ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយថា មាន​អ្នក​កំពុង​រត់ការ​ជួយ​មន្ត្រី​ដែល​ជាប់​ចោទ​ពី​បទ​ពុករលួយ


រូបឯកសារ៖​ លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅក្នុង ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ឯ​រោង​​មហោស្រព​កោះពេជ្រ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​ ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​​។ (ហ៊ាន សុជាតា​/ VOA Khmer)
រូបឯកសារ៖​ លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅក្នុង ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ឯ​រោង​​មហោស្រព​កោះពេជ្រ ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ពុធ​ ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៥​​។ (ហ៊ាន សុជាតា​/ VOA Khmer)

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ លោក ​អ៊ា សែ​ វ័យ​៤២​ឆ្នាំ ដែល​ជា​ប្រធាន​ការិយាល័យ​អូស្ត្រាលី​ នូវែលហ្សេឡង់​ នៅ​នាយកដ្ឋាន​អាស៊ី២​នៃ​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ពី​បទ​«វីតិក្រម»​តាម​ក្រម​ព្រហ្មទណ្ឌ។

ប្រធាន​ប្រឆាំង​អំពើ​ពុករលួយ​ បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​កំពុង​រត់​ការ​ ជួយ​មន្ត្រី​ក្រសួង​ការបរទេស​ម្នាក់ ដែល​ជាប់​ចោទ​ពី​បទប្រព្រឹត្ត​អំពើ​ពុករលួយ។

លោក​ ឱម​ យិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ បាន​បញ្ជាក់​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ លោក ​អ៊ា សែ​ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​វីតិក្រម​នោះ កំពុង​មាន «​អ្នក​រត់ការ» ដើម្បី​ជួយ​ជន​ជាប់ចោទ​រូប​នេះ។

«យើង​ខ្ញុំ​គិត​ថា​ គាត់​នេះ​មាន​ខ្សែ​ មាន​បក្ស​ពួក​ច្រើន​ កំពុង​រត់​ការ​ជួយ​គាត់។ ដូច្នេះ​យើង​ខ្ញុំ​ចាំ​មើល​បន្ត​ទៀត​ដែរ​បាទ»។

លោក​ ឱម​ យិន​ទៀង​ បន្ត​ថា​ លោក ​អ៊ា សែ​ នៅ​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត ប៉ុន្តែ សម្រាប់​ពេល​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ផ្ដោត​តែ​ទៅ​លើ​ករណី​ពុករលួយ​នេះ​សិន។

«បាទ​ ខ្ញុំ​គិត​ថា​ គាត់​នៅ​មាន​រឿង​ច្រើន។ ប៉ុន្តែ​យើង​ធ្វើ​តែ​មួយ​រឿង​ហ្នឹង​សិន​ទេ​បាទ»។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ លោក ​អ៊ា សែ​ វ័យ​៤២​ឆ្នាំ ដែល​ជា​ប្រធាន​ការិយាល័យ​អូស្ត្រាលី​ នូវែលហ្សេឡង់​ នៅ​នាយកដ្ឋាន​អាស៊ី២​នៃ​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ពី​បទ​«វីតិក្រម»​តាម​ក្រម​ព្រហ្មទណ្ឌ​ ក្រោយ​ពី​ជន​ជាប់ចោទ​រូប​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ ក្រោម​ការ​សង្ស័យ​ថា​ លោក​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​ចៅក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

រូបឯកសារ៖ សន្តិសុខត្រូវបានបន្តឹងនៅមុខក្រសួងការបរទេស ជាកន្លែងដែលលោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយលោក ហោ ណាំហុងរដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ សន្តិសុខត្រូវបានបន្តឹងនៅមុខក្រសួងការបរទេស ជាកន្លែងដែលលោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយលោក ហោ ណាំហុងរដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)

វីតិ​ក្រម​គឺ​ជា​អំពើ​របស់​អ្នក​រាជការ​សាធារណៈ​ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ​ដោយ​ការ​បោះឆ្នោត ដែល ១)ទាម​ទារ​ ឬ​ទទួលជា​សិទ្ធិ​ជា​ពន្ធ​ ជា​អាករ​ នូវ​ចំនួន​ប្រាក់​ដែល​ខ្លួន​បាន​ដឹង​ ថា​មិន​ត្រូវ​បង់​ ឬ​ដែល​លើស​ពី​ចំនួន​ដែល​គេ​ត្រូវ​បង់ និង ២)​យល់​ព្រម​ក្រោម​រូប​ភាព​ណា​មួយ​ និង​ដោយ​មូល​ហេតុ​ណា​មួយ​ក៏ដោយ​ ធ្វើ​ការ​លើក​លែង​ ឬ​ការ​លោះលា​ចំពោះ​ការ​បង់​ពន្ធ​ ឬ​អាករ​ដែល​ខ្លួន​ដឹង​ថា​ខុស​ច្បាប់។​ នេះ​បើ​យោង​ទៅតាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រកម្ពុជា។

ប្រសិនបើ​មាន​ទោស​ ជន​ជាប់​ចោទ​រូប​នេះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន​រៀល ទៅ​១០​លាន​រៀល។

លោក ឃី ឆៃ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា​ តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ អ៊ា សែ​ តែ​លោកសុំ​មិន​ធ្វើ​ការ​អធិប្បាយ​បន្ថែម​ អំពី​ការ​ចោទប្រកាន់​នេះ​ទេ​ ពីព្រោះ​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ស៊ើប​អង្កេត​នៅ​ឡើយ។

«ទេ​ កុំ​មក​សួរ​អង្គហេតុ​ កំពុង​តែ​សួរ​អញ្ចឹង​ ចាំ​មើល​ថ្ងៃ​ច័ន្ទ»។

ក្រោយ​ពី​មាន​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​រូប​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​មន្ត្រី​នៅ​ក្នុង​ក្រសួង​ការបរទេស​នោះ លោក​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​មន្ត្រី​បម្រើ​ការ​នៅ​ក្នុង​ក្រសួង​នេះ​ ឲ្យ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ដោយ​លោក​លើកឡើង​ថា ​ការ​ចាប់​ខ្លួន​នេះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង ​ដោយ​សារ​មាន​«ភស្តុតាង​ច្បាស់លាស់​ អំពី​ការ​ទទួល​យក​លុយ​ពី​ក្រុមហ៊ុន​បរទេស​ ដើម្បី​ប្រថាប់​ត្រា​បញ្ជាក់​លើ​ឯកសារ​ ដែល​មិន​ពាក់ព័ន្ធ​នឹង​ក្រសួង​ការ​បរទេស​ទេ»។​

VOA ​ពុំ​អាច​ទាក់​ទង​លោក​ ជុំ​ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ដើម្បី​ស្នើសុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ៕

XS
SM
MD
LG