ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ គោលនយោបាយអន្តោប្រវេសន៍របស់កោះតៃវ៉ាន់មានភាពបើកចំហរខ្លាំង ដោយសារតម្រូវការខាងកម្លាំងពលកម្មដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចរបស់ខ្លួន។ ការណ៍ដែលស្ត្រីខ្មែរម្នាក់ដែលមានសញ្ជាតិតៃវ៉ាន់ត្រូវបានជ្រើសតាំងជាតំណាងរាស្ត្រម្នាក់របស់គណបក្ស Kuomintang នឹងបន្តជួយពង្រឹងវប្បធម៌ចម្រុះរបស់កោះតៃវ៉ាន់។
បរិបថគោលនយោបាយអន្តោប្រវេសន៍របស់កោះតៃវ៉ាន់ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ បន្ទាប់ពីស្ត្រីខ្មែរសញ្ជាតិតៃវ៉ាន់ម្នាក់បានជាប់ឆ្នោតជាតំណាងរាស្ត្រនៅសភាកោះតៃវ៉ាន។ កាលពីឆ្នាំ១៩៩៧ អ្នកស្រី លីន លីចាន់ (Lin Li-Chan) មានអាយុ២០ឆ្នាំ នៅពេលដែលម្តាយរបស់អ្នកស្រីបានសម្រេចចិត្តឲ្យអ្នកស្រី លីចាន់ រៀបការជាមួយនឹងបុរសជនជាតិតៃវ៉ាន់ម្នាក់ ដោយសារជីវភាពគ្រួសារ។
«ខ្ញុំក៏មិនដឹងថា អ្វីទៅការមកតៃវ៉ាន់ ព្រោះខ្ញុំអត់ស្គាល់តៃវ៉ាន់នៅណា។ អត់ដែរឮ។ ប៉ុន្តែ ម៉ាក់ជាអ្នកឲ្យការមក។ បងប្អូនខាងប៉ាថា កុំការទៅ។ គេកុហក់ ហើយការទៅ ប្រហែលជាគេយកយើងទៅណាយើងអត់ស្គាល់។ ប៉ុន្តែម៉ាក់នៅតែឲ្យការមក»។
គោលនយោបាយដែលអ្នកស្រី លីន លីចាន់ ផ្តោតសំខាន់គឺលើបញ្ហាអន្តោប្រវេសន៍ ដូចជាការធ្វើសមាហរណកម្មក្នុងសង្គមតៃវ៉ាន់របស់ជនអន្តោប្រវេសន៍ជាដើម។ អ្នកស្រីបានបញ្ជាក់ប្រាប់ VOA ថា អ្នកស្រីមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការងារស្ម័គ្រចិត្តក្នុងសង្គមតៃវ៉ាន់ ដោយធ្វើការជាមួយនឹងជនអន្តោប្រវេសន៍មកពីប្រទេសចិនដីគោក វៀតណាម និងកម្ពុជា។
«ខ្ញុំធ្លាប់ធ្វើជាអ្នកស្ម័គ្រចិត្តនៅតៃវ៉ាន់ ដូច្នេះគោលនយោបាយខាងបក្សពួកខ្ញុំនេះច្រើនតែផ្តោតលើអ្នក[ចំណាកស្រុក]មកពីស្រុកផ្សេងៗមកកាន់តៃវ៉ាន់ ដើម្បីធ្វើយ៉ាងណាឲ្យពួកគេបានរស់នៅសុខសប្បាយ និងចូល[សមាហរណកម្ម]ក្នុងសង្គមតៃវ៉ាន់បានលឿន»។
អ្នកស្រីបានបន្ថែមថា អ្នកស្រីនឹងធ្វើការងារដើម្បីឲ្យប្រជាពលរដ្ឋតៃវ៉ាន់ស្គាល់ពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជនអន្តោប្រវេសន៍ដែលមកពីប្រទេសផ្សេងៗ។
