ទោះជាបីជាមានការប្តឹងតវ៉ាប្រឆាំងនឹងនីតិវិធីការចោទថា ភាពមិនប្រក្រតីនៃការបោះឆ្នោតពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋដែលគេព្យាករណ៍ថា នឹងចាញ់ការបោះឆ្នោតទៅលោក ចូ បៃដិន (Joe Biden) គូប្រជែងនយោបាយរបស់លោក មកពីគណបក្សប្រជាធិបតេយ្យក្តី ក៏ក្រុមអ្នកបោះឆ្នោតខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋមួយចំនួន មានការជឿជាក់លើប្រព័ន្ធច្បាប់និងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកដដែល។
ពួកគេបានបញ្ជាក់ពីក្តីរំពឹងថា នឹងធ្វើឲ្យមានការផ្ទេរអំណាចតាមច្បាប់ពីលោក ត្រាំ ទៅលោក បៃដិន ដែលគេព្យាករណ៍ថា ជាប្រធានាធិបតីជាប់ឆ្នោត។
លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋ Maryland បានថ្លែងថា សហរដ្ឋអាមេរិកគឺជាប្រទេសប្រជាធិបតេយ្យនិងយកច្បាប់ជាធំ ដោយលោកមិនរំពឹងថា នឹងមានបញ្ហាអ្វីក្នុងរឿងផ្ទេរមុខតំណែងពីប្រធានាធិបតីដែលគេព្យាករណ៍ថា ចាញ់ឆ្នោតទៅប្រធានាធិបតីដែលគេរំពឹងថា ជាប់ឆ្នោតនោះទេ។
លោក ច័ន្ទលី បញ្ជាក់ប្រាប់វីអូអេថា៖ «ដូច្នេះហើយទោះបីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត មិនផ្ទេរតំណែងដោយសន្តិវិធី ឬមិនព្រមចុះចេញពីតំណែងយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋអាមេរិកាំងគេមិនអនុញ្ញាតឲ្យបុគ្គលណាមួយធ្វើអីចឹងទេ»។
ជារៀងរាល់ ៤ ឆ្នាំម្តង សហរដ្ឋអាមេរិករៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងអ្នកតំណាងនានាគ្រប់ជាន់ថ្នាក់ពាសពេញប្រទេស ហើយការផ្ទេរអំណាចប្រធានាធិបតីត្រូវគេរំពឹងថា នឹងធ្វើនៅថ្ងៃទី ២០ ខែមករា ក្រោយពេលបោះឆ្នោតខែវិច្ឆិកាសប្តាហ៍មុននេះ។
ពលរដ្ឋអាមេរិកាំងនៅឆ្នាំនេះ ប្រមាណ ១៥៨ លាននាក់ បានចេញទៅបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីដែលគេពេញចិត្ត ដោយមានអ្នកបោះឆ្នោតប្រមាណ ៧១ លាននាក់ បានបោះឲ្យលោក ត្រាំ បេក្ខជនមកពីខាងគណបក្សសាធារណរដ្ឋនិង ជាង ៧៥ លាននាក់បានបោះឆ្នោតជ្រើសរើសលោក ចូ បៃដិន បេក្ខជនខាងគណបក្សប្រជាធិបតេយ្យ។ នេះបើតាមតួលេខពីទីភ្នាក់ងារព័ត៌មាន AP។
ប៉ុន្តែសំខាន់ជាងនេះ ចំពោះចំនួនប្រតិភូអង្គបោះឆ្នោតវិញដែលជាកត្តាកំណត់ជ័យជម្នះនៅក្នុងប្រព័ន្ធបោះឆ្នោតដោយប្រយោលរបស់សហរដ្ឋអាមេរិកនោះ លោក បៃដិន ត្រូវគេព្យាករណ៍ថា បានទទួលសំឡេងអង្គបោះឆ្នោតយ៉ាងតិច ២៧៩ សំឡេង លើសពីចំនួនតម្រូវយ៉ាងតិច ២៧០ ដើម្បីកំណត់ថាឈ្នះឆ្នោតជាប្រធានាធិបតី។
តែបញ្ហាពេលនេះនៅត្រង់លោក ត្រាំ បានចោទប្រកាន់ថា ការបោះឆ្នោតមានការបន្លំលួចសន្លឹកឆ្នោត មាននីតិវិធីមិនត្រឹមត្រូវ ដោយមិនទាន់ទទួលស្គាល់លទ្ធផលក្រៅផ្លូវការនេះទេ ហើយថា លោកនឹងតតាំងតាមផ្លូវច្បាប់ស្នើដល់តុលាការកំពូលទៀត បើចាំបាច់ឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។
