រដ្ឋាភិបាលកម្ពុជាបានការពារចំណាត់ការរបស់ខ្លួនលើការចាប់មនុស្សមួយចំនួន ដែលរដ្ឋាភិបាលបានចោទថាពួកគេបានធ្វើសកម្មភាពញុះញង់ ហើយបានលើកឡើងករណីអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ(Donald Trump) ដែលត្រូវរដ្ឋសភាចោទថាលោកញុះញង់ឲ្យបះបោរនៅវិមានសភាអាមេរិកកាលពីខែមករា។ នេះបើយោងតាមឯកសារស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនឹងបើកកិច្ចប្រជុំលើកទី៤៦របស់ខ្លួន ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
នៅក្នុងរបាយការណ៍១៥ទំព័រជាភាសាអង់គ្លេស ស្ថានបេសកកម្មអចិន្រ្តៃយ៍របស់កម្ពុជាប្រចាំទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស បានលើកឡើងអំពី«ការអនុវត្តស្តង់ដារពីរ»ដែលរដ្ឋាភិបាលកម្ពុជាបង្ហាញការមិនពេញចិត្តចំពោះការរិះគន់របស់ប្រទេសលោកខាងលិចមួយចំនួនលើចំណាត់ការផ្លូវច្បាប់ក្នុងប្រទេសកម្ពុជា។ ត្រង់ចំណុចនេះ រដ្ឋាភិបាលកម្ពុជាបានការពារចំណាត់ការរបស់ខ្លួនប្រឆាំងនឹងសកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន ដែលត្រូវបានចាប់ខ្លួន ចោទប្រកាន់ និងកាត់ទោសពីបទញុះញង់។ ការចោទប្រកាន់នេះ ត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្សថាធ្វើឡើង ដើម្បីបំបិទសំឡេងប្រឆាំងក្នុងប្រទេស។
របាយការណ៍បានលើកឡើងដោយមិនបញ្ចេញឈ្មោះប្រទេសចំៗ ប៉ុន្តែសំដៅទៅសហរដ្ឋអាមេរិក ដោយយកករណីរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទប្រកាន់ថាញុះញង់រហូតដល់មានកុបកម្មវាយចូលវិមានសភាអាមេរិក។
របាយការណ៍បញ្ជាក់ថា៖ «កាលពីខែមករា ឆ្នាំ២០២១ ក្រុមហ៊ុនបណ្តាញសង្គមធំៗបានបិទគណនីរបស់អតីតប្រធានាធិបតីរបស់ប្រទេសមួយ ដោយសារបារម្ភអំពីហានិភ័យបន្ថែមនៃការញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។ វាជារឿងគួរឲ្យសោកស្តាយដែលប្រទេសលោកខាងលិចមួយចំនួននៅតែបន្តអធិប្បាយពីការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា ដែលជាការព្យាយាមការពារពលរដ្ឋដែលគោរពច្បាប់ ទៅជារិះគន់ថាគាបសង្កត់ក្រុមណាមួយទៅវិញ»។
