អំពើហិង្សាក្នុងប្រទេសកម្ពុជាមានទម្រង់ច្រើនយ៉ាងក្រោយពីសង្រ្គាមនិងរបប ខ្មែរក្រហមដែលបានធ្វើបាបដល់ពលរដ្ឋកម្ពុជា។ នេះបើតាមលោកស្រី ពុង ឈីវហ្គេច នាយិកាអង្គការសិទ្ធិមនុស្សលីកាដូដែលបានថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ទី១២ខែមេសាឆ្នាំ២០១២ មុនពេលដែលកម្ពុជាប្រារព្ធពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលពិភាក្សាអំពីប្រធានបទ «ការទប់ស្កាត់ អំពើហិង្សាក្នុងប្រទេសកម្ពុជា»។
លោកស្រី ពុង ឈីវហ្គេច អះអាងថា លោកស្រីបានទទួលករណីអំពើហិង្សាជាង ២០០ កើតឡើងក្នុងប្រទេសកម្ពុជា រាប់ទាំងអំពើហិង្សាក្នុងគ្រួសារ ក្នុងសង្គមជាដើម កើតឡើងលើរាងកាយ ផ្លូវចិត្ត សេដ្ឋកិច្ច និងពាក្យសម្តីជាដើម។
លោស្រីអះអាងថា ពលរដ្ឋកម្ពុជាត្រូវចេះអន់ឱនឲ្យគ្នាទៅវិញទៅមក មិនត្រូវប្រើអំពើហិង្សាដោះស្រាយបញ្ហា។
«ព្រោះបើមានអំពើហិង្សានៅក្នុងគ្រួសារក្តី នៅក្រៅគ្រួសារក្តី ប្រទេសហ្នឹងនឹង អស្ថេរភាព។ បើអស្ថេរភាពហើយពិបាកអភិវឌ្ឍប្រទេសជាតិណាស់។ អ្នកដែល គេដាក់វិនិយោគទុន គេមើលតែឃើញកន្លែងណាមានអំពើហិង្សាច្រើនអី គេមិន ចូលចិត្តដាក់វិនិយោគទុនទេ។ អញ្ចឹងប្រទេសយើងមិនសូវបានអភិវឌ្ឍល្អទេ»។
ទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក គាត ចន្ថារិទ្ធ អ្នកនាំពាក្យ ប៉ូលីសកម្ពុជាបានអះអាងថា អគ្គស្នងការនគបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំបទបញ្ជាដល់អាជ្ញាធរប៉ូលីសខេត្តក្រុងមូលដ្ឋាន ដើម្បីឲ្យ មានការរិតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់ពេលចូលឆ្នាំប្រពៃណីខ្មែរឲ្យប្រព្រឹត្ត ទៅដោយក្តីសប្បាយរីករាយសុខសាន្ត។
«សំខាន់យើងប្រមូលផ្តុំលើការចាត់វិធានការការពារតាមពិធីកន្លែងលេងសប្បាយ របស់ប្រជាពលរដ្ឋយើង។ បង្កើនសកម្មភាពយាមកាមកុំឲ្យមានការឈ្លោះទាស់ ទែងគ្នាឬកុំឲ្យមានជនខិលខូចឆ្លៀតឱកាសដើម្បីឆក់លួចទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋយើងក្នុងពេលចូលឆ្នាំដែលកំពុងតែសប្បាយរីករាយហ្នឹង»។
លោកបានបន្ថែមដែរថា បញ្ហាអគ្គីភ័យនិងសន្តិសុខថ្នាក់ដឹកនាំចោរកម្មផ្សេងៗ ក៏ស្ថិតក្នុងការយកចិត្តទុកដាក់របស់អាជ្ញាធរដែរក្រៅពីសកម្មភាពក្មេងទំនើង ដែលលោកឧត្តមសេនីយ៍ឯក គាត ចន្ថារិទ្ធអះអាងពីការថយចុះហើយនោះ។
«អំពើហិង្សាទាក់ទងនឹងក្មេងទំនើងនេះគឺយើងឃើញថាមានការថយចុះគួរឲ្យ មានការកត់សម្គាល់។តែយើងនៅតែបង្កើតសកម្មភាពថែមទៀត។ យើងក៏កត់ សម្គាល់ផងដែរថាអំពើហិង្សាក្នុងគ្រួសារក៏មានការកើតឡើងមួយចំនួនដែរ ជា ពិសេសពាក់ព័ន្ធនឹងការទទួលទានស្រា ទទួលទានច្រើនទៅគ្រប់គ្រងខ្លួន មិនបានពាក់ព័ន្ធនឹងរឿងហ្នឹង»។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី១២ ខែមេសា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com