ក្រុមអ្នកបោះឆ្នោតខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋនានាអះអាងថា ការប្តឹងតវ៉ារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយការបោះឆ្នោត គឺជារឿងផ្លូវច្បាប់ និងការប្រើប្រាស់សិទ្ធិដែលជារឿងមិនចម្លែកទេ ក្នុងពេលលោក ចូ បៃឌិន កំពុងនាំមុខសំឡេងឆ្នោតនៅរដ្ឋងាករេ ឬ swing State ចុងក្រោយ ដូចជារដ្ឋ Georgia ដែលមាន១៦ ប្រតិភូ និងរដ្ឋ Pennsylvania ដែលមានសំឡេង២០ ប្រតិភូនោះ។
នៅក្រោយពេលដែលមានភ្លើងខៀវពីលោកត្រាំ ដើម្បីដាក់ពាក្យប្តឹងកាលពីថ្ងៃពុធ អ្នកធ្វើយុទ្ធនាការរបស់លោក បានដាក់ពាក្យបណ្ដឹងទាក់ទិននឹងរបៀបចាត់ចែងលើសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍។
ក្រុមរបស់លោក Trump បានស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញ ជាពិសេសនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំងចំនួន ៣ គឺរដ្ឋ Georgia រដ្ឋ Michigan និងរដ្ឋ Pennsylvania ដែលជារដ្ឋសំខាន់នៅក្នុងការកំណត់អ្នកឈ្នះនៃការបោះឆ្នោតនេះ។ ការស្នើសុំឲ្យមានការបញ្ឈប់ការរាប់សន្លឹកឆ្នោតរបស់លោកត្រាំ មិនទាន់មានប្រសិទ្ធិភាពទេ ដោយសារគេអះអាងថា គ្មានហេតុផលសមរម្យ ក្នុងពេលសំឡេងលោកបៃឌិន កើនឡើងនឹងនាំមុខនៅនាទីចុងក្រោយ ដែលគេគណនាក្រៅផ្លូវការថា អាចលើសចំនួនប្រតិភូ២៧០ ឬឈ្នះការបោះឆ្នោត នៅមុនការប្រកាសលទ្ធផលផ្លូវការនោះ ក្នុងលក្ខខណ្ឌដែលលោក បៃឌិន ឈ្នះរដ្ឋ Pennsylvania នេះ។
លោក រី គា ពលរដ្ឋអាមេរិកាំងម្នាក់មានដើមកំណើតមកពីខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅក្នុងទីក្រុង Modesto រដ្ឋ California មានមុខរបរជាគ្រូបង្រៀននៅអនុវិទ្យាល័យមួយផងនោះ បានថ្លែងថា ពាក្យបណ្តឹងលោក ត្រាំ មិនមែនជាការចម្លែកទេ។
«វាជាដំណើរការប្រជាធិបតេយ្យ ដែលគេកំពុងអនុវត្តន៍នៅក្នុងសហរដ្ឋអាមេរិកព្រោះមិនថាតែជាប្រធានាធិបតីទេ ទោះតំណែងហ្នឹងជាអភិបាលរដ្ឋនៅក្នុងសហរដ្ឋអាមេរិកហ្នឹងក្តី កន្លែងណាមួយក្តីដែលគាត់មិនសប្បាយចិត្ត គេមិនអាចទៅប្តឹងផ្តល់ឯណាបានក្រៅពីតុលាការទេ។ នេះជាប្រព័ន្ធធម្មតា»។
