វ៉ាស៊ីនតោន - Catherine Harry មានអាយុ២៣ឆ្នាំ។ នាងមានអ្នកតាមដានតាមFacebook ចំនួន ២៤៣ ០០០ ដែលរកចំណូលបានចន្លោះពី១០០០ដុល្លារអាមេរិក ទៅ២០០០ដុល្លារអាមេរិកក្នុងមួយខែ។ វីដេអូប្លុករបស់នាង មានឈ្មោះថា A Dose of Cath ផ្តោតលើសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ។ Catherine Harry មិនខ្វល់ខ្វាយខ្លាំងទេ បើទោះជាមានមនុស្សជាច្រើនមិនយល់ស្របចំពោះការតស៊ូមតិដើម្បីលើកកម្ពស់សិទ្ធិស្រ្តីក៏ដោយ បើនាងគិតថា ប្រធានបទនោះមានសារៈសំខាន់សម្រាប់សង្គម។
នៅក្នុងប្រទេសកម្ពុជា ប្រជាជនស្គាល់ Catherine ដោយសារតែស្រ្តីវ័យក្មេងម្នាក់នេះបានពិភាក្សាអំពីបញ្ហាគំនាបវប្បធម៌ ប្រពៃណី និងសង្គមលើស្រ្តី ដែលត្រូវបានស្គាល់ថា «ច្បាប់ស្រី» ដែលបានកំណត់ពីនិយមន័យនៃស្រ្តីខ្មែរដ៏ល្អមួយរូប។ បើទោះជាច្បាប់ស្រីមិនត្រូវបានបង្រៀននៅក្នុងសាលាបន្តទៀតក៏ដោយ ក៏ច្បាប់នេះបានចាក់ឫសក្នុងផ្នត់គំនិតរបស់ពលរដ្ឋកម្ពុជា ដែលស្រ្តីខ្មែរដ៏ប្រពៃម្នាក់គឺជាស្រ្តីដែលមានភាពស្ងៀមស្ងាត់ និងស្តាប់បង្គាប់។
ទោះជាយ៉ាងណាក៏ដោយ Catherine យល់ឃើញថា ច្បាប់ស្រីនេះ គឺជាបទដ្ឋានមួយដែលដាក់គំនាបលើស្រ្តី និងធ្វើឲ្យមានវិសមភាពយេនឌ័រកាន់តែខ្លាំង និងបង្កឲ្យមានអំពើហិង្សាលើស្រ្តី ទាំងក្នុងគ្រួសារ និងទីកន្លែងនានា ដោយសារតែច្បាប់នេះលើកទឹកចិត្តឲ្យស្រ្តីរក្សាភាពស្ងៀមស្ងាត់។
Catherine បានចាប់ផ្តើមការងារតស៊ូមតិ ដើម្បីលើកកម្ពស់សិទ្ធិស្រ្តីចាប់តាំងពីឆ្នាំ២០១២មក ដោយធ្វើជាអ្នកសរសេរប្លុក ដែលពិភាក្សាអំពីច្បាប់ស្រី។ នាងចាប់ផ្តើមវីដេអូប្លុករបស់នាងកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដោយលើកយកប្រធានបទផ្សេងៗមកពិភាក្សាជារៀងរាល់សប្តាហ៍។ កាលពីដំបូងៗ នាងបានរៀបចំប្រធានបទប្រហែលជាង៥០ដើម្បីពិភាក្សាក្នុងរយៈពេលពេញមួយឆ្នាំ។
នាងផ្សាយវីដេអូជារៀងរាល់យប់ថ្ងៃសៅរ៍ ដែលជាពេលវេលាដែលអ្នកតាមដានវីដេអូប្លុករបស់នាងភាគច្រើនទំនេរ និងអាចមើលវីដេអូរបស់នាងបាន។ ប្រជាជនដែលមើលវីដេអូរបស់នាងភាគច្រើន គឺស្រ្តីកម្ពុជាវ័យក្មេង។
នាងបានប្រាប់ VOA ថា៖ «ខ្ញុំនិយាយទៅកាន់ពួកគេក្នុងនាមជាមិត្តរបស់ពួកគេ។ ខ្ញុំមិនបង្រៀនពួកគេទេ ដូច្នេះខ្ញុំអាចជាមិត្តម្នាក់របស់ពួកគេ។ ខ្ញុំចែករំលែកអ្វីដែលខ្ញុំដឹងទៅពួកគេ។ ដូច្នេះពួកគេអាចភ្ជាប់ខ្លួនរបស់ពួកគេទៅនឹងអ្វីដែលខ្ញុំចែករំលែក»។