សួរទាក់ទងនឹងគោលជំហររបស់គណបក្ស Kuomingtang របស់អ្នកស្រីមកលើបញ្ហាជនអន្តោប្រវេសន៍ អ្នកស្រី លីន លីចាន់ បដិសេធមិនបកស្រាយលម្អិត ដោយសារតែនេះគឺជាគោលនយោបាយបក្សទាំងមូល។ អ្នកស្រី លីន លីចាន់ គឺជាជនអន្តោប្រវេសន៍ទីមួយបង្អស់ដែលជាប់ជាតំណាងរាស្ត្ររបស់ប្រវត្តិសាស្ត្រនយោបាយរបស់កោះតៃវ៉ាន់នេះ។
អ្នកស្រី លីចាន់ បានឲ្យដឹងថា ច្បាប់អន្តោប្រវេសន៍របស់កោះតៃវ៉ាន់ត្រូវបានធ្វើវិសោធនកម្មកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការបើកចំហរឲ្យជនអន្តោប្រវេសន៍មានសិទ្ធិធ្វើការ និងសម្រួលដល់ដំណើរការឯកសារស្នើសុំសញ្ជាតិតៃវ៉ាន់ជាដើម។
«ប្រហែលជា១០ឆ្នាំមុន ការចូលមករស់នៅតៃវ៉ាន់បាន លុះត្រាតែ[ជនអន្តោប្រវេសន៍]ត្រឡប់ទៅប្រទេសខ្លួនឯងវិញក្រោយពីបានរស់នៅតៃវ៉ាន់បានកន្លះឆ្នាំ ដើម្បី[សុំហត្ថលេខាលើឯកសារ]។ ហើយការមកដល់តៃវ៉ាន់ ទាល់តែអ្នកនោះមានកាត [ប័ណ្ឌការងារ] ទើបអាចធ្វើការបាន។ ក្រោយមក[ច្បាប់នេះ]ត្រូវបានកែឡើងវិញ។ ឲ្យតែមានកាតធ្វើការបានហើយ។ ទី២ពីមុន បើចង់បានសញ្ជាតិតៃវ៉ាន់ លុះត្រាតែយើងមានទ្រព្យសម្បត្តិប៉ុន្មាន ទើបយកសញ្ជាតិតៃវ៉ាន់បាន។ ដល់ឥឡូវ ច្បាប់ហ្នឹងក៏កែដែរ»។
គោលនយោបាយអន្តោប្រវេសន៍ដ៏ទាក់ទាញនេះត្រូវបានតាក់តែងឡើង ដោយសារមួយផ្នែកធំនៃប្រជាជនសរុបរបស់កោះតៃវ៉ាន់មានវ័យចំណាស់ខ្លាំង។ ការណ៍នេះជំរុញឲ្យតៃវ៉ាន់ទាញយកកម្លាំងពលកម្មពីជនអន្តោប្រវេសន៍ ដើម្បីជួយកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកសំខាន់លើវិស័យកម្មន្តសាល និងការនាំចេញ។
អ្នកស្រីថា៖ «ប្រជាជនគ្រប់គ្រាន់ ប៉ុន្តែប្រជាជនតៃវ៉ាន់ កម្លាំងការងារខ្លះប្រជាជនតៃវ៉ាន់ធ្វើមិនបាន។ ឧទាហរណ៍ថាការងាររៀងធ្ងន់ធ្ងរ ដូចថាការងារនៅតាមរោងចក្រធំៗខ្លះ ហើយយើងរកតែកម្មករតៃវ៉ាន់យើងមិនគ្រាន់ទេ។ ម្លោះហើយតៃវ៉ាន់នៅតែត្រូវការកម្មករមកពីស្រុកក្រៅកាន់តែច្រើន»។
អ្នកស្រីក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលតៃវ៉ាន់ក៏បង្កើតគម្រោងគាំទ្រជនអន្តោប្រវេសន៍ ដោយផ្តល់ជាថវិកាឧបត្ថម្ភ ក៏ដូចជាផ្តល់វគ្គបណ្តុះបណ្តាលខាងភាសា និងជំនាញដោយមិនយកកម្រៃ និងកម្មវិធីអាហារូបករណ៍ដល់ជនអន្តោប្រវេសន៍ជាដើម។