លោកថា រឿងនេះធ្លាប់កើតឡើងក្នុងពេលបោះឆ្នោតជាង១ទសវត្សរ៍មុនរវាងលោកអតីតប្រធានាធិបតី គឺលោក George W. Bush ខាងគណបក្សសាធារណរដ្ឋ និង លោកអតីតអនុប្រធានាធិបតី Al Gore ខាងគណបក្សប្រជាធិបតេយ្យកាលពីឆ្នាំ២០០០ ក៏មានការប្តឹងផ្តល់តវ៉ាគ្នា ដូចគ្នាដែរនៅរដ្ឋ Florida តែចុងក្រោយលោក Bush ជាអ្នកឈ្នះក្តី។
ក្រៅពីរំពឹងថា ភាពចម្រូងចម្រាសតាមផ្លូវច្បាប់និងការតវ៉ាខ្លះ នឹងទទួលបានយុត្តិធម៌ពីតុលាការ នឹងគ្មានអំពើហិង្សានោះ លោកចង់ឃើញតំណាង និង ប្រធានាធិបតីថ្មី ត្រូវជួយម្ចាស់ឆ្នោតវិញ ហើយបែងចែកឲ្យស្មើភាពផ្នែកសុខភាព ការងារធ្វើ ផ្តល់ថវិកាដល់សាលារៀន បណ្តុះបណ្តាលធនធានមនុស្ស សម្រួលសេចក្តីត្រូវការសង្គមនានា ដូចជាគាំទ្រ ថវិកា សម្ភារ: ពីរដ្ឋាភិបាលសហព័ន្ធជាដើម។
លោក ធីម៉ូធី ឈឹម ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋ ញូវយ៉ក និងជាអ្នកជំនួញខ្នាតតូច បានថ្លែងថា ការប្តឹងផ្តល់នេះ ជាដំណើរការច្បាប់នៅប្រទេសអាមេរិក បើកាលណាភាគីមួយឃើញថា មានភាពមិនប្រក្រតី និងនីតិវិធីក្នុងដំណើរការបោះឆ្នោត មិនធម្មតា គូភាគីប្រជែងមានសិទ្ធិសុំឲ្យរាប់សន្លឹកឆ្នោតឡើងវិញ។
«ជារឿងធម្មតាបើសិនជាសន្លឹកឆ្នោតហ្នឹងវាកៀកគ្នាពេក ហើយអ្នកដែលចាញ់មិនសុខចិត្តគេត្រូវទៅរកច្បាប់ទម្លាប់ប្តឹងផ្តល់អីចឹងហើយ នេះជារឿងធម្មតា»។
លោក ធីម៉ូធី ឈឹម បានបន្តថា សម្រាប់លោក មានតួនាទីគ្រាន់តែជាអ្នកបោះឆ្នោត និងរង់ចាំទេ បើមានរឿងរ៉ាវត្រូវតតាំងគ្នាតាមផ្លូវច្បាប់រវាងភាគីប្រជែងនោះ។
«យើងមានតួនាទីតែបោះឆ្នោតទេ បើយើងបោះទៅហើយមានបញ្ហាយ៉ាងណា យ៉ាងណី យើងទុកឲ្យតុលាការ បើសិនជារឿងហ្នឹងវាពាក់ព័ន្ធនឹងផ្លូវច្បាប់ យើងទុកឲ្យតុលាការគេធ្វើការទៅ»។
ការផ្លាស់ប្តូរដែលគេចង់បានជួនកាលជារឿងមិនល្អដែរ វាមានហានិភ័យ ហើយមួយទៀតបញ្ហាគោលនយោបាយប្រធានាធិបតីរយៈពេលបួនឆ្នាំ មិនអាចទាន់ធ្វើអ្វីបានច្រើនទេ ដោយពេលវាខ្លីពេក»។
ទោះជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅមិនទាន់ចេញជាផ្លូវការក្តី តែបណ្តាញផ្សព្វផ្សាយនានាទាំងគាំទ្រ និងប្រឆាំង បានបង្ហោះលទ្ធផលក្រៅផ្លូវការមួយចំនួនដែលបង្ហាញថា លោក ដូណាល់ ត្រាំ ទទួលបានសំឡេង ២១៤ ហើយលោក ចូ បៃឌិន នៃគណបក្សប្រជាធិបតេយ្យទទួលបានសំឡេង ២៦៤ ឬក៏ខ្លះថា ២១៤ ទល់នឹង ២៥៣ គិតត្រឹមថ្ងៃសុក្រទី៦ ខែវិច្ឆិកានេះ។ បេក្ខជនទាំងពីរត្រូវការសំឡេងឆ្នោតប្រតិភូចំនួនយ៉ាងតិច២៧០ ដែលជាសំឡេងកំណត់ថាឈ្នះការបោះឆ្នោត ដើម្បីនឹងក្លាយជាប្រធានាធិបតី។
ការប្តឹងផ្តល់នេះ ទំនងជាអូសបន្លាយពេលយូរក្នុងការប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការចុងក្រោយ បើសិនជាតុលាការទទួលបានអំណះអំណាងសមរម្យក្នុងការសម្រេចតាមការទាមទាររបស់គូភាគីណាមួយ។
លោក អួង រិទ្ធី ខ្មែរអាមេរិកាំងមកពីទីក្រុង Lowell រដ្ឋ Massachusetts និងជាអតីតក្រុមប្រឹក្សាក្រុង Lowell ដំបូងផងនោះ បានថ្លែងថា ការប្តឹងផ្តល់ជាដំណើរការផ្លូវច្បាប់ដែលទំនងជាត្រូវការពេលវេលាដើម្បីដោះស្រាយតាមផ្លូវច្បាប់ ដែលគេត្រូវរង់ចាំលទ្ធផលបោះឆ្នោតដែរ។
«ទោះចាំក៏យើងត្រូវតែចាំដែរ ព្រោះជាកិច្ចការដែលយើងត្រូវធ្វើទៅតាមភាពស្របច្បាប់ ព្រោះយើងមិនចង់ឲ្យមានការបាត់សន្លឹកឆ្នោតប្រជាពលរដ្ឋណាមួយ»។
ទោះជាលោក រិទ្ធី បានបង្ហាញពីសេរីភាពតាមផ្លូវច្បាប់ចំពោះការប្តឹងផ្តល់របស់លោក ត្រាំ មែន តែថានេះ គឺជាការមិនចង់ទទួលខុសត្រូវចំពោះលទ្ធផលឆ្នោតផងដែរ នៅពេលលោក បៃឌិន នាំមុខខ្លាំង ក្នុងពេលរាប់សន្លឹកឆ្នោត។
លោក សេក កុសល ពលរដ្ឋខ្មែរអាមេរិកាំងមកពីរដ្ឋមីនីសូតា បានថ្លែងថា គូប្រកួតប្រជែងទាំងពីរនៅមានពេលវេលាមួយខែ ដើម្បីតតាំងគ្នាតាមផ្លូវច្បាប់។
«សម្រាប់ខ្ញុំវិញខ្ញុំគិតថាវារឿងធម្មតា វាជាឱកាសល្អ ជាគំរូល្អដើម្បីឲ្យប្រព័ន្ធបោះឆ្នោតក្រៅប្រទេសអាចសម្លឹងឃើញថា យើងមានភាពអព្យាក្រឹត ដូច្នេះទោះជាភាគីលោក ដូណាល់ ត្រាំ គាត់ចង់ប្តឹងផ្តល់រឿងហ្នឹងជាសេរីភាពរបស់គាត់ ហើយបើសិនជាលោក ចូ បៃឌិន គាត់មិនយល់ព្រមដែរ ក្នុងរយ:ពេល១ខែជាងខាងមុខហ្នឹង គាត់មានសិទ្ធិធ្វើអីចឹងដែរ»។
លោកថា លោកចុះឈ្មោះបោះឆ្នោតជាអ្នកឯករាជ្យ គឺចង់ឃើញអ្នកដឹកនាំមិនប្រើពាក្យសម្តី វាយប្រហារគ្នាខ្លាំង ដែលនាំឲ្យពិភពលោកមើលឃើញថា សហរដ្ឋអាមេរិកទាំងមូលមានតែការឈ្លោះគ្នា ដែលផ្ទុយពីការផ្តល់តម្លៃជាច្រើនសតវត្សរ៍ថា ជាប្រទេសសន្តិភាព ថ្លែថ្នូរ ផងនោះ។
គេឃើញមានបាតុកម្ម និងការបង្ក្រាបរបស់អាជ្ញាធរកើតឡើងនៅរដ្ឋមួយចំនួនក្នុងប្រទេសអាមេរិក តែមិនទាន់មានអំពើហិង្សាធំដុំកើតឡើងទេ ទន្ទឹមគ្នាដែលបេក្ខជនប្រធានាធិបតីទាំងពីរ គឺលោក ត្រាំ និងលោក បៃឌិន ប្រកាសពីជ័យជម្នះដូចគ្នាមុនពេលការប្រកាសលទ្ធផលឆ្នោតជាផ្លូវការថា បេក្ខជនណាមួយត្រូវក្លាយជាប្រធានាធិបតីនៅខែមករា ឆ្នាំ២០២១ ខាងមុខនេះ៕