ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង​ងាក​មក​លោក​អូបាម៉ា​សុំ​ឱ្យ​​មាន​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា


លោក​សម​ រង្ស៊ី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​
លោក​សម​ រង្ស៊ី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​

ក្តី​សង្ឃឹម​ថា​នឹង​មាន​អន្តរាគមន៍​ពីលោក​ប្រធានាធិបតី​អូបាម៉ា​គឺ​ដោយ​សារ​ពេល​បច្ចុប្បន្ន​នេះ​សហគមន៍​អន្តរជាតិ​មាន​ដូច​ជា​សភា​អឺរ៉ុប ព្រឹទ្ធសភា​អូស្រ្តាលី និង​ប្រទេស​​ហ្វីលីពីន​​ជាដើមស្នើ​ឱ្យ​មាន​ការ​បោះឆ្នោត​ដ៏​ត្រឹម​ត្រូវ​មួយ​ក្នុង​ប្រទេស​កម្ពុជា។

វ៉ាស៊ីនតោន៖ គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​ប្រទេស​កម្ពុជាស្នើ​សុំ​ឱ្យ​លោក​ប្រធានា​ធិប​តីសហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា​ប្រើ​ប្រាស់​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស​កម្ពុជានៅ​ចុង​ខែវិច្ឆិកានេះ​ធ្វើ​ឱ្យ​មាន​ការផ្លាស់​ប្តូរ​ស្ថាន​ភាព​នយោបាយ​ហើយ​ឈាន​ទៅ​រក​ការ​បោះឆ្នោត​មួយ​ដែល​ត្រឹម​ត្រូវ​ដូច​ឆ្នាំ​១៩៩៣​ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ។

លោក​សម​ រង្ស៊ី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ក្នុង​បទសម្ភាស​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​នឹង​វីអូអេ​ថាក្តី​សង្ឃឹម​ថា​នឹង​មាន​អន្តរាគមន៍​ពីលោក​ប្រធានាធិបតី​អូបាម៉ា​គឺ​ដោយ​សារ​ពេល​បច្ចុប្បន្ន​នេះ​សហគមន៍​អន្តរជាតិ​មាន​ដូច​ជា​សភា​អឺរ៉ុប ព្រឹទ្ធសភា​អូស្រ្តាលី និង​ប្រទេសហ្វីលីពីនជាដើមស្នើ​ឱ្យ​មាន​ការ​បោះឆ្នោត​ដ៏​ត្រឹម​ត្រូវ​មួយ​ក្នុង​ប្រទេស​កម្ពុជា។

អនុសាសន៍​ទាំង​នោះ​ជាការ​គាំទ្រ​ដល់​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​ដែល​ស្នើ​ឱ្យ​មាន​ការ​រៀប​ចំ​ការបោះឆ្នោត​ដែល​មិនមាន​ការលួច​បន្លំ​ និង​បំផិត​បំភ័យ​ព្រម​ទាំងមាន​ការ​ចូលរួម​គ្រប់​គណបក្ស​នយោបាយ។
លោក​សម រង្ស៊ី​បាន​បន្ថែម​ថា​៖​

«ឥឡូវ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​មុខ​សុំ​ឱ្យ​មាន​ការ​បោះឆ្នោត​ដោយ​ត្រឹម​ត្រូវ​នៅ​ប្រទេស​កម្ពុជា​ខ្ញុំ​ជឿថា​លោក​បារ៉ាក់​អូបាម៉ា​នឹង​គាំទ្រ​ជំហរ​អង្គការ​សហប្រជាជាតិ​ដូច្នេះ​លោក​បារ៉ាក់​អូបាម៉ា​នឹង​ប្រើ​ឥទ្ធិពល​របស់​សហរដ្ឋអាមេរិក​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បោះ ឆ្នោត​ដោយ​ត្រឹម​ត្រូវ​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៣​ស្រប​ទៅ នឹង​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ»។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី១៨ ដល់​ថ្ងៃទី​២០​ខែ​វិច្ឆិកា​នេះ​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ី​បូព៌ា​ក្នុង​រដ្ឋ​ធានី​ភ្នំពេញ។

លោក​ សន ម៉ាក់​ស៊ីនតុស​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​បាន​បញ្ជាក់ថាលោកមិន​ទាន់​ដឹង​ច្បាស់​ថា​តើ​មេដឹកនាំ​សហរដ្ឋ​អាមេរិក​នឹង​លើក​បញ្ហា​អ្វី​ខ្លះ​មក​ពិភាក្សា​ជាមួយ​នឹង​ភាគី​កម្ពុជា​ប៉ុន្តែ​អ្វី​ដែល​ជា​គោលការណ៍​ចម្បង​របស់​សហរដ្ឋ​អាមេរិក​នៅ តំបន់​នេះ​គឺ​៖
«ការចូលរួម​របស់​យើង​នៅ​តំបន់​អាស៊ាន​គឺ​ដើម្បី​លើក​កម្ពស់​សន្តិភាព​ ស្ថិរភាព​និង​វិបុលសុខ​ក្នុង​តំបន់​នេះ»។