អ្នកស្រីបានបញ្ជាក់ថា៖ «តាមការពិត រដ្ឋនៅតៃវ៉ាន់ អ្នកដែលមកពីស្រុកក្រៅដោយត្រូវបានគេការមកតៃវ៉ាន់ យើងទៅរៀនមិនបាច់អស់លុយ។ ពេលដែលយើងទៅរៀនខាងបច្ចេកទេស ច្បាប់ខ្លះគេឧបត្ថម្ភឲ្យយើងទៀត ក្នុងមួយខែប្រហែលជាមួយម៉ឺនតៃវ៉ាន់។ ឲ្យយើងទៅរៀន ហើយបានលុយ។ ហើយបើយើងមានកូនតូច ហើយយើងទៅរៀន ហើយអត់មានអ្នកមើលកូនឲ្យ គេមើលកូនឲ្យយើងទៀត ដើម្បីឲ្យយើងបានទៅរៀនសូត្រ»។
កោះតៃវ៉ាន់កំពុងតែមានចំនួនជនអន្តោប្រវេសន៍កាន់តែច្រើនឡើង ហើយគិតមកត្រឹមឆ្នាំ២០១៤ ជនអន្តោប្រវេសន៍ និងមនុស្សជំនាន់ទី២នៃជនអន្តោប្រវេសន៍នេះមានចំនួនច្រើនជាងជនជាតិដើមតៃវ៉ាន់ ក្នុងចំណោមប្រជាជនសរុបចំនួនជាង២៣លាននាក់។ អ្នកស្រី លីន លីចាន់ បានឲ្យដឹងថា ទាំងជនអន្តោប្រវេសន៍ និងជនជាតិតៃវ៉ាន់បានគាំទ្រការងាររបស់អ្នកស្រី ដែលជួយឲ្យអ្នកស្រីក្លាយជាតំណាងរាស្ត្រតៃវ៉ាន់ម្នាក់។
«អ្នកអន្តោប្រវេសន៍ភាគច្រើនគាំទ្រយើង។ ហើយអ្នកតៃវ៉ាន់ក៏គាំទ្រយើងដែរ ពីព្រោះថាយើងធ្វើការងារសង្គម ដើម្បីជួយអ្នកអន្តោប្រវេសន៍មកពីប្រទេសផ្សេងៗ ឲ្យគាត់រឹងមាំឡើង ហើយក៏ជួយអ្នកផ្សេងទៀត។ ម្ល៉ោះហើយយើងច្រើនតែទៅជួយដល់អ្នកតៃវ៉ាន់។ ដូច្នេះអ្នកតៃវ៉ាន់គេរាប់អានយើង និងស្វាគមន៍យើង»។
កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលកម្ពុជាបានផ្អាកអនុសារណៈយោគយល់រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកោះតៃវ៉ាន់ ក្នុងការអនុញ្ញាតឲ្យជនជាតិខ្មែររៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ជាមួយនឹងជនជាតិតៃវ៉ាន ដោយសារតែការព្រួយបារម្ភលើបញ្ហារំលោភសិទ្ធិមនុស្ស និងការប្រព្រឹត្តអំពើហិង្សាលើមកលើស្ត្រីខ្មែរដែលបានរៀបការទៅរស់នៅកោះតៃវ៉ាន់។
ទាក់ទងនឹងបញ្ហានេះ អ្នកស្រី លីន លីចាន់ បានបញ្ជាក់ប្រាប់ VOA ថា អ្នកស្រីមិនបានស្វែងយល់ច្បាស់ពីបញ្ហាការផ្អាកអនុសារណៈនេះទេ ក៏ប៉ុន្តែថា អ្នកស្រីនឹងផ្តោតលើបញ្ហានេះនាពេលខាងមុខនេះ។
អ្នកស្រី លីន លីចាន់ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ អ្នកស្រី មានបងប្រុសពីរនាក់ និងប្អូនប្រុសម្នាក់។ ម្តាយរបស់អ្នកស្រីបានបាត់បង់ជីវិតកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ សព្វថ្ងៃនេះ អ្នកស្រីមានកូនពីរនាក់ កូនស្រីមួយ និងកូនប្រុសមួយ។
