អ្នកនិពន្ធបទភ្លេងខ្មែរអាមេរិកាំងទទួលបានកិត្តិយសខ្ពស់
បណ្ឌិត្យសភាអាមេរិកាំងសម្រាប់សិល្បៈនិងអក្សរ ឬ American Academy of Arts and Letters បានជ្រើសរើសសមាជិកថ្មីមួយចំនួននៅឆ្នាំ២០២០ ដែលក្នុងនោះរួមមានអ្នកនិពន្ធតន្ត្រីខ្មែរអាមេរិកាំងម្នាក់គឺលោកបណ្ឌិតសាស្ត្រាចារ្យ អ៊ុង ជិនណារី។ ការក្លាយជាសមាជិកនៃបណ្ឌិតសភាអាមេរិកាំងនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយជាលក្ខណៈអន្តរជាតិ។ បណ្ឌិត្យសភាដ៏ល្បីល្បាញរបស់អាមេរិកនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៨ ហើយគឺជាសហគមន៍សិល្បៈកំពូលគួរឱ្យគោរពបំផុតមួយនៅសហរដ្ឋអាមេរិក។ សហគមន៍នេះ សមាជិកតែ ២៥០នាក់ប៉ុណ្ណោះ ដោយរួមមានស្ថាបត្យករ សិល្បករ អ្នកនិពន្ធតន្ត្រី និងអ្នកនិពន្ធសៀវភៅឈានមុខគេ គ្រប់គ្រងលើពានរង្វាន់សិល្បៈចំនួន៧០ ដើម្បី«ជំរុញ ជួយ និងទ្រទ្រង់ឧត្ដមភាព» ផ្នែកអក្សរសាស្ត្រ តន្ត្រី និងសិល្បៈក្នុងសហរដ្ឋអាមេរិក។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីទីក្រុង San Diego រដ្ឋ California។