ប៉ុន្តែ​លោក​ឃឺត ខេមប៊ល ឧបការី​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន​អេភី​កាលពីថ្ងៃ​ព្រហស្បតិ៍​ថាសហរដ្ឋ​អាមេរិក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ជំហាន​នានា​ដែល​ប្រទេស​កម្ពុជា​បាន​ប្រកាន់​យក​ប្រឆាំងនឹង​ក្រុម​គណបក្ស​ប្រឆាំង​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​បុគ្គលនានា។​

យ៉ាង​ណា​ក៏ដោយ​លោក​កៅ​គឹម ហួន​ រដ្ឋ​លេខាធិការ​នៃ​ក្រសួង​ការបរទេសកម្ពុជា​បាន​បញ្ជាក់​ផ្សេងពីនេះ៖

«យើង​ដឹង​ស្រាប់​ហើយ​ឯកឧត្តម​បារ៉ាក់​អូបាម៉ា​គាត់​អញ្ជើញ​មក​ក្នុង​នាម​ប្រធានាធិបតី សហរដ្ឋ​អាមេរិក​ចូលរួម​កិច្ច​ប្រជុំ​រវាង​អាស៊ាន​និង​កិច្ច​ប្រជុំ​អាស៊ី បូព៌ា​លើក​ទី៧​អញ្ចឹង​ការដែល​ត្រូវ​លើក​យក​មក​ពិភាក្សា​នោះ​មិនមែន​បញ្ហា​សិទ្ធិមនុស្ស​ឬ​បញ្ហា​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ទេ​ នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ច​ប្រជុំ​ដែល​ប្រធានាធិបតី សហរដ្ឋ​អាមេរិក​នឹង​អញ្ជើញ​ចូលរួម​នោះ ដូច្នេះ​កុំ​ឱ្យ​មាន​ការ​យល់​ច្រលំ​ឬ​ភ័ន្ត​ច្រឡំ»។​

លោក​កៅ​ គឹមហួន​ក៏​បញ្ជាក់​ដែរ​ថា​មាន​ការ​រៀប​ចំ​ចង់​ឱ្យ​មាន​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​លោក​ប្រធានាធិបតី​ បារ៉ាក់​អូបាម៉ា​និង​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ហ៊ុន សែន​ ប៉ុន្តែ​នៅ មិន​ទាន់​មាន​ការ​កំណត់​ច្បាស់​លាស់​នៅ ឡើយ​ទេ។

គណបក្ស​ប្រឆាំង​មើល​ឃើញ​ថា​និន្នា​ការ​វិវត្តន៍​នាពេល​បច្ចុប្បន្ន​នេះ​មាន​អំណោយ​ផល​ល្អ​ច្រើន​សម្រាប់​កម្ពុជា​គិត​គូ​ពីការ​ផ្សះផ្សារ​ជាតិ​ដោយ​ប្រើ​ប្រាស់​ដំណោះ​ស្រាយ​នយោបាយ។

លោក​សម រង្ស៊ី​បាន​បន្ថែម​ថា៖
«ឥឡូវនេះ​គឺ​ពិភពលោក​ទាំង​មូល​ចាប់​អារម្មណ៍​ពី​ប្រទេស​កម្ពុជា​មាន​ព្រឹទ្ធ​សភាប្រទេសហ្វីលីពីន​ មាន​រដ្ឋសភា​នៃ​សហគមន៍​អឺរ៉ុប​ដែល​មាន​២៧​ប្រទេស មាន​ព្រឹទ្ធ​សភា​ប្រទេស អូស្រ្តាលី​ មានអ្នក​តំណាងរាស្រ្តអ្នក​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ពិភពលោក​បានចេញ​មុខ​ជា​បណ្តើរ​ៗជាបន្ត​បន្ទាប់​ដើម្បីទាមទារ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យពិតប្រាកដ​នៅ​ប្រទេសកម្ពុជា»។
ប្រទេសកម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ដើម្បី​ជ្រើសរើស​នាយក​រដ្ឋ​មន្រ្តី​ថ្មី​នៅ​ថ្ងៃទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣ ប៉ុន្តែ​បេក្ខជន​ដ៏​មាន​សក្តានុពល​ម្នាក់​ដែល​អាច​នឹង​ប្រកួត​ប្រជែង​ដណ្តើម​តំណែង​នេះ​បានគឺ​លោក​សម រង្ស៊ីកំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់​ពន្ធនាគារ​រយៈ​ពេល​១២​ឆ្នាំ​ពីបទ​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៕
XS
SM
MD
LG