ភ្នំពេញ៖ ក្នុងរយៈពេល៥ថ្ងៃមុននិងក្រោយចូលថ្ងៃឆ្នាំខ្មែរប្រពៃណីជាតិដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះយ៉ាងតិចមានមនុស្សចំនួន៦៦នាក់បានស្លាប់បាត់បង់ជីវិតនិងជាង៣០០នាក់ផ្សេងទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។ចំនួនអ្នកស្លាប់បានកើនឡើងបើប្រៀបធៀបរយៈពេល៥ថ្ងៃដូចគ្នាកាលពីឆ្នាំ២០១២។ នេះបើតាមការបញ្ជាក់របស់មន្ត្រីប៉ូលិសរបស់ក្រសួងមហាផ្ទៃនៅថ្ងៃព្រហស្បតិ៍នេះ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិបាននិយាយថាមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះបានកើតឡើងដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹងប្រមាណ២៤ភាគរយ លើសល្បឿនកំណត់៤៧ភាគរយនិងការបើកប្រជែងគ្នាមិនប្រយ័ត្ន១៣ភាគរយ។
លោកបានបញ្ជាក់បន្ថែមថា៖
«យើងមានការសោកស្តាយចំពោះគ្រោះថ្នាក់ដែលកើតឡើងក៏ប៉ុន្តែយើងកត់សម្គាល់ឆ្នាំនេះស្ថានភាពចរាចរណ៍មានលក្ខណៈល្អប្រសើរជាងមុនដោយសារថាគ្រប់ទីកន្លែងមធ្យោបាយច្រើនប៉ុន្តែមិនមានការកកស្ទះទេដូចឆ្នាំទៅៗមានការកកស្ទះ»។
យោងតាមរបាយការណ៍របស់នាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃបានឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍គិតចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសានៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរកន្លងទៅនេះនៅទូទាំងប្រទេសបានកើតឡើងចំនួន ១៤៨លើកធៀបនឹងឆ្នាំ២០១២ ដែលមាន១៦៥លើកគឺថយចុះ១៧លើក ស្មើនឹង១០ភាគរយ។
អាជ្ញាធរឱ្យដឹងទៀតថាក្នុងចំណោមអ្នករងគ្រោះទាំងអស់មានអ្នកថ្មើរជើងចំនួន២០នាក់ និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន ១៦២នាក់។
លោកគៀត ច័ន្ទថារិទ្ធបាននិយាយថាក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃ១៧មេសាមានគ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន២០នាក់។
លោកបានបញ្ជាក់ថាខេត្តដែលរងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេក្នុងឆ្នាំនេះគឺខេត្តកំពង់ចាមមានចំនួន២៥លើក ខេត្តបាត់ដំបង៩លើកនិងខេត្តរតនៈគីរី៥លើក។
លោក ចេវ ហាក់ អនុប្រធានការិយាល័យចរាចរណ៍ជើងគោគនៃស្នងការប៉ូលិសក្រុងភ្នំពេញបាននិយាយថានៅក្នុងទីក្រុងភ្នំពេញចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសាមានគ្រោះថ្នាក់ចរាចរណ៍មាន១១ករណី បានសម្លាប់មនុស្ស៧នាក់ របួសធ្ងន់១១និងរបួសស្រាល៥នាក់។
លោកបានបន្ថែមថា៖
«ក្នុងករណីនេះបើយើងប្រៀបធៀបក្នុងឱកាសបុណ្យចូលឆ្នាំកាលពីឆ្នាំ២០១២ឆ្នាំនេះយើងឃើញថាមានការកើនឡើងនៅក្នុងរាជធានីភ្នំពេញ។ មាន៤ករណីដែលកើនឡើងហើយស្លាប់កើនឡើង៥ករណី»។
កាលពីឆ្នាំ២០១២មានមនុស្សចំនួន៤៨ នាក់បានស្លាប់បាត់បង់ជីវិត និង៣៥០នាក់ទៀតរងរបួសក្នុងគ្រោះថ្នាក់ចរាចណ៍អំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ។
តាមការសិក្សាដោយអង្គការជនពិការបែលហ្សិក HANDICAP International បានបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាមានការខាតបង់ទឹកប្រាក់រហូតដល់ទៅជិត៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍៕