ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ-អូស្រ្តាលី​រំលឹក​ខួ​ប​ទី៣​នៃ​មរណភាព​លោក​កែមឡី​ដោយ​បន្តទាមទារ​យុត្តិធម៌


អ្នកធ្វើដំណើរ​គោរព​សព​លោក​បណ្ឌិត​កែម​ ឡី​ នៅ​គេហដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី នៅ​ឃុំ​លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
អ្នកធ្វើដំណើរ​គោរព​សព​លោក​បណ្ឌិត​កែម​ ឡី​ នៅ​គេហដ្ឋាន​របស់​លោក​បណ្ឌិត កែម ឡី នៅ​ឃុំ​លាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

សមាជិក​សហគមន៍ខ្មែរ​នៅ​ប្រទេ​សអូស្ត្រាលី​ជាច្រើន​រយ​នាក់​បាន​ចូលរួមប្រារព្ធខួបលើកទី​៣នៅ​ថ្ងៃអាទិត្យ​នេះ​ដើម្បី​រំលឹក​ដល់ការធ្វើឃាត​លោក​បណ្ឌិត​កែម ឡី អតីត​អ្នកវិភាគ​នយោបាយ​និង​សង្គម​ដោយ​ទាម​ទារឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យនិង​បាន​ប្តេជ្ញាចិត្ត​ជំរុញឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​កម្ពុជា។ ​

លោកស្រី ប៊ូ រចនា ភរិយា​របស់​លោក​បណ្ឌិត​កែមឡី​ បានថ្លែង​ប្រាប់​ដល់​អ្នកចូលរួម​ជាច្រើន​រយនាក់​នៅ​វត្តពុទ្ធរង្ស៊ី ហៅវត្ត​ធំ​ក្នុងរដ្ឋ​វិកតូរៀថា អ្នកស្រី​នឹង​បន្ត​បេសកកម្ម​របស់​ស្វាមី​រហូត​ដល់​ប្រទេស​កម្ពុជា​មានលទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។​

លោកស្រីប៊ូ រចនា បាន​បន្ថែម​ថា៖

«នាងខ្ញុំ​បាន​ប្រែក្លាយ​ទុក្ខសោក​នេះ​មកជាការព្យាយាម​បេសកកម្ម​របស់​គាត់​ដែល​ទូន្មាន​ខ្មែរ​យើងដូច​អ្វី​ដែល​គាត់​បាន​ផ្តាំគឺ​ជូត​ទឹក​ភ្នែក​ហើយ​បន្ត​ដំណើរ​ទៅមុខ​ទៀត​។ បណ្តាំ​នេះ​គឺជា​ការឆ្លុះបញ្ចាំ​ងនូវ​បំណង​របស់​គាត់​ដែល​ចង់​ឱ្យ​មានការផ្លាស់ប្តូរ​ក្នុង​របបតិរច្ឆាន យង់ឃ្នង​បច្ចុប្បន្ន​ហើយទៅ​ខាង​មុខ​ទៅជាការ​បង្កើត​រដ្ឋាភិបាល​ពិត​ប្រាកដ​នៅ​ប្រទេស​កម្ពុជា​‍»។​

លោកស្រីប៊ូ រចនា​ក៏​បាន​ស្នើ​ពលរដ្ឋ​ឱ្យ​ប្រែឈ្មោះ​«ស្តុបបូកគោ‍»​ទី​ដែល​លោក​កែម ឡី​ត្រូវ​បាន​ធ្វើ​ឃាត​កាលពីថ្ងៃទី​១០​ខែ​កក្កដា​ឆ្នាំ​២០១៦​មក​ហៅថា​«ស្តុប​កែម ឡី‍»​វិញ​ដើម្បី​ជា​ការ​រំលឹក​ដល់​វីរភាព​របស់​គាត់។

លោកកែម ឡី​ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់​ពេល​កំពុង​តែ​ទទួល​ទាន​កាហ្វេ​នៅ ការ៉ាស់សាំង​កាលតិច​ស្តុបបូកគោ។ រហូត​ដល់​ពេល​នេះ​មាន​តែ​មនុស្ស​តែម្នាក់គត់​ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ហើយ​តុលាការ​បាន​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត។

ពិធី​បុណ្យ​ខួបឆ្នាំនេះ​ត្រូវបាន​រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរអូស្ត្រាលី រួមជាមួយ​នឹង​សមាគមខ្មែរ​រដ្ឋ​វីកតូរៀ ហើយ​មេដឹកនាំ​សហគមន៍​ក៏​បានទាមទារ​ឱ្យ​មានការស៊ើបអង្កេត​ឯករាជ្យ​លើ​ការធ្វើឃាត​លោកបណ្ឌិត​កែម ឡី​ផងដែរ។​

លោក​តាក់ ម៉េងហ៊ាង សមាជិករដ្ឋសភា​ប្រចាំ​រដ្ឋ ​Victoria បាន​បញ្ជាក់​ប្រាប់​អ្នកចូលរួម​ថាសហគមន៍​ខ្មែរ​ត្រូវ​តែខិតខំប្រឹងប្រែង​ធ្វើ​ម៉េច​កុំ​ឱ្យ​វីរភាព​របស់​លោកកែមឡីត្រូវបាន​បំភ្លេច កុំ​ឱ្យ​ឃាតករ​ពិតប្រាកដ​ត្រូវ​បាន​គេ​បំភ្លេច​ផងដែរ​‍»។

លោក​តាក់ ម៉េងហ៊ាង បាន​បន្ថែម​ថា៖ «ដូច្នេះ​ហើយ​ថ្ងៃនេះ​យើង​មក​ជួប​ជុំ​គ្នា​នេះ​គឺ​ខ្ញុំ​សូម​ចូលរួម​ជាមួយ​នឹង​បងប្អូន​ខ្មែរ​យើង​ទាំងអស់ដើម្បី​ទាមទារ​រក​យុត្តិធម៌​ពិត​ប្រាកដ​ រកប្រជាធិបតេយ្យ​ពិតប្រាកដ​‍»។​

លោកបណ្ឌិត​កែម ឡី​គឺ​ជា​អ្នក​រិះគន់​យ៉ាងខ្លាំង​លើ​ការដឹកនាំ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ហើយ​តែងតែ​ធ្វើ​បទវិភាគ​តាម​បណ្តាញ​ឃោសនា​និង​វេទិការសាធារណៈ​លើ​បញ្ហា​ពុករលួយ ការកាប់បំផ្លាញ​ព្រៃឈើ អយុត្តិធម៌​សង្គម​ ជនអន្តោប្រវេសន៍និង​បូរណភាព​ទឹកដី។

លោក​ជា យូហ៊ន ប្រធាន​សមាគម​ខ្មែរបាន​រំលឹក​ថា​លោកកែម ឡី គឺ​មិនមែនជាជន​រងគ្រោះ​តែម្នាក់​ទេ​ដែល​បាន​បាត់​បង់​ជីវិត​ដោយ​សារតែ​ហ៊ាន​និយាយ​ការពិត​នៅ​ប្រទេស​កម្ពុជា​។ ក្នុងពេល​កន្លង​មក​មាន​ជនរងគ្រោះ​ដទៃទៀត​ដែល​មាន​លោក​ឈុត វុទ្ធីសកម្ម​ជន​ការពារ​ព្រៃឈើ​និង​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ដទៃ​ទៀត​ដូច​ជា​លោក​ជា វិជ្ជា​ជាដើម ​ដោយហេតុ​នេះ​ហើយ​ពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​បំភ្លេច​វីរភាព​អ្នកទាំងនោះ​ឡើយ៕

XS
SM
MD
LG