ការលើកកម្ពស់សន្តិសុខ និងកិច្ចសហប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជាថៃបានក្លាយជាប្រធានបទសំខាន់ ដែលគេលើកយកមកពិភាក្សា ពេលដែលមេបញ្ជាការកងទ័ពប្រទេសទាំងពីរបានជួបគ្នានៅរាជធានីភ្នំពេញកាលពីសប្ដាហ៍មុន។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា។
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន ដែលជិតសុំច្បាប់ពិសេសទៅឈរឈ្មោះជាតំណាងរាស្ត្រជាមួយគណបក្សកាន់អំណាចនាការបោះឆ្នោតខាងមុខ បានជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងយោធពលភូមិន្ទថៃ នាយឧត្ដមសេនីយ៍ Thanchaiyan Srisuwan នៅអគ្គបញ្ជាការដ្ឋានកណ្ដាលនៅរាជធានីភ្នំពេញ ខណៈដែលមេទ័ពថៃរូបនេះមកបំពេញទស្សនកិច្ចផ្លូវការដើម្បីណែនាំខ្លួន តាំងពីលោកត្រូវបានព្រះមហាក្សត្រថៃប្រទាននូវតំណែងកំពូលក្នុងជួរកងទ័ពថៃកាលពីខែកញ្ញាឆ្នាំ២០១៧កន្លងទៅ។
នាយឧត្ដមសេនីយ៍ សៅ សុខា ដែលនឹងទៅជំនួសតំណែនាយឧត្ដមសេនីយ៍ ប៉ុល សារឿន នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងនាមជាអគ្គមេបញ្ជាការស្ដីទី ក៏មានវត្តមានចូលរួមក្នុងជំនួបរវាងមេទ័ពប្រទេសទាំងពីរផងដែរ។
នៅក្នុងកំណត់វិចារមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដែលនិយាយពីជំនួបជាមួយមេទ័ពថៃ លោក ប៉ុល សារឿន បានចារក្នុងន័យដើមថា៖
«គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឱ្យកាន់តែរីកចម្រើនរឹងមាំថែមទៀត»។
លោក ប៉ុល សារឿន ក៏បានបន្ថែមទៀតថា មេទ័ពប្រទេសទាំងពីរបានជជែកគ្នាអំពីវិធីសាស្ត្រធានាសន្តិសុខ និងបង្កើនសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមបណ្ដោយព្រំដែនប្រទេសទាំងពីរ។ លោក Thanchaiyan Srisuwan ក៏បានលើកយកប្រធានបទសន្ដិសុខ និងកិច្ចសហប្រតិបត្តិការតាមបណ្ដោយព្រំដែនប្រទេសទាំងពីរនេះទៅជជែកពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ក្នុងសេចក្ដីប្រកាសមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថាលោកបានលើកឡើងនូវសំណើជាយុទ្ធសាស្ត្រប្រាប់ដល់មេទ័ពថៃដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ចតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយមានការបង្កើនការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលលោកមានជំនឿថា អាចមានប្រសិទ្ធភាពក្នុងការរក្សាសន្តិសុខតាមព្រំដែន។
នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ជំនួបរវាងមេទ័ពទាំងពីរដែលជជែកអំពីបញ្ហាសន្តិសុខតាមព្រំដែនគឺធ្វើឡើងស្របតាមក្របខណ្ឌនៃការសន្ទនាទ្វេភាគីផ្នែកសន្តិសុខនៃយោធា ដែលមើលការខុសត្រូវដោយយន្តការ JBC គណៈកម្មការចម្រុះព្រំដែននៅកម្រិតរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
លោក ឈុំ សុជាតិ បានបន្ថែមថា ទាក់ទិននឹងបញ្ហាសន្តិសុខ អគ្គមេបញ្ជាការកងទ័ពប្រទេសទាំងពីរបានជជែកអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ការងារកម្ចាត់ភេរវកម្ម និងបញ្ចៀសការប្រឈមមុខដាក់គ្នា។
