ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​សុំ​ឲ្យ​​គណបក្ស​​បង្កើន​ចំនួន​យុវជន​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ


យុវជន​ចូល​រួម​កិច្ច​ពិភាក្សា​អំពី​តួនាទី​​យុវជន​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​នយោបាយ ដែល​រៀបចំ​ដោយ​អង្គការ​ IRI កាល​ពី​​ពាក់កណ្តាល​ឆ្នាំ​២០១៣។
យុវជន​ចូល​រួម​កិច្ច​ពិភាក្សា​អំពី​តួនាទី​​យុវជន​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​នយោបាយ ដែល​រៀបចំ​ដោយ​អង្គការ​ IRI កាល​ពី​​ពាក់កណ្តាល​ឆ្នាំ​២០១៣។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា​បាន​ស្នើ​ឱ្យ​គណបក្ស​នយោបាយ​បង្កើន​ចំនួន​យុវជន​ឱ្យ​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ ជា​ពិសេស​ការ​បោះឆ្នោត​ថ្នាក់​រាជធានី​ខេត្ត ​ដែល​នឹង​ប្រព្រឹត្ត​ក្នុង​រយៈពេល​បី​ខែ​ខាង​មុខ​នេះ។ ​សំណើ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​នា​អាណត្តិកន្លង​មក​ដែលយុវជន​មាន​ចំនួន​ដ៏​ទាប​នៅ​ឡើយ បើ​ធៀប​នឹង​ចំនួន​មនុស្ស​វ័យ​ចំណាស់។​

យុវជន​ដែល​ជា​វ័យ​កំពុង​ពេញ​កម្លាំង​មិន​ត្រូវ​បាន​ផ្តល់​ឱកាស​ច្រើន​ទេ​ពី​សំណាក់​គណបក្ស​នយោបាយ​ក្នុង​ការ​ដាក់​ឱ្យ​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ។ ​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​គឺ​សំដៅ​លើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​ស្រុក​ខណ្ឌ ​រហូត​ដល់​ថ្នាក់​រាជធានី​ ខេត្ត។ ​នេះ​ជា​ការ​កត់​សម្គាល់​របស់​វាគ្មិន​នានា​ក្នុង​សិក្ខាសិលា ​និង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ស្តី​ពី​តួនាទី​យុវជន​ និង​ការ​ជំរុញ​ឱ្យ​គណបក្ស​នយោបាយបញ្ចូល​បេក្ខជន​យុវជន​បន្ថែម​ទៀត​ក្នុង​បញ្ជី​បេក្ខជន​បោះ​ឆ្នោត។

លោក​សេង ឫទ្ធី​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ​ និង​ជា​វាគ្មិន​ម្នាក់​ក្នុង​កម្មវិធី​នេះ​ដែល​មានយុវជន​ជាង​១០០​នាក់​ចូលរួម។​ លោក​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ថា​ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​អាណត្តិទី​បី​នេះ​មាន​អ្នក​ជាប់​ឆ្នោត​ជា​យុវជន​ប្រហែល​៥​ភាគ​រយ​ប៉ុណ្ណោះ ចំណែក​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ថ្នាក់​រាជធានី​ ខេត្ត​ក្នុង​អាណត្តិទី​មួយ​នេះ​មាន​ចំនួន​អ្នក​ជាប់​ឆ្នោត​ជា​យុវជន​តិច​ជាង​មួយ​ភាគរយ​ទៅ​ទៀត។ ​

លោកសេង ឫទ្ធី​ជំរុញ​ឱ្យ​គណបក្ស​នយោបាយ​ផ្តល់​ឱកាសដល់​យុវជន​ក្នុង​ការ​ចូលរួម​ក្នុង​ឆាក​នយោបាយ ដែល​បច្ចុប្បន្ន​នេះ​មាន​កម្រិត​ដ៏​ទាប​នៅ​ឡើយ។​

«អ្វី​ជា​ការ​ប្រឈម​គឺ​ដោយ​សារ​គណបក្ស​នយោបាយ​មិន​ទាន់​បាន​ផ្តល់​ឱកាស​ដល់​យុវជនទេ​ គឺ​មិន​មាន​កំណត់​ថា​ គណបក្ស​ «ក»​ត្រូវ​តែ​មាន​យុវជន​៣០​ភាគរយ ​គឺ​យើង​អត់​មាន​អញ្ចឹង​ទេ។​ ហើយ​អ្វីដែលអាច​ជា​ឧបសគ្គ​មួយ​ទៀត​នោះ​ គឺ​ដោយសារ​គណបក្ស​នយោបាយ​ហាក់​ដូច​ជាចាត់​ទុក​យុវជន​ហ្នឹង​ថា​ មិន​បាន​ចូលរួម​ផ្ទាល់​ជាមួយ​គាត់​តាំង​ពី​កកើត​គណបក្ស​នយោបាយ​ មាន​ន័យ​ថា​ គាត់​ចង់​បាន​អ្នក​ដែល​ជួយ​គាត់​ពី​មុន​មក»។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ស្របពេល​ដែល​ការ​បោះឆ្នោត​ថ្នាក់​រាជធានី​ខេត្តកាន់​តែ​ខិត​ចូល​មក​ដល់​គឺ​នៅ​ថ្ងៃ​ទី​១៨​ខែ​ ឧសភា​ខាង​មុខ​នេះ។​

លោកសុខ ពិទូ ​នាយក​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា ​និង​ជា​អ្នក​រៀបចំ​សិក្ខាសាលា​នេះ​ ថ្លែង​ថា យុវជនមាន​តួ​នាទី​សំខាន់​ក្នុង​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ ​ពី​ព្រោះ​យុវជន​ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​មាន​ចំនួន​រហូត​ដល់​៧០​ភាគរយ​នៃ​ប្រជា​ពលរដ្ឋ​ខ្មែរ​សរុប ​និង​ដោយ​សារ​ពួកគេ​ជា​វ័យ​សកម្ម ​មាន​ការ​ច្នៃ​ប្រឌិត ​និង​ចង់​បញ្ចេញ​ស្នាដៃ​ជាង​មនុស្ស​វ័យ​ចំណាស់។​

លោកសុខ ពិទូ​កត់​សម្គាល់​ឃើញ​ថា​ ឃុំ​សង្កាត់​ដែល​មាន​យុវជន​ជាប់​ឆ្នោត​ជា​ប្រធាន​ឃុំ​សង្កាត់​ច្រើន ​ជា​ទូទៅ​មាន​ការ​អភិវឌ្ឍ​ឆាប់​រហ័ស​ជាង​ឃុំ​សង្កាត់​ដែល​គ្មាន​ថ្នាក់​ដឹកនាំ​ជា​យុវជន។​

«កន្លង​មក​គណបក្ស​នយោបាយ​តែង​លើក​ឡើង​ថា​ ខ្លួន​លើក​កម្ពស់​យុវជន​ចូល​ក្នុង​ឆាក​នយោបាយ ​ចូលរួម​អភិវឌ្ឍ​ជាតិ។​ ប៉ុន្តែ​បាន​តែ​និយាយ។​ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​គឺ​អត់​ឃើញ ​ព្រោះ​តំណែង​តួនាទី​យុវជន​ជា​អ្នក​តំណាង​ តំណែង​តួនាទី​នយោបាយ ​ តំណែង​ក្នុង​ថា្នក់​ដឹកនាំ​មាន​កម្រិត​តិច​តួច។ ​នេះ​ជា​ឱកាស​ឱ្យ​គណបក្ស​នយោបាយ​អាច​អនុវត្ត​អ្វី​ដែល​ខ្លួន​ធ្លាប់​សន្យា​ជាមួយ​យុវជន​តាម​រយៈ​ការ​បញ្ចូល​យុវជន​ក្នុង​តំណែង​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ស្រុក ​ខណ្ឌ»។​

កញ្ញាឋាន រស្មី ​អាយុ​១៨​ឆ្នាំ ​ជា​និស្សិត​ឆ្នាំ​ទី​១​នៅ​សកលវិទ្យាល័យ​ខេមរៈ​ថ្លែង​ថា នាង​មាន​បំណង​ឈរ​ឈ្មោះ​ជា​តំណាង​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​ ក្រោយ​ពេល​រៀន​ចប់។​

«មួយ​ទៀត ​ខ្ញុំ​បាន​ដឹង​ថា​ យុវជន​យើង​ក៏​មាន​ឱកាស​ចូលរួម​បោះឆ្នោត​ដូច​គេ​បាន​ដែរ ​ឱ្យ​តែ​មាន​អាយុ​ចាប់​ពី​២៥​ឆ្នាំ​ឡើង​ទៅ ​និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ក្នុង​គណបក្ស​ផ្សេងៗ។​ ថ្ងៃ​ណា​មួយ ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ និង​មាន​ពេល​វេលា​គ្រប់គ្រាន់ ​ ខ្ញុំ​នឹង​ចូលរួម​ធ្វើនយោបាយ​នៅ​ថ្នាក់​ភូមិ​ឃុំ​ខ្ញុំ​ដែរ»។​

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ថា​ ពលរដ្ឋ​ដែល​ស្ថិត​ក្នុង​អាយុ​ចន្លោះ​ពី​១៥​ទៅ​៣០​ឆ្នាំ​គឺ​ជា​យុវជន។​ ដោយ​ឡែក​ការ​បោះឆ្នោត​ថ្នាក់​ក្រោម​ជាតិ​តម្រូវ​ឱ្យ​អ្នក​ឈរ​ឈ្មោះ​ទាំង​អស់​មាន​អាយុ​ចាប់​ពី​២៥​ឆ្នាំ​ឡើង​ទៅ។​

លោកផៃ ស៊ីផាន ​អ្នកនាំពាក្យ​ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល ​និង​លោកយឹម សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​ស្គាល់​ពី​តួនាទី​យុវជន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ ទាំង​នៅ​ថ្នាក់​ជាតិ​ និង​តាម​មូលដ្ឋាន ​ហើយ​គណបក្ស​ទាំង​ពីរ​នេះ​កំពុង​ពិចារណា​ផ្តល់​ឱកាស​បន្ថែម​ទៀត​ដល់​យុវជន​ក្នុង​ឆាក​នយោបាយ​ ជា​ពិសេស​សម្រាប់​ការ​បោះ​ឆ្នោត​រាជធានី​ខេត្ត​ នៅ​ពេល​ខាង​មុខ​នេះ៕
XS
SM
MD
LG