អាជ្ញាធរកម្ពុជា រួមមានមន្រ្តីកិច្ចការព្រំដែននិងអភិបាលខេត្តកណ្តាល បានរុញឲ្យសួរគ្នាទៅវិញទៅមកក រណីរបាយការណ៍ដែលថា ទាហានវៀតណាមសង់សំណង់រឹងមាំនៅចម្ងាយប្រមាណ ១២០ម៉ែត្រ ពីទីតាំងដែលកម្ពុជាកំពុងឈរជើង។
ភាពចម្រូងចម្រាសនេះកើតឡើង ក្រោយស្នងការប៉ូលិសខេត្តកណ្តាល លោក ឈឿង សុចិត្ត បានសរសេររបាយការណ៍មួយ ចុះថ្ងៃទី២៦ ខែសីហា ដាក់ទៅអភិបាលខេត្តកណ្តាល។
លោកបានរាយការណ៍ថា កាលពីថ្ងៃ២៥ ខែសីហា កម្លាំងនគរបាលនិងយោធាការពារព្រំដែនកម្ពុជាចំនួន ១៥នាក់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណ បានចុះទៅពិនិត្យទីតាំងបោះតង់ចាស់របស់យោធាការពារព្រំដែនវៀតណាម ក្នុងខេត្តអានយ៉ាង ដែលនៅទល់នឹងភូមិក្អមសំណក្រោមឃុំក្អមសំណ ស្រុកលើកដែកខេត្តកណ្តាល។ ពេលនោះ អាជ្ញាធរខ្មែរបានជួបភាគីវៀតណាមកំពុងសាងសង់តង់ថ្មី ដែលជាជម្រករឹងមាំសាងសង់ «អំពីឈើសសរថ្ម កម្ពស់ ៣ម៉ែត្រ បណ្តោយ ៥ម៉ែត្រ ទទឹង ៤ម៉ែត្រ ដំបូលប្រក់ស័ង្កសី ដោយឃ្លាតពីខ្សែបន្ទាត់ព្រំដែនដែលកម្ពុជាគ្រប់គ្រងបច្ចុប្បន្នប្រមាណ ១២០ម៉ែត្រ។
លោក ឈឿង សុចិត្ត បន្តថា កម្លាំងកម្ពុជាបានទាមទារឲ្យភាគីវៀតណាមបញ្ឈប់សកម្មភាពសាងសង់តង់ថ្មី។ ប៉ុន្តែភាគីវៀតណាមបញ្ជាក់ថា គេធ្វើតាមបញ្ជាថា្នក់លើរបស់គេ ហើយថ្នាក់លើរបស់គេមាន«គម្រោងសាងសង់តង់ថ្មី (ជាជម្រករឹងមាំ) ចំនួន ៤គោលដៅនៃ ១០គោលដៅចាស់ដែលមានស្រាប់»។
នៅថ្ងៃបន្ទាប់ទៀត គឺថ្ងៃទី២៦ ខែសីហាអភិបាលស្រុកលើកដែក និងកម្លាំងពាក់ព័ន្ធបានទៅស្នើឲ្យភាគីវៀតណាមបញ្ឈប់ការសាងសង់ជាបន្ទាន់ នៅចំណុចដដែលនោះ ប៉ុន្តែភាគីវៀតណាមមិនព្រមបញ្ឈប់ការសាងសង់នោះឡើយ។ នេះបើតាមលិខិតរបស់ស្នងការខេត្តកណ្តាល។
ស្នងការនគរបាលខេត្តកណ្តាលលោក ឈឿង សុចិត្ត ដែលជាអ្នកធ្វើរបាយការណ៍នេះបានបដិសេធមិនអត្ថាធិប្បាយ ដោយរុញទៅអភិបាលខេត្តកណ្តាល។
ចំណែកលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបដិសេធមិនអត្ថាធិប្បាយលើករណីនេះ ដោយរុញទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។
លោកមានប្រសាសន៍ថា៖ «យើងកំពុងតែពិនិត្យព័ត៌មានសព្វបែបយ៉ាង។ ឥឡូវហ្នឹងមានតែគណៈកម្មាធិការចម្រុះព្រំដែនទេ ដែលអាចមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការឆ្លើយជូន»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាបានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍និងនៅថ្ងៃសុក្រនេះដូចគ្នាថា លោកមិនទាន់បានទទួលរបាយការណ៍នេះទេ ហើយលោករុញឲ្យសួរទៅអភិបាលខេត្តកណ្តាលវិញ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំអត់ទាន់ទទួលរបាយការណ៍ហ្នឹងទេណា៎ ដូច្នេះខ្ញុំអត់មានមតិអីទេ។ អូនឯងទៅសួរខេត្តកណ្តាល ដែលគេចេញរបាយការណ៍ហ្នឹង»។
នៅពេលសួរថា តើគណៈកម្មាធិការនឹងសួរនាំរដ្ឋបាលខេត្តកណ្តាលអំពីរបាយការណ៍នេះ បើទោះជាមិនទាន់ទទួលរបាយការណ៍លោក វ៉ា គឹមហុង មានប្រសាសន៍ថា៖ «ឥឡូវប្អូនឯងទៅសួរប៉ូលិសទៅក្រែងប្អូនឯងចង់ដឹង! ខ្ញុំមិនមែនអ្នកកាសែតឯណា»។
បើតាមលោក វ៉ា គឹមហុង សម្រាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេសជាធម្មតា ត្រូវមានការជូនដំណឹងគ្នាទៅវិញទៅមក អំពីការស្ថាបនាសំណង់អ្វីមួយនៅតាមព្រំដែន។ ប៉ុន្តែលោកថា មិនមានការចែងជាច្បាប់ទម្លាប់អ្វីទេ។
ក្នុងកិច្ចពិភាក្សាតុមូលមួយស្តីពី «តើកម្ពុជាត្រៀមខ្លួនយ៉ាងដូចម្តេចសម្រាប់ថ្ងៃនេះនិងថ្ងៃស្អែក» លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលចុះស្រាវជ្រាវខ្សែបន្ទាត់ព្រំដែន មានប្រសាសន៍ថា កម្ពុជាត្រូវធ្វើកំណត់ទូតទៅវៀតណាម ប្រសិនបើមានការសាងសង់នៅជិតកន្លែងកម្ពុជាឈរជើង ដែលលោកថា ប្រទេសទាំងពីរមានកិច្ចព្រមព្រៀងជាការជូនដំណឹងគ្នាទៅវិញទៅមក។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងកម្ពុជាត្រូវធ្វើកំណត់ទូតទៅវៀតណាមថា តើវៀតណាមបានគោរព (ការព្រមព្រៀង) ទោះបីបានធ្វើនឹងដីរបស់អ្នកឯងក៏ដោយ ប៉ុន្តែយើងមានកិច្ចព្រមព្រៀងជាមួយនឹងគ្នា។ [យើង] ត្រូវតែធ្វើកំណត់ទូតទៅប្រទេសវៀតណាម។ ទីពីរ បើមិនស្តាប់កម្ពុជាអង្វរម្តងទៀត។ ទីបី កម្ពុជាអាចធ្វើ ១២០ម៉ែត្រ ទល់នឹងប៉ុស្តិ៍ហ្នឹងវិញ។ ប៉ុស្តិ៍ប៉ុណ្ណឹងថ្លៃប៉ុន្មាន?»