រដ្ឋាភិបាលក៏បន្តការពារថាការចោទប្រកាន់អ្នកសារព័ត៌មានពីបទញុះញង់ មិនទាក់ទងនឹងការរឹតត្បិតសេរីភាពអ្វីនោះទេ គឺទាក់ទងនឹងការប្រព្រឹត្តបទឧក្រិដ្ឋនៃ«ការញុះញង់ឲ្យស្អប់ និងប្រព្រឹត្តហិង្សាជាមួយចេតនាបង្កហានិភ័យ ដែលមានចែងក្នុងមាត្រា៤៩៤និង៤៩៥នៃក្រមព្រហ្មទណ្ឌកម្ពុជាដែលក្រុមអ្នកជំនាញច្បាប់របស់លោកខាងលិចបានជួយតាក់តែងផងដែរ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានិងជាព្រឹទ្ធសមាជិកមួយរូប បានថ្លែងថាការអនុវត្តស្តង់ដារពីរនេះ រដ្ឋាភិបាលសំដៅលើ«ភាពលម្អៀង»របស់ក្រុមសិទ្ធិមនុស្សនិងប្រទេសមួយចំនួនទៅក្រុមរបស់គណបក្សប្រឆាំង។ លោកបានការពារចំណាត់ការរបស់រដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាក្នុងការចោទប្រកាន់ពីបទញុះញង់និងចាប់សកម្មជនមួយចំនួន។
លោកប្រាប់VOAថា៖ «ដូចសកម្មជនក្រុមឧទ្ទាមក្រៅច្បាប់ ធ្វើខុសច្បាប់ហ្នឹង វាទៅជាកាន់ជើងថាជាសិទ្ធិបញ្ចេញមតិ ជាសិទ្ធិពលរដ្ឋ គេមានសិទ្ធិធ្វើ។ អាហ្នឹងហើយជាការញុះញង់ លើកទឹកចិត្តឲ្យអ្នកប្រព្រឹត្តល្មើសច្បាប់ កាន់តែល្មើសច្បាប់ ហើយកាន់តែព្រហើនទៀត»។
លោក សុខ ឥសាន បន្ថែមថាលោក ដូណាល់ ត្រាំ ពិតជាបានញុះញង់អ្នកគាំទ្ររបស់លោក ទើបបានជាសភាអាមេរិកចោទប្រកាន់រូបលោក។
លោកបញ្ជាក់ថា៖ «អញ្ចឹងទេដោយសារសភាគេធ្វើsecond impeachment[ការចោទប្រកាន់ជាលើកទីពីរ]របស់លោក ដូណាល់ ត្រាំ វាបញ្ជាក់ច្បាស់ថាលោក ដូណាល់ ត្រាំ ប្រព្រឹត្តនូវការញុះញង់ ដោយឲ្យសកម្មជនរបស់គាត់ប្រើអំពើហិង្សាទៅលើវិមានCapitol រហូតដល់មានមនុស្សស្លាប់ហ្នឹង»។
រដ្ឋសភាអាមេរិកបានចោទប្រកាន់លោក ដូណាល់ ត្រាំ ពីបទ«ញុះញង់ឲ្យមានការបះបោរ» ដោយថាលោកបានជំរុញឲ្យអ្នកគាំទ្ររាប់រយនាក់ទៅប្រឈមតតាំងនឹងសមាជិកសភានៅឯវិមានសភាអាមេរិកកាលពីខែមករា ដែលបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់។ ប៉ុន្តែព្រឹទ្ធសភាអាមេរិកបានឲ្យលោករួចខ្លួនពីការចោទប្រកាន់នេះ បន្ទាប់ពីបោះឆ្នោត៥៧សំឡេងទល់នឹង៤៣សំឡេង ដែលមិនគ្រប់សំឡេង៦៧ ដើម្បីអាចដាក់ទោសលោក ដូណាល់ ត្រាំ បាន។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ មានប្រសាសន៍ថា ការបកស្រាយការចោទប្រកាន់ពីបទញុះញង់នៅមាន«ភាពស្រពេចស្រពិល» ហើយការចោទប្រកាន់នេះ ត្រូវបានអ្នកជំនាញសិទ្ធិមនុស្សទាំងជាតិនិងអន្តរជាតិលើកឡើងថាមិនមានភស្តុតាងគ្រប់គ្រាន់នោះទេ។
លោកបន្តថាក្រុមសិទ្ធិមនុស្សយល់ថាករណីទាំងនេះជារឿងនយោបាយ ជាជាងការអនុវត្តច្បាប់។