«ផ្នែកសំខាន់នៃទស្សនកិច្ចអគ្គមេបញ្ជាការហ្នឹងគឺនិយាយរួមការពង្រឹងសន្តិសុខតាមបណ្ដោយព្រំដែន ធ្វើយ៉ាងម៉េចឱ្យប្រទេសទាំងពីរ កងទ័ពទាំងពីរដែលនៅជួបគ្នារក្សាសន្តិសុខ សន្តិភាព និងសហប្រតិបត្តិការជាមួយគ្នា កុំឱ្យមានការផ្ទុះអាវុធ ឬក៏ដោះស្រាយដោយអាវុធហ្នឹងគឺថា បញ្ហាដែលមានទំនាស់កន្លែងណា ឬមានភាពមិនប្រក្រតីកន្លែងណា កម្លាំងនៅខាងមុខហ្នឹង ចរចាគ្នាតាមថ្នាក់»។
មកទល់នឹងឆ្នាំ២០១៨នេះ មានរយៈពេល១០ឆ្នាំគត់ចាប់តាំងពីការចាប់ផ្ដើមប្រឈមមុខគ្នាដោយប្រដាប់អាវុធដណ្ដើមការកាន់កាប់តំបន់ក្បែរតំបន់បេតិកភណ្ឌពិភពលោកគឺប្រាសាទព្រះវិហារ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកជាមួយអង្គការយូណេស្កូ នាគ្រានោះ ដែលនាំឱ្យមានការពើបប្រយុទ្ធគ្នាជាច្រើនលើកច្រើនសារចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
ការប្រឈមមុខគ្នាមានភាពថមថយនៅពេលការចូលកាន់អំណាចនៅទីក្រុងបាងកកកាលពីឆ្នាំ២០១១ ដោយរដ្ឋាភិបាលគណបក្សភឿថៃ ដែលមានការគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra ដែលមានចំណងមិត្តភាពកម្រិតបុគ្គលយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់កម្ពុជា។
ក៏ប៉ុន្តែបើទោះជាក្រុមយោធាអភិរក្សនិយមគាំទ្រព្រះរាជបល្ល័ង្កនៅទីក្រុងបាងកកបានផ្ដួលរំលំរដ្ឋាភិបាលគណបក្សភឿថៃ ក្នុងរដ្ឋប្រហារយ៉ាងតក់ក្រហល់មួយកាលពីឆ្នាំ២០១៤យ៉ាងណាក្ដី របបសឹកថៃដែលកើតចេញក្រោយរដ្ឋប្រហារបានរក្សាទំនាក់ទំនងមួយដ៏មានស្ថិរភាពជាមួយនឹងប្រទេសកម្ពុជាដែលនៅក្បែរខាង បើទោះមានភាពចម្រូងចម្រាសមួយរយៈខ្លីនាដើមដំបូងទាក់ទិននឹងបញ្ហាប្រជាជនកម្ពុជាចំណាកស្រុកទៅធ្វើការក្នុងដីថៃយ៉ាងណាក្ដី។
ប្រទេសទាំងពីរ កម្ពុជា ថៃ មានព្រំប្រទល់ដែនដីគោកជាប់គ្នាប្រវែងប្រមាណ៨០៣គីឡូម៉ែត្រ លាតសន្ធឹងចាប់តាំងពីច្រកចាំយាម ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ដល់សាលារួមចិត្ត ទីប្រជុំព្រំដែនបីប្រទេស កម្ពុជា-ថៃ-ឡាវ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលខ្សែបន្ទាត់ព្រំដែននេះ មិនទាន់ឈានទៅដល់ការកំណត់ខណ្ឌសីមាច្បាស់លាស់ ដើម្បីបោះបង្គោលព្រំដែនផ្លូវការនៅឡើយ ខុសពីព្រំដែនកម្ពុជាវៀតណាម ដែលសម្រេចបានការបោះបង្គោលព្រំដែនច្រើនជាង៨០%ទៅហើយ បើទោះជាមានភាពចម្រូងចម្រាសនាពេលកន្លងមកយ៉ាងណាក្ដី។
ជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៦មក មន្ត្រីរដ្ឋាភិបាលទីក្រុងភ្នំពេញ និងទីក្រុងបាងកក បានជួបប្រជុំគ្នាយ៉ាងទៀងទាត់ក្នុងក្របខណ្ឌកិច្ចប្រជុំគណៈកម្មការចម្រុះ ដែលធ្វើការលើពហុវិស័យ ចាប់តាំងពីការទូត នយោបាយ សេដ្ឋកិច្ច និងយោធា។
