លោក អ៊ូច ឡេង គឺជាសកម្មជនបរិស្ថានការពារព្រៃឈើពីកម្ពុជាតំណាងឲ្យទ្វីបអាស៊ីទាំងមូល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួមជាមួយនឹងសកម្មជនបរិស្ថានដ៏សកម្មប្រាំនាក់ទៀតមកពីប្រទេសផ្សេងៗ សម្រាប់ពានរង្វាន់វីរៈជនបរិស្ថានឈ្មោះ Goldman Environmental Prize ឆ្នាំ២០១៦។
លោក អ៊ូច ឡេង បានប្រាប់ VOA ថា ការទទួលបានពានរង្វាន់ដ៏ល្បីល្បាញនេះ គឺជាកិត្តិយសរបស់សកម្មជនការពារព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។ លោកថា៖ «វាជាកិត្តិយសរបស់ប្រទេសកម្ពុជា ហើយយើងនឹងប្រើប្រាស់ពានរង្វាន់នេះ ដើម្បីការពារព្រៃឈើដែលនៅសេសសល់ ហើយជំរុញឲ្យរាជរដ្ឋាភិបាលធ្វើការកំណែទម្រង់ព្រៃឈើ ការពារព្រៃឈើឲ្យមានប្រសិទ្ធភាព»។
ចាប់តាំងពីឆ្នាំ២០០០មក រដ្ឋាភិបាលកម្ពុជាបានបង្កើតគម្រោងគោលនយោបាយដីសម្បទានសេដ្ឋកិច្ច ដើម្បីទាក់ទាញការវិនិយោគទុនក្នុងវិស័យឧស្សាហកម្មកសិកម្មទ្រង់ទ្រាយធំ ដោយផ្តល់ដីជាច្រើនហិកតាដល់ក្រុមហ៊ុនឯកជន និងឈ្មួញមួយចំនួនធំ។
ខាងក្រោមនេះគឺជាខ្សែវីដេអូខ្លីនេះ ដែលបង្ហាញពីសកម្មភាពតាមដាន ស៊ើបអង្កេត និងចងក្រងជាឯកសាររបស់លោក អ៊ូច ឡេង និងក្រុមការងាររបស់លោកនៅតាមតំបន់ព្រៃដែលទទួលរងការបំផ្លិចបំផ្លាញដោយសកម្មភាពកាប់ឈើខុសច្បាប់។ (វីដេអូផ្តល់ឲ្យដោយមូលនិធិ Goldman Environmental Foundation)
លោកបានបញ្ជាក់ថា ព្រៃឈើដែលនៅសេសសល់ដែលជាកេរមរតកដូនតារបស់ប្រជាពលរដ្ឋកម្ពុជាត្រូវបានបំផ្លិចបំផ្លាញដោយឈ្មួញឈើ ដែលជាអ្នកមានទ្រព្យ និងមានអំណាចមួយចំនួន ដែលបានទទួលការសម្រួលពីមន្ត្រីរដ្ឋាភិបាលពុករលួយក្នុងអំឡុងរយៈពេល៣០ឆ្នាំកន្លងទៅនេះ។
ការផ្តល់ពានរង្វាន់វីរៈជនបរិស្ថានរបស់មូលនិធិបរិស្ថាន Goldman Environmental Foundation នេះគឺដើម្បីផ្តល់កិត្តិយស និងទទួលស្គាល់ការតស៊ូ និងជោគជ័យក្នុងការការពារបរិស្ថាន ដោយជម្នះការលំបាក និងគ្រោះថ្នាក់ជាច្រើនរបស់សកម្មជនបរិស្ថាននៅជុំវិញពិភពលោក។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៩មកម្ល៉េះ ដោយលោក Richard N. Goldman និងភរិយារបស់លោកគឺលោកស្រី Rhoda H. Goldman។ ពាន់រង្វាន់នេះនឹងជួយគាំទ្រកិច្ចការ និងយុទ្ធនាការរបស់សកម្មជនជាលក្ខណៈអន្តរជាតិ និងការឧបត្ថម្ភជាមូលនិធិចំនួន១៧ម៉ឺន៥ពាន់ដុល្លារអាមេរិកផងដែរដល់វីរៈជនបរិស្ថានទាំងប្រាំមួយនាក់នេះ។
លោក អ៊ូច ឡេង បានប្រឡូកក្នុងការតស៊ូការពារសិទ្ធិពលរដ្ឋ ការពារបរិស្ថាន និងការពារព្រៃឈើ នៅកម្ពុជា ដែលត្រូវបានរងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ ក្នុងរយៈពេលជាង២០ឆ្នាំមកហើយ ដោយធ្វើការជាមួយនឹងអង្គការសិទ្ធិមនុស្សមួយចំនួន ដូចជា អង្គការលីកាដូ អង្គការអាដហុក ជាដើម។ លោកប្តេជ្ញាថា នឹងប្រើប្រាស់ធនធានដែលទទួលបានពីមូលនិធិបរិស្ថាន Goldman Environmental Foundation ដើម្បីតស៊ូការពារព្រៃឈើកម្ពុជា ដើម្បីមនុស្សជំនាន់ក្រោយរបស់កម្ពុជា។
