ភ្នំពេញ៖ ជារៀងរាល់ថ្ងៃស្វាម៉ី កូន និងម្តាយបង្កើតរបស់អ្នកស្រីយ៉ោម បុប្ជាតែងតែនឹករឭកអ្នកស្រី ក្រោយពេលតុលាការបានកាត់ទោសឲ្យអ្នកស្រីជាប់ពន្ធនាគាររយៈពេលបីឆ្នាំ បន្ទាប់ពីតុលាការរកឃើញថា អ្នកស្រីជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាមួយកាលពីខែសីហាឆ្នាំ២០១២។
លោកលួស សាខន អាយុ៥៦ឆ្នាំ ស្វាម៉ីរបស់អ្នកស្រីយ៉ោម បុប្ចាមានទឹកភ្នែករលីងរលោង និងអួលដើមក ក្នុងពេលដែលលោកនិយាយរំឭកដល់ភរិយា។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ លោកនិងម្តាយបង្កើតអ្នកស្រីយ៉ោម បុប្ជាបានចូលរួមខួបគម្រប់មួយឆ្នាំនៃការបណ្តេញចេញដោយបង្ខំនៅតំបន់បូរីកីឡា។ លោកបាននិយាយប្រាប់VOAសំឡេងសហរដ្ឋអាមេរិកថា ក្រុមគ្រួសារមានការលំបាកបន្ទាប់ពីភរិយារបស់លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
«លំបាកខ្លាំងណាស់ ពីព្រោះខ្ញុំមានជំងឺពុកឆ្អឹង និងលើសឈាម មិនអាចធ្វើអ្វីតាមសម្រួល ដូចជាជួយផ្គត់ផ្គង់កូនទៅរៀន បាយទឹក ដាំបាយហើយនិងជូនកូនទៅរៀន ដូចកាលពីប្រពន្ធខ្ញុំរស់នៅជាមួយគ្នាទេ ពីព្រោះខ្ញុំជាបុរសមិនអាចថែទាំកូនបានល្អដូចជាប្រពន្ធដែលជាម្តាយរបស់កូនទេ»។
កាលពីថ្ងៃទី២៧ខែធ្នូ តុលាការក្រុងភ្នំពេញបានកាត់ទោសអ្នកស្រីយ៉ោម បុប្ចា និងស្វាម៉ីអ្នកស្រី ព្រមទាំងបងប្អូនអ្នកស្រីចំនួនពីរនាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេលបីឆ្នាំ និងពិន័យជាប្រាក់ចំនួន៣០លានរៀលគឺជិតមួយម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។
តុលាការបានរកឃើញថា អ្នកស្រីជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាដែលមានស្ថានទម្ងន់ទោស ក៏ប៉ុន្តែបានសម្រេចដោះលែងស្វាម៉ីអ្នកស្រីក្នុងបទចោទប្រកាន់ដូចគ្នា។
តុលាការក៏បានចេញដិការបង្គាប់ឲ្យចាប់ខ្លួនបងនិងប្អូនប្រុសអ្នកស្រីយ៉ោម បុប្ជាចំនួនពីរនាក់គឺយ៉ោម កន្លង់ និងយ៉ោម សិតយកមកឃុំឃាំងក្នុងពន្ធនាគារព្រៃស។
លោកលួស សាខនបាននិយាយថា ការសម្រេចសេចក្តីចំពោះភរិយារបស់លោកគឺជារឿងអយុត្តិធម៌។
អ្នកស្រីយ៉ោម បុប្ជាមានកូនប្រុសតែម្នាក់គត់គឺលួស លីហួរ។ ក្រុមគ្រួសារទាំងឪពុក និងកូនព្រមទាំងម្តាយបង្កើតតែងតែបានចូលរួមតវ៉ាជាមួយនឹងអ្នកភូមិបឹងកក់ដើម្បីទាមទារឲ្យដោះលែងអ្នកស្រីយ៉ោម បុប្ជានិងទាមទារកម្មសិទ្ឋិដីធ្លីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើប្រទានកម្មដីទំហំជាង១២ហិចតាមកឲ្យប្រជាពលរដ្ឋនៅតំបន់បឹងកក់។
ការចូលរួមរបស់ប្អូនប្រុសលួស លីហួរបានធ្វើឲ្យប្អូនមិនបានចូលសិក្សាបានជាប់លាប់ ដែលបង្កឲ្យការសិក្សាបានធ្លាក់ចុះ។
សិក្សាថ្នាក់ទីបីនៅសាលាបឋមសិក្សាកូឡាបទីមួយ លួស លីហួរ អាយុ៩ឆ្នាំបាននិយាយថា ប្អូនប្រុសគ្មានអារម្មណ៍ក្នុងការសិក្សាទេ។ ប្អូនប្រុសបាននិយាយថា មុនពេលម្តាយជាប់ពន្ធនាគារ ការសិក្សានៅក្នុងថ្នាក់បានជាប់លេខ១១ តែក្រោយពីតុលាការដាក់ទោសអ្នកស្រីយ៉ោម បុប្ជាឲ្យជាប់ពន្ធនាគារ ការសិក្សាបានធ្លាក់ចុះមកនៅត្រឹមលេខ១៩វិញ។
«ខ្ញុំរៀនបានពិន្ទុខ្សោយជាងមុន ពីព្រោះម្តាយរបស់ខ្ញុំជាប់នៅក្នុងពន្ធនាគារព្រៃស»។
មានរាងតូចស្តើងសម្បុរស្រអែម អ្នកស្រីសាបូរ សុទ្ធ អាយុ៥៩ឆ្នាំបាននិយាយថា មានសាក្សីជាច្រើនបានបញ្ជាក់ថា អ្នកស្រីយ៉ោម បុប្ជាមិនបានចូលរួមសកម្មភាពដោយផ្ទាល់ក្នុងថ្ងៃកើតហេតុនោះទេ។
អ្នកស្រីបាននិយាយថា ការចាប់កូនស្រីអ្នកស្រីដាក់ពន្ធនាគារគឺជាការលាបពណ៌ ដោយសារតែយ៉ោម បុប្ជាជាសកម្មជនមួយរូបដែលហ៊ានចេញមុខតវ៉ារឿងវិវាទដីធ្លី។
«គឺជាអំពើដែលគេធ្វើមក លាបពណ៌មកលើកូនស្រីខ្ញុំ។ គឺកូនស្រីខ្ញុំជាមនុស្សស្អាតស្អំ មិនដែលប្រព្រឹត្តល្មើសអ្វីខុសនឹងច្បាប់របស់រដ្ឋាភិបាលទេ។ គឺកូនស្រីខ្ញុំដឹងតែពីរកស៊ី ហើយរស់នៅក្នុងសង្គមគេយ៉ាងថ្លៃថ្នូរបំផុត»។
នៅក្នុងសវនាការរយៈពេលពីរថ្ងៃកាលពីចុងខែធ្នូ ហើយបើតាមក្រុមមន្ត្រីអង្កការសង្គមស៊ីវិលដែលបានចូលរួមស្តាប់ក្នុងអង្គសវនាការបាននិយាយថា ទាំងជនរងគ្រោះនិងសាក្សីមិនបាននិយាយថា ពួកគេបានឃើញអ្នកស្រីយ៉ោម បុប្ជាចូលរួមសកម្មភាពវាយដំដោយផ្ទាល់ ដែលបណ្តាលឲ្យជនរងគ្រោះពីរនាក់រងរបួសនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកសួស សំអាត ប្រធានចៅក្រមជំនុំជម្រះបានរកឃើញថា អ្នកស្រីយ៉ោម បុប្ជាពិតជាបានបញ្ជាឲ្យបងប្អូនប្រុសអ្នកស្រីពីរនាក់ប្រព្រឹត្តអំពើហិង្សាពិតប្រាកដមែន ទើបលោកសម្រេចឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ៕