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ក្រសួងរង់ចាំរបាយការណ៍ផ្លូវការពីរដ្ឋបាលខេត្តកណ្តាល និងគណៈកម្មាធិការកិច្ចការព្រំដែនសិន។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូល មានប្រសាសន៍ថា នេះជាការរុញដាក់គ្នាទៅវិញទៅមក ដោយពុំមានការទទួលខុសត្រូវ។
លោក អ៊ុំ សំអាន ដែលកំពុងស្នាក់នៅក្រៅប្រទេសមានប្រសាសន៍ថា៖ «នេះជាការមិនទទួលខុសត្រូវរបស់អាជ្ញាធរដែនដីនិងគណៈកម្មាធិការព្រំដែន ដែលរុញដាក់គ្នាទៅវិញទៅមក អត់ទទួលខុសត្រូវរឿងហ្នឹង។ តាមពិត គាត់(គណៈកម្មាធិការកិច្ចការព្រំដែន)ត្រូវចុះទៅមើល ចុះទៅដល់កន្លែងយួនបោះតង់ហ្នឹង តើវាចូលដីខ្មែរឬក៏អត់ ព្រោះអាជ្ញាធរដែនដីគាត់អត់ដឹងច្បាស់ថា ព្រំដែនយើងនៅកន្លែងណាទេ»។
អតីតតំណាងរាស្ត្រដែលធ្លាប់ជាប់ពន្ធនាគារ កាលពីឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការអធិប្បាយបញ្ហាព្រំដែនកម្ពុជាវៀតណាមនោះ អះអាងថា ជាយុទ្ធសាស្ត្រកន្លងមក គឺនៅពេលវៀតណាមចង់វាតទីដីកម្ពុជានៅតំបន់ណាមួយ វៀតណាមចង់ចូលទៅកាន់កាប់តំបន់នោះឲ្យបានសិន រួចចរចាតាមក្រោយ។ លោកថា កម្ពុជាតែងតែចាញ់ប្រៀបការចរចាជាមួយភាគីវៀតណាម។
លោកបន្ថែមថា៖ «នៅពេលដែលគេចរចាកំណត់ព្រំដែនយួនតែងតែទាមទារថា អាហ្នឹងដីរបស់គេ។ឲ្យតែគេបោះតង់កន្លែងណា ដីដែលទាហានគេឈរជើងកន្លែងណា គេទាមទារកំណត់ព្រំដែនកន្លែងហ្នឹង។ ដូច្នេះអាហ្នឹងជាយុទ្ធសាស្រ្តរបស់យួន ដើម្បីឈ្លានពានទឹកដីកម្ពុជាយើងទេ»។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីស្ថានទូតវៀតណាមប្រចាំកម្ពុជា តាមរយៈអ៊ីម៉ែលបាននៅឡើយទេនៅថ្ងៃសុក្រនេះ។
កាលពីខែឧសភា រដ្ឋាភិបាលកម្ពុជាធ្លាប់បានជំទាស់និងបានទាមទារឲ្យភាគីវៀតណាមរុះរើការបោះតង់ចំនួន ៣១កន្លែង នៅតាមតំបន់ព្រំដែនហើយរក្សាតំបន់ ដែលមិនទាន់មានការឯកភាពគ្នាឲ្យនៅស្ថានភាពដដែល។ ក្រសួងការបរទេសកម្ពុជាក៏ធ្លាប់បានកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាឲ្យមកបំភ្លឺអំពីករណីវៀតណាមបោះតង់ ៣១កន្លែងនោះដែរ។ ប៉ុន្តែ រហូតមកទល់ពេលនេះគេមិនទាន់ដឹងថា ភាគីវៀតណាមមានការឆ្លើយតបយ៉ាងណានោះទេ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា រហូតមកដល់ពេលនេះកម្ពុជា និងវៀតណាមបានសម្រេចបោះបង្គោលព្រំដែននិងខណ្ឌសីមាបាន ៨៤ភាគរយ ហើយគណៈកម្មាធិការនេះអះអាងថា មិនធ្វើឲ្យជាតិនិងប្រជាជនខាតបង់ទឹកដីឡើយ៕