លោកបញ្ជាក់ថា៖ «ទាក់ទងនឹងបទញុះញង់នេះ យើងឃើញថាការបកស្រាយពីបទញុះញង់នេះ ហាក់ដូចជានៅមិនទាន់ច្បាស់លាស់ ហើយវាមានភាពមិនប្រាកដប្រជាឲ្យច្បាស់លាស់។ វាងាយស្រួលនៅក្នុងការបកស្រាយ ដើម្បីធ្វើការចោទប្រកាន់»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថាតុលាការកម្ពុជាត្រូវបានរិះគន់ថាមិនឯករាជ្យ ដូច្នេះការកាត់សេចក្តីប្រឆាំងនឹងក្រុមមនុស្សដែលពាក់ព័ន្ធនឹងរឿងនយោបាយ នៅតែជាសំណួរនៅឡើយ។
លោកថ្លែងថា៖ «ដូច្នេះហើយការចោទ ការចាប់អីទាំងអស់ហ្នឹង គឺជារឿងដែលពាក់ព័ន្ធនឹងបញ្ហានយោបាយ យើងកម្រឃើញ តុលាការប្រើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងភាពជាឯករាជ្យភាព ឬក៏អព្យាក្រឹតភាពក្នុងការសម្រេចសេចក្តីហ្នឹងនិងផ្តល់យុត្តធម៌ដល់ភាគីណាស់»។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍ថាមិនគួរមានការប្រៀបធៀបរវាងកម្ពុជានិងសហរដ្ឋអាមេរិកលើការប្រើប្រាស់ពាក្យពេចន៍បែបញុះញង់នេះទេ ដោយលោកថាករណីនៅអាមេរិក ចេញជាសកម្មភាពជាក់ស្តែង គឺមានសកម្មភាពវាយចូលវិមានសភា ក្រោយការថ្លែងរបស់លោក ដូណាល់ ត្រាំ។
លោកមានប្រសាសន៍ថា៖ «ដូច្នេះហើយការប្រៀបធៀបករណីប្រជាពលរដ្ឋយើងចេញជួបជុំគ្នាតវ៉ាសម្តែងមតិទៅនឹងករណីលោក ត្រាំហ្នឹង មិនមែនជារឿងត្រឹមត្រូវទេ ដោយសារតែបរិបទទាំងសង្គម ទាំងនយោបាយ វាខុសគ្នា»។
លោកបន្ថែមថាកម្ពុជាគួរតែរៀនចំណុចល្អៗរបស់អាមេរិកដែលជាប្រទេសមានប្រជាធិបតេយ្យរឹងមាំ។
លោកបញ្ជាក់ថា៖ «បើយើងឃើញគេធ្វើខុស យើងថាគេធ្វើបាន ហេតុអីក៏យើងធ្វើមិនបាន។ អាហ្នឹងមានន័យថាយើងទៅធ្វើខុសដូចគ្នាដែរ។ ទីពីរយើងកុំមើលតែគំរូអាក្រក់នៅសហរដ្ឋអាមេរិក។ បើសិនជាយើងឆ្លុះបញ្ចាំងទៅសហរដ្ឋអាមេរិក យើងគួរតែមើលគំរូល្អគេផង»។
ការបង្ក្រាបចាប់តាំងពីចុងខែកក្កដាឆ្នាំមុន គឺការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងចោទប្រកាន់ពីបទញុះញង់ បន្ទាប់ពីលោកបានរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនៅខេត្តត្បូងឃ្មុំ។ ការចាប់ខ្លួនមេដឹកនាំសហជីពរូបនេះ បានធ្វើឲ្យសកម្មជនការពារសិទ្ធិមនុស្សវ័យក្មេងយ៉ាងតិច១២នាក់ ដែលចេញមុខតវ៉ាទាមទាររកយុត្តិធម៌ឲ្យលោក រ៉ុង ឈុន។
កាលពីឆ្នាំមុន អ្នកសារព័ត៌មាន៣នាក់ត្រូវបានចាប់ខ្លួន និងកាត់ទោសឲ្យជាប់ពន្ធនាគារពីបទញុះញង់នេះផងដែរ។
ចំណែកសកម្មជននយោបាយរបស់គណបក្សសង្រ្គោះជាតិជាង១០០នាក់ ក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់នេះ ទាក់ទងនឹងផែនការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស៕