ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ផ្តល់​សច្ចាប័ន​អនុសញ្ញា​ពលករ​ទេសន្តរប្រវេសន៍​


តំណាង​ស្តីទី​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ អនុសញ្ញា​នេះ​អាច​កាត់​បន្ថយ​ហានិភ័យ​ដល់​ពលករ​ខ្មែរ។
តំណាង​ស្តីទី​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៖ អនុសញ្ញា​នេះ​អាច​កាត់​បន្ថយ​ហានិភ័យ​ដល់​ពលករ​ខ្មែរ។
ភ្នំពេញ៖ មន្ដ្រី​ជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី​ពលករ​ទេសន្តរប្រវេសន៍​ដើម្បី​លើក​កម្ពស់​ការ​ការពារ​ពួកគេ។
លោក​ជេមស៍ ហ៊ីណិន (James Heenan) តំណាង​ស្តីទី​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​សភា​ស្តីពី​ការលើក​កម្ពស់ និង​កិច្ចការពារ​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋសភា​កម្ពុជា​មាន​ផលប្រយោជន៍​ការពារ​ពលករ​របស់​ខ្លួន​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​តាមរយៈ​ការផ្តល់​សច្ចាប័ន​នេះ។
«កម្ពុជា​គួរ​តែ​ផ្តល់​សច្ចាប័ន​សន្ធិសញ្ញា​នេះ ហើយ​យើង​គិតថា​ដោយយោង​ទៅ​លើ​ភាពជាក់ស្តែង​ដែល​ថា​ពលករ​ចំណាក​ស្រុក​កម្ពុជា​ទទួល​រង​ការ​រំលោភ​ជា​ញឺ​ក​ញាប់ វា​អាច​ជា​គំនិតល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ផ្តល់​សច្ចា​ប័ន​ដល់​អនុសញ្ញា​នេះ​ជាមួយ​នឹង​ប្រទេស​ដែល​ទទួល​ពលករ​ពី​កម្ពុជា​ក្នុង​សហគម​អាស៊ាន»។
លោក​ជេ​ម​ស៍ ហ៊ី​ណិ​ន មាន​ប្រសា​ន៍​នៅ​ចំពោះមុខ​តំណាងរាស្ដ្រ មន្ដ្រី​រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​ជាតិ និង​អន្តរជាតិ​សរុប​ប្រមាណ​១៥០​នាក់។ លោក​បញ្ជាក់​ថា​អនុសញ្ញា​នេះ​អាច​កាត់​បន្ថយ​ហានិភ័យ​ដល់​ពលករ​ខ្មែរ។
«មាន​កាតព្វកិច្ច​មួយ​ចំនួន​ក្នុង​អនុសញ្ញា​នេះ​ដែល​ចែង​ច្បាស់​ថា មុន​នឹង​ពលករ​ចាក​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ពួកគេ​ត្រូវ​តែ​មាន​អ្វីៗ​ចាំបាច់​ដូចជា​ព័ត៌មាន​ដែល​ពួកគេ​ត្រូវ​ទាក់​ទង​ផ្នែក​ទំនាក់ទំនង ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រំលោភ​បំពាន​ផ្សេងៗ»។
លោក​អ៊ុក ដាំ​រី សមាជិក​គណកម្មការ​នីតិ​កម្ម​របស់​រដ្ឋសភា​ដែលមាន​វត្តមាន​ក្នុង​វេទិកា​នោះ​បាន​ស្វាគមន៍​ការ​ផ្តល់​យោបល់​នានា​ប៉ុន្តែ​បញ្ជាក់​លោក​ថា វា​ត្រូវការ​ពេលវេលា។
«យើង​មិន​អាច​ធ្វើ​ឲ្យ​មាន​សុខដុមរមនាយកម្ម​មួយ​ភ្លាម​តាម​សំណើ តាម​ចំណង់​របស់​យើង​ទេ»។
កម្ពុជា​មាន​ពលករ​កំពុង​ធ្វើការ​ស្រប​ច្បាប់​នៅ​ក្រៅ​ប្រទេស​ប្រមាណ​ជា១២៤.៨៩០នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង​និង​ជប៉ុន។ ក៏ប៉ុន្តែ​នៅមាន​ពលករ​ចំណាកស្រុក​ខុស​ច្បាប់​ជាច្រើន​ម៉ឺន​នាក់​ទៀត​កំពុង​ធ្វើការ​នៅ​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី​ជាដើម​ដែល​មិនត្រូវ​បាន​ស្រង់​តួលេខ។
តាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល ពលករ​ទេសន្តរ​ប្រវេសន៍​ស្រប​ច្បាប់​កម្ពុជា​បាន​នាំមក​នូវ​ចំណូល​ប្រមាណ​ជា​២០០​លាន​ដុល្លារ​ដល់​គ្រួសារ​របស់​ពួកគេ​ក្នុងមួយឆ្នាំ។ ក៏ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ត្រូវបាន​លើកឡើង។
លោកឌូក្លាស ប្រដឌឺរិក អ្នក​សម្រប​សម្រួល​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បាន​លើក​ឧទាហរណ៍​ស្ត្រី​វ័យ​១៨​ឆ្នាំ និង​២០​ឆ្នាំ​ពីរ​នាក់​នៅ​ខេត្តតាកែវ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ហើយ​បាន​ទទួល​វាយ​រង​ការ​វាយ​ដោយ​ឆ្នាំង​អ៊ុតខោអាវ​កំពុង​ពេញ​កំដៅ និង​មិន​បានទទួល​ប្រាក់ខែ​បន្ទាប់ពី​ធ្វើការ​អស់​រយៈពេល​ពីរ​ឆ្នាំ។
លោក​ហេង សំរិន ប្រធានរដ្ឋសភា​ទទួល​ស្គាល់​ថា ពលករ​ចំណាកស្រុក​កម្ពុជា​ខុសច្បាប់​បាន​ទទួល​រង​នូវ​ការ​ការជួញដូរ​មនុស្ស ការជួញដូរ​ផ្លូវភេទ និង​ការ​រំលោភ​ផ្លូវភេទ​សម្រាប់​ស្ត្រី​បម្រើការ​តាម​ផ្ទះ​នៅ​ក្រៅ​ប្រទេស​ជាដើម។ លោក ហេង សំរិន ក៏​បាន​ជំរុញ​ផង​ដែរ​ឲ្យ​មាន​ការ​ការពារ​ប្រជាពលរដ្ឋ​កម្ពុជា​ចំណាកស្រុក​ទាំងនោះ៕
XS
SM
MD
LG