ក្រោយបានជិះឧទ្ធម្ភាគចក្រពិនិត្យព្រៃឡង់ ដែលនឹងត្រូវដាក់ជាតំបន់អភិរក្ស លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានឲ្យដឹងថា ព្រៃនេះ នៅប្រឈមនឹងការគំរាមកំហែងខ្លះ។
នេះគឺជាលើកទីមួយហើយ ដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងតំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហើយនិងមន្ត្រីរដ្ឋាភិបាលមកពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានជិះឧទ្ធម្ភាគចក្ររួមគ្នា ដើម្បីពិនិត្យមើលព្រៃឡង់ដែលមានទំហំជាង៣០ម៉ឺនហិកតា។
ក្រោយពីការមើលពីលើឧទ្ធម្ភាគចក្រអស់ពេលមួយព្រឹកនៅថ្ងៃច័ន្ទនេះ លោក William Heidt និងលោក សាយ សំអាល់ បានប្រាប់អ្នកយកព័ត៌មាន ដែលប្រជ្រៀតគ្នានៅផ្លូវដើរដ៏តូចក្នុងសណ្ឋាគារ Sofitel Phnom Penh អំពីសារៈសំខាន់នៃការអភិរក្សព្រៃឡង់ និងការគំរាមកំហែងដែលលោកទាំងពីរបានឃើញពីលើឧទ្ធម្ភាគចក្រ។
«ពេលយើងទៅដល់ភ្លាម យើងឃើញព្រៃនេះគង់វង្សល្អនៅផ្នែកកណ្ដាល តែយើងក៏ឃើញការគំរាមកំហែងដល់ព្រៃនេះដែរ ជាពិសេសនៅគែមភាគខាងត្បូង ដែលព្រៃជាច្រើនបានបាត់បង់»។
ទាក់ទងបញ្ហានេះ លោក សាយ សំអាល់ និយាយថា រដ្ឋាភិបាលក៏ត្រូវយកដីដែលប្រជាពលរដ្ឋបានបោះបង់ ឬលក់ឲ្យអ្នកមកពីតំបន់ផ្សេងៗ។
ក្រៅពីនេះ លោកថា រដ្ឋក៏នឹងទប់ស្កាត់ការបន្តទន្ទ្រានដីធ្វើចម្ការក្នុងតំបន់ព្រៃឡង់តទៅទៀតដែរ។
លោករដ្ឋមន្ត្រី បានបន្ថែមថា ការអភិរក្សព្រៃឡង់ ទាមទារការជួយជ្រោមជ្រែងទាំងអស់គ្នា រួមទាំងអ្នកយកព័ត៌មានផងដែរ ព្រោះព្រៃនេះជារបស់ប្រជាជនកម្ពុជាទាំងមូល។
«តំបន់ហ្នឹងក៏មានការកាប់ទន្ទ្រាន កាប់ទន្ទ្រានយកដីពីសំណាក់ប្រជាពលរដ្ឋ ហ្នឹងជាបញ្ហា។ ហើយអង្គការសង្គមស៊ីវិល ក៏ត្រូវដូចគ្នាដែរ ត្រូវថា ពន្យល់មនុស្សទាំងអស់ថា កាតព្វកិច្ចរបស់ប្រជាជនជាស្អី កាតព្វកិច្ចរបស់រដ្ឋជាស្អី ក្នុងការអភិរក្សទាំងអស់គ្នា។ រឿងនេះ សូមជម្រាបថា មិនមែនជាបញ្ហាសាមញ្ញទេ ជារឿងលំបាក។ យើងទាំងអស់គ្នាត្រូវធ្វើការទាំងអស់គ្នា»។
ទោះជាយ៉ាងណាក្ដី លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃអង្គការវេទិកាមិនមែនរដ្ឋាភិបាលឬ NGO Forum បាននិយាយថា ប្រជាពលរដ្ឋដែលមន្ត្រីរដ្ឋាភិបាលច្រើនបន្ទោសពីបទកាប់ព្រៃ ឬទន្រ្ទានដីព្រៃនោះ ភាគច្រើនគឺត្រូវបានឈ្មួញប្រើប្រាស់ ហើយពួកគាត់បម្រើឈ្មួញ ព្រោះមុខរបររបស់គាត់ ត្រូវបាត់បង់ដោយសារសម្បទានព្រៃឈើ និងដីសម្បទានសេដ្ឋកិច្ច។
