ពីរថ្ងៃក្រោយពីការបោះឆ្នោតសភាដែលអ្នករិះគន់និយាយថា មិនយុត្តិធម៌និងមិនសេរី និងក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីឆ្នាំមុន អ្នកនាំពាក្យគណបក្សកាន់អំណាចនិយាយថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងបង្កើតរដ្ឋាភិបាលថ្មីក្នុងពេល៦០ថ្ងៃដូចច្បាប់កំណត់។
លោកសុខ ឥសាននិយាយថា ព្រះមហាក្សត្រនរោត្តមសីហមុនីនឹងអញ្ជើញសមាជិកសភាជាប់ឆ្នោតថ្មីទាំងអស់ដើម្បីបើកសម័យប្រជុំនីតិកាលសភាថ្មី ហើយបន្ទាប់មករដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតឡើងចន្លោះថ្ងៃទី២៥ និងថ្ងៃទី២៦ខែកញ្ញា។
លោកសម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិនិងជាអតីតប្រធានគណបក្សប្រឆាំងដែលត្រូវបានហាមមិនឲ្យចូលរួមការបោះឆ្នោតកាលពីថ្ងៃអាទិត្យ បានហៅការបោះឆ្នោតនេះថា ជា «រឿងឆបោកនិងអាម៉ាស់។ ការបោះឆ្នោតនេះចំអកឲ្យលទ្ធិប្រជាធិបតេយ្យនិងមិនឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាពលរដ្ឋនោះទេ»។
គណបក្សប្រជាជនបាននិយាយថា ខ្លួនទទួលបានអាសនៈសភាទាំងអស់ចំនួន១២៥ នៅក្នុងការបោះឆ្នោតដែលត្រូវបានរិះគន់យ៉ាងខ្លាំងដោយក្រុមសិទ្ធិមនុស្ស សហរដ្ឋអាមេរិក និងបណ្តាបស្ចិមប្រទេសដទៃទៀត ដូចជាកាណាដា និងអូស្ត្រាលីជាដើម។
សេតវិមានបាននិយាយថា ខ្លួននឹងពិចារណាវិធានការមួយចំនួយដូចជាពង្រីកការដាក់កំហិតទិដ្ឋាការលើសមាជិករដ្ឋាភិបាលកម្ពុជាដើម្បីឆ្លើយតបទៅនឹងការបោះឆ្នោតនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនសង្ឃឹមថា សហគមន៍អន្តរជាតិនឹងនៅតែគាំទ្រជួយប្រទេសកម្ពុជា៕