លោក គុជ ច័ន្ទលី បានបន្ថែមពីការជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតថា៖ «ទោះបីជាយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា វាមានអ្នកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ ហ្នឹងច្រើនណាស់ដែរ មានការកើតទុក្ខមិនសុខចិត្ត ហើយមិនទទួលស្គាល់សេចក្តីប្រកាសលទ្ធផល (ក្រៅផ្លូវការ) នៃការបោះឆ្នោតនេះទេ ហើយគេកំពុងមានការតតាំងជាច្រើនតាមដងផ្លូវ និងតាមមធ្យោបាយផ្សេងៗជាច្រើនទៀត»។
លោកបានបន្តថា នៅសហរដ្ឋអាមរិកគ្មាននរណាមួយធំលើច្បាប់ទេនេះ ជារដ្ឋធម្មនុញ្ញដែលបានចែងថា «គ្មាននរណាមួយនៅពីលើច្បាប់» «យើងជាប្រជាពលរដ្ឋ» មានន័យថា ពលរដ្ឋជាធំក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដូចសហរដ្ឋអាមេរិកនេះ។
លោក ទូច វិបុល ពលរដ្ឋខ្មែរមកពីរដ្ឋ North Carolina បានថ្លែងថា ការបោះឆ្នោតនេះហាក់ដូចជាគ្មានបញ្ហាធំដុំទេនៅទូទាំងប្រទេស តែការប្តឹងផ្តល់ គឺជារឿងផ្លូវច្បាប់ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីទាំងសងខាង។
លោកបញ្ជាក់ថា៖ «ខ្ញុំមានជំនឿថា សហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យនរណាមួយនៅក្រាញអំណាចបានទេទី ១ ហើយទី ២ ក៏មិនអាចឲ្យនរណាលួចបន្លំសន្លឹកឆ្នោតបានដែរ។ អីចឹង អំណាចស្ថិតនៅលើតុលាការ»។
លោកវិបុលបន្តថា វាជារឿងសំខាន់នៅលើភស្តុតាងដែលភាគីលោកប្រធានាធិបតី ត្រាំ ត្រូវបង្ហាញដល់តុលាការ បើពុំដូច្នោះទេ លោកនឹងត្រូវគេចោទប្រកាន់ថា មិនចង់ទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោក បៃដិន ត្រូវគេព្យាករណ៍ថាឈ្នះនេះ។
លោក វិបុល ពន្យល់ថា៖ «ប្រធានាធិបតី ត្រាំ រាល់ថ្ងៃឃើញគាត់ធ្វើការតវ៉ាអីចឹងក៏ដោយ ក៏ប៉ុន្តែបើសិនជាតុលាការសម្រេចចិត្តហើយរ កឃើញការលើកឡើងរបស់គាត់ហ្នឹង វាអត់មានមូលដ្ឋានអីទេ រឿងហ្នឹងគាត់មិនទទួលយកលទ្ធផលនៃភាពជាក់ស្តែងហើយ»។
ពីរដ្ឋ California លោក ប្រាក់ សេរីវុឌ្ឍ ពលរដ្ឋខ្មែរអាមេរិកាំងនិងជាប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ពុំសូវជឿថា មានការបន្លំសន្លឹកឆ្នោតនៅសហរដ្ឋអាមេរិកទេ ដោយលោកថា៖ «ការបោះឆ្នោតនេះ វាត្រឹមត្រូវហើយ គ្មាននរណាបន្លំបានទេ បើអាចមានគឺមានយ៉ាងតិចតួចបំផុត ហើយគឺថាវាស្ទើរតែគ្មានផងសម័យនេះ គេប្រយ័ត្នណាស់»។
លោកបានដាក់ការសង្ស័យថា លោក ដូណាល់ ត្រាំ ហាក់ដូចបានរៀបចំខ្លួន ឬក៏ដឹងតាំងពីមុនម្ល៉េះ ថាគាត់នឹងចាញ់ឆ្នោត និងរៀបចំការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។
លោកសួរថា៖ «ហើយចុះបើគាត់យល់ថាការបោះឆ្នោតហ្នឹងរបៀបរចនាសម្ព័ន្ធ វាមិនល្អ វាពុករលួយម៉េចក៏គាត់មិនប្តឹងតាំងពីមុនពេលបោះឆ្នោតទៅចាំដល់បោះ ហើយឃើញចាញ់ហើយបានគាត់ធ្វើអីចឹង»?