នៅខែកុម្ភៈឆ្នាំ២០១៨កន្លងទៅនេះ ខាងរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតក្រុមការងារពិសេសថ្នាក់ជាតិមួយ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន និងមានកូនប្រុសលោកនាយករដ្ឋមន្ត្រីចូលរួមជាសមាជិកផង ដែលត្រូវបានចាត់តាំង រៀបចំ ដឹកនាំកិច្ចការការពារអធិបតេយ្យភាព និងស្ថិរភាពតាមបណ្ដោយព្រំដែនជាមួយប្រទេសថៃ និងប្រទេសឡាវ ដែលការណ៍នេះកើតមានឡើងនៅក្រោយពីមានការប្រឈមមុខគ្នាផ្នែកយោធាមួយរយៈពេលខ្លី នៅព្រំដែនឡាវជាប់ខេត្តស្ទឹងត្រែងរបស់កម្ពុជា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បាននិយាយថា ការរឹតបន្តឹងចំណងទាក់ទង និងសកម្មភាពសេដ្ឋកិច្ចទ្វេភាគីអាចជួយធានានូវសន្តិសុខតាមបណ្ដោយព្រំដែន ហើយលោកថា ទំនាក់ទំនងសេដ្ឋកិច្ចនេះហើយដែលជួយរុញរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរបបសឹកនៅទីក្រុងបាងកកឱ្យជិតស្និទ្ធនឹងគ្នា ដោយឱ្យតម្លៃទំនាក់ទំនងកម្រិតរដ្ឋាភិបាល ហើយទុកទំនាក់ទំនងបុគ្គលរវាងលោក ហ៊ុន សែន និងលោក Thaksin Shinawatra នៅមួយដុំសិន។
«ផលប្រយោជន៍សេដ្ឋកិច្ច អាហ្នឹងគឺខាងថៃចំណេញជាងខ្មែរច្រើនណាស់។ ទីមួយគឺមានកម្មករខ្មែរទៅធ្វើការនៅទីនោះទៅ គឺបានចំណេញដល់សេដ្ឋកិច្ចគេផង។ ទីពីរ ខ្មែរយើង សេដ្ឋកិច្ចខ្មែរក្លាយទៅជាទីផ្សាររបស់ថៃយ៉ាងធំ»។
យ៉ាងណាក្ដី អ្នកវិភាគនយោបាយរូបនេះក៏បានលើកឡើងផងដែរអំពីបញ្ហាមិនទាន់ដាច់ស្រេចលើសំណុំរឿងប្រាសាទព្រះវិហារ ដែលលោកថា ទាំងបញ្ហានេះ និងបញ្ហាដទៃទៀត អាចត្រឡប់មកកកូរភាពល្អូកល្អឺនខ្មែរថៃ ជាមួយភាពប្រែប្រួលលឿនរហ័សនៃនយោបាយផ្ទៃក្នុងប្រទេសទាំងពីរ ដែលមានតួអង្គច្រើនមានទំនាក់ទំនងប្រទាក់ក្រឡាគ្នាជាមួយនឹងប្រយោជន៍ចម្រុះ និងស្មុគស្មាញ។
បណ្ឌិត ដេត សុខឧត្ដម សាស្ត្រាចារ្យរងជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យ Zaman ដែលជាអ្នកស្រាវជ្រាវលើកិច្ចការទំនាក់ទំនងកម្ពុជាថៃ បាននិយាយថា ទំនាក់ទំនងទ្វេភាគីមានភាពស៊ាំជាងមុនទៅនឹងការផ្លាស់ប្ដូរនយោបាយជាញឹកញាប់នៅប្រទេសថៃ។
អ្នកស្រាវជ្រាវរូបនេះបានសរសេរប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកជាភាសាអង់គ្លេស ដែលមានន័យដើមយ៉ាងដូច្នេះថា៖
«ជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ច និងនីត្យានុកូលភាពផ្នែកនយោបាយ ស្ថិតក្នុងស្ថានភាពប្រឈម វាមើលទៅសមហេតុផល ដែលរដ្ឋាភិបាលកម្ពុជា និងសមភាគីយោធា[ថៃ]នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាជាច្រើន និងចៀសវៀងបញ្ហារសើបនានា ដូចយ៉ាងជម្លោះនៅក្បែរប្រាសាទព្រះវិហារ ដែលអាចកកូរទំនាក់ទំនងប្រទេសទាំងពីរក្នុងពេលមួយប៉ព្រិចភ្នែក»។
លោកបណ្ឌិត ដេត សុខឧត្ដម បាននិយាយថា កម្ពុជានិងថៃបានរកឃើញប្រយោជន៍រួម លើប្រធានជាច្រើន ទាំងផ្នែកការប្រាស្រ័យទាក់ទងទ្វេភាគី និងបញ្ហាតំបន់នានា ដូចយ៉ាងការចងមិត្តនឹងប្រទេសចិន ការធ្វើសុខដុមរមនីយកម្មក្នុងនាមជាសមាជិកអាស៊ានដូចគ្នា និងការទាក់ទងនឹងសហរដ្ឋអាមេរិក ក្រោមរដ្ឋការលោក Donald Trump ដែលមិនសូវផ្ដល់អាទិភាពដល់បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប៉ុន្មានទេ៕