«អញ្ចឹងបើសិនយើងបិទការកាប់ឈើអនាធិបតេយ្យ ក្រុមឈ្មួញមួយចំនួនដែលគាត់យកផលប្រយោជន៍ បក្ខពួក... ត្រូវបង្ក្រាបបានអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព ហើយក្រុមអស់ហ្នឹង ត្រូវដកថយ ខ្ញុំជឿជាក់ថា ប្រជាជនគ្រាន់តែជាផ្នែកមួយ គ្រាន់តែជាដៃមួយដែលអ្នកផ្សេងៗប្រើប្រាស់»។
លោក តឹក វណ្ណារ៉ា បានបន្តថា រដ្ឋាភិបាលគួរផ្ដល់សិទ្ធិពេញលេញឲ្យសហគមន៍ការពារព្រៃឈើក្នុងការទទួលបានអនុផលព្រៃឈើប្រកបដោយនិរន្តរភាព។ ការធ្វើដូច្នេះ ពួកគាត់នឹងក្លាយជាសេនាធិការមូលដ្ឋានការពារព្រៃឈើយ៉ាងមានប្រសិទ្ធភាព ដែលជាការការពារប្រយោជន៍សម្រាប់ជីវភាពរបស់ពួកគាត់ផងដែរ។
លោក William Heidt ក៏បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃច័ន្ទនេះដែរថា វត្តមានរបស់មន្ត្រីមកពីក្រសួងពាក់ព័ន្ធផ្សេងទៀត ដូចជាលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺជាវិធីល្អបំផុតក្នុងការអភិរក្សព្រៃឡង់។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ និយាយថា ព្រៃឡង់ ដែលឋិតនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ចាំបាច់ត្រូវអភិរក្សឲ្យបានល្អ ដែលរួមមានព្រៃឈើ និងជីវចម្រុះជាដើម។
«ពេលយើងជិះឧទ្ធម្ភាគចក្រនៅលើព្រៃឡង់ ឃើញព្រៃច្រើនគីឡូម៉ែត្រគ្រប់ទិស វាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ថា ការពារព្រៃនេះគឺពិតជាកិច្ចការមានតម្លៃណាស់ដែលយើងត្រូវប្រឹងប្រែង។ ដូច្នេះយើងមានមោទនភាព ដែលយើងបានរកឃើញវិធីជួយគម្រោងនេះ ហើយយើងនឹងបន្តការគាំទ្រនេះ»។
លោក សាយ សំអាល់ បានឲ្យដឹងថា លោកនឹងបើកសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយពីគ្រប់ភាគី រួមទាំងសហគមន៍ការពារព្រៃឡង់ផង មុននឹងលោកស្នើច្បាប់ទៅគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័តផែនការយុទ្ធសាស្ត្រអភិរក្សព្រៃឡង់។
លោករដ្ឋមន្ត្រីបរិស្ថានរូបនេះ និយាយថា ការត្រួតពិនិត្យព្រៃឡង់តាមឧទ្ធម្ភាគចក្ររូមគ្នានេះ នឹងជួយកាត់បន្ថយការយល់ខុសគ្នាអំពីព្រៃឡង់ដ៏ធំនេះ។
លោក សាយ សំអាល់ ឲ្យដឹងថា ក្រសួងរបស់លោក បានប្រគល់ដីសម្បទានឲ្យនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រីឯដីអភិរក្ស និងដីមិនទាន់កំណត់ថា ជាដីអភិរក្ស ត្រូវនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
លោកបន្ថែមថា ការអភិរក្សព្រៃឈើ នឹងនាំឲ្យប្រទេសកម្ពុជា ទទួលបានជំនួយហិរញ្ញវត្ថុពីអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិជាថ្នូរនឹងឥណទានកាបោន។
ឥណទានកាបោន គឺគំនិតផ្ដួចផ្ដើមក្នុងការរក្សាព្រៃឈើទុក សម្រាប់ស្រូបឧស្ម័នកាបូនិក និងបញ្ចេញអុកស៊ីហ្សែនទៅក្នុងបរិយាកាសវិញ៕