ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ធ្វើ​តេស្ត​មនុស្ស​​លើ​​​នាវា Westerdam ជិត​១ពាន់​នាក់ ​ ក្រោយម៉ាឡេស៊ី​រក​ឃើញ​​​​អ្នកដំណើរម្នាក់​ផ្ទុកវីរុស​កូរ៉ូណា


នាវា Westerdam ដែលត្រូវបានបដិសេធដោយរដ្ឋាភិបាលចំនួន៤ ដោយសារខ្លាចមានអ្នកផ្ទុកវីរុសកូរ៉ូណា ត្រូវបានអនុញ្ញាតឲ្យចតនៅក្នុងខេត្តព្រះសីហនុ។ (ស៊ុន ណារិន/VOA)
នាវា Westerdam ដែលត្រូវបានបដិសេធដោយរដ្ឋាភិបាលចំនួន៤ ដោយសារខ្លាចមានអ្នកផ្ទុកវីរុសកូរ៉ូណា ត្រូវបានអនុញ្ញាតឲ្យចតនៅក្នុងខេត្តព្រះសីហនុ។ (ស៊ុន ណារិន/VOA)

មន្រ្តី​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃ​ចន្ទ​នេះថា អាជ្ញាធរនិង​មន្រ្តី​សុខាភិបាលកម្ពុជាចាប់ផ្តើម​ប្រមូល​សំណាក​អ្នក​ដំណើរ​ និង​បុគ្គលិក​ទាំងអស់​នៅ​លើនាវាកម្សាន្ត​ Westerdam សរុប​ទាំង​អស់​ជិត​១ពាន់​នាក់ ដើម្បីធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា។

​ការ​ប្រមូល​សំណាក​និង​ធ្វើ​តេស្ត​នេះ​ធ្វើ​ឡើង​ក្រោយ​មាន​ការ​រក​ឃើញ​ថា​ អ្នក​ដំណើរ​ម្នាក់​ជនជាតិ​អាមេរិក​កាំងដែល​បាន​ជិះនាវានេះ ហើយ​បាន​ចេញ​ពី​កម្ពុជា ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើ​តេស្តរក​ឃើញថា ​ផ្ទុកវីរុស​កូរ៉ូណា ។

លោក ឃាង​ ភារម្យ អ្នកនាំពាក្យ​របស់ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ប្រាប់ ​VOA នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ អាជ្ញាធរ​និង​មន្រ្តី​ជំនាញ​បាន​សម្រេច​ធ្វើ​សំណាក​មនុស្ស​ទាំង​អស់​នៅ​ក្នុង​នា​វានេះ ដែល​មាន​ភ្ញៀវនៅ​សល់ចំនួន​ ២៣៣នាក់ និង​បុគ្គលិកនាវាចំនួន ៧៤៧នាក់។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​យក​សំណាក​របស់​គាត់​ហ្នឹង​ទៅ​ធ្វើ​តេស្ត​ ដើម្បី​បញ្ជាក់​ឲ្យ​មានភាព​ច្បាស់លាស់ មុន​នឹង​យើង​សម្រេច​ឲ្យ​គាត់​ចាកចេញ​ពី​នាវា»។ លោក​បញ្ជាក់​ថា៖ «យោង​តាម​ស្មារតី​អង្គប្រជុំ​គឺ​ធ្វើ​តេស្ត​រក​វីរុស​ COVID19 ហ្នឹង​»។

ទោះ​ជាយ៉ាងណា លោក​មិន​ទាន់​ដឹង​ថា ពេល​ណាការប្រមូលសំណាក​និង​ការ​ធ្វើ​តេស្ត​ នឹង​ចប់​នោះទេ។ ​លោកបន្ត​ថា ការធ្វើ​នេះ ​ដើម្បីការពារ​សុវត្ថិភាព​ទាំង​ភ្ញៀវនិងប្រជាពលរដ្ឋកម្ពុជា។

កាលពី​យប់​ថ្ងៃ​សៅរ៍សប្តាហ៍​មុន​ អាជ្ញាធរនិង​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ីបាន​រក​ឃើញ​ថា អ្នក​ដំណើរ​ម្នាក់​តាម​នាវា​ MS Westerdam ដែល​បាន​ចុះចត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​វីរុស Covid-19 បន្ទាប់​ពី​ស្រ្តីវ័យ៨៣ឆ្នាំ​ ជនជាតិ​អាមេរិកកាំងបាន​ធ្វើដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី។ ប៉ុន្តែ​ស្វាមី​របស់​អ្នកស្រី​ មិនមានផ្ទុកវីរុស​កូរ៉ូណានេះទេ។

ស្ត្រី​អាមេរិកាំង​រូប​នេះគឺជា ​អ្នក​ដំណើរ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​ចំនួនជាង ២ពាន់​នាក់តាមនាវាកម្សាន្ត Westerdam របស់​ក្រុមហ៊ុន Holland ​America Line ដែល​រដ្ឋាភិបាល​ចំនួន​៤ រួមមាន​ជប៉ុន តៃវ៉ាន់ ហ្វីលីពីន និងថៃ ​បដិសេធ​មិន​ឲ្យ​ចូលចត​ ដោយសារ​បារម្ភថា អ្នក​ដំណើរ​ទាំង​នោះ​អាច​មាន​វីរុសកូរ៉ូណា។