អ្នកស្រី លីន លីចាន់ បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រខាងសម្អាងការ ហើយបានប្រឡូកក្នុងការងារស្ម័គ្រចិត្តក្នុងសង្គមតៃវ៉ាន់ជាច្រើន ដូចជាជួយកាត់សក់ឲ្យកុមារតូចៗ និងមនុស្សចាស់ៗរបស់តៃវ៉ាន់ ដែលរស់នៅតាមតំបន់ដាច់ស្រយាលជាដើម។
បន្ទាប់មកទៀត អ្នកស្រីក៏បានបញ្ចប់ថ្នាក់អនុបណ្ឌិតខាងគោលនយោបាយសាធារណៈ ដោយផ្តោតលើការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល ហើយបានធ្វើការងារស្ម័គ្រចិត្តលើបញ្ហាជនអន្តោប្រវេសន៍នៅតៃវ៉ាន់។
ការប្រឡូកចូលក្នុងវិស័យនយោបាយរបស់អ្នកស្រីបានចាប់ផ្តើមចេញជារូបរាងឡើង នៅពេលដែលអ្នកស្រីបានធ្វើការជាអ្នកផ្តល់ប្រឹក្សាដល់ក្រសួងមហាផ្ទៃតៃវ៉ាន់ ទាក់ទងនឹងបញ្ហាសង្គម និងអន្តោប្រវេសន៍។
«ក្រោយពីធ្វើការងារសង្គមមក ខ្ញុំបានទៅធ្វើការឲ្យក្រសួងមហាផ្ទៃជាអ្នកឲ្យយោបល់ដល់ក្រសួងពីបញ្ហាជនអន្តោប្រវេសន៍ថាតើ អ្នកអន្តោប្រវេសន៍ត្រូវការអ្វីខ្លះ។ ក្រសួងផ្សេងៗមានហៅខ្ញុំទៅធ្វើដែរ ទៅផ្តល់យោបល់អញ្ចឹងទៅ។ ក្រោយមកមេក្រសួងហ្នឹង សួរខ្ញុំថា៖ ជួយសង្គម និងជួយអ្នកអន្តោប្រវេសន៍បានទេ ហើយថានេះគឺជាឱកាសជួយតៃវ៉ាន់ដូចគ្នា ដែលនេះគឺជាឱកាសឲ្យយើងជួយបានកាន់តែច្រើនជាងមុន»។
ការរស់នៅកោះតៃវ៉ាន់ ក៏ដូចគ្នានឹងការរស់នៅក្នុងប្រទេសផ្សេងៗដែរ គឺជួបនឹងកត្តាប្រឈមខាងភាសា វប្បធម៌ និងចំណេះដឹងដើម្បីស្វែងរកការងារល្អនៅតៃវ៉ាន់។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី លីន លីចាន់ ហើយអ្នកស្រីបានស្នើឲ្យអ្នកដែលធ្វើចំណាកស្រុកមកកោះតៃវ៉ាន់ ស្វែងយល់ដឹងពីភាសា និងវប្បធម៌របស់តៃវ៉ាន់។
«បើសិនជាគាត់ចង់មកស្រុកតៃវ៉ាន់ សូមឲ្យគាត់ស្រាវជ្រាវឲ្យច្បាស់។ ទី២បើចង់ទៅប្រទេសណា យើងគួរតែរៀនភាសាខ្លះៗ ពីទម្លាប់នៅប្រទេសហ្នឹង និងធាតុអាកាសដែរ និងបញ្ហាសេដ្ឋកិច្ចនៅប្រទេសហ្នឹងយ៉ាងម៉េចដែរ»។
អ្នកស្រី លីន លីចាន់ កំពុងធ្វើការស្រាវជ្រាវលើកិច្ចការរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា ហើយអ្នកស្រីសង្ឃឹមថានឹងជួយពង្រឹងទំនាក់ទំនងរវាងពលរដ្ឋតៃវ៉ាន់ និងពលរដ្ឋខ្មែរ៕