លោកថា៖ «ខ្ញុំនឹងប្រើធនធានទាំងថវិកា ទាំងចំណេះដឹង ទាំងសមត្ថភាព ទាំងកេរ្តិ៍ឈ្មោះពានរង្វាន់ពិភពលោក ដែលបានផ្តល់ជូនដល់ខ្ញុំ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅលើពិភពលោក ឲ្យបានដឹងថា ប្រជាពលរដ្ឋខ្មែរយើងមានមោទនភាពដែលបានទទួលពានរង្វាន់នេះ។ ហើយខ្ញុំសូមប្តេជ្ញាថា នឹងបន្តសកម្មភាពរបស់ខ្ញុំការពារព្រៃឈើ អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ទូទាំងពិភពលោក ក្រោកឈរឡើងដើម្បីការពារព្រៃឈើ ប្រសិនបើរដ្ឋាភិបាលមិនមានសមត្ថភាពការពារព្រៃឈើដែលនៅសេសសល់បន្តិចបន្តួចទាំងនេះទាល់តែសោះ»។
លោកបានបញ្ជាក់ថា ឆន្ទៈរបស់លោកក្នុងការការពារព្រៃឈើ និងពលរដ្ឋក្នុងសហគមន៍របស់លោក គឺធ្វើឡើងដោយស្ម័គ្រចិត្ត ដោយស្មោះ និងដោយគ្មានម្ចាស់ជំនួយអ្វីនោះទេ។
លោកថា៖ «យើងធ្វើការដោយស្ម័គ្រចិត្ត។ យើងធ្វើការដោយខំប្រឹងប្រែង ដឹកនាំសហគមន៍ដើម្បីល្បាតព្រៃឈើការពារព្រៃឈើដោយស្មោះស្ម័គ្រ មិនមានបំណងយកព្រៃឈើធ្វើអាជីវកម្ម ឬធ្វើសកម្មភាពដើម្បីទទួលកម្រៃអ្វីនោះទេ។ យើងធ្វើសកម្មភាពដើម្បីការពារព្រៃឈើ និងការពារកេរមរតកដូនតា ដែលបន្សល់ទុកសម្រាប់ក្មេងជំនាន់ក្រោយទាំងអស់គ្នា»។
លោក អ៊ូច ឡេង បានកើតនៅក្នុងគ្រួសារកសិករដ៏ក្រីក្រមួយ នៅក្នុងខេត្តតាកែវ។ លោកបានប្រាប់ VOA ថា ដីធ្វើចម្ការរបស់ឪពុកម្តាយរបស់លោកត្រូវបានគេរឹបអូស ហើយត្រូវបង្ខំចិត្តរស់នៅក្នុងព្រៃ។ ដោយគ្មានដីធ្វើស្រែចិញ្ចឹមជីវិត គ្រួសាររបស់លោកបានធ្វើដំណើរផ្សងព្រេងមកទីក្រុងភ្នំពេញនៅឆ្នាំ១៩៨៣។
ដោយសារតែជីវភាពក្រីក្រពេក លោកមិនបានចុះឈ្មោះចូលរៀនជាផ្លូវការដូចក្មេងដទៃទៀតទេ។ លោកថា កាលណោះលោករៀនតាមបង្អួចសាលាជាមួយនឹងសិស្សដ៏ទៃទៀត។
លោកថា៖ «អញ្ចឹងអត់បានរៀន អត់បានសូត្រ ទាល់តែឆ្នាំ៨៧ ៨៨ ទើបខ្ញុំបានរៀន ដោយសារតែខ្ញុំរៀនពូកែ ហើយយើងរៀនលួចមើលគ្រូតាមបង្អួចជាដើម។ ដូច្នេះ គ្រូគាត់អាណិតទើបគាត់ឲ្យចុះឈ្មោះចូលរៀន»។
ក្នុងវ័យសិក្សា លោក អ៊ូច ឡេង គឺជាសិស្សវិទ្យាល័យដ៏ឆ្នើមម្នាក់ខាងផ្នែកអក្សរសាស្ត្រខ្មែរ។ នៅឆ្នាំ១៩៩៣ លោកបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ហើយទទួលបានអាហារូបករណ៍ឲ្យចូលរៀនផ្នែកច្បាប់ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ ហើយទទួលបានបរិញ្ញាប័ត្រផ្នែកច្បាប់ជំនាន់ទី១នៅឆ្នាំ១៩៩៧។
