ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​ទាមទារ​ឡើង​ប្រាក់ខែ​ ពេល​សហជីព​ចរចា​ជាមួយ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន


ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)
ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​​ស្រែក​ពាក្យស​ស្លោក​ក​និង​កាន់​​​បដា​នៅ​ក្នុង​​ការ​​​ចាប់​ផ្តើម​ដំបូង​​នៃ​​​យុទ្ធនាការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យ​​បាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ កាល​ពី​ថ្ងៃ​​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤។​ (Reuters)

ក្រុម​កម្មករ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ពាក់អាវ​និង​កាន់​បដា​ដែល​ជាផ្នែក​មួយ​នៃ​ការ​ចាប់​ផ្តើម​ដំបូង​សម្រាប់​យុទ្ធនា​ការ​ដំឡើងប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ​ឲ្យបាន​ដល់​១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។​

ក្រុម​កម្មករ​និង​មេដឹក​នាំ​សហជីព​បាន​ចាប់​យក​ទីតាំង​ផ្លូវ​វ៉េងស្រេង​សម្រាប់​បើក​ឆាក​ដំបូង​ ដើម្បី​ទាមទារ​ដំឡើងប្រាក់​បៀវត្សរ៍។​ កាល​ពី​ដើម​ខែ​មករា​ នៅ​កន្លែង​នេះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​បង្ហូរឈាម​រវាង​ក្រុម​បាតុករ​ និង​កង​កម្លាំងមាន​សមត្ថកិច្ចរបស់​រដ្ឋាភិបាល​ដែល​បាន​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​ចំនួន​៥​នាក់​និង​រង​របួស​ជាង​៤០​នាក់។​

ក៏​ប៉ុន្តែ​យុទ្ធនាការ​ដំឡើងប្រាក់​បៀរ​វត្សរ៍​នៅ​ថ្ងៃ​នេះ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ ​ខណៈ​ពេល​ដែល​ក្រុម​សមត្ថកិច្ច និង​ក្រុម​មន្ត្រីយោធា​ក្នុង​សម្លៀក​បំពាក់ប៉ារ៉ា​ប្រដាប់​ដោយ​កាំភ្លៀង​ AK ​ស្វ័យ​ប្រវត្តិត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តំបន់​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា​នោះ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មេដឹក​នាំ​សហជីព។​

ក្រុម​កម្មករ​បាន​ពាក់​អាវ​យឺត​ពណ៌​ទឹក​ក្រូច ​ដែល​មាន​សរសេរ​អក្សរ​ថា ​យើង​ត្រូវ​ការ​ប្រាក់​ឈ្នួល​១៧៧​ដុល្លារ ព្រម​ទាំង​បាន​ឈរ​កាន់​បដា​ស្រែក​ទាមទារ​នៅ​តាម​បណ្តា​រោងចក្រ​មួយ​ចំនួន​ នៅ​ក្នុង​ និង​នៅ​ជាយទី​ក្រុង​ភ្នំពេញ។​

លោក​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ​ដែល​ហៅ​កាត់​ថា​ C-CAWDU​ មាន​ប្រសាសន៍​ថា​ យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ ហើយ​ចាប់​ពី​ថ្ងៃ​ស្អែក​តទៅ​ ក្រុម​មេដឹក​នាំ​សហជីព​ទាំង​៨​នឹង​បន្ត​ដាក់​ញត្តិ​នៅ​តាម​បណ្តា​ស្ថានទូត​បរទេស​ដែល​មាន​ប្រទេស​បញ្ជា​ទិញ​សម្លៀកបំពាក់​ចេញ​ពី​រោងចក្រ​កម្ពុជា។

លោក​និយាយ​ថា៖​ «យើង​ចង់​ឲ្យមាន​ការ​ជជែក​គ្នា​មែន​ ប៉ុន្តែ​បើ​ក្នុង​ករណី​ការ​ដំឡើងប្រាក់​ឈ្នួល​ខាង​មុខ​នេះ​វា​មិន​បាន​ដល់​កម្រិតថា​ បាន​រស់​នៅ​សមរម្យ​បាន ​ឬ​ក៏​វា​នៅ​ទាប​ពេក​ បញ្ហា​វា​នៅ​តែ​មាន​ទេ។​ អញ្ចឹង​យើង​ចង់​ឲ្យមាន​ការ​ដំឡើងប្រាក់​ឈ្នួល​នៅ​ចុង​ឆ្នាំ​២០១៤​ ឬ​២០១៥​នេះ​ឲ្យវា​ឡើង​ខ្ពស់​សមរម្យ»។​

សហជីព​ទាំង​ប្រាំ​បី​ដែល​បាន​ចូល​រួម​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ​គោល​នោះ​ រួម​មាន​សហជីព​ C-CAWDU​ សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា​របស់​លោកស្រី​ម៉ម ញឹម ​សហភាព​សហជីព​កម្ពុជា​របស់​លោក​ រ៉ុង ឈុន​ សហជីព​សេរីកម្មករ​របស់​លោក​ជា មុន្នី ​ដែល​ធ្លាប់​បាន​ទាមទារ​ដំឡើង​ប្រាក់​ខែ​អប្បបរិមា​សម្រាប់​កម្មករ​ចំនួន​១៦០​ដុល្លារ​ចាប់​តាំងពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៣​មក​ម្ល៉េះ។​ ប៉ុន្តែ​ក្រុម​សហជីព​បាន​ដំឡើង​ការ​ទាមទារ​ប្រាក់ខែ​គោល​ឲ្យ​ដល់​១៧៧​ដុល្លារ​វិញ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ដោយ​សារ​តម្រូវ​ការ​កើន​ឡើង​របស់​ក្រុម​កម្មករ។

លោក​ជា មុន្នី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​យុទ្ធនាការ​ទាមទារ​នៅ​ថ្ងៃ​នេះ​មិន​បាន​ជោគជ័យ​ទេ នោះ​មេដឹក​នាំ​សហជីព​ទាំង​អស់​នឹង​កំណត់​គោល​ការណ៍​ទាមទារ​របស់​ខ្លួន​ត​ទៅ​ទៀត។​

លោក​និយាយ​ថា៖​ «ប្រហែល​ជា​ជំហាន​ទី២​ និង​ទី​៣​នឹង​មាន​ត​ទៅ​ទៀត។​ ប៉ុន្តែ​ដោយ​សារ​តែ​យើង​ដឹង​ហើយ​ថា ​តំបន់​វ៉េងស្រេង​គឺ​ជា​តំបន់​ក្តៅ ​ហើយ​មេដឹក​នាំ​សហជីព​មួយ​ចំនួន​ត្រូវ​បាន​ឃាត់​កុំ​ឲ្យមាន​ការ​ជួប​ប្រជុំ​ជាមួយ​កម្មករ​កម្មការិនី»។​

លោក​អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ មាន​ប្រសាសន៍​ប្រាប់​ក្រុម​អុ្នក​កា​សែត​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មេដឹក​នាំ​សហជីព​បាន​បើក​យុទ្ធនាការ​ទាមទារ​ដំឡើងប្រាក់​ឈ្នួល​ដល់​ក្រុម​កម្មករ។​ ​ក៏ប៉ុន្តែ​លោក​សុំ​កុំ​ឲ្យយុទ្ធនាការ​ទាំង​អស់​នោះ​ធ្វើ​ហួស​ហេតុ​ពេក​ ដើម្បី​ទុក​ឱកាសឲ្យមាន​ការ​ជជែក​គ្នា​ជា​លក្ខណៈស្ថាបនា​ជា​ការ​ប្រសើរ​ជាង។​

លោក​បាន​បញ្ជាក់​ថា៖ ​«ការ​ដំឡើងប្រាក់​ឈ្នួល​វា​មាន​ហោនិភ័យ។​ កាលណា​ខ្ពស់​ពេក ​ក៏​វា​មាន​ហោនិភ័យ​ បាន​ន័យ​ថា​ ខ្ពស់​ពេក​អ្នក​វិនិយោគ​ទៅ​មិន​រួច​ រោង​ចក្រ​វា​ត្រូវ​ដួល។​ ​អញ្ចឹង​វា​មាន​ហោនិភ័យ​មួយ​គឺ​បាត់​បង់​ការងារ​សម្រាប់​ប្រជា​ពលរដ្ឋ​កម្មករ​ កម្មការិនី​របស់​យើង។ ​កាល​ណា​ទាប​ពេក​ក៏​មាន​ហោនិភ័យ​ដែរ។​ ​ទាប​ពេក​ក៏​កម្មករ​មិន​អាច​ទទួល​បាន​ មិន​អាច​រស់​នៅ​បាន ​ផលិត​កម្មក៏​មិន​អាច​បង្កើន​បាន​ដែរ»។​

ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ អង្គការ​ពលកម្ម​អន្តរជាតិ​ និង​តំណាង​សហជីព​បាន​រៀបចំ​សិក្ខា​សាលា​ត្រី​ភាគី​មួយ​នៅ​ថ្ងៃ​នេះ ​ដើម្បី​កំណត់​ប្រាក់ឈ្នួល​កម្មករ ​ហើយ​នៅ​ថ្ងៃទី​២៦​ខែ​កញ្ញា​ខាង​មុខ​នឹង​មាន​កិច្ច​ពិភាក្សា​នេះ​មន្ត​ទៀត៕

XS
SM
MD
LG