Catherine បានពិភាក្សាអំពីប្រធានបទដែលមិនត្រូវបានលើកយកមកពិភាក្សាជាសាធារណៈ ដូចជាការមករដូវ ការពន្យាកំណើត និងការរំលូតកូន។ ភាគច្រើននៃវីដេអូរបស់នាង មានអ្នកមើលប្រហែល១សែននាក់។ វីដេអូរបស់នាងដែលពិភាក្សាអំពីបញ្ហាព្រហ្មចារី ដែលនាងបានសួរថា «តើតម្លៃរបស់ស្រ្តីត្រូវបានកំណត់ដោយព្រហ្មចារីឬយ៉ាងណា?» មានអ្នកទស្សនាចំនួន២លាននាក់ និងទទួលបានមតិយោបល់រាប់ពាន់ ដែលប្រទេសកម្ពុជាមានប្រជាជនប្រហែល១៦លាននាក់តែប៉ុណ្ណោះ ដែលក្នុងនោះប្រជាជនប្រមាណ៦លាន៨សែននាក់ប្រើប្រាស់ Facebook។
Catherine លើកយកប្រធានបទដែលនាងបានពិពណ៌នាថា ជា«ប្រធានបទចម្រូងចម្រាស់» មកពិភាក្សា និងអំពាវនាវឲ្យធ្វើសកម្មភាពដើម្បីដោះស្រាយបញ្ហា។ នាងបានឆ្លើយតបទៅមតិយោបល់មួយចំនួន និងអគុណចំពោះមតិអវិជ្ជមាននានា។ Catherine ផលិតវីដេអូដោយមានជំនួយពីមិត្តប្រុសរបស់នាង ឈ្មោះ ជុំ បញ្ញា ដែលមានអាយុ២៥ឆ្នាំ និងជាម្ចាស់ក្រុមហ៊ុនបកប្រែមួយនៅរាជធានីភ្នំពេញ។ លោក ជុំ បញ្ញា បាននិយាយថា៖ «យ៉ាងហោចណាស់ អ្នកទស្សនាវីដេអូរបស់ Catherine អាចស្វែងយល់ពីអ្វីដែលពួកយើងចង់និយាយប្រាប់ពួកគេ»។
Catherine បាននិយាយថា៖ «ខ្ញុំចង់ឲ្យប្រជាជនពិភាក្សាអំពីប្រធានបទដែលខ្ញុំបានលើកឡើង។ ការដែលពួកគេមិនយល់ស្របជាមួយនឹងប្រធានបទរបស់ខ្ញុំ មិនចោទជាបញ្ហាទេសម្រាប់ខ្ញុំ»។
«មិនមែនប្រជាជនគ្រប់គ្នាសុទ្ធតែសរសើរពីភាពក្លាហានរបស់ Catherine ទេ»។ នេះបើតាមសម្តីរបស់ កញ្ញា លី ចិន្តាវតី ជាអ្នកសម្របសម្រួលកម្មវិធីជោគជ័យរបស់និស្សិត និងជាអតីតប្រធានសភានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត។ «ប៉ុន្តែនៅពេលដែលនាងនិយាយអំពីប្រធានបទទាំងនោះ ទាំងបុរស និងស្រ្តីអាចដឹងបានថា ទាំងនោះគឺជាបញ្ហាសិទ្ធិស្រ្តី»។
មួយឆ្នាំក្រោយពីនាងបានដំណើរការវីដេអូប្លុករបស់នាង ទស្សនាវដី្ត Forbes បានចាត់ថ្នាក់ Catherine ជាយុវជនអាស៊ីឈានមុខ «យុវជនអាស៊ីទាំង៣០រូបដែលស្ថិតក្រោមអាយុ៣០ឆ្នាំ»។
កញ្ញា ឃួន ចាន់ទេវី ដែលជាប្រធានក្រុមសិទ្ធិស្រ្តីនៅឯអង្គការ ActionAid កម្ពុជា ដែលបានធ្វើការជាមួយ Catherine ថា៖ «វាគឺជារឿងសំខាន់ក្នុងការពិភាក្សាអំពីប្រធានបទទាំងនោះ ដែលមិនធ្លាប់បានពិភាក្សាជាសាធារណៈនៅកម្ពុជា។ នាងក្លាហានក្នុងការពិភាក្សាអំពីប្រធានបទដែលមានភាពចម្រូងចម្រាស់»។
Catherine ធ្លាប់មានការរើសអើងចំពោះស្រ្តី មុនពេលក្លាយជាសកម្មជនសិទ្ធិស្រ្តី។ នាងបានប្រាប់ VOA ថា នាងធ្លាប់រើសអើងមិត្តរួមថ្នាក់ដែលធ្លាប់រួមភេទកាលពីពេលដែលមិត្តរួមថ្នាក់របស់នាងមានអាយុ១២ឆ្នាំ។
