្ត្រៃយ៍ឬក៏គាត់ត្រូវបានគេបញ្ឈប់ការងារជាលក្ខណ:ទ្រង់ទ្រាយធំ ហើយអាហ្នឹងវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចគាត់និងក្រុមគ្រួសារគាត់ ហើយបន្ទាប់មកហ្នឹងគឺរោងចក្រអាចមានការបិទទាំងស្រុង បិទសង្វាក់ផលិតកម្មហ្នឹង ហើយរោងចក្រខ្លះហ្នឹងគឺគាត់អាចព្យាយាមគេចពីកាតព្វកិច្ចក្នុងការទូទាត់សំណងទៅដល់កម្មករនិយោជិតហ្នឹង»។
លោកបានបន្ថែមថា៖ «ទាក់ទងទៅនឹងប្រាក់ឧបត្ថម្ភហ្នឹងទោះបីជាមិនច្រើន វាតិចក្តីក៏ប៉ុន្តែយើងស្នើឲ្យរាជរដ្ឋាភិបាលហ្នឹងត្រូវគិតពិចារណានៅក្នុងការពង្រីកនូវវិសាលភាពនៃប្រាក់ឧបត្ថម្ភហ្នឹងទៅដល់វិស័យផ្សេងៗទៀតដូចជាវិស័យសំណង់ វិស័យសេវាកម្សាន្តអីហ្នឹង ដូចជាក្លឹប ដូចជាការ៉ាអូខេហ្នឹង ដែលកម្មករ និយោជិតគាត់ធ្វើការងារហ្នឹងគាត់អត់មានការគាំពារសង្គមទេ ឬក៏ប្រាក់ធានារ៉ាប់រងផ្នែកសុខាភិបាលឬក៏ប្រាក់ធានារ៉ាប់រងទៅលើផ្នែកគ្រោះថ្នាក់ការងារអីទេ»។
ក្រុមមន្ត្រីតស៊ូមតិបានថ្លែងដោយប្រុងប្រយ័ត្នដូច្នេះដោយខ្លាចក្រែងក្រុមហ៊ុនឬរោងចក្រដែលបិទទ្វារនិងព្យួរការងារ ឬចង់បញ្ឈប់កម្មករ និយោជិតនិងមន្ត្រីសហជីពក្តី មិនព្រមទទួលខុសត្រូវតាមច្បាប់ក្នុងការចំណាយប្រាក់នានា ទូទាត់តាមច្បាប់និងកិច្ចសន្យា។
កម្មករ និងនិយោជិតយ៉ាងតិច១០ម៉ឺននាក់ក្នុងចំណោម៨០ម៉ឺននាក់និងពលរដ្ឋជាច្រើនបានធ្លាក់ចំណូលរបស់ពួកគេពី២០០ ដុល្លារក្នុងមួយខែ មកត្រឹម៧០ដុល្លារជាងឬគ្មានចំណូលក្នុងពេលដែលមានការរាតត្បាតវីរុសកូរ៉ូណា ដែលធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជាប់គាំងដំណើរហើយធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនក្នុងខែថ្មីៗនេះ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានថ្លែងថាបញ្ហាជាច្រើនដែលរដ្ឋាភិបាល កម្មករ ពលករ និង ក្រុមហ៊ុនកំពុងប្រឈមហើយតម្រូវឲ្យមានការដោះស្រាយចំពោះការលំបាកនេះ។
«បច្ចុប្បន្នហ្នឹងថាមានការលំបាកចំពោះអ្នកដែលត្រូវព្យួរឬអ្នកដែលត្រូវបាត់បង់ការងារហ្នឹងពីព្រោះតែជាទូទៅកម្មករកាត់ដេរ រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន ដំណង់ សេវាកម្មផ្សេងៗគាត់មានចំណូលនិងរកក្រៅដល់ទៅ២០០ ទៅ២៥០ដុល្លារដែលគាត់ចំណាយ។ នៅពេលមានវិបត្តិនេះ ដំបូងសង្ឃឹមថាបានរហូតដល់ទៅ១១៦ដុល្លារ តែចុងក្រោយនេះយើងដឹងហើយថាចំពោះក្រុមហ៊ុនព្យួរមានតែ៧០ដុល្លារប៉ុណ្ណោះ»។
លោកបានទទូចស្នើសុំដល់រដ្ឋាភិបាលកែសម្រួលរឿងសងបំណុលធនាគារក្នុងពេលដែលកម្មករនិងពលរដ្ឋមានបញ្ហាអត់ការងារធ្វើត្រូវព្យួរការងារនេះ។
«អីចឹងបានជាយើងបានស្នើទៅខាងរាជរដ្ឋាភិបាលបើអាចទៅរួចគឺក្នុងអំឡុងពេលនេះគឺស្នើឲ្យធនាគារហ្នឹងពន្យាពេលឲ្យមានការបង់ដើម និងការប្រាក់ក្នុងរយ:ពីរទៅបីខែ ដើម្បីសម្រួលឲ្យដំណើរការជាប្រក្រតីឬក៏ដំណើរការជាទូទៅសម្រាប់ភាគីពាក់ព័ន្ធដូចជាខាងក្រុមហ៊ុន ខាងនិយោជក និង ខាងរដ្ឋាភិបាលមានលទ្ធភាពដំណើរការទាំងលំបាកនេះទាំងអស់គ្នា»។
ក្រុមអ្នកតស៊ូមតិបានទទូចស្រដៀងគ្នាឲ្យរដ្ឋាភិបាលមានកញ្ចប់ថវិកាដើម្បីជូយដល់ពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរដោយជំងឺកូវីដ១៩។ ពលរដ្ឋខ្មែរយ៉ាងតិច២លាននាក់បានខ្ចីប្រាក់ពីធនាគារដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយមានការលំបាកខ្លាំងក្នុងការបង់បំណុល នៅពេលសេដ្ឋកិច្ចប្រទេសនិងសេដ្ឋកិច្ចពិភពលោកជាប់គាំង៕