លោក ប្រាក់ សេរីវុឌ្ឍ ថ្លែងដូច្នេះ ដោយយោងថា លោក ត្រាំ បានរៀបចំចៅក្រមតុលាការកំពូលឲ្យមានសំឡេងភាគច្រើនដាច់ខាត ដើម្បីជួយលោក។
ទោះជាមានមន្ត្រីសំខាន់ៗខ្លះខាងគណបក្សសាធារណរដ្ឋដូចជាអតីតប្រធានាធិបតី George W. Bush និងលោកព្រឹទ្ធសមាជិកសភា Mitt Romney គាំទ្រលោក បៃដិន តែសមាជិកព្រឹទ្ធសភាសំខាន់បំផុតដូចជាលោក Mitch McConnell ប្រធានសំឡេងក្រុមភាគច្រើននៅព្រឹទ្ធសភាដ៏មានឥទ្ធិពលមកពីរដ្ឋ Kentucky បានគាំទ្រលោក ដូណាល់ ត្រាំ។
ថ្លែងនៅឯព្រឹទ្ធសភាហើយត្រូវបណ្តាញទូរទស្សន៍ Fox News ដកស្រង់សម្តីមកផ្សព្វផ្សាយនៅថ្ងៃច័ន្ទ លោក McConnell បានបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមិនគួរភ័យខ្លាចពីការត្រួតពិនិត្យមើលបន្ថែមទេ ប្រសិនបើជឿថា ការបោះឆ្នោតនេះដំណើរការដោយយុត្តិធម៌។ លោកថា រដ្ឋធម្មនុញ្ញមិនបានផ្តល់អំណាចវេតូដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសម្រេចមុខតំណែងប្រធានាធិបតីដែរ។
លោកបានបន្តថា លោក ត្រាំ មានសិទ្ធិ ១០០ ភាគរយរបស់លោកក្នុងការពិនិត្យមើលភាពមិនប្រក្រតី និងថ្លឹងថ្លែងពីជម្រើសផ្លូវច្បាប់របស់លោក។
ក្រៅពីលើកឡើងពីឧទាហរណ៍មួយពីបញ្ហាបច្ចេកទេសប្រព័ន្ធកុំព្យូទ័រជិត ៥០ សង្កាត់នៅរដ្ឋ មីជីហ្គែន (Michigan) ដែលនាំឲ្យលោក បៃដិន កើនសំឡេងឆ្នោតជាច្រើនពាន់នោះ សមាជិកព្រឹទ្ធសភា លោក Ted Cruz មកពីរដ្ឋ Texas បានថ្លែងកាលពីម្សិលមិញថា លោក ជឿថា លោក ត្រាំ នៅតែមានផ្លូវឈានទៅរកជ័យជម្នះ។ លោកថ្លែងដូច្នេះដោយយោងថា ត្រូវរាប់សន្លឹកឆ្នោតឡើងវិញ តែមិនរាប់សន្លឹកឆ្នោតដែលលួចបន្លំនិងខុសច្បាប់ទេ។
លោកថ្លែងយ៉ាងដូច្នេះ ក្រោយពីមេធាវីរបស់លោក ត្រាំ គឺលោក Rudy Giuliani ដែលជាអតីតអភិបាលក្រុងញូវយ៉ក បានជម្រាបលោក ត្រាំ កុំឲ្យប្រកាសចុះចាញ់ការបោះឆ្នោតទៅលោក បៃដិន ដោយសារលោកមានអំណះអំណាង និងបានដាក់ពាក្យបណ្តឹងចំនួន ១០ ទៀត ទៅកាន់តុលាការដោយចោទប្រកាន់ថា មានការលួចបន្លំ។ លោកថា ពេលនេះមានភស្តុតាងរឹងមាំថា ការបោះឆ្នោតនេះមានរដ្ឋចំនួន ៣ ឬ ៤ និងអាចដល់ ១០ រដ្ឋ ដែលមានការលួចសន្លឹកឆ្នោត។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សសាធារណរដ្ឋខ្លះដូចជាលោក Romney បានចាត់ទុកថា ការអះអាងពីការបន្លំសន្លឹកឆ្នោតនេះ គឺជារឿងបំផ្លាញដល់សេរីភាព និងធ្វើឲ្យចុះខ្សោយស្ថានប័នរដ្ឋជាគ្រឹះនៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោក៕