ព្រះរាជពិធីច្រត់ព្រះនង្គ័លនៅថ្ងៃនេះ បានបញ្ចប់ដោយមានការរំពឹងថា ផលិតផលសណ្តែកនិងពោតនឹងបានទិន្នផលល្អនៅឆ្នាំនេះ ហើយផលិតផលស្រូវមិនជាល្អប៉ុន្មានទេ។
ព្រះមហាក្សត្រកម្ពុជានរោត្តម សីហមុនីបានយាងជាអធិបតីនៃព្រះរាជពិធីប្រចាំឆ្នាំនេះ ដែលបានប្រារព្ធធ្វើឡើងនៅខេត្តបាត់ដំបង និងមានលោកអភិបាលខេត្ត ចាន់ សុផលធ្វើជាស្តេចមាឃ និងភរិយារបស់គាត់ធ្វើជាមេហួរ។
នៅក្រោយពីភ្ជួរបីជុំស្រែគោឧសភរាជមួយគូត្រូវបានគេដឹកទៅឱ្យបរិភោគអាហារដែលមាន៧មុខដែលមានស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា។
អាចារ្យព្រាហ្មបានប្រកាសក្នុងពិធីដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជាថា៖
«សណ្តែកក្នុងឆ្នាំនេះទទួលបានលទ្ធផលច្រើន។ ពោតក៏ទទួលបានលទ្ធផលច្រើនដែរ»។
នៅឯពិធីនោះក៏មានដាក់តាំងពិពរណ៌សមិទ្ធិផលកសិកម្មរបស់ប្រជាកសិកររយៈពេលបីថ្ងៃដោយចាប់ផ្តើមពីថ្ងៃនេះដល់ថ្ងៃទី៨ខែឧសភា។
ពិធីនេះមានមនុស្សរាប់រយនាក់បានចូលទៅទស្សនា៕