ក្រុមប្រជាពលរដ្ឋខ្មែរអាមេរិកាំងបារម្ភថា កម្ពុជានឹងក្លាយជាប្រទេសផ្តាច់ការនៅពេលអាជ្ញាធរគណបក្សកាន់អំណាចបានចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សជំទាស់ហើយ ប្រកាសរំលាយគណបក្សជំទាស់ផងនោះ។ ក្រុមពលរដ្ឋទាំងនោះបាននិយាយថា ប្រទេសកម្ពុជានឹងក្លាយជាប្រទេសឯកោនៅលើឆាកអន្តរជាតិ។
នៅក្រោយពេលដែលមានការធ្វើទុក្ខបុកម្នេញក្រុមជំទាស់ នៅមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ រាប់ទាំងការចោទប្រកាន់ ចាប់ខ្លួនមេដឹកនាំគណបក្សជំទាស់ គឺលោក កឹម សុខា និងការប្រកាសរំលាយគណបក្សជំទាស់ផងនោះ ក្រុមតំណាងពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន ដែលគិតគូរពីប្រទេសកំណើត បានថ្លែងថា ទង្វើរបស់គណបក្សកាន់អំណាចកំពុងឈានទៅរករបបគ្រប់គ្រងផ្តាច់ការ ឯកបក្ស និងធ្វើឲ្យប្រទេសឯកោលើឆាកអន្តរជាតិ។
លោក បួរ បូវ៉ាត់សិទ្ធិ (Bou Bowat Sithi) ជាពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងក្រុង Woodinville រដ្ឋ Washington State ដែលបានចូលរួមក្នុងកិច្ចពិភាក្សាអំពីបញ្ហាកម្ពុជាចំថ្ងៃប្រារព្ធខួបលើកទី២៦ ក្នុងរដ្ឋវ៉ាស៊ីនតោន បានអះអាងថា ការចង់រំលាយគណបក្សសង្គ្រោះជាតិតាមរយៈការកែប្រែច្បាប់ គឺខុសច្បាប់ និងស្តង់ដាប្រជាធិបតេយ្យ ប្រទេសកម្ពុជាត្រូវប្រកាន់របបសេរីពហុបក្ស ដែលមានចែងក្នុងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលគូភាគីខ្មែរទាំងបួនបានចុះហត្ថលេខា។
«ពេលណាដែលរដ្ឋាភិបាលរំលាយគណបក្សដែលធំ មានន័យថា គេរំលោភប្រជាធិបតេយ្យមែនទែនហើយ គឺវាកើតជាប្រទេសកាន់អំណាចផ្តាច់ការ ហើយពួកអំណាចផ្តាច់ការគេចង់បង្កើតគណបក្សតូចៗហ្នឹង ហើយអួតអន្តរជាតិថា ប្រទេស យើងជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ហើយអន្តរជាតិក៏គេមិនជឿដែរ។ ហើយគេជឿថា លោក ហ៊ុន សែន ធ្វើគឺធ្វើល្មើសច្បាប់អន្តរជាតិ។ អន្តរជាតិគេក៏មើលដែរថា គណបក្ស កឹម សុខា ជាគណបក្សតូច ឬគណបក្សធំ ជាគូប្រឆាំងគេមើល។ ខ្ញុំជឿថាការបិទគណបក្សលោក កឹម សុខា ហើយនឹងការចាប់ខ្លួនលោក កឹម សុខា គឺជាការរំលោភសិទ្ធិមនុស្ស ហើយការបោះឆ្នោតនៅស្រុកខ្មែរនឹងមិនអាចកើតជាការបោះឆ្នោតដោយយុត្តិធម៌ទេ»។
នៅក្នុងទស្សនៈរបស់លោក បូវ៉ាត់សិទ្ធិ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពលទ្ធិប្រជាធិបតេយ្យ និងកិច្ចព្រមព្រៀងក្រុងប៉ារីសទេ តែមានការរំលោភរហូត។ លោកបានទទូចឲ្យមានការទាមទារដល់អន្តរជាតិ ដើម្បីឲ្យគេដឹងរឿងបញ្ហារំលោភសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបញ្ហាផ្សេងទៀតៗ ដែលលោកថា បើមិនដូច្នោះទេ អន្តរជាតិ គេនឹងមិនដឹងហើយនឹងចាប់អារម្មណ៍ទេ។