នាវា​នេះ​មាន​អ្នក​ទេសចរសរុប​ចំនួន​ ១៤៥៥នាក់ និង​បុគ្គលិកនាវាចំនួន​ ៨០២នាក់។

នៅ​ថ្ងៃ​ចន្ទ​នេះ អ្នកដំណើរ​ និង​បុគ្គលិកនាវា​នៅសេសសល់ ​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​នាវា​កម្សាន្ត​អន្តរជាតិ ​MS Westerdam ដែល​ចត​នៅ​ក្រុង​ព្រះសីហនុនោះ​ទេ។

រថយន្តដែលត្រៀមចាំដឹកដំណើរនៅព្រឹកថ្ងៃអាទិត្យនេះ។ (ស៊ិន ណារិន/VOA)
រថយន្តដែលត្រៀមចាំដឹកដំណើរនៅព្រឹកថ្ងៃអាទិត្យនេះ។ (ស៊ិន ណារិន/VOA)

រថយន្ត​ជាង​១០​គ្រឿង​ត្រូវបាន​រៀបចំ​ត្រៀម​ដឹក​អ្នក​ដំណើរ​ទាំង​នោះ​នៅ​ក្នុង​ផែ​ក្រុង​ព្រះសីហនុ។

អ្នក​បើករថយន្តម្នាក់ ឈ្មោះ លី អាយុ​៥៣​ឆ្នាំ​ បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​ចន្ទ​នេះ មិនមាន​អ្នក​ដំណើរ​ដឹកចេញ​នៅ​ថ្ងៃ​នេះ​ឡើយ បើ​ទោះ​លោក​ត្រូវបានណែនាំ​ឲ្យ​រង់ចាំ​ដឹកពួកគេ​ក៏​ដោយ។

លោក​ លី ដែល​មាន​កូន​៤នាក់ បាន​ប្រាប់​ថា​ លោក​ចាប់ផ្តើម​មាន​ការព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ ក្រោយ​មាន​ព័ត៌មាន​នៃ​ការ​ផ្ទុះ​វីរុស​នេះ។

នៅ​ច្រក​ចូល​ទៅ​ផែ​ដែល​នាវាចត សាធារជន​ និង​អ្នក​សារព័ត៌មានមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សេរី ដូច​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍សប្តាហ៍​មុន​ទេ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្នុងចំណោម​អ្នកដំណើរ​ជិត ២០០០នាក់នៅលើនាវា Westerdam នេះ ​អ្នកដំណើរ២០​នាក់ត្រូវបានរាយ​ការណ៍​ថា​ មាន​បញ្ហា​សុខភាព​ដូចជា​ ផ្តាសាយ ​រាគរូស ​និង​មាន​បញ្ហា​ក្រពះ​ និង​ពោះវៀន​ជាដើម។ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​លើក​យក​វត្ថុ​សំណាក​ពី​អ្នក​ដំណើរ​ទាំង​នេះ​ទៅ​ពិនិត្យ​នៅ​ឯ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​បាន​បញ្ជាក់​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​មិន​មាន​ផ្ទុក​វីរុស​កូរ៉ូណា​នោះ​ទេ។

សាធារណជន និងអ្នកសារព័ត៌មាន មិនត្រូវបានអនុញ្ញាតអោយចូលសេរីទៅជិតនាវានោះទេ នាព្រឹកថ្ងៃអាទិត្យនេះ។ (ស៊ុន ណារិន/VOA Khmer)
សាធារណជន និងអ្នកសារព័ត៌មាន មិនត្រូវបានអនុញ្ញាតអោយចូលសេរីទៅជិតនាវានោះទេ នាព្រឹកថ្ងៃអាទិត្យនេះ។ (ស៊ុន ណារិន/VOA Khmer)

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រុមហ៊ុន ​Holland America Line បាន​លើកឡើងថា​ អ្នក​ដំណើរ​ជនជាតិ​អាមេរិកាំង​ដែ​ល​រក​ឃើញ​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​ថា​ផ្ទុកវីរុស​កូរ៉ូណានោះ មិន​បាន​ទាក់ទង​មជ្ឈមណ្ឌលសុខភាព​របស់​នាវា​ ដើម្បីរាយការណ៍​អំពី​រោគសញ្ញា​នៃ​ជំងឺ​នោះ​ទេ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា ក្រុមហ៊ុន​បន្ត​ធ្វើ​ការ​យ៉ាង​ស្និទ្ធិ​ជាមួយ​រដ្ឋាភិបាល មន្រ្តី​សុខាភិបាល​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​កម្ពុជា ​អ្នក​ជំនាញ​មក​ពី​មជ្ឈមណ្ឌល​អាមេរិក​ឈ្មោះ ​US CDC និង​អង្គការ​សុខភាព​ពិភពលោក។ ​

នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ឧទ្ធម្ភាគចក្រ​បី​គ្រឿង ​បាន​ចុះចត​ក្បែរនាវា ដើម្បីដឹកសំណាក​យក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ភ្នំពេញ។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា ​លោក​ លី ​សូវ៉ាន់​ និងលោក​ស្រី​ ឱ វណ្ណ​ឌីន ​តែ​គ្មាន​ការ​ឆ្លើយ​តប​នោះ​ទេ៕

XS
SM
MD
LG