Catherine កើតនៅទីក្រុងភ្នំពេញ។ ម្តាយរបស់នាងមានឈ្មោះ ស្វាយ សូលីនា និងឪពុកមានឈ្មោះ ហ៊ុន សម្បត្តិ។ នាងមានឈ្មោះកំណើតថា សម្បត្តិ សុខសុវណ្ណកេសរ។ Catherine បានធំដឹងក្តីនៅក្នុងគ្រួសារដែលមានគំនិតអភិរក្សនិយម។ ឪពុករបស់នាងធ្លាប់ប្រាប់នាងថា នាងមិនគួរស្លៀកខ្លីនៅទីសាធារណៈ និងពុំគួរជួបមិត្តភ័ក្ភនៅពេលល្ងាចជាដើម។
នាងបានប្រាប់ VOA ថា៖ «នៅពេលដែលខ្ញុំនៅក្មេង ខ្ញុំមិនខ្វល់ច្រើនអំពីយេនឌ័រ ឬវិសមភាពនៅក្នុងសង្គមឡើយ»។ នាងបានផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន នៅពេលដែលនាងចាប់ផ្តើមស្វែងយល់ពីបញ្ហាសង្គមក្រោយពេលបានប្រើប្រាស់អ៊ីនធឺណិតនៅតាមហាងកាហ្វេ។ នាងក៏បានធ្វើការក្នុងគម្រោងស្នេហ៍៩នៅឯស្ថានីយវិទ្យុ BBC ។ នាងបានប្រាប់ថា៖ «ខ្ញុំជួបមនុស្សជាច្រើនដែលគាំទ្រសិទ្ធិស្រ្តី។ ខ្ញុំធ្វើសកម្មភាពដើម្បីលើកកម្ពស់សិទ្ធិស្រ្តី។ ហើយខ្ញុំក៏ក្លាយជាខ្ញុំបច្ចុប្បន្ននេះ»។
នាងប្តូរឈ្មោះកំណើត សម្បត្តិ សុខសុវណ្ណកេសរ មក Catherineកាលពីនាងមានអាយុ១៧ឆ្នាំ ដើម្បីតំណាងឲ្យបុគ្គលិកលក្ខណៈថ្មីរបស់នាង។
អ្នកស្រី សូលីណា ដែលជាម្តាយរបស់ Catherine សរសើរកូនស្រីរបស់អ្នកស្រី។ អ្នកស្រីបាននិយាយថា៖ «កូនស្រីរបស់ខ្ញុំ មិនក្លាហានទេកាលពីក្មេង។ បច្ចុប្បន្ននេះ នាងចូលរួមចំណែកជួយសង្គម។ នាងផ្តល់អំណាចដល់ស្រ្តី ដើម្បីធ្វើសេចក្តីសម្រេចចិត្តដោយឯករាជ្យ និងដើម្បីតតាំងជាមួយនឹងការប្រតិបត្តិប្រចាំថ្ងៃរបស់ស្រ្តីតាមបែបប្រពៃណី»។
Catherine បានកំណត់និយមន័យ Feminism [ហ្វេមីនីស៊ឹម] ថា គឺជាក្រុមមនុស្សដែលធ្វើការដើម្បីលើកកម្ពស់សមភាពរវាងបុរសនិងស្រ្តី។
នាងបាននិយាយថា៖ «ពេលខ្លះ នៅពេលដែលខ្ញុំបើកបរ ឬក៏ជិះកង់តាមផ្លូវ មនុស្សដែលខ្ញុំមិនស្គាល់បានហៅខ្ញុំតាមផ្លូវ។ នៅពេលល្ងាច ឬពេលយប់ មនុស្សដែលខ្ញុំមិនស្គាល់បានដើរតាមខ្ញុំជាដើម។ ដូច្នេះខ្ញុំមិនមានសេរីភាពដើរហើរឡើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំរស់នៅដោយមានសម្ពាធ និងគ្មានសុវត្ថិភាព»។
Catherine និយាយថា៖ «និយាមបិតាធិបតេយ្យនៅកម្ពុជា ក៏ប៉ះពាល់ដល់បុរសដែរ។ បុរសមិនអាចបញ្ចេញអារម្មណ៍របស់គេបានទេ។ ពេលខ្លះបុរសដែលត្រូវបានរំលោភផ្លូវភេទ និងរងអំពើហិង្សាផ្លូវភេទ មិនត្រូវបានលើកទឹកចិត្តឲ្យនិយាយទេ ពីព្រោះតាមប្រពៃណីខ្មែរ បុរសមិនត្រូវបានចាត់ទុកជាជនរងគ្រោះនៃការរំលោភបំពានផ្លូវភេទទេ»។
Catherine ទទួលរងការរិះគន់យ៉ាងខ្លាំងលើវីដេអូប្លុករបស់នាង ប៉ុន្តែនាងមិនមានបំណងឈប់ផលិតវីដេអូប្លុកទាំងនេះទេ។