លោករៀបរាប់ពីការតស៊ូរៀនសូត្ររបស់លោកទាំងអួលដើមកថា៖ «ពិបាកមែនទែន គឺម្តាយខ្ញុំជាអ្នកសុំទាន ដោយសារគាត់បាត់បង់ព្រៃឈើ បាត់បង់ស្រែអស់អាលីងទៅ គាត់តូចចិត្តគាត់ គាត់ក៏ក្លាយជាមនុស្សឆ្កួត ហើយសុំទានគេជាដើម ដើម្បីចិញ្ចឹមគ្រួសារ។ ហើយឪពុកខ្ញុំជាអ្នកធាក់ស៊ីក្លូ រកស៊ីធាក់ស៊ីក្លូ ដើម្បីចិញ្ចឹមគ្រួសារខ្ញុំ។ ហើយខ្ញុំអត់មានមុខរបរអី យើងលក់បន្លែផង យើងរើសអេតចាយ រើសក្រដាសអី ដើម្បីបន្តការសិក្សារៀនសូត្រតទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំប្រឹងតស៊ូ»។
លោក អ៊ូច ឡេង បានបញ្ជាក់ថា សកម្មភាពការពារព្រៃឈើរបស់លោក និងប្រជាពលរដ្ឋរបស់សហគមន៍ក្នុងតំបន់ គឺជ្រោកនៅក្រោមអង្គការមួយដែលមានឈ្មោះថា អង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF) ដោយគ្មានទីស្នាក់ការអ្វីទេ។ ក្នុងអំឡុងពេលបំពេញភារកិច្ច លោក និងពលរដ្ឋក្នុងសហគមន៍ដែលចូលរួមការពារព្រៃឈើ តែងតែបោះតង់រស់នៅក្នុងព្រៃ ដើម្បីតាមដានសកម្មភាពកាប់ឈើខុសច្បាប់របស់ឈ្មួញ។
លោកថា រាល់សកម្មភាពតាមដាន និងប្រមូលភ័ស្តុតាងនៃសកម្មភាពកាប់ឈើខុសច្បាប់របស់ពួកក្រុមឈ្មួញ គឺធ្វើឡើងជាក្រុម និងដោយសម្ងាត់ ដោយក្រុមរបស់លោកក្លែងខ្លួនធ្វើជាកម្មករ ឈ្មួញទិញឈើ អ្នកបើកបរ អ្នកទេសចរ និងជាចុងភៅជាដើម។ ការណ៍ធ្វើដូច្នេះ គឺដើម្បីផ្តិតយកជារូបភាព ខ្សែវីដេអូ និងចងក្រងជាឯកសារនៃសកម្មភាពខុសច្បាប់ទាំងនោះ ហើយផ្សព្វផ្សាយជូនសាធារណៈជន រដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិផ្សេងៗ។
លោក អ៊ូច ឡេង បានប្រឈមនឹងគ្រោះថ្នាក់ និងការគំរាមកំហែងជាច្រើនលើកជាច្រើនសារ ដោយសារតែសកម្មភាពការពារព្រៃឈើរបស់លោក ដែលមិនខុសគ្នាពីសកម្មជនឆ្នើម ឈុត វុទ្ធី ដែលជាអតីតមិត្តរួមការងាររបស់លោក ដែលត្រូវបានបាញ់សម្លាប់កាលពីឆ្នាំ២០១២ ដោយមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ការខិតខំប្រឹងប្រែងរបស់លោក អ៊ូច ឡេង និងក្រុមការងាររបស់លោកទទួលបានការឆ្លើយតបមួយចំនួនពីរដ្ឋាភិបាល។ ឧទាហរណ៍ កាលពីឆ្នាំ២០១៣ រដ្ឋាភិបាលបានបញ្ចប់គម្រោងគោលនយោបាយដីសម្បទានសេដ្ឋកិច្ច ហើយក៏បានប្រគល់ដីមួយចំនួនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគោលនយោបាយនេះ។ បន្ថែមលើនេះ កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្កើតគណៈកម្មាការបង្រ្កាបសកម្មភាពកាប់ឈើខុសច្បាប់ផងដែរ។
ទោះជាយ៉ាងណាក្តី លោក អ៊ូច ឡេង អះអាងថា ទឹកចិត្តស្រឡាញ់ និងការពារព្រៃឈើរបស់ប្រជាពលរដ្ឋតាមសហគមន៍ដែលមានមកលើរូបលោក នៅតែបន្តលើកទឹកចិត្តឲ្យលោកតស៊ូការពារព្រៃឈើតទៅមុខទៀតដោយគ្មានរួញរាឡើយ ហើយក៏បានទទូចឲ្យប្រជាពលរដ្ឋខ្មែរ និងយុវជនកម្ពុជាទាំងអស់ ឲ្យក្រោកឈរ រួបរួមគ្នាដើម្បីការពារព្រៃឈើកម្ពុជា ដែលនៅសេសសល់តែបន្តិចបន្តួចបច្ចុប្បន្ននេះ៕