«គឺរឿងហ្នឹងហើយ ដែលយើងទាមទារថា អ្នកឯងជួយមើលខ្ញុំផង អ្នកឯងផ្តល់អំណោយទៅរដ្ឋាភិបាលកាន់អំណាចតាមបែបប្រជាធិបតេយ្យ អ្នកឯងគួរល្មមឈប់ហើយ។ បើសិនជាគេមិនគោរព សូមអ្នកឯងគៀបឲ្យខ្លាំងមែនទែន។ ហ្នឹងជាចំណុចចុងក្រោយបំផុត ជាគោលចុងក្រោយបំផុត»
អាជ្ញាធរគណបក្សកាន់អំណាចបានចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិ ដោយយោងតាមការឃោសនារបស់លោកក្នុងវីដេអូឃ្លីបមួយ ដែលលោកបាននិយាយពីគម្រោងការយកឈ្នះគូប្រកួតរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៣០ឆ្នាំ ក្រៅពីការបិទអង្គការ សារព័ត៌មានឯករាជ្យនានាក្នុងប្រទេសកម្ពុជា ដោយយោងលើហេតុផលថាបានប្រព្រឹត្តខុសច្បាប់ និងការមិនបង់ពន្ធជាដើម។ តែគណបក្សជំទាស់វិញចាត់ទុកថាទង្វើរបស់រដ្ឋាភិបាលគណបក្សគ្រប់គ្រងប្រទេស គឺជាការខ្លាចចាញ់ការបោះឆ្នោតខាងមុខ។ ទោះជាមានប្រតិកម្មយ៉ាងច្រើនពីអន្តរជាតិក្តី រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែមិនខ្វល់នឹងការថ្កោលទោសជាអន្តរជាតិទាំងអស់ទេ តែថែមទាំងបង្កើនវិធានការរបស់ខ្លួនទៀតដោយបានធ្វើវិសោធនកម្មច្បាប់ប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ដែលមាន៥៥អាសនៈក្នុងរដ្ឋសភា ដែលមានសំឡេងចំនួន១២៣អាសនៈសរុប។
លោក រាជ ធីណាត (Reach Thinath) ពលរដ្ឋខ្មែរអាមេរិកាំងមកពីក្រុង Portland នៃរដ្ឋ Oregon ដែលបានចូលរួមក្នុងកិច្ចពិភាក្សាអំពីបញ្ហាខ្មែរក្នុងក្រុង Auburn រដ្ឋ Washington State កាលពីថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៧ បានថ្លែងថា ការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតនឹងបើកបង្ហាញឲ្យអន្តរជាតិឃើញថាកម្ពុជាមិនមែនជាប្រទេសប្រកាន់ប្រជាធិបតេយ្យទេ។ លោកថា អន្តរជាតិប្រាកដជាខកចិត្ត ដោយសារគេចំណាយលុយជាង២ពាន់លានដុល្លារ ដើម្បីធ្វើឲ្យកម្ពុជាមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ តែបែរជាមានការចង់រំលាយបក្សជំទាស់ និងការធ្វើទុក្ខបុកម្នេញគណបក្សជំទាស់។
«ជាគំនិតរបស់ខ្ញុំ ខ្ញុំសំណូមពរដល់រដ្ឋាភិបាលកម្ពុជាមិនគួររំលាយគណបក្ស សង្គ្រោះជាតិទេ ដើម្បីទុកមុខមាត់ដល់ប្រទេសជាតិយើង ដើម្បីឲ្យអន្តរជាតិមើលឃើញថាប្រទេសជាតិយើងស្ថិតក្នុងប្រទេសមានប្រជាធិបតេយ្យ មានគណបក្សប្រឆាំង និងគណបក្សដែលកាន់អំណាច»។
លោកថា នៅប្រទេសកម្ពុជាដែលលោកមើលឃើញ គឺការរំលោភសិទ្ធិមនុស្ស បិទសិទ្ធិសេរីភាពនានា បណ្តេញអ្នកស្រុកចេញពីលំនៅដ្ឋាន រំលោភយកដីធ្លី ពលរដ្ឋរស់នៅក្នុងស្ថានភាពភ័យខ្លាច រួមទាំងការភ័យខ្លាចក្នុងការចូលរួមផ្នែកនយោបាយ ហើយនឹងគ្មានសន្តិភាពក្នុងផ្លូវចិត្តនោះទេ។
«ពួកយើងនៅទីនេះ អ្វីដែលយើងអាចធ្វើបាន គឺជាការរួបរួមគ្នាផ្ញើញត្តិទៅអ.ស.ប ផ្ញើញត្តិទៅប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដើម្បីឲ្យគេដឹងឮថា នៅប្រទេសកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយ ដែលមិនប្រក្រតីសម្រាប់ការបោះឆ្នោត អីចឹងសូមឲ្យប្រទេសទាំងអស់ដែលជាប្រទេសហត្ថលេខី និងអ.ស.ប បានដឹងឮ និងចូលធ្វើអន្តរាគមន៍សម្រាប់ប្រទេសកម្ពុជា»។
លោក សេង សោភ័ណ ប្រធានអង្គការគណ:កម្មាធិការ ដើម្បីបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស និងជាពលរដ្ឋរស់នៅក្នុងប្រទេសកាណាដា បានថ្លែងថា ស្ថានការណ៍កម្ពុជាបច្ចុប្បន្នបានវិលទៅរកការដឹកនាំបែបទសវត្សរ៍១៩៨០ ទោះជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៦ឆ្នាំក្តី។
«យើងឃើញថា ឆ្នាំនេះជាឆ្នាំអាក្រក់បំផុតដែលរបបនៃការដឹកនាំរបស់កម្ពុជាយើងត្រឡប់ទៅរកការដឹកនាំនៅឆ្នាំ១៩៨០ ១៩៩០ មុនកិច្ចព្រមព្រៀងក្រុងប៉ារីសម្តងទៀត។ ដូច្នេះវាទៅជារបបឯកបក្ស ហើយការគ្រប់គ្រងបែបផ្តាច់ការ ប្រជាពលរដ្ឋអត់មានសិទ្ធិសេរីភាព ហើយអ្នកដែលគ្រោះថ្នាក់ច្រើនជាងគេនោះ គឺសមាជិកគណបក្សទាំងអស់ មិនថាឡើយគណបក្សប្រជាជន មិនថាឡើយគណបក្សសង្គ្រោះជាតិ គឺជាជនរងគ្រោះទាំងអស់គ្នា ក្រោមការដឹកនាំបែបផ្តាច់ការ ព្រោះតុលាការអត់យុត្តិធម៌។ ដូច្នេះប្រជាពលរដ្ឋទាំងអស់គឺជាចំណាប់ខ្មាំងរបស់អ្នកផ្តាច់ការ»។
លោកថា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ត្រូវតែតស៊ូមតិរួមគ្នា ដើម្បីឲ្យគេដឹងពីការមិនសុខចិត្ត និងបញ្ហារបស់កម្ពុជា។
«តែបើយើងនៅស្ងៀមស្ងាត់ គេអត់ដឹងពីរឿងយើងទេ។ អីចឹងយើងទាំងអស់គ្នាត្រូវតែរួមសាមគ្គីគ្នាទាំងប្រជាជនកម្ពុជាក្នុងប្រទេស ក្រៅប្រទេសហ្នឹង ជាពិសេសយុវជនជំនាន់ថ្មី ដែលមានដល់ទៅចំនួនដល់ទៅ៧០ភាគរយនៃតំណាងពលរដ្ឋខ្មែរ១៥លាននាក់ហ្នឹង ត្រូវតែក្រោកឈរឡើងទាំងអស់គ្នា ត្រូវតែបញ្ចេញសំឡេងឡើង។ ការតស៊ូអហិង្សាមិនមែនមានន័យថា យើងនៅស្ងៀមស្ងាត់ទេ ការតស៊ូអហិង្សាបានន័យថា យើងតស៊ូជាប់ជានិច្ច ដើម្បីតវ៉ានូវអ្វីដែលជាអំពើអយុត្តិធម៌»។
លោក វ៉ាន់ ស ជាវាគ្មិនមួយរូប និងជាពលរដ្ឋម្នាក់ក្នុងរដ្ឋវ៉ាស៊ីនតោនស្តេត ដែលជាសកម្មជនអង្គការសង្គមស៊ីវិល បានលើកយកគំរូក្នុងប្រទេសភូមាដែលកាន់កាប់អំណាចជាច្រើនទសវត្សរ៍ តែទីបំផុតត្រូវបញ្ចប់ ហើយរបបដឹកនាំដោយរដ្ឋាភិបាលយោធាត្រូវបញ្ចប់ និងវិលទៅរករដ្ឋាភិបាលស៊ីវិលវិញ។
«ប្រទេសភូមារាប់ឆ្នាំដែលនៅម្នាក់ឯង គ្មានបរទេសណាដែលគេសូវទទួលស្គាល់ប៉ុន្មាន តែចេះតែរស់នៅដោយលំបាកវេទនា។ អ្នកស្រុកជាច្រើន និងលោកសង្ឃរាប់រយអង្គ ខ្ញុំចាំម្តងនោះ គឺថាមកធ្វើបាតុកម្ម ហើយត្រូវគេបង្ក្រាបខ្លាំងជាងយើងទៅទៀត ក៏វាមានអីចឹង ក៏ប៉ុន្តែអាហ្នឹងវាតាមពេលវេលា។ ភូមាធ្លាប់ទ្រាំទ្ររឿងហ្នឹងរាប់ឆ្នាំដែរ ដែលពួកទាហានមកកាន់កាប់ហ្នឹង តែដល់ពេលមួយហ្នឹងគឺត្រូវតែរំសាយទៅដែរ»។
ប្រទេសកម្ពុជា និងភូមាធ្លាប់ទទួលរងនៅទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយនៅពេលមានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរមុនពេលត្រូវលើកលែងវិញ។
បន្ថែមពីលើប្រតិកម្មជុំវិញពិភពលោក សហភាពអន្តរសភា ដែលមានសមាជិកជាង៨០០រូប ហៅថា Inter-Parliamentary Union (IPU) មានតំណាង១៧៣ប្រទេសរួមទាំងកម្ពុជាផង។ ស្ថាប័នពិភពលោកមួយនេះ បានបញ្ចេញប្រតិកម្មទាមទារឱ្យគណបក្សប្រឆាំងកម្ពុជាអាចធ្វើសកម្មភាពបានដោយសេរី និងចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ បានដោយពេញលេញ។ ប្រតិកម្មនេះកើតឡើង ក្រោយពេលដែល សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានអំពាវនាវជាថ្មីដល់រដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញក្រុមជំទាស់ និងហៅការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថា ជាការដកសិទ្ធិពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយថ្មីទៀត ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភ ដែលរដ្ឋសភាកម្ពុជាបានអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃច័ន្ទ។
អ្នកស្រី Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃច័ន្ទថា ប្រសិនបើចូលជាធរមាន វិសោធនកម្មច្បាប់នេះរួមគ្នាជាមួយនឹងបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិ នឹងដកសិទ្ធិពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិក្នុងពេលបោះឆ្នោតឆ្នាំ២០១៣ និង២០១៧។ អ្នកស្រី Heather Nauert បានបន្ថែមថា៖
«ការប្រកួតដោយត្រឹមត្រូវមានសារៈសំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យ និងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ ប្រវត្តិសាស្រ្តបង្ហាញថា ការគាបសង្កត់សកម្មភាពនយោបាយស្របច្បាប់ នឹងនាំឱ្យមានអស្ថិរភាពរយៈពេលយូរទៀត។ យើងទទូចឱ្យមន្ត្រីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ ដែលអាចកើតមានឡើងពីសកម្មភាពនាពេលថ្មីៗនេះ»។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកដូច្នេះ បានបង្ហាញពីក្តីបារម្ភអំពីស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពេលរដ្ឋសភាជាតិកម្ពុជាបានអនុម័តវិសោធនកម្មច្បាប់បោះឆ្នោតនៅកម្ពុជា៕