នាងបាននិយាយថា៖ «ខ្ញុំបានពិភាក្សាអំពីបញ្ហាចម្រូងចម្រាស់នៅក្នុងសង្គម។ ប្រសិនបើគ្មានមតិអវិជ្ជមានលើវីដេអូរបស់ខ្ញុំទេ ខ្ញុំគិតថា វីដេអូទាំងនោះមិនមានប្រសិទ្ធភាពទេ។ ខ្ញុំចង់ឲ្យប្រជាជនចាប់ផ្តើមពិភាក្សាអំពីប្រធានបទទាំងនោះ។ បើទោះបីជាប្រជាជនយល់ស្រប ឬមិនយល់ស្របជាមួយនឹងអ្វីដែលខ្ញុំកំពុងតែធ្វើក៏ដោយ ក៏ពួកគេមានវេទិកាមួយដើម្បីផ្លាស់ប្តូរមតិយោបល់របស់ពួកគេ»។
អ្នកស្រី សូលីណា បារម្ភពី Catherine។ លោកស្រីបានប្រាប់ VOA ថា៖ «ខ្ញុំគិតថា វាមិនមែនជារឿងអាក្រក់ទេ ប៉ុន្តែអ្នកដែលមានគំនិតអភិរក្សនិយម មិនអាចទទួលយកបាន។ ប៉ុន្តែខ្ញុំនៅតែមានគំនិតវិជ្ជមាន។ មតិរបស់អ្នកដទៃ គឺជាបញ្ហារបស់អ្នកដទៃ»។
Catherine បានប្រាប់ថា ខណៈដែលមានមនុស្សជាច្រើនគាំទ្រ និងសរសើរការងាររបស់នាង ប្រជាជនជាច្រើនមិនយល់ស្របនឹងអ្វីដែលនាងធ្វើទេ ហើយថែមទាំងមិនឲ្យតម្លៃថែមទៀតផង។ មិត្តភ័ក្ភរបស់នាងមួយចំនួន បានលុបឈ្មោះរបស់នាងពីបញ្ជីមិត្តភ័ក្ភ និងឈប់តាមដាននាងតាមFacebook។
ប្រជាជនមួយចំនួននៅតែចង់រក្សាការអនុវត្តច្បាប់ស្រី ដែលCatherine មិនយល់ស្របលើគោលការណ៍មួយចំនួននៃច្បាប់នេះ។
Catherine និយាយថា៖ «មិត្តភ័ក្ភរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា ច្បាប់ស្រីមិនត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សារបស់សាលាទៀតទេ។ ហេតុអ្វីបានជាខ្ញុំខ្វល់ពីរឿងនេះខ្លាំងម្លេះ ខណៈអ្នកផ្សេងទៀតមិនទាំងខ្វល់ផង»?
នាងបានបន្ថែមថា៖ «មនុស្សម្នាក់នោះមិនទាំងយល់ថា អ្វីទៅគឺជាច្បាប់ស្រី ដែលកប់ជ្រៅក្នុងផ្នត់គំនិតរបស់ប្រជាជនកម្ពុជា។ មិនថាពួកគេបានដឹងឬក៏អត់ទេ ប្រជាពលរដ្ឋកម្ពុជានៅតែអនុវត្តច្បាប់ស្រី»។
Catherine បានប្តូរគំនិតរបស់មនុស្សនៅជុំវិញខ្លួនរបស់នាង។ ឪពុករបស់ Catherine បានប្តូរមកគាំទ្រការងាររបស់នាង។ នាងបាននិយាយថា៖ «ឪពុករបស់ខ្ញុំ បានបញ្ចេញមតិដើម្បីវែកញែកជាមួយប្រជាជនដែលរិះគន់ខ្ញុំតាមFacebook។ គាត់បានពន្យល់ពួកគេថា ខ្ញុំចង់ឲ្យមានការផ្លាស់ប្តូរលើសិទ្ធិស្រ្តី»។
ជុំ បញ្ញា ដែលជាមិត្តប្រុសរបស់ Catherine ក៏បានផ្លាស់ប្តូរមកគាំទ្រការងាររបស់ Catherine ដែរ។ លោកបាននិយាយថា៖ «Feminism [ហ្វេមីនីស៊ឹម] មិនផ្តោតតែលើស្រ្តីនោះទេ វាគឺជាការងារសម្រាប់មនុស្សគ្រប់គ្នា។ អ្វីដែលCatherine បានធ្វើបង្ហាញពីតថភាពពិតក្នុងសង្គម។ មនុស្សគួរតែទទួលបានសិទ្ធិស្មើគ្នា»៕