ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាប្តេជ្ញា​ទម្លុះទម្លាយ​​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ ពេល​ខ្លួន​ដឹកនាំ​អាស៊ាន


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។ (Facebook/SPM Page)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១។ (Facebook/SPM Page)

កម្ពុជា​ នឹង​ដើរតួនាទី​ក្នុងឋាន:​ជា​ប្រធាន​អាស៊ាន​ដើម្បី​សម្រប​សម្រួល​រវាង​ប្រទេសអាស៊ាន​ពាក់ព័ន្ធ​ខ្លះដែល​មានទំនាស់​ជាមួយចិន​ រឿង​កម្មសិទ្ធ​ដែនទឹក​នៅសមុទ្រ​ចិន​ខាងត្បូង ​ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​ក្រមប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង​ឬ​ហៅកាត់​ថា ​COC​ (Code of Conduct for the South China Sea) នៅ​ពេល​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃពុធ ទី១៥ ខែធ្នូ។

ថ្លែង​ក្នុង​ពិធី​សម្ភោធ​សណ្ឋាគារ​ប្រណិត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន​ លើក​ឡើង​ថា​លោកនឹង​ខិតខំចរចាប៉ុន្តែ​ក៏​មិន​ហ៊ាន​ធានា​ថាកិច្ច​ព្រមព្រៀងនេះ​អាច​ចេញ​បានក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នោះ​ទេ។

«បើ​ចេញ វា​ល្អ។ តែ​បើ​មិន​ចេញ​ទេ សូម​កុំ​បន្ទោស»។

ប្រទេស​ដែល​មាន​វិវាទ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង និង​ប្រទេស​ចិន បាន​ព្យាយាម​ចរចាក្រោម​ក្របខណ្ឌ​អាស៊ាន ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ច​ព្រមព្រៀង​COCនេះ​រាប់​សិប​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ឈាន​ទៅ​សម្រេច​បាន​ត្រឹម​តែ«គ្រោង​ឆ្អឹង»​ឬ​Frameworkប៉ុណ្ណោះ ដោយសារ​នៅ​មិន​ទាន់​ចុះ​សម្រុង​គ្នា​លើ​គោលការណ៍​សំខាន់ៗ​មួយ ចំនួន​រួម​មាន​ថាតើ​គួរ​មាន​ស្ថាប័ន​ណា​មួយ​ដែល​អាច​កាត់​សេចក្តី​ចំពោះ​វិវាទ​នេះ​ទេ​ឬ​ក៏​ប្រើ​ការ​ចរចា​ទ្វេភាគី​រវាង​ភាគីចិននិង​ប្រទេស​ដែល​ទាមទារ​កម្មសិទ្ធិក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ។

កាល​ពី​ឆ្នាំ​២០០២ កម្ពុជា ​ដែល​បាន​ធ្វើ​ជា​ប្រធាន​អាស៊ាន​គ្រា​នោះ សម្រេច​បាន​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការ​ប្រតិបត្តិ​របស់​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឬ​ហៅ​កាត់​ថា​DOC (Declaration on the Conduct of Parties in the South China Sea) ដែល​ជា​កិច្ច​ព្រមព្រៀង​មិន​មាន​ចំណង​ផ្លូវ​ច្បាប់ សម្រាប់​ជា​មូលដ្ឋាន​បន្ត​ចរចា​ ដើម្បី​សម្រេច​COC។

ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន កម្ពុជាខកខាន មិន​បាន​សម្រេច​សូម្បី​តែ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​របស់​អាស៊ាន​នៅ​គ្រា​នោះ ដោយនាំ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ប្រឆាំង​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​អ្នក​រិះ​គន់​និងមើលឃើញ​ថា​ស្និទ្ធ​នឹង​ចិន​និង​បម្រើ​ប្រយោជន៍​ភាគី​ចិន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។ តែលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែលបដិសេធ​រឿងការ​ចោទ​ប្រកាន់​នេះ​បាន​ពន្យល់​ពីការ​មិនអាច​ចេញ​សេចក្តី​ថ្លែងការណ៏​រួមនោះ​គឺដោយសារ​បញ្ហា​សំខាន់​មួយ​ចំនួន​រួមទាំង​ការ​អះអាងថា​អាស៊ាន​មិនមែន​ជា​តុលាការ​កាត់​សេចក្តី​តាមការ​ចង់បាន​របស់​ភាគីជម្លោះ​ដែល​ទាមទារ​ខុសគ្នាទេ។ លោក​ប្រៀប​រឿងនេះ​ទៅនឹង​«ថ្មក្តៅ»​ដែលគេ​បោះមក​អោយ​កម្ពុជា​ហើយ​លើកទឹកចិត្ត​ដល់​ប្រទេស​ពាក់ព័ន្ធ​នឹង​ជម្លោះប្រើការ​ចរចា​ទ្វេភាគី​ដូចដែល​បាន​អនុវត្ត​រវាង​ប្រទេស​ជិត​ខាងគ្នា​ក្នុង​តំបន់​វិញ។​

ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង បាន​ក្លាយ​ជា​បញ្ហា​ចម្រូងចម្រាស​រាប់​ទសវត្សរ៍​មក​ហើយ​រវាង​ប្រទេស​ចិន និង​សមាជិក​មួយ​ចំនួន​របស់​អាស៊ាន រួម​មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី​និង​ព្រុយណេ៕

